អំពី អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា)
ប្រធានក្រុមហ៊ុន អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) គឺលោក តុគឹចូ ហ៊ីរ៉ុយូគិ (Tokujo Hiroyuki) ជាជនជាតិជប៉ុន ដោយលោកបានបង្កើតក្រុមហ៊ុននេះឡើងក្នុងការតាំងចិត្តចូលរួមចំណែកនៅក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅប្រទេសកម្ពុជាតាមបែបផែនថ្មីដែលមិនធ្លាប់មានពីមុនមក ដោយផ្ដោតទៅលើការពង្រឹងគុណភាពនៃបុគ្គលិកសុខាភិបាលក៏ដូចជាសេវាសុខភាពដែលផ្ដល់ដល់ប្រជាជនកម្ពុជា ជាពិសេស សកម្មភាពភាគច្រើនរបស់ក្រុមហ៊ុនអ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) មានគោលបំណងបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងវេជ្ជសាស្ត្រ(វេជ្ជបណ្ឌិត) និង ឱសថសាស្ត្រ(ឱសថការី)។ ក្រុមហ៊ុន អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) មានក្រុមហ៊ុនដើម (ក្រុមហ៊ុន អ៊ីម៉ាតុគឹ មេឌីក http://imatoku-medic.com/) ស្ថិតនៅក្នុងទីក្រុងអូសាកានៃប្រទេសជប៉ុន បាននិងកំពុងបើកដំណើរការឱសថស្ថានចំនួន11កន្លែង។
គោលដៅនៃក្រុមហ៊ុនអ៊ីម៉ាតុគឹ គឺ ការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅប្រទេសកម្ពុជា។ ឆ្ពោះទៅកាន់គោលដៅនេះ ក្រុមហ៊ុនអ៊ីម៉ាតុគឹបានបង្កើតនូវគម្រោងសកម្មភាពជាច្រើនកន្លងមក ដែលផ្ដោតទៅលើការបង្កើនទំនាក់ទំនងរវាងវិស័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ ការផ្លាស់ប្ដូរបទពិសោធន៍ក្នុងចំណោមបុគ្គលិកសុខាភិបាល ចូលរួមនៅក្នុងកម្មវិធីផ្សេងៗទាក់ទងនឹងសុខភាព ជាពិសេស គឺការផ្សារភ្ជាប់ទំនាក់ទំនងរវាងវេជ្ជបណ្ឌិតឬនិស្សិតជនជាតិជប៉ុនជាមួយនឹងវេជ្ជបណ្ឌិតនិងនិស្សិតនៅកម្ពុជា ក៏ដូចជារវាងប្រទេសជប៉ុននិងប្រទេសកម្ពុជាទាំងមូលផងដែរ។
① សិក្ខាសាលាសម្រាប់វិស័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ
ក្នុងការរៀបចំសិក្ខាសាលានេះរៀងរាល់3ខែម្ដង យើងមានគោលបំណងបង្កើតនូវឱកាសនៃការស្វែងយល់បន្ថែមទាក់ទងនឹងចំណេះដឹងនៅក្នុងការព្យាបាលអ្នកជំងឺអោយមានលក្ខណៈកាន់តែមានប្រសិទ្ធិភាពនិងសុវត្ថិភាព។ វាគ្មិនកិត្តិយសរបស់យើង រួមមាន វេជ្ជបណ្ឌិតជនជាតិជប៉ុន និង ជនជាតិខ្មែរ ព្រមទាំងឱសថការីផងដែរ។ ទំនាក់ទំនងរវាងវិជ្ជាជីវៈជាវេជ្ជបណ្ឌិតនិងឱសថការីគឺមានសារៈសំខាន់ណាស់នៅក្នុងការផ្ដល់ការព្យាបាលប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធិភាពជូនដល់អ្នកជំងឺ។② សិក្ខាសាលាសម្រាប់និស្សិតឱសថសាស្ត្រឆ្នាំទី៥
យើងរៀបចំសិក្ខាសាលាសម្រាប់និស្សិតឱសថសាស្ត្រឆ្នាំទី៥ សរុបចំនួន៥ដងក្នុងមួយឆ្នាំ។ នៅក្នុងសិក្ខាសាលានីមួយៗ នឹងមានខ្លឹមសារទាក់ទងនឹងការងារក៏ដូចជាតួនាទីរបស់ឱសថការីដែលធ្វើការនៅប្រទេសជប៉ុន។ សិក្ខាសាលាទាំងនេះ រួមមានការធ្វើតេស្តដាក់ពិន្ទុលើកម្រិតនៃការស្វែងយល់របស់និស្សិត ដើម្បីជ្រើសរើសនិស្សិតសម្រាប់ការធ្វើទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន។ នេះជាការផ្ដល់នូវគំនិតថ្មីៗសម្រាបឱសថការីជំនាន់ក្រោយនៅក្នុងការចូលរួមបង្កើនប្រសិទ្ធិភាពនៃការអនុវត្តការផ្ដល់សេវាសុខភាពនៅប្រទេសកម្ពុជា។③ ទស្សនកិច្ចសិក្សារបស់និស្សិតឱសថសាស្ត្រជនជាតិជប៉ុនមកកាន់ប្រទេសកម្ពុជា
ទន្ទឹមនឹងការនាំនិស្សិតកម្ពុជាទៅកាន់ប្រទេសជប៉ុនដើម្បីធ្វើទស្សនកិច្ចសិក្សា យើងក៏មានកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់និស្សិតជនជាតិជប៉ុនមកកាន់ប្រទេសកម្ពុជាផងដែរ។ តាមការអនុវត្តកន្លងមក និស្សិតជប៉ុនតែងតែសម្ដែងនូវភាពរីករាយនិងក្ដីស្រឡាញ់ចំពោះប្រទេសកម្ពុជា ហើយយើងសង្ឃឹមថានេះនឹងរឹតចំណងមិត្តភាពរវាងប្រទេសជប៉ុននិងប្រទេសកម្ពុជា ព្រមទាំងនាំមកនូវការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជានាពេលអនាគតតាមរយៈកិច្ចសហការរវាងប្រទេសទាំងពីរ។④ ព័ត៌មានឱសថជាភាសាខ្មែរ
នេះគឺជាគម្រោងរបស់ក្រុមហ៊ុនអ៊ីម៉ាតុគឹ បង្កើតឡើងក្នុងគោលបំណងផ្ដល់នូវព័ត៌មានសំខាន់ៗទាក់ទងនឹងការប្រើប្រាស់ឱសថនៅក្នុងការព្យាបាលជំងឺ។ អ្នកប្រើប្រាស់ព័ត៌មានទាំងនេះអាចជាវេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា សិស្សនិស្សិត។ យើងសង្ឃឹមថា បុគ្គលិកសុខាភិបាលអាចស្វែងរកនូវព័ត៌មានសំខាន់ៗបានឆាប់រហ័សនិងងាយស្រួលជាងមុន ក៏ដូចជាចូលរួមនៅក្នុងការអនុវត្តការព្យាបាលដែលប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធិភាពជូនដល់អ្នកជំងឺ។⑤ ឱសថស្ថាន អ៊ីម៉ាតុគឹ
ការបើកជាឱសថស្ថានរបស់ក្រុមហ៊ុនអ៊ីម៉ាតុគឹ គឺដោយសារក្រុមហ៊ុនអ៊ីម៉ាតុតឹមេឌីកនៅប្រទេសជប៉ុន(គេហទំព័រ៖ http://imatoku-medic.com/) គឺជាក្រុមហ៊ុនដែលបាននិងកំពុងដំណើរការឱសថស្ថានជាច្រើនកន្លែងនៅក្នុងទីក្រុងអូសាកានៃប្រទេសជប៉ុន ដូច្នេះ យើងមានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងការអនុវត្តកិច្ចការងារជាឱសថស្ថានលក្ខណៈបែបជប៉ុន។ ប៉ុន្តែដោយស្ថានភាពនៅប្រទេសកម្ពុជាមានលក្ខណៈខុសគ្នាពីនៅប្រទេសជប៉ុន ឱសថស្ថានជួបបញ្ហាមួយចំនួននៅក្នុងការអនុវត្ត ប៉ុន្តែ នាពេលអនាគត ឱសថស្ថានអ៊ីម៉ាតុគឹ នឹងក្លាយជាឱសថស្ថានគំរូដែលបង្ហាញអំពីសេវាកម្មលក្ខណៈបែបជប៉ុន។ពាក្យស្លោកនៃក្រុមហ៊ុនអ៊ីម៉ាតុគឹ គឺ New Experience in Health Care (បទពិសោធន៍ថ្មីនៅក្នុងសេវាសុខភាព) ដែលក្នុងនោះយើងមានគោលដៅផ្ដល់នូវបទពិសោធន៍ថ្មីទាំងសម្រាប់អ្នកដែលទទួលសេវាសុខភាព ទាំងសម្រាប់អ្នកដែលផ្ដល់សេវាសុខភាព។ អ្នកជំងឺនឹងទទួលបាននូវសេវាកម្មថែរក្សាសុខភាពដែលប្រកបដោយការយកចិត្តទុកដាក់និងមានវិជ្ជាជីវៈច្បាស់លាស់ពីបុគ្គលិកសុខាភិបាល។ ហើយបុគ្គលិកសុខាភិបាលនឹងផ្ដល់នូវសេវាកម្មថែទាំសុខភាពដែលពោរពេញទៅដោយជំនឿចិត្តនិងទឹកចិត្តអាណិតស្រឡាញ់ចំពោះអ្នកជំងឺ ព្រមទាំងការគោរពចំពោះវិជ្ជាជីវៈរៀងៗខ្លួន។ ទាំងនេះគឺជាអ្វីដែលក្រុមហ៊ុនអ៊ីម៉ាតុគឹចង់អោយកើតមានច្រើននៅប្រទេសកម្ពុជា ហើយក៏ជាកម្លាំងជម្រុញទឹកចិត្តនៅក្នុងសកម្មភាពនីមួយៗរបស់ក្រុមហ៊ុនអ៊ីម៉ាតុគឹផងដែរ។