Azithromycin hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកសួត ជំងឺរលាកក្នុងត្រគាក។
ករណីថ្នាំលេប:
- មនុស្សពេញវ័យ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・ព្យាបាលជំងឺបណ្ដាលមកពីបាក់តេរី រួមមាន ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់(រួមទាំងរលាកជុំវិញក្រពេញអាមីដាល់និងដំបៅជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកបង្ហួរនោម ជំងឺរលាកបំពង់កស្បូន ជំងឺរលាកក្នុងត្រគាក ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកចង្កា។
・បង្ការនិងព្យាបាលជំងឺDisseminated Mycobacterium avium complex(MAC)ដែលកើតចំពោះអ្នកជំងឺអេដស៍។
- កុមារ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្ដាលមកពីបាក់តេរី រួមមាន ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់(រួមទាំងរលាកជុំវិញក្រពេញអាមីដាល់និងដំបៅជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង 500mg ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល2ម៉ោង។
ករណីថ្នាំលេប:
- មនុស្សពេញវ័យ:
・ករណីជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់(រួមទាំងរលាកជុំវិញក្រពេញអាមីដាល់និងដំបៅជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកចង្កា:លេប1ថ្ងៃ1ដង500mg រយៈពេល3ថ្ងៃ (សរុប1.5g)។ ករណីឱសថទម្រង់SR ពិសារ1ដង2g ដោយលាយជាមួយទឹក ប្រើនៅពេលពោះទទេ។
・ករណីជំងឺរលាកបង្ហួរនោមនិងរលាកបំពង់កស្បូន:លេប1ដង1000mg។ ករណីឱសថទម្រង់SR ពិសារ1ដង2g ដោយលាយជាមួយទឹក ប្រើនៅពេលពោះទទេ។
・ករណីជំងឺរលាកក្នុងអាងត្រគាក:ក្រោយព្យាបាលដោយថ្នាំចាក់រួច លេប1ថ្ងៃ1ដង250mg។
・បង្ការនិងព្យាបាលជំងឺDisseminated Mycobacterium avium complex(MAC)ដែលកើតចំពោះអ្នកជំងឺអេដស៍:ករណីបង្ការ លេប1សប្ដាហ៍1ដង 1200mg។ ករណីព្យាបាល លេប1ថ្ងៃ1ដង600mg។
- កុមារ:
លេប1ថ្ងៃ1ដង 10mg/kg រយៈពេល3ថ្ងៃ។ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ 500mg។
-
ហាមប្រើ
・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន រាករូស ក្អួតចង្អោរ ឈឺពោះ រលាកសរសៃវ៉ែន ជំងឺផ្សិតCandidiasis កន្ទួលក្រហម រមាស់ ស្បែកប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ របកស្បែក ពងទឹកលើស្បែក បែកញើសពេលគេង បែកញើសច្រើន ស្បែកស្ងួត ជ្រុះរោម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ដកដង្ហើមលឺសម្លេងខ្លាំងៗ មុខនិងបបូរមាត់ហើម បំពង់កហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)
- កន្ទួលក្រហម ពងទឹកឬរលាត់លើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកលឿង (រលាកថ្លើម មុខងារថ្លើមថយចុះ ខាន់លឿង)
- បរិមាណទឹកនោមថយចុះ ដៃជើងឬមុខហើម ស្ងួតក (មុខងារតម្រងនោមថយចុះ)
- ឈឺពោះ រាករូស លាមកមានឈាម (រលាកពោះវៀនធំ)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ថ្នាំប្រឆាំងអាស៊ីតក្នុងក្រពះ (Magnesium hydroxide, Aluminium hydroxide) - ប្រសិទ្ធិភាពAzithromycinអាចនឹងថយចុះ
・ថ្នាំប្រឆាំងកំណកឈាម Warfarin - សកម្មភាពរបស់Warfarinកើនឡើង ធ្វើអោយមានផលរំខានផ្សេងៗ
・ថ្នាំCiclosporin - សកម្មភាពរបស់Ciclosporinកើនឡើង ធ្វើអោយមានផលរំខានផ្សេងៗ
・ថ្នាំNelfinavir mesilate - កំហាប់ក្នុងឈាមនៃAzithromycinអាចនឹងកើនឡើង
・ថ្នាំDigoxin - សកម្មភាពរបស់Digoxinកើនឡើង ធ្វើអោយមានផលរំខានផ្សេងៗ
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・សម្រាប់ថ្នាំប្រភេទម្សៅមួយចំនួន ត្រូវលាយជាមួយទឹក និងផឹកនៅពេលពោះទទេ។ សូមពិនិត្យមើលព័ត៌មានលម្អិតអំពីរបៀបប្រើប្រាស់ថ្នាំនីមួយៗអោយបានច្បាស់លាស់។
・សម្រាប់ថ្នាំប្រភេទម្សៅមួយចំនួន គឺមានរសជាតិល្វីង ដូច្នេះ ត្រូវពិសាថ្នាំជាមួយទឹកឬទឹកដោះគោ គឺមិនគួរពិសាជាមួយភេសជ្ជៈដែលមានជាតិអាស៊ីតដូចជាទឹកក្រូច យ៉ាអួរ ភេសជ្ជៈកីឡាជាដើមនោះទេ។ សូមពិនិត្យមើលព័ត៌មានលម្អិតអំពីរបៀបប្រើប្រាស់ថ្នាំនីមួយៗអោយបានច្បាស់លាស់។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទម៉ាក្រូឡាយ(Macrolide antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp