Nifedipine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ

      - ជំងឺលើសសម្ពាធឈាមដោយសារជំងឺតម្រងនោម

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូងទម្រង់ខុសប្លែក(Variant angina)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      <ប្រភេទរយៈពេលសកម្មភាពធម្មតា>

      ・ករណីជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ ជំងឺលើសសម្ពាធឈាមដោយសារជំងឺតម្រងនោម និង ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris):

      មនុស្សពេញវ័យ:លេប1ដង10mg, 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      <ប្រភេទរយៈពេលសកម្មភាពវែង (CR)>

      ・ករណីជំងឺលើសសម្ពាធឈាម:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង20~40mg ដោយចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង10~20mg និងបង្កើនកម្រិតបន្តិចម្ដងៗទៅតាមការចាំបាច់។ ករណីប្រើក្នុងកម្រិត1ថ្ងៃ40mgមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ដង40mg 1ថ្ងៃ2ដង។

      ・ករណីជំងឺលើសសម្ពាធឈាមដោយសារតម្រងនោមឬសរសៃឈាមតម្រងនោម:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង20~40mg ដោយចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង10~20mg។ អាចបង្កើនកម្រិតទៅតាមការចាំបាច់។

      ・ករណីជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris) និង ជំងឺត្បៀតសរសៃឈាមក្នុងបេះដូងទម្រង់ខុសប្លែក(Variant angina):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង40mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែកម្រិតអតិបរមាគឺ1ថ្ងៃ1ដង60mg។

      <ប្រភេទរយៈពេលសកម្មភាពវែង (ប្រភេទL និង ប្រភេទR)>

      ・ករណីជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ និង ជំងឺលើសសម្ពាធឈាមដោយសារតម្រងនោម:

      មនុស្សពេញវ័យ:លេប1ដង10~20mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ・ករណីជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris):

      មនុស្សពេញវ័យ:លេប1ដង20mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះ(ក្រោម20សប្ដាហ៍)ឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។

      ・អ្នកដែលមានជំងឺស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។ (ករណីឱសថប្រភេទរយៈពេលសកម្មភាពធម្មតា)

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល ធ្ងន់ក្បាល មុខក្រហមនិងក្ដៅ បេះដូងលោតញាប់ ទល់លាមក ហើម ជីពចរលឿន ឈឺទ្រូង ឈឺពោះផ្នែកខាងលើ ឡើងកន្ទួលក្រហម រមាស់ស្បែក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ អញ្ចាញធ្មេញក្រាស់ អាការៈខ្វះឈាម ពិបាកដកដង្ហើម ឡើងដោះ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ស្បែកឡើងក្រហម របកស្បែក ក្ដៅខ្លួន អស់កម្លាំង (ជំងឺរលាកស្បែកលក្ខណៈរបក)

      - ឈឺក្បាល ក្ដៅខ្លួន ឈឺបំពង់ក ឈឺសាច់ដុំ (ជំងឺគ្រាប់ឈាមសថយចុះប្រភេទAgranulocytosis))

      - បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមមានបញ្ហា ខាន់លឿង)

      - ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ មានស្នាមជាំស្វាយលើស្បែក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)

      - ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ដោតអារម្មណ៍គិត ពិបាកសម្រេចចិត្ត (បាត់បង់ស្មារតី)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានសកម្មភាពបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។

      ・ឱសថប្រភេទBeta blockers (Propranolol ជាដើម) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាបនិងប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថDigoxin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDigoxinកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថCimetidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃNifedipineកើនឡើង។

      ・ឱសថDiltiazem - អាចធ្វើអោយកំហាប់ក្នុងឈាមនៃNifedipineកើនឡើង។

      ・ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Ketoconazole, Fluconazole, Itraconazole, Miconazole ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃNifedipineកើនឡើង។

      ・ឱសថRifampicin, ឱសថPhenytoin, ឱសថCarbamazepine - អាចធ្វើអោយសកម្មភាពនៃNifedipineថយចុះ។

      ・ឱសថTacrolimus - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថTacrolimusកើនឡើង។

      ・ឱសថCiclosporin - អាចធ្វើអោយអញ្ចាញធ្មេញឡើងក្រាស់។

      ・ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV protease inhibitors (Saquinavir, Ritonavir ជាដើម), ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Ketoconazole, Fluconazole, Itraconazole, Miconazole ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃNifedipineកើនឡើង។

      ・ឱសថQuinupristin/Dalfopristin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃNifedipineកើនឡើង។

      ・ឱសថMagnesium sulfate hydrate(ថ្នាំចាក់) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។

      ・ផ្លែក្រូចថ្លុង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃNifedipineកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ(ក្រោម20សប្ដាហ៍)ឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារក។ ស្ត្រីមានផ្ទៃពោះចាប់ពី20សប្ដាហ៍ឡើងទៅ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・បង្កើនការផ្គត់ផ្គង់អុកស៊ីសែនទៅសាច់ដុំបេះដូង និង កាត់បន្ថយតម្រូវការប្រើប្រាស់អុកស៊ីសែនរបស់សាច់ដុំបេះដូង។

      ・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・សារធាតុនៅក្នុងក្រូចថ្លុងអាចធ្វើអោយសកម្មភាពនៃឱសថនេះកើនឡើងបង្កជាផលរំខានផ្សេងៗ ដូច្នេះ គួរចៀសវាងពិសាក្រូចថ្លុងក្នុងអំឡុងពេលប្រើឱសថនេះ។

      ឱសថប្រភេទដែលអាចប្រើប្រាស់តែម្ដងក្នុង1ថ្ងៃមានការកើនឡើង ដូច្នេះ នៅពេលត្រូវផ្លាស់ប្ដូរប្រភេទថ្នាំ ត្រូវពន្យល់អ្នកជំងឺអោយបានច្បាស់លាស់ ចៀសវាងការយល់ច្រឡំចំពោះចំនួនដងនៃការប្រើប្រាស់ឱសថ។ ម្យ៉ាងទៀត អាការៈរមួយលក្រពើ ក៏អាចជាផលរំខាននៃការប្រើប្រាស់ឱសថប្រភេទនេះដែរ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងចម្លងកាល់ស្យូម(Calcium channel)ដើម្បីទប់ស្កាត់លំហូរចូលនៃអ៊ីយ៉ុងកាល់ស្យូមទៅក្នុងកោសិកាសាច់ដុំនៃសរសៃឈាមបេះដូងនិងសរសៃឈាមពេញរាងកាយ ធ្វើអោយសរសៃឈាមបន្ធូរការកន្ត្រាក់ ជាលទ្ធផល សម្ពាធឈាមក៏ចាប់ផ្ដើមថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp