Diclofenac sodium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      <ប្រភេទរយៈពេលសកម្មភាពធម្មតា>

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      ・បំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺទ្រង់ទ្រាយឆ្អឹងកងប្រែប្រួល(Spondylosis deformans) ជំងឺឈឺចង្កេះ ជំងឺរលាកសរសៃកែង(Tendovaginitis) បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) អាការៈឈឺចាប់តាមសរសៃប្រសាទ ឈឺចាប់ក្រោយសម្រាលកូន អាការៈរលាកក្នុងអាងត្រគាក ឈឺចាប់ពេលមករដូវ រលាកប្លោកនោម រលាកផ្នែកខាងមុខនៃភ្នែក ឈឺធ្មេញ។

      ・បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលវះកាត់ឬដកធ្មេញ

      ・បំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងជំងឺរលាកទងសួតស្រួចស្រាវ)។

      <ប្រភេទបន្តសកម្មភាពរយៈពេលវែង (SR)>

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈរលាកនៅក្នុងជំងឺដូចជា:ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺឈឺចង្កេះ ជំងឺរលាកជុំវិញសន្លាក់ស្មា បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome)។

      ករណីថ្នាំសុលតាមទ្វារធំ និង ថ្នាំបញ្ចូលក្នុងពោះវៀនធំ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បំបាត់អាការៈឈឺចាប់និងរលាកនៅក្នុងជំងឺដូចជា:ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺឈឺចង្កេះ ឈឺក្រោយពេលសម្រាលកូន។

      - បំបាត់អាការៈឈឺចាប់និងរលាកនៅក្រោយពេលវះកាត់។

      - បញ្ចុះកម្ដៅបន្ទាន់នៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ ក្នុងករណីថ្នាំបញ្ចុះកម្ដៅផ្សេងទៀតមិនមានប្រសិទ្ធិភាពឬករណីមិនអាចប្រើថ្នាំបញ្ចុះកម្ដៅផ្សេងទៀតដោយសារមូលហេតុណាមួយ។

      ករណីថ្នាំលាប និង ថ្នាំបិទ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) រលាកសរសៃសាច់ដុំឬសរសៃកែង រលាកជុំវិញសរសៃសាច់ដុំ ជំងឺរលាកឆ្អឹងដើមដៃ(Humeral epicondylitis ដូចជាជំងឺTennis Elbowជាដើម) អាការៈឈឺសរសៃសាច់ដុំ អាការៈឈឺចាប់និងហើមដោយសាររបួស។ល។

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់អាការៈរលាកនៅក្រោយពេលវះកាត់ភ្នែកឡើងបាយ និង ទប់ស្កាត់រោគសញ្ញាផ្សេងៗដែលអាចកើតឡើងក្នុងពេលវះកាត់ឬក្រោយពេលវះកាត់ភ្នែកឡើងបាយ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      <ប្រភេទរយៈពេលសកម្មភាពធម្មតា>

      ・ករណីប្រើនៅក្នុងការបំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងជំងឺរលាកទងសួតស្រួចស្រាវ)។

      មនុស្សពេញវ័យ:លេប1ដង 25~50mg នៅពេលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ជាទូទៅ អាចប្រើត្រឹមតែ2ដងក្នុង1ថ្ងៃ ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ100mg។ គួរចៀសវាងប្រើនៅពេលពោះទទេ។

      ・ករណីប្រើនៅក្នុងការបំបាត់អាការៈរលាកនិងឈឺចាប់ក្រៅពីករណីខាងលើ:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 75~100mg ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ ករណីប្រើនៅពេលមានអាការៈ លេប1ដង25~50mg។ គួរចៀសវាងប្រើនៅពេលពោះទទេ។

      <ប្រភេទបន្តសកម្មភាពរយៈពេលវែង (SR)>

      មនុស្សពេញវ័យ:លេប1ដង 37.5mg, 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។

      ករណីថ្នាំសុលតាមទ្វារធំ:

      - មនុស្សពេញវ័យ:ប្រើ1ដង 25~50mg, 1ថ្ងៃ1~2ដង។ ចំពោះមនុស្សចាស់ ត្រូវប្រើពីកម្រិតទាបទៅ។

      - កុមារ:ប្រើ1ដង 0.5~1mg/kg, 1ថ្ងៃ1~2ដង ដោយត្រូវប្រើពីកម្រិតទាបទៅ។ ជាទូទៅ កំណត់កម្រិតប្រើប្រាស់ទៅតាមអាយុដូចខាងក្រោម៖

      +អាយុ1~ក្រោម3ឆ្នាំ:6.25mg/ដង

      +អាយុ3~ក្រោម6ឆ្នាំ:6.25~12.5mg/ដង

      +អាយុ6~ក្រោម9ឆ្នាំ:12.5mg/ដង

      +អាយុ9~ក្រោម12ឆ្នាំ:12.5~25mg/ដង។

      ករណីថ្នាំបញ្ចូលក្នុងពោះវៀនធំ:

      មនុស្សពេញវ័យ:ប្រើ1ដង 25~50mg, 1ថ្ងៃ1~2ដង។ ចំពោះមនុស្សចាស់ ត្រូវប្រើពីកម្រិតទាបទៅ។

      ករណីថ្នាំលាប(1%):

      ប្រើ1ថ្ងៃច្រើនដង លាបនិងឈ្លីនៅលើកន្លែងដែលមានបញ្ហា។

      ករណីថ្នាំបិទ:

      បិទនៅលើកន្លែងដែលមានបញ្ហា1ថ្ងៃ1ដង។

      ករណីថ្នាំបន្តក់ភ្នែក(0.1%):

      នៅមុនពេលវះកាត់ភ្នែក ប្រើ4ដង (3ម៉ោងមុន 2ម៉ោងមុន 1ម៉ោងមុន 30នាទីមុន)។ ក្រោយពេលវះកាត់ភ្នែក ប្រើ1ថ្ងៃ3ដង។ បន្តក់ក្នុងភ្នែក1ដង1តំណក់។

    • ហាមប្រើ

      ករណីថ្នាំលេប និង ថ្នាំសុលតាមទ្វារធំ:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។

      ・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

      ・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺផ្ដាសាយធំ ស្របពេលនឹងមានជំងឺរលាកឬហើមខួរក្បាល។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថTriamterene។

      ・អ្នកដែលមានជំងឺរលាកឬហូរឈាមនៅចុងពោះវៀនធំ(Rectum) ឬ មានជំងឺឬសដូងបាត។ (ករណីថ្នាំសុលប៉ុណ្ណោះ)

      ករណីថ្នាំលាប និង ថ្នាំបិទ:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

      ករណីថ្នាំបន្តក់ភ្នែក:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ករណីថ្នាំលេប និង ថ្នាំសុលតាមទ្វារធំ:

      ផលរំខានរួមមាន បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ឈឺក្រពះ ឈឺពោះ រាករូសឬទល់លាមក វិលមុខ ងងុយគេង ស្រវាំងភ្នែក ដំបៅក្នុងមាត់ ហើម ឡើងកន្ទួលក្រហម។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បែកញើសទាំងត្រជាក់ ពិបាកដកដង្ហើម កន្ទាលត្រអាក រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) បាត់បង់ស្មារតី (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ចង់ក្អួត ឈឺក្រពះ ឈឺពោះ ក្អួតឈាម លាមកពណ៌ខ្មៅ (ដំបៅក្រពះឬពោះវៀនមានហូរឈាម ស្ទះពោះវៀន ជាដើម)

      - ក្តៅខ្លួន ឡើងកន្ទួលក្រហមនិងពងទឹកលើស្បែកនិងភ្នាសផ្សេងៗ ភ្នែកក្រហម រលាត់ក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - បរិមាណទឹកនោមថយចុះ ហើម ឈឺក្បាល (មុខងារតម្រងនោមចុះខ្សោយ ជំងឺតម្រងនោមNephrotic syndrome)

      - ពិបាកដកដង្ហើម ដកដង្ហើមលឺៗនិងខ្លីៗ (អាការហឺតធ្ងន់ធ្ងរ)។

      ករណីថ្នាំលាប និង ថ្នាំបិទ:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ ក្រហាយ។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - កន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ អណ្ដាតនិងបំពង់ក (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ឡើងកន្ទួលក្រហម ហើម ពងទឹកលើស្បែក (រលាកស្បែក)។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប និង ថ្នាំសុលតាមទ្វារធំ:

      ・ឱសថTriamterene - អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោម។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទទួលប្រតិកម្មពីCYP2C9 (Voriconazoleជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDiclofenacកើនឡើង។

      ・ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone (Enoxacin ជាដើម) - អាចធ្វើអោយកើតមានអាការៈប្រកាច់។ ករណីបែបនោះ គួរប្រើឱសថDiazepamបញ្ចូលតាមសរសៃវ៉ែនជាដើម។

      ・ឱសថLithium, Digoxin, Methotrexate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថAspirin ឱសថប្រភេទNSAIDs ឱសថស្តេរ៉ូអ៊ីត - អាចធ្វើអោយផលរំខានប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារកើនឡើង។

      ・ឱសថបញ្ចុះសម្ពាធឈាមប្រភេទBeta blockers, ACE inhibitors, ARB - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។

      ・ឱសថបញ្ចុះទឹកនោម(Hydrochlorothiazide, Furosemide, Spironolactone, Eplerenone) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថប្រឆាំងកំណកឈាម(Warfarin, Reviparin, Clopidogrel, Enoxaparinជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។

      ・ឱសថCiclosporin - អាចធ្វើអោយផលរំខាននៃCiclosporinប៉ះពាល់ដល់តម្រងនោមកើនឡើង។

      ・ឱសថDrospirenone/Ethinylestradiol - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង។

      ・ឱសថColestyramine - អាចធ្វើអោយការស្រូបសារធាតុDiclofenacថយចុះ ដូច្នេះ ត្រូវទុកគម្លាតពីគ្នាប្រហែល4ម៉ោងរវាងការប្រើឱសថទាំងពីរនេះ។

      ・ឱសថប្រភេទSSRI (Fluvoxamine, Paroxetine) - អាចធ្វើអោយមានការហូរឈាមនៅក្នុងក្រពះឬពោះវៀន។

      ករណីថ្នាំលាប និង ថ្នាំបិទ:

      ・ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone (Enoxacin ជាដើម) - អាចធ្វើអោយកើតមានអាការៈប្រកាច់។ ករណីបែបនោះ គួរប្រើឱសថDiazepamបញ្ចូលតាមសរសៃវ៉ែនជាដើម។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលេប និង ថ្នាំសុលតាមទ្វារធំ:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃធ្ងន់ធ្ងរ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំលាប និង ថ្នាំបិទ:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះគួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលស្ថិតនៅក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលេប:

      ・គួរចៀសវាងប្រើឱសថនេះទាំងពោះទទេ ហើយគួរពិសាទឹកអោយបានច្រើន ព្រោះឱសថនេះអាចជាប់នៅបំពង់អាហារធ្វើអោយកើតជាដំបៅនៅបំពង់អាហារ។ ជាពិសេស គួរចៀសវាងពិសាឱសថនេះនៅមុនពេលចូលគេង។

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជា ងងុយគេង ឬ ភ្នែកស្រវាំង វិលមុខ ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ករណីថ្នាំសុលតាមទ្វារធំ:

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការចុះកម្ដៅក្នុងខ្លួនហួសហេតុ។

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជា ងងុយគេង ឬ ភ្នែកស្រវាំង វិលមុខ ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase(COX)ដើម្បីបង្អាក់ដំណើរការសំយោគសារធាតុProstaglandinដែលជាសារធាតុបង្កអោយមានអាការៈរលាក ឈឺចាប់ ឬ ក្ដៅខ្លួន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp