Amlodipine besilate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម និង ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺលើសសម្ពាធឈាម:

      - មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង2.5~5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង10mg។

      - កុមារអាយុ6ឆ្នាំឡើងទៅ:លេប1ថ្ងៃ1ដង2.5mg។ អាចបន្ថយឬបង្កើនកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ ឬ រោគសញ្ញារបស់អ្នកជំងឺ។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ5mg។

      ・ករណីជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថប្រភេទDihydropyridine។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន អារម្មណ៍ក្ដៅនៅមុខ មុខក្រហម វិលមុខ ឈឺក្បាល ធ្ងន់ក្បាល បេះដូងលោតញាប់ ហើម ឡើងកន្ទួលក្រហម រមាស់ស្បែក កន្ទាលត្រអាក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ហើមបំពង់ក ហើមបបូរមាត់ កញ្ចាញធ្មេញក្រាស់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្អួតចង្អោរ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមមានបញ្ហា ខាន់លឿង)

      - ឈឺបំពង់ក ក្ដៅខ្លួន ងាយហូរឈាម ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ (រោគសញ្ញានៃការថយចុះគ្រាប់ឈាមសឬប្លាកែត)

      - ជីពចរខ្សោយ វិលមុខ បាត់បង់ស្មារតី (ជំងឺស្ទះការបញ្ជូនសញ្ញារវាងថតលើនិងថតក្រោមនៃបេះដូង(Atrioventricular block))

      - ឈឺសាច់ដុំ អស់កម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានសកម្មភាពបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Ketoconazole, Fluconazole, Itraconazole, Miconazole), ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide(Erythromycin, Clarithromycin ជាដើម), ឱសថRitonavir, ឱសថIndinavir, ឱសថDiltiazem hydrochloride, ឱសថVerapamil ជាដើម), ផ្លែក្រូចថ្លុង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃAmlodipineកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Phenytoin, Carbamazepine, Rifampicin, Barbiturates, Phenobarbital ជាដើម), អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's Wort - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃAmlodipineថយចុះ។

      ​・ឱសថSimvastatin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃSimvastatinកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថTacrolimus - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTacrolimusកើនឡើង បង្កជាផលរំខានផ្សេងៗ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・សារធាតុនៅក្នុងក្រូចថ្លុងអាចធ្វើអោយសកម្មភាពនៃឱសថនេះកើនឡើងបង្កជាផលរំខានផ្សេងៗ ដូច្នេះ គួរចៀសវាងពិសាក្រូចថ្លុងក្នុងអំឡុងពេលប្រើឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងចម្លងកាល់ស្យូម(Calcium channel)ដើម្បីទប់ស្កាត់លំហូរចូលនៃអ៊ីយ៉ុងកាល់ស្យូមទៅក្នុងកោសិកាសាច់ដុំនៃសរសៃឈាមបេះដូងនិងសរសៃឈាមពេញរាងកាយ ធ្វើអោយសរសៃឈាមបន្ធូរការកន្ត្រាក់ ជាលទ្ធផល សម្ពាធឈាមក៏ចាប់ផ្ដើមថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp