Hydrochlorothiazide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺលើសសម្ពាធឈាម (គ្មានជំងឺផ្សេងជាដើមហេតុ ឬ ដោយសារជំងឺតម្រងនោម ។ល។)

      - ជំងឺលើសសម្ពាធឈាមដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗជាច្រើន (Malignant hypertension)

      - អាការៈហើមដោយសារជំងឺបេះដូង (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​)

      - អាការៈហើមដោយសារជំងឺតម្រងនោម

      - អាការៈហើមដោយសារជំងឺថ្លើម

      - បណ្ដុំរោគសញ្ញាមុនមករដូវ (Premenstrual syndrome, PMS)

      - អាការៈហើមដោយសារការប្រើឱសថ (ឱសថអរម៉ូនស្តេរ៉ូអ៊ីត ឱសថPhenylbutazone ជាដើម)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង 25~100mg, 1ថ្ងៃ1~2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រើចំពោះជំងឺលើសសម្ពាធឈាម ត្រូវចាប់ផ្ដើមពីកម្រិតទាបទៅ និង បង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗ។ ម្យ៉ាងទៀត ករណីប្រើចំពោះជំងឺលើសសម្ពាធឈាមដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗជាច្រើន (Malignant hypertension) ជាទូទៅ ត្រូវប្រើរួមជាមួយឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀត។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថប្រភេទសាយអាហ្ស៉ាយ(Thiazide diuretics) និង ឱសថដែលស្រដៀងនោះ(ឱសថChlorthalidone ជាដើម)។

      ・អ្នកដែលកំពុងមានអាការៈគ្មានទឹកនោម។

      ・អ្នកដែលមានជំងឺមុខងារតម្រងនោមចុះខ្សោយលក្ខណៈស្រួចស្រាវ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃសារធាតុសូដ្យូមនិងប៉ូតាស្យូមថយចុះនៅក្នុងរាងកាយ។

    • ផលរំខាន

      ផលរំខានរួមមាន ពិបាកដកដង្ហើម ឡើងកន្ទួលក្រហម ទល់លាមក បាត់បង់ចំណង់អាហារ ក្អួតចង្អោរ វិលមុខ ឈឺក្បាល ចង្វាក់បេះដូងខុសប្រក្រតី អស់កម្លាំង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ក្ដៅខ្លួន ភ្នែកនិងស្បែកប្រែពណ៌លឿង (ជំងឺខ្វះឈាមប្រភេទAplastic anemia ឬ ប្រភេទHemolytic anemia)

      - ឡើងកន្ទួលក្រហម ស្នាមជាំស្វាយឬក្រហមនៅដៃជើង អស់កម្លាំង (រលាកសរសៃឈាម(Necrotizing angiitis))

      - ក្ដៅខ្លួន ក្អកស្ងួត បេះដូងលោតញាប់នៅពេលធ្វើចលនា (ជំងឺរលាកសួតប្រភេទInterstitial pneumonia ជំងឺដក់ទឹកក្នុងសួត)

      - ឆាប់ហត់ ឈឺសន្លាក់ ស្នាមក្រហមរាងមេអំបៅនៅលើមុខ (ជំងឺSystemic lupus erythematosus, SLE)

      - ពិបាកដកដង្ហើម កន្ទាលត្រអាក ហើមភ្នែកនិងជុំវិញបបូរមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ឈឺភ្នែកខ្លាំង ឈឺក្បាល គំហើញភ្នែកធ្លាក់ចុះ (ជំងឺម៉ាញ៉ូបជិតស្រួចស្រាវ(Acute myopia) ជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma))

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ក្អួតចង្អោរ សាច់ដុំកន្ត្រាក់ (កម្រិតសូដ្យូមក្នុងឈាមធ្លាក់ចុះទាប)

      - អស់កម្លាំង ចង្វាក់បេះដូងខុសប្រក្រតី (កម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទBarbiturate, ឱសថបំបាត់ការឈឺចាប់ប្រភេទOpium alkaloids, គ្រឿងស្រវឹង- អាចធ្វើអោយកើតមានអាការៈងងឹតមុខ។

      ・ឱសថបង្កើនសម្ពាធឈាម (Noradrenaline, Adrenaline) - អាចធ្វើអោយសកម្មភាពបង្កើនសម្ពាធឈាមនៃឱសថទាំងនេះថយចុះ។ ចំពោះអ្នកជំងឺដែលត្រូវទទួលការវះកាត់ អ្នកជំងឺគួរផ្អាកការប្រើប្រាស់ឱសថHydrochorothiaideជាបណ្ដោះអាសន្ន។

      ・ឱសថTubocurarine, ឱសថPancuronium - អាចធ្វើអោយសកម្មភាពស្ពឹកនៃឱសថទាំងនេះកើនឡើង។ ចំពោះអ្នកជំងឺដែលត្រូវទទួលការវះកាត់ អ្នកជំងឺគួរផ្អាកការប្រើប្រាស់ឱសថHydrochorothiaideជាបណ្ដោះអាសន្ន។

      ・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែខ្លាំង។

      ・ឱសថDigoxin, ឱសថDigitoxin - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

      ・ឱសថSodium lactate - អាចធ្វើអោយផលរំខាននៃឱសថHydrochorothiaide(កម្រិតបាសក្នុងឈាមកើនឡើង កម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប)ងាយកើតឡើង។

      ・ឱសថLithium carbonate - អាចធ្វើអោយសកម្មភាពនៃឱសថLithium carbonateកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថស្តេរ៉ូអ៊ីត, ឱសថACTH, ឱសថGlycyrrhizin - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប។

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាមប្រភេទSulfonylurea, ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមថយចុះ។

      ・ឱសថColestyramine, ឱសថបំបាត់ការឈឺចាប់ប្រភេទNSAIDs(Indometacin) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថប្រភេទសាយអាហ្ស៉ាយ(Thiazide diuretics)ថយចុះ។

      ・ឱសថSulfinpyrazone - អាចធ្វើអោយសកម្មភាពនៃSulfinpyrazoneថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដោយសារឱសថនេះមានសកម្មភាពបញ្ចុះទឹកនោម អ្នកជំងឺមិនគួរប្រើឱសថនេះនៅពេលល្ងាចឬពេលយប់នោះទេ ព្រោះអាចធ្វើអោយរំខានដល់ដំណេក។

      ・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ម្យ៉ាងទៀត គ្រឿងស្រវឹងអាចធ្វើអោយកើតមានអាការៈងងឹតមុខខ្លាំង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹង នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ក្នុងករណីប្រើរួមជាមួយឱសថប្រភេទឌីជីតាលីស(Digitalis) ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលធ្វើអោយកម្រិតប៉ូតាស្យូម(K)ក្នុងឈាមចុះទាប និង កម្រិតម៉ាញ៉េស្យូម(Mg)ក្នុងឈាមចុះទាប ព្រោះនៅក្នុងស្ថានភាពនេះ អ្នកជំងឺងាយកើតមានអាការៈពុលឱសថឌីជីតាលីស ដូចជាចង្វាក់បេះដូងខុសប្រក្រតី ជាដើម។

      ប្រសិទ្ធិភាពបញ្ចុះទឹកនោមមានលក្ខណៈខ្សោយជាងប្រភេទលូប(Loop diuretics)។ ឱសថនេះបង្ហាញប្រសិទ្ធិភាពក្នុងរយៈពេល1~3ម៉ោងបន្ទាប់ពីប្រើ ហើយបង្ហាញប្រសិទ្ធិភាពអតិបរិមាក្នុងរយៈពេល4~6ម៉ោង ដូច្នេះ វាមិនសាកសមប្រើក្នុងករណីត្រូវបញ្ចុះទឹកនោមភ្លាមៗនោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការស្រូបចូលវិញនៃអ៊ីយ៉ុងសូដ្យូម(Na+)និងអ៊ីយ៉ុងក្លរ(Cl-)នៅផ្នែកចុងនៃបំពង់តម្រងនោម(Distal convoluted tubule) ដើម្បីជម្រុញការបញ្ចេញទឹកនោម។ ការកើនឡើងនៃការបញ្ចេញទឹកនោមអាចធ្វើអោយសម្ពាធឈាមថយចុះបានផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp