Atenolol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម)

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង (Angina pectoris)

      - ជំងឺចង្វាក់បេះដូងកើនឡើងខុសប្រក្រតី (ជំងឺSinus tachycardia ជំងឺExtrasystole)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង50mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាគឺ1ថ្ងៃ1ដង100mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ដោយសារជំងឺទឹកនោមផ្អែម ឬ រោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាមដោយសារមេតាបូលីស(Metabolic acidosis)។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃជីពចរចុះខ្សោយធ្ងន់ធ្ងរឬមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង។

      ・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។

      ・អ្នកដែលមានជំងឺខ្សោយមុខងារថតខាងស្ដាំនៃបេះដូងដោយសារជំងឺលើសសម្ពាធឈាមក្នុងអាកទែរសួត។

      ・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​។

      ・អ្នកដែលមានជំងឺសម្ពាធឈាមទាប។

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងចរន្តឈាមធ្ងន់ធ្ងរ (អាការៈរលួយដោយសារការស្លាប់កោសិកា ជាដើម)។

      ・អ្នកជំងឺមហារីកPheochromocytomaដែលមិនទាន់ទទួលការព្យាបាល។

    • ផលរំខាន

      ផលរំខានរួមមាន ជីពចរដើរយឺត វិលមុខ អស់កម្លាំង ឡើងកន្ទួលក្រហម រមាស់ស្បែក ចក្ខុវិញាណមានបញ្ហា ភ្នែកស្រវាំង មិនសូវមានទឹកភ្នែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង ពិបាកដកដង្ហើម ហើមពេញខ្លួន (ជំងឺខ្សោយបេះដូង)

      - ជីពចរដើរយឺត បាត់បង់ស្មារតី (ជំងឺទាក់ទងនឹងការបញ្ជូនសញ្ញនៅក្នុងបេះដូង)

      - ងងឹតមុខ វិលមុខ បាត់បង់ស្មារតី (ជំងឺសម្ពាធឈាមធ្លាក់ចុះទាបពេលក្រោកឈរ)

      - ដង្ហក់ ពិបាកដកដង្ហើម សម្លេងដកដង្ហើមខុសប្រក្រតី (ទងសួតកន្ត្រាក់ ។ល។)

      - ឈាមច្រមុះឬតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយលើស្បែក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ(The sympathetic nervous system) (ឱសថReserpine, ឱសថប្រភេទBeta-blockersរួមទាំងថ្នាំបន្តក់ភ្នែក ជាដើម) - អាចបង្កើនសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ ធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចបង្កើនសកម្មភាពបញ្ចុះជាតិស្ករក្នុងឈាម។

      ・ឱសថប្រភេទCalcium antagonists (Verapamil, Diltiazem, Nifedipine ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថClonidine - អាចកើតមានអាការៈដូចជាសម្ពាធឈាមកើនឡើង ឈឹក្បាលបន្ទាប់ពីឈប់ប្រើឱសថClonidine។

      ・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង(Disopyramide, Procainamide, Ajmaline, Amiodarone ជាដើម) - អាចធ្វើអោយមុខងារបេះដូងចុះខ្សោយខ្លាំង។

      ・ថ្នាំស្ពឹក(Sevoflurane ជាដើម) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះខ្លាំង។

      ・ឱសថDigoxin, ឱសថDigitoxin - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថបញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់ប្រភេទNSAIDs(Indometacin ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។

      ・ឱសថដែលមានសកម្មភាពភ្ញោចប្រព័ន្ធសរសៃប្រសាទ - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងសងខាងថយចុះ។

      ・ឱសថFingolimod - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចធ្វើអោយប៉ះពាល់ដល់ការលូតលាស់របស់ទារក។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលបេតា1(Beta 1 receptor)ដើម្បីទប់ស្កាត់ការភ្ញោចពីសារធាតុCatecholamineនៅក្នុងបេះដូងធ្វើអោយបរិមាណឈាមនិងចំនួនដងនៃការច្របាច់បេះដូងថយចុះ និងនៅក្នុងសរសៃឈាមដើម្បីបន្ធូរការកន្ត្រាក់នៃសរសៃឈាម ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមនិងបន្ថយបន្ទុកទៅលើបេះដូង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp