Ibuprofen
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
・បំបាត់អាការៈរលាកនិងឈឺចាប់នៅក្នុងជំងឺដូចជា: ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) អាការៈឈឺសន្លាក់ឬរលាកសន្លាក់ អាការៈឈឺចាប់ឬរលាកតាមសរសៃប្រសាទ ជំងឺឈឺខ្នងចង្កេះ បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) ជំងឺរលាកសរីរាង្គស្បូន អាការៈឈឺចាប់ពេលមករដូវ ជំងឺមានស្នាមក្រហមនៅលើស្បែកមួយចំនួន(ជំងឺErythema Exsudativum Multiforme ជំងឺErythema nodosum ជំងឺerythema annulare centrifugum)។
・បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលវះកាត់ឬរបួស។
・បំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងជំងឺរលាកទងសួតស្រួចស្រាវ)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីប្រើនៅក្នុងការបំបាត់អាការៈរលាកនិងឈឺចាប់នៅក្នុងជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) អាការៈឈឺសន្លាក់ឬរលាកសន្លាក់ អាការៈឈឺចាប់ឬរលាកតាមសរសៃប្រសាទ ជំងឺឈឺខ្នងចង្កេះ បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) ជំងឺរលាកសរីរាង្គស្បូន អាការៈឈឺចាប់ពេលមករដូវ ជំងឺមានស្នាមក្រហមនៅលើស្បែកមួយចំនួន(ជំងឺErythema Exsudativum Multiforme ជំងឺErythema nodosum ជំងឺerythema annulare centrifugum) និង បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលវះកាត់ឬរបួស:
- មនុស្សពេញវ័យ:លេប1ថ្ងៃ600mg បែងចែកជា3ដងក្នុង1ថ្ងៃ។
- កុមារអាយុ5~7ឆ្នាំ:លេប1ថ្ងៃ 200~300mg បែងចែកជា3ដងក្នុង1ថ្ងៃ។
- កុមារអាយុ8~10ឆ្នាំ:លេប1ថ្ងៃ 300~400mg បែងចែកជា3ដងក្នុង1ថ្ងៃ។
- កុមារអាយុ11~15ឆ្នាំ:លេប1ថ្ងៃ 400~600mg បែងចែកជា3ដងក្នុង1ថ្ងៃ។
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ម្យ៉ាងទៀត គួរចៀសវាងប្រើនៅពេលពោះទទេ។
・ករណីប្រើនៅក្នុងការបំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងជំងឺរលាកទងសួតស្រួចស្រាវ):
មនុស្សពេញវ័យ:លេប1ដង 200mg នៅពេលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ជាទូទៅ អាចប្រើត្រឹម2ដងក្នុង1ថ្ងៃ ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ600mg។ គួរចៀសវាងប្រើនៅពេលពោះទទេ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។
・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។
・ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថZidovudine។
-
ផលរំខាន
ផលរំខានរួមមាន អារម្មណ៍មិនស្រួលក្នុងក្រពះ បាត់បង់ចំណង់អាហារ ឈឺពោះ ក្អួតអង្អោរ ឡើងកន្ទួលក្រហម រមាស់ ហើមមុខ កន្ទាលត្រអាក ស្នាមជាំស្វាយលើស្បែក។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បែកញើសទាំងត្រជាក់ ពិបាកដកដង្ហើម កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្ដៅខ្លួន ឈឺក្បាល ស្មារតីដឹងខ្លួនធ្លាក់ចុះ (រលាកស្រោមខួរមិនមែនដោយសារមេរោគ)
- ក្ដៅខ្លួនខ្លាំង ភ្នែកក្រហម ស្នាមក្រហមនិងពងទឹកលើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- បរិមាណទឹកនោមថយចុះ ហើម (មុខងារតម្រងនោមចុះខ្សោយ រលាកតម្រងនោមប្រភេទInterstitial nephritis ជំងឺតម្រងនោមNephrotic syndrome)
- ពិបាកដកដង្ហើម ដកដង្ហើមលឺៗ (អាការៈហឺត)
- ឈឺក្រពះ ក្អួតចង្អោរ ក្អួតឈាម លាមកមានឈាម (ដំបៅក្នុងក្រពះឬពោះវៀន)។
-
អន្តរប្រតិកម្ម
・ឱសថZidovudine - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងកំណកឈាម(Warfarin, Clopidogrel ជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។
・ឱសថប្រឆាំងកំណកឈាមAspirin - អាចធ្វើអោយប្រសិទ្ធិភាពនៃAspirinថយចុះ។
・ឱសថប្រភេទSSRI(Fluvoxamine, Paroxetineជាដើម) - អាចធ្វើអោយមានការហូរឈាមនៅក្រពះឬពោះវៀន។
・ឱសថLithium carbonate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLithiumកើនឡើង។
・ឱសថបញ្ចុះទឹកនោម(Hydrochlorothiazide, Furosemideជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
・ឱសថប្រភេទACE inhibitors(Enalaprilជាដើម) ឱសថប្រភេទBeta blockers(Propranololជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមនៃឱសថទាំងនេះថយចុះ។
・ឱសថTacrolimus - អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោម។
・ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone (Enoxacin ជាដើម) - អាចធ្វើអោយកើតមានអាការៈប្រកាច់។ ករណីបែបនោះ គួរប្រើឱសថDiazepamបញ្ចូលតាមសរសៃវ៉ែនជាដើម។
・ឱសថMethotrexate - អាចធ្វើអោយសកម្មភាពនៃMethotrexaកើនឡើង។
・ឱសថColestyramine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃIbuprofenថយចុះ។
・ឱសថបញ្ចុះជាតិស្ករក្នុងឈាមប្រភេទSulfonylureas(Chlorpropamide, Glibenclamideជាដើម) - អាចធ្វើអោយសកម្មភាពបញ្ចុះជាតិស្ករនៃឱសថទាំងនេះកើនឡើង។
・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP2C9 (Voriconazole, Fluconazoleជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃIbuprofenកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើឱសថនេះចំពោះមនុស្សចាស់ឬអ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងបេះដូងឬតម្រងនោម ព្រោះអាចងាយកើតមានផលរំខាននៃឱសថនេះ។ ក្នុងករណីនេះ គួរបន្ថយកម្រិតឱសថឬប្រើប្រភេទដែលសកម្មភាពឱសថមានរយៈពេលខ្លី។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase(COX)ដើម្បីបង្អាក់ដំណើរការសំយោគសារធាតុProstaglandinដែលជាសារធាតុបង្កអោយមានអាការៈរលាក ឈឺចាប់ ឬ ក្ដៅខ្លួន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp