Acetaminophen = Paracetamol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បំបាត់អាការៈឈឺចាប់ផ្សេងៗ ដូចជា ឈឺក្បាល ឈឺត្រចៀក ឈឺតាមសរសៃប្រសាទ ឈឺចង្កេះ ឈឺធ្មេញ ឈឺក្រោយធ្វើធ្មេញ ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺដោយសារថ្លោះ ឈឺដំណំ ឈឺពេលមករដូវ ឈឺក្រោយសម្រាលកូន ឈឺដោយសារជំងឺមហារីក ឈឺធ្មេញ ឈឺចាប់ក្រោយព្យាបាលមាត់ធ្មេញ ឈឺចាប់ដោយសារជំងឺសន្លាក់(Osteoarthritis)។ល។

      - បំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ។

      - បំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅលើកុមារ។

      ករណីថ្នាំសុលតាមទ្វារធំ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅលើកុមារ។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ផ្សេងៗ ក្នុងករណីអ្នកជំងឺពិបាកប្រើថ្នាំលេបឬថ្នាំសុលតាមទ្វារធំ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ករណីបំបាត់អាការៈឈឺចាប់ផ្សេងៗ ដូចជា ឈឺក្បាល ឈឺត្រចៀក ឈឺតាមសរសៃប្រសាទ ឈឺចង្កេះ ឈឺធ្មេញ ឈឺក្រោយធ្វើធ្មេញ ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺដោយសារថ្លោះ ឈឺដំណំ ឈឺពេលមករដូវ ឈឺក្រោយសម្រាលកូន ឈឺដោយសារជំងឺមហារីក ឈឺធ្មេញ ឈឺចាប់ក្រោយព្យាបាលមាត់ធ្មេញ ឈឺចាប់ដោយសារជំងឺសន្លាក់(Osteoarthritis):

      មនុស្សពេញវ័យ:លេប1ដង 300~1000mg នៅពេលមានអាការៈ ដោយទុកគម្លាតយ៉ាងហោចណាស់4~6ម៉ោងមុននឹងប្រើម្ដងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ4000mg។ គួរចៀសវាងប្រើនៅពេលពោះទទេ។

      ・ករណីបំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ:

      មនុស្សពេញវ័យ:លេប1ដង 300~500mg នៅពេលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ1500mg និង ប្រើត្រឹម2ដងក្នុង1ថ្ងៃ។ គួរចៀសវាងប្រើនៅពេលពោះទទេ។

      ・ករណីបំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅលើកុមារ:

      កុមារនិងកុមារតូច:លេប1ដង 10~15mg/kg ដោយទុកគម្លាតយ៉ាងហោចណាស់4~6ម៉ោងមុននឹងប្រើម្ដងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ60mg/kg។ គួរចៀសវាងប្រើនៅពេលពោះទទេ។

      ករណីថ្នាំសុលតាមទ្វារធំ:

      កុមារ កុមារតូច និង ទារក:ប្រើ1ដង 10~15mg/kg នៅពេលមានអាការៈ សុលតាមទ្វារធំ ដោយទុកគម្លាតយ៉ាងហោចណាស់4~6ម៉ោងមុននឹងប្រើម្ដងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ60mg/kg។ ម្យ៉ាងទៀត មិនត្រូវប្រើលើសពីកម្រិតរបស់មនុស្សពេញវ័យនោះទេ គឺ មិនត្រូវប្រើលើសពី 500mg/ដង ឬ 1500mg/ថ្ងៃនោះឡើយ។

      ករណីថ្នាំចាក់:

      - មនុស្សពេញវ័យ:

      + បំបាត់អាការៈឈឺចាប់:ប្រើ1ដង 300~1000mg ចាក់តាមសរសៃវ៉ែនដោយប្រើរយៈពេល15នាទី ដោយទុកគម្លាតយ៉ាងហោចណាស់4~6ម៉ោងមុននឹងប្រើម្ដងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ4000mg។ ចំពោះអ្នកដែលមានទម្ងន់ក្រោម50kg ត្រូវប្រើ1ដង 15mg/kg ចាក់តាមសរសៃវ៉ែនដោយប្រើរយៈពេល15នាទី ដោយទុកគម្លាតយ៉ាងហោចណាស់4~6ម៉ោងមុននឹងប្រើម្ដងទៀត ហើយកម្រិតអតិបរមាក្នុង1ថ្ងៃគឺ60mg/kg។

      + បំបាត់អាការៈក្ដៅខ្លួន:ប្រើ1ដង 300~500mg ចាក់តាមសរសៃវ៉ែនដោយប្រើរយៈពេល15នាទី ដោយទុកគម្លាតយ៉ាងហោចណាស់4~6ម៉ោងមុននឹងប្រើម្ដងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ1500mg។

      - កុមារអាយុ2ឆ្នាំឡើងទៅ (បំបាត់អាការៈឈឺចាប់ឬក្ដៅខ្លួន):

      ប្រើ1ដង 10~15mg/kg ចាក់តាមសរសៃវ៉ែនដោយប្រើរយៈពេល15នាទី ដោយទុកគម្លាតយ៉ាងហោចណាស់4~6ម៉ោងមុននឹងប្រើម្ដងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ60mg/kg។

      - កុមារអាយុក្រោម2ឆ្នាំ (បំបាត់អាការៈឈឺចាប់ឬក្ដៅខ្លួន):

      ប្រើ1ដង 7.5mg/kg ចាក់តាមសរសៃវ៉ែនដោយប្រើរយៈពេល15នាទី ដោយទុកគម្លាតយ៉ាងហោចណាស់4~6ម៉ោងមុននឹងប្រើម្ដងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ30mg/kg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន (លើកលែងថ្នាំសុល)។

      ・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ឈាមក្រកក រាករូស ស្បែកប្រែពណ៌ខៀវស្វាយ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ក្រហមពេញខ្លួន កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្តៅខ្លួន ឡើងកន្ទួលក្រហមនិងពងទឹកលើស្បែកនិងភ្នាសផ្សេងៗ ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ពិបាកដកដង្ហើម ដកដង្ហើមលឺៗ (អាការៈហឺត)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ ខាន់លឿង)

      - ឈឺបំពង់ក ក្ដៅខ្លួន (ជំងឺគ្រាប់ឈាមសធ្លាក់ចុះប្រភេទGranulocytopenia))

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ក្ដៅខ្លួន ឡើងកន្ទួលក្រហម ឈឺសន្លាក់ ក្អួតចង្អោរ រាករូស ឈឺពោះ បរិមាណទឹកនោមថយចុះ ហើមខ្លួន (ជំងឺរលាកតម្រងនោមប្រភេទInterstitial nephritis)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថព្យាបាលជំងឺរូម៉ាទីសនៅសន្លាក់(Lithium carbonate) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLithiumកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថបញ្ចុះទឹកនោមប្រភេទThiazide diuretics (Hydrochlorothiazideជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពនៃឱសថWarfarinកើនឡើង។

      ・ឱសថCarbamazepine, Phenobarbital, Phenytoin, Primidone, Rifampicin, Isoniazid - អាចធ្វើអោយងាយប៉ះពាល់ដល់មុខងារថ្លើម។

      ・ឱសថប្រឆាំងមេរោគ - អាចធ្វើអោយកម្ដៅក្នុងខ្លួនធ្លាក់ចុះហួសហេតុ។

      ・គ្រឿងស្រវឹង - អាចធ្វើអោយងាយប៉ះពាល់ដល់មុខងារថ្លើម។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស សម្រាប់ស្ត្រីដែលស្ថិតនៅរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ ឱសថនេះអាចធ្វើអោយប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・គ្រឿងស្រវឹងអាចធ្វើអោយផលរំខាននៃឱសថនេះងាយកើតឡើង ដូច្នេះ គួរចៀសវាងពិសាគ្រឿងស្រវឹងក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ការប្រើឱសថនេះក្នុងកម្រិតខ្ពស់(លើសពី1500mgក្នុង1ថ្ងៃ)អាចធ្វើអោយប៉ះពាល់ដល់មុខងារថ្លើម ដូច្នេះ គួរចៀសវាងប្រើឱសថច្រើនប្រភេទ (ថ្នាំផ្ដាសាយជាដើម) ដែលមានសារធាតុAcetaminophenឬParacetamolដូចគ្នានេះស្របពេលតែមួយ។ ម្យ៉ាងទៀត គួរធ្វើការពិនិត្យមុខងារថ្លើមជាទៀងទាត់ក្នុងករណីប្រើឱសថនេះក្នុងកម្រិតខ្ពស់។

      ・នៅពេលកើតមានអាការៈពុលដោយសារការប្រើឱសថនេះក្នុងកម្រិតហួសហេតុ គេអាចប្រើAcetylcysteineដើម្បីបន្សាប។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះកម្ដៅក្នុងខ្លួននិងបំបាត់ការឈឺចាប់ ដោយធ្វើសកម្មភាពនៅក្នុងខួរក្បាល៖

      - មានសកម្មភាពដោយផ្ទាល់ទៅលើមជ្ឈមណ្ឌលគ្រប់គ្រងសីតុណ្ហភាពរាងកាយនៅក្នុងផ្នែកHypothalamusនៃខួរក្បាល ធ្វើអោយសរសៃឈាមរីកដើម្បីបញ្ចេញកម្ដៅក្នុងខ្លួនទៅខាងក្រៅរាងកាយយ៉ាងមានប្រសិទ្ធិភាព។

      - មានសកម្មភាពទៅលើផ្នែកThalamusនិងCerebral cortexដើម្បីបង្កើនកម្រិតអប្បបរមានៃការទទួលអារម្មណ៍ឈឺចាប់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp