Promethazine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈស្ពឹកញ័រ បណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism)
- ប្រើប្រាស់នៅមុនពេលសណ្ដំ ឬ សម្រាប់ការធ្វើអោយគេងលក់លក្ខណៈសិប្បនិម្មិត(Artificial hibernation)
- អាការៈកណ្ដាស់ ហូរសម្បោរ ក្អកជាដើមដោយសាររលាកផ្លូវដង្ហើមផ្នែកខាងលើ ដូចជា ជំងឺផ្ដាសាយជាដើម
- ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម
- ជំងឺ Hay fever
- អាការៈហើមដោយសារចលនាសរសៃឈាម
- អាការៈរមាស់នៅក្នុងជំងឺស្បែកផ្សេងៗ (ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក កន្ទួលក្រហមដោយសារប្រតិកម្មទៅនឹងឱសថឬសារធាតុគីមីផ្សេងៗ)
- កន្ទាលត្រអាក
- អាការៈពុលរថយន្ត ពុលយន្តហោះ ពុលទូក ជាដើម។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង5~25mg (ថ្នាំម្សៅ10%ត្រូវនឹង0.05~0.25g) 1ថ្ងៃ1~3ដង។ ចំពោះអាការៈស្ពឹកញ័រ និង បណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism) លេប1ថ្ងៃ25~200mg (ថ្នាំម្សៅ10%ត្រូវនឹង0.25~2g) បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង5~50mg ចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទPhenothiazineឬឱសថស្រដៀងនេះផ្សេងទៀត។
・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី។
・អ្នកដែលកំពុងទទួលឥទ្ធិពលខ្លាំងពីឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទ(ថ្នាំប្រភេទBarbiturate, ថ្នាំស្ពឹកជាដើម)។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទ (Angle-closure glaucoma)។
・អ្នកដែលមានជំងឺស្ទះនៅផ្លូវតម្រងនោមផ្នែកខាងក្រោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ។ល។
・ទារកអាយុក្រោម2ឆ្នាំ។
-
ផលរំខាន
ផលរំខានរួមមាន ងងុយគេង ឡើងកន្ទួលក្រហម ស្ងួតក ឈឺក្បាល ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ បែកញើសច្រើន វិលមុខ។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សាច់ដុំឡើងរឹងនិងស្ពឹក ជីពចរដើរលឿន ក្ដៅខ្លួន (ជំងឺNeuroleptic malignant syndromeឬSyndrome malin)
- ឈប់ដកដង្ហើមនៅពេលគេងលក់ (ករណីប្រើប្រាស់នៅលើកុមារ ជាពិសេសទារកក្រោម2ឆ្នាំ) (អាចធ្វើអោយកុមារស្លាប់ភ្លាមៗ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទ(ថ្នាំប្រភេទBarbiturate, ថ្នាំស្ពឹក, ថ្នាំបំបាត់ឈឺចាប់លក្ខណៈស្ពឹក, ថ្នាំរំងាប់អារម្មណ៍ ថ្នាំងងុយគេង ជាដើម), គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថដែលមានសកម្មភាពប្រឆាំងសារធាតុអាសេទីលកូលីន(Anticholinergic effect) (ឱសថប្រភេទPhenothiazine, ឱសថImipramine hydrochloride, ឱសថScopolamine butylbromide ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសកម្មភាពបញ្ចុះសម្ពាធឈាមកាន់តែខ្លាំង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេងឬអស់កម្លាំង ដូច្នេះ គួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ជាពិសេស គួរចៀសវាងពិសាគ្រឿងស្រវឹង។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម ៖
- បង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីន(Histamine)ទៅនឹងគ្រឿងទទួលរបស់វា(H1 receptor) នៅក្នុងការព្យាបាលអាការៈផ្សេងៗនៃរោគប្រតិកម្ម។
- បង្អាក់សកម្មភាពរបស់គ្រឿងទទួលមូស្កាលីននៃសារធាតុអាសេទីលកូលីន(Muscarinic acetylcholine receptors, mAchR) នៅក្នុងការព្យាបាលអាការៈនៃជំងឺប៉ាឃីនសុន(Parkinsonism)។
- បង្អាក់សកម្មភាពនៃគ្រឿងទទួលមូស្កាលីននៃសារធាតុអាសេទីលកូលីន(Muscarinic acetylcholine receptors, mAchR) និង មជ្ឈមណ្ឌលCTZ (chemoreceptor trigger zone)នៅក្នុងការព្យាបាលអាការៈក្អួតចង្អោរនិងវិលមុខ (នៅពេលពុលរថយន្ត។ល។)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp