Aspirin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីប្រើនៅក្នុងការទប់ស្កាត់ការកកើតកំណកឈាម:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ទប់ស្កាត់ការកកើតនៃកំណកឈាមនៅក្នុងជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូងឬខួរក្បាល។

      - ទប់ស្កាត់ការកកើតនៃកំណកឈាមក្រោយការវះកាត់សរសៃឈាមបេះដូង(Coronary artery bypass grafting(CABG) ឬ Percutaneous transluminal coronary angioplasty(PTCA))។

      - ជំងឺកាវ៉ាសាគី (Kawasaki disease ឬ MCLS) រួមទាំង រោគសញ្ញាទាក់ទងនឹងសរសៃឈាមបេះដូងក្រោយកើតមានជំងឺកាវ៉ាសាគី។

      ករណីប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់និងក្ដៅខ្លួន:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បំបាត់អាការៈឈឺចាប់ផ្សេងៗ ដូចជា ឈឺក្បាល ឈឺតាមសរសៃប្រសាទ ឈឺចង្កេះ ឈឺធ្មេញ ឈឺក្រោយពេលធ្វើធ្មេញ ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺដោយសារថ្លោះ ឈឺដំណំ ឈឺពេលមករដូវ ឈឺដោយសារជំងឺហ្កោត(Gout) ឈឺក្រោយពេលវះកាត់ ។ល។

      - បំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ។

      - ជំងឺកាវ៉ាសាគី (Kawasaki disease ឬ MCLS) រួមទាំង រោគសញ្ញាទាក់ទងនឹងសរសៃឈាមបេះដូងក្រោយកើតមានជំងឺកាវ៉ាសាគី។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ករណីប្រើនៅក្នុងការទប់ស្កាត់ការកកើតកំណកឈាម:

      ・ទប់ស្កាត់ការកកើតនៃកំណកឈាមនៅក្នុងជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូងឬខួរក្បាល ឬ ក្រោយការវះកាត់សរសៃឈាមបេះដូង(Coronary artery bypass grafting(CABG) ឬ Percutaneous transluminal coronary angioplasty(PTCA)):

      លេប1ថ្ងៃ1ដង 100mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ដោយអាចបង្កើនដល់1ដង300mg។

      ・ករណីជំងឺកាវ៉ាសាគី (Kawasaki disease ឬ MCLS) រួមទាំង រោគសញ្ញាទាក់ទងនឹងសរសៃឈាមបេះដូងក្រោយកើតមានជំងឺកាវ៉ាសាគី:

      +ពេលមានអាការៈក្ដៅខ្លួនក្នុងដំណាក់កាលស្រួចស្រាវ:លេប1ថ្ងៃ 30~50mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ។

      +ក្រោយបញ្ចុះកម្ដៅចូលដល់ដំណាក់កាលធូរស្បើយនិងដល់ដំណាក់កាលរ៉ាំរ៉ៃ:លេប1ថ្ងៃ1ដង 3~5mg/kg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ករណីប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់និងក្ដៅខ្លួន:

      ・បំបាត់អាការៈឈឺចាប់ផ្សេងៗ ដូចជា ឈឺក្បាល ឈឺតាមសរសៃប្រសាទ ឈឺចង្កេះ ឈឺធ្មេញ ឈឺក្រោយពេលធ្វើធ្មេញ ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺដោយសារថ្លោះ ឈឺដំណំ ឈឺពេលមករដូវ ឈឺដោយសារជំងឺហ្កោត(Gout) ឈឺក្រោយពេលវះកាត់:

      មនុស្សពេញវ័យ:

      លេប1ដង0.5~1.5g, 1ថ្ងៃ1.0~4.5g។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・បំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ:

      លេប1ដង0.5~1.5g នៅពេលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ អាចប្រើត្រឹម2ដងក្នុង1ថ្ងៃ ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 4.5g។ គួរចៀសវាងប្រើនៅពេលពោះទទេ។

      ・ជំងឺកាវ៉ាសាគី (Kawasaki disease ឬ MCLS):

      +ពេលមានអាការៈក្ដៅខ្លួនក្នុងដំណាក់កាលស្រួចស្រាវ:លេប1ថ្ងៃ 30~50mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ។

      +ក្រោយបញ្ចុះកម្ដៅចូលដល់ដំណាក់កាលធូរស្បើយនិងដល់ដំណាក់កាលរ៉ាំរ៉ៃ:លេប1ថ្ងៃ1ដង 3~5mg/kg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ករណីប្រើនៅក្នុងការទប់ស្កាត់ការកកើតកំណកឈាម:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទSalicylic acidផ្សេងទៀត។

      ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។

      ・អ្នកដែលមានអាការៈងាយហូរឈាម។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)

      ・ស្ត្រីមានផ្ទៃពោះស្ថិតក្នុងរយៈពេល12សប្ដាហ៍មុនដល់ពេលសម្រាល។

      ・ទារកកើតមិនគ្រប់ទម្ងន់ ទារកទើបកើត និង ទារកក្រោមអាយុ1ឆ្នាំ។

      ករណីប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់និងក្ដៅខ្លួន:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទSalicylic acidផ្សេងទៀត។

      ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។

      ・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

      ・ស្ត្រីមានផ្ទៃពោះស្ថិតក្នុងរយៈពេល12សប្ដាហ៍មុនដល់ពេលសម្រាល។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ កន្ទាលត្រអាក ឡើងកន្ទួលក្រហម ហើម វិលមុខ ឈឺក្បាល ដកដង្ហើមខុសប្រក្រតី អស់កម្លាំង អាការៈខ្វះឈាម ឈាមក្រកក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ វិលមុខ ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្អួតឈាម លាមកពណ៌ខ្មៅ ឈឺក្បាល (ហូរឈាមនៅក្រពះឬពោះវៀន)

      - ក្តៅខ្លួន ឡើងកន្ទួលក្រហមនិងពងទឹកលើស្បែកនិងភ្នាសផ្សេងៗ ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ពិបាកដកដង្ហើម ដកដង្ហើមលឺៗនិងខ្លីៗ (អាការៈហឺត)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ ខាន់លឿង)

      - ឈឺបំពង់ក ក្ដៅខ្លួន ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញឬក្រោមស្បេក (ជំងឺគ្រាប់ឈាមសធ្លាក់ចុះ ចំនួនប្លាកែតធ្លាក់ចុះ ជាដើម)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងកំណកឈាម(Warfarin, Heparin, Danaparoid sodium, Rivaroxaban, Dabigatran, Thrombomodulin alpha, Ticlopidine, Cilostazol, Clopidogrel, Ozagrel, Beraprost, Sarpogrelate, Ethyl icosapentate, Urokinase, t-PA ជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។

      ・ឱសថព្យាបាលជំងឺទឹកនោមផ្អែម ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយសកម្មភាពឱសថទាំងនេះកើនឡើង បង្កជាអាការៈនៃជាតិស្ករក្នុងឈាមចុះទាប។

      ・ឱសថMethotrexate - អាចធ្វើអោយផលរំខាននៃMethotrexateងាយកើតឡើង។

      ・ឱសថSodium valproate - អាចធ្វើអោយសកម្មភាពនៃSodium valproateកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinថយចុះ។

      ・ឱសថស្តេរ៉ូអ៊ីត(Betamethasone, Methylprednisolone ជាដើម) - អាចធ្វើអោយផលរំខាននៃAspirinកើតឡើង។

      ・ឱសថLithium - អាចធ្វើអោយផលរំខាននៃLithiumកើតឡើង។

      ・ឱសថបញ្ចុះទឹកនោម(Hydrochlorothiazide, Furosemide ជាដើម), ឱសថប្រភេទBeta-blockers(Propranolol, Pindolol ជាដើម), ឱសថប្រភេទACE inhibitors(Enalapril maleateជាដើម), ឱសថNitroglycerin, ឱសថជម្រុញការបញ្ចេញអាស៊ីតអ៊ុយរិច(Probenecid, Benzbromarone) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថប្រភេទNSAIDs (Indomethacin, Diclofenac ជាដើម) - អាចបង្កអោយមានអាការៈហូរឈាមឬមុខងារតម្រងនោមថយចុះ។

      ・ឱសថAcetazolamide - អាចធ្វើអោយកើតមានផលរំខាននៃAcetazolamide។

      ・ឱសថDonepezil - អាចធ្វើអោយកើតមានដំបៅក្រពះឬពោះវៀន។

      ・ឱសថTacrolimus, Ciclosporin - អាចធ្វើអោយប៉ះពាល់មុខងារតម្រងនោម។

      ・ឱសថRamatroban, Seratrodast - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថប្រភេទSSRI (Fluvoxamine maleate, Sertraline ជាដើម) - អាចធ្វើអោយកើតមានអាការៈហូរឈាមនៅតាមស្បែកឬសរីរាង្គក្នុងរាងកាយ។

      ・គ្រឿងស្រវឹង - អាចធ្វើអោយកើតមានអាការៈហូរឈាមនៅក្រពះឬពោះវៀន។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះស្ថិតក្នុងរយៈពេល12សប្ដាហ៍មុនដល់ពេលសម្រាល មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់សុវត្ថិភាពទាំងម្ដាយទាំងទារក។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មិនគួរប្រើឱសថនេះចំពោះអ្នកជំងឺអុតស្វាយឬផ្ដាសាយធំដែលមានអាយុក្រោម15ឆ្នាំនោះទេ ព្រោះវាអាចបណ្ដាលអោយកើតមានជំងឺReye's syndrome។

      ・គ្រឿងស្រវឹងអាចធ្វើអោយផលរំខាននៃឱសថនេះងាយកើតឡើង ដូច្នេះ គួរចៀសវាងពិសាគ្រឿងស្រវឹងក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・គួរចៀសវាងប្រើឱសថនេះទាំងពោះទទេ ហើយគួរពិសាទឹកអោយបានច្រើន។

      ・ត្រូវប្រុងប្រយ័ត្នចំពោះអ្នកដែលមានជំងឺហឺត។ ប្រសិនបើការប្រើឱសថធ្វើអោយកើតមានអាការៈហឺត ត្រូវប្ដូរទៅប្រើឱសថផ្សេងវិញ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះកម្ដៅក្នុងខ្លួន បំបាត់ការឈឺចាប់ និង ប្រឆាំងកំណកឈាម ដោយមានសកម្មភាពដូចខាងក្រោម ៖

      - ទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase(COX)មិនអោយធ្វើប្រតិកម្មសំយោគសារធាតុThromboxaneA2(TXA2)ដែលជាសារធាតុមានតួនាទីប្រមូលផ្ថុំប្លាកែតបង្កជាកំណកឈាម។

      - ទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase(COX)ដើម្បីបង្អាក់សកម្មភាពសំយោគសារធាតុProstaglandinដែលជាសារធាតុបង្កអោយមានអាការៈរលាក ឈឺចាប់ ឬ ក្ដៅខ្លួន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp