Codeine phosphate hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បំបាត់អាការៈក្អកដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងប្រព័ន្ធដង្ហើមគ្រប់ប្រភេទ។
- បំបាត់អាការៈឈឺចាប់
- បំបាត់អាការៈរាករូសខ្លាំងក្លា។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង20mg (ថ្នាំម្សៅ1%ត្រូវនឹង2g ឬ ថ្នាំម្សៅ10%ត្រូវនឹង0.2g) សរុប1ថ្ងៃ60mg(ថ្នាំម្សៅ1%ត្រូវនឹង6g ឬ ថ្នាំម្សៅ10%ត្រូវនឹង0.6g)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានបញ្ហាប្រព័ន្ធដង្ហើមមិនដំណើរការកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងកើតមានអាការៈហឺតរើឡើង។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺខ្សោយបេះដូង(Heart failure)កើតឡើងបន្ទាប់ពីជំងឺសួតរ៉ាំរ៉ៃ។
・អ្នកដែលកំពុងមានអាការៈកន្ត្រាក់នៃសាច់ដុំ (ជំងឺប្រកាច់ ជំងឺតេតាណូស ការពុលសារធាតុស្ទ្រីខនីន(Strychnine) ជាដើម)។
・អ្នកដែលកំពុងមានអាការៈពុលជាតិអាល់កុលស្រួចស្រាវ(Acute alcohol poisoning)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុOpium alkaloid។
・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈហូរឈាម។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលកំពុងមានអាការៈរាករូសបង្កឡើងដោយសារបាក់តេរី។
-
ផលរំខាន
ផលរំខានរួមមាន ចង្វាក់បេះដូងខុសប្រក្រតី សម្ពាធឈាមប្រែប្រួល មុខក្រហម ងងុយគេង វិលមុខ មើលមិនសូវច្បាស់ បែកញើស ក្អួតចង្អោរ ទល់លាមក ឡើងកន្ទួលក្រហម រមាស់ស្បែក ពិបាកបញ្ចេញទឹកនោម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- មិនងងុយគេង អារម្មណ៍មិនស្ងប់ រវើរវាយ ឃើញរូបភាពឬលឺសម្លេងដែលមិនមានពិត (អាការៈញៀនឱសថ)
- ដង្ហក់ ការដកដង្ហើមខុសប្រក្រតី (បញ្ហាដំណើរការនៃប្រព័ន្ធដកដង្ហើម)
- អារម្មណ៍មិនស្ងប់ នៅមិនស្ងៀម និយាយឬធ្វើសកម្មភាពពិបាកយល់ រវើរវាយ ឃើញរូបភាពឬលឺសម្លេងដែលមិនមានពិត (វង្វេងវង្វាន់ ភ្លេចភ្លាំង)
- អារម្មណ៏ដូចគេសង្កត់នៅទ្រូង ស្ទះដង្ហើម ហើមបំពង់ក (ទងសួតកន្ត្រាក់ បញ្ហាសួត ជាដើម)
- ឈឺពោះ ហើមពោះ ក្ដៅខ្លួន ជីពចរដើរលឿន (ស្ទះពោះវៀន ជាដើម)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថទប់ស្កាត់សកម្មភាពប្រព័ន្ធសរសៃប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazines, ឱសថប្រភេទBarbiturates ជាដើម), ឱសថសណ្ដំប្រភេទស្រូប, ឱសថប្រភេទទប់ស្កាត់សកម្មភាពអង់ស៊ីមMAO, ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants, ឱសថទប់ស្កាត់គ្រឿងទទួលបេតា(β blockers), ជាតិស្រវឹង - អាចធ្វើអោយសកម្មភាពកាត់បន្ថយដំណើរការប្រព័ន្ធដកដង្ហើម បញ្ចុះសម្ពាធឈាមឬសណ្ដំ កាន់តែខ្លាំងក្លា។
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពប្រឆាំងកំណកឈាមរបស់Warfarinកើនឡើង។
・ឱសថប្រឆាំងសកម្មភាពសារធាតុកូលីន(Choline) - អាចធ្វើអោយកើតមានអាការៈស្ទះពោះវៀនឬស្ទះទឹកនោមធ្ងន់ធ្ងរ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ការប្រើឱសថនេះនៅមុនពេលសម្រាល អាចធ្វើអោយទារកដែលទើបនឹងកើតកើតមានអាការៈញៀនឱសថ ដូចជា នៅមិនស្ងៀម មិនងងុយគេង ញ័រដៃជើង ជាដើម។
・ការប្រើឱសថនេះនៅក្នុងពេលសម្រាល អាចប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធដកដង្ហើមរបស់ទារកទើបនឹងកើត។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរប្រុងប្រយ័ត្នជានិច្ចនៅពេលបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・គ្រឿងស្រវឹងអាចធ្វើអោយងាយកើតមានផលរំខាននៃឱសថនេះ ដូច្នេះ គួរចៀសវាងប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・មិនត្រូវប្រើចំពោះអ្នកជំងឺជាមនុស្សចាស់ឬអ្នកដែលមានសុខភាពរាងកាយខ្សោយនោះទេ។
-
សកម្មភាពឱសថ
ឱសថនេះមានទម្រង់ស្រដៀងទៅនឹងសារធាតុម៉ូហ្វីន(Morphine)ជាខ្លាំង ប៉ុន្តែ វាមានសកម្មភាពខ្សោយជាងសារធាតុម៉ូហ្វីនឆ្ងាយ ដោយប្រសិទ្ធិភាពបំបាត់ការឈឺចាប់របស់ឱសថនេះស្មើនឹង1/6 ប្រសិទ្ធិភាពធ្វើអោយស្មារតីស្ងប់ស្មើនឹង1/4 ហើយប្រសិទ្ធិភាពធ្វើអោយងងុយគេងស្មើនឹង1/4 ប្រៀបធៀបទៅនឹងសកម្មភាពរបស់សារធាតុម៉ូហ្វីន។ ប៉ុន្តែ វាមានប្រសិទ្ធិភាពខ្លាំងក្នុងការបំបាត់អាការៈក្អក។ ឱសថនេះបង្ហាញសកម្មភាពនៅក្នុងប្រព័ន្ធខួរក្បាល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp