Tramadol hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈឈឺចាប់ដែលពិបាកព្យាបាលដោយប្រើឱសថបំបាត់ការឈឺចាប់ក្រៅពីប្រភេទអូភីអ័យ រួមមាន៖

      - អាការៈឈឺចាប់ដែលកើតមាននៅក្នុងជំងឺមហារីកគ្រប់ប្រភេទ

      - អាការៈឈឺចាប់រ៉ាំរ៉ៃ។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈឈឺចាប់ដែលកើតមាននៅក្នុងជំងឺមហារីកគ្រប់ប្រភេទ

      - អាការៈឈឺចាប់នៅក្រោយពេលវះកាត់។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 100~300mg បែងចែកជា4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត 100mg/ដង និង 400mg/ថ្ងៃនោះទេ។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង 100~150mg ចាក់ក្នុងសាច់ដុំ។ បន្ទាប់ពីនោះ អាចប្រើបន្ថែមទៀតទៅតាមការចាំបាច់ ដោយទុកគម្លាតរយៈពេល4~5ម៉ោង រវាងការប្រើម្ដងៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានអាការៈពុលលក្ខណៈស្រួចស្រាវ ដោយសារការប្រើប្រាស់គ្រឿងស្រវឹង ឱសថធ្វើអោយងងុយគេង ឱសថបំបាត់ការឈឺចាប់ ឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យ ឱសថជម្រុញស្មារតី។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMAO inhibitors ឬ ស្ថិតក្នុងអំឡុងពេល14ថ្ងៃបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

      ・អ្នកជំងឺប្រកាច់ដែលការព្យាបាលមិនទាន់គ្រប់គ្រងស្ថានភាពជំងឺបានគ្រប់គ្រាន់នៅឡើយ។

      ・កុមារអាយុក្រោម12ឆ្នាំ។

      ・អ្នកដែលមានបញ្ហាតម្រងនោមឬថ្លើមកម្រិតធ្ងន់ធ្ងរ។ (ករណីឱសថប្រភេទបញ្ចេញសារធាតុយឺតៗ)

      ករណីថ្នាំចាក់:

      ・អ្នកដែលកំពុងស្ថិតនៅក្នុងស្ថានភាពដំណកដង្ហើមចុះខ្សោយធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានស្មារតីដឹងខ្លួនមិនច្បាស់លាស់ ដូចជា ក្នុងករណីទទួលការប៉ះទង្គិចក្បាល ឬ មានជំងឺទាក់ទងនឹងខួរក្បាល ជាដើម។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានអាការៈពុលលក្ខណៈស្រួចស្រាវ ដោយសារការប្រើប្រាស់គ្រឿងស្រវឹង ឱសថធ្វើអោយងងុយគេង ឱសថបំបាត់ការឈឺចាប់ ឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យ ឱសថជម្រុញស្មារតី។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMAO inhibitors ឬ ស្ថិតក្នុងអំឡុងពេល14ថ្ងៃបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

      ・អ្នកជំងឺប្រកាច់ដែលការព្យាបាលមិនទាន់គ្រប់គ្រងស្ថានភាពជំងឺបានគ្រប់គ្រាន់នៅឡើយ។

      ・កុមារអាយុក្រោម12ឆ្នាំ។

      ・អ្នកជំងឺអាយុក្រោម18ឆ្នាំដែលស្ថិតនៅក្រោយពេលទទួលការវះកាត់យកក្រពេញអាដេណាល់ចេញ(Tonsillectomy)ឬប្រើក្នុងគោលបំណងបំបាត់ការឈឺចាប់នៅក្រោយពេលវះកាត់Adenoidectomy។

    • ផលរំខាន

      ផលរំខានរួមមាន រាករូស ចង់ក្អួត ក្អួត ងងុយគេង បាត់បង់ចំណង់អាហារ វិលមុខ ឈឺក្បាល ស្ងួតក អស់កម្លាំង ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ដកដង្ហើមលឺសម្លេងខុសប្រក្រតី ហើមភ្នែកនិងជុំវិញបបូរមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ពិបាកដកដង្ហើម ចំនួនដកដង្ហើមថយចុះ (ប៉ះពាល់ប្រព័ន្ធដំណកដង្ហើម)

      - សាច់ដុំកន្ត្រាក់

      - មិនអាចបញ្ឈប់ការប្រើប្រាស់ឱសថបាន (រោគសញ្ញាញៀនឱសថ)

      - បាត់បង់ស្មារតី។

    • អន្តរប្រតិកម្ម

      ・ឱសថប្រភេទMAO inhibitors (Selegiline hydrochloride, Rasagiline mesilate) - អាចធ្វើអោយកើតមានផលរំខានធ្ងន់ធ្ងរ ដូចជា បណ្ដុំរោគសញ្ញាសេរ៉ូតូនីន(វង្វេងវង្វាន់ ក្ដៅខ្លួន បែកញើស ចលនាគ្មានលំនឹង រាករូស ជាដើម), ប៉ះពាល់ប្រព័ន្ធដកដង្ហើម ។ល។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យ, ឱសថទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល(ឱសថប្រភេទPhenothiazine, ឱសថរំងាប់អារម្មណ៍និងធ្វើអោយងងុយគេង) - អាចធ្វើអោយងាយកើតមានអាការៈកន្ត្រាក់សាច់ដុំនិងប៉ះពាល់ប្រព័ន្ធដកដង្ហើម។

      ・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressant, ប្រភេទSSRI, ឱសថLinezolid - អាចធ្វើអោយកើតមានបណ្ដុំរោគសញ្ញាសេរ៉ូតូនីន(វង្វេងវង្វាន់ ក្ដៅខ្លួន បែកញើស ចលនាគ្មានលំនឹង រាករូស ជាដើម។

      ・គ្រឿងស្រវឹង - អាចធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធដកដង្ហើម។

      ・ឱសថCarbamazepine - អាចធ្វើអោយប្រសិទ្ធិភាពបំបាត់ការឈឺចាប់នៃTramadolថយចុះ។

      ・ឱសថQuinidine - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថDigoxin - អាចធ្វើអោយកើតមានអាការៈពុលឱសថDigoxin។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចមានឥទ្ធិពលទៅលើសកម្មភាពនៃWarfarin។

      ・ឱសថOndansetron hydrochloride hydrate - អាចធ្វើអោយប្រសិទ្ធិភាពបំបាត់ការឈឺចាប់នៃTramadolថយចុះ។

      ・ឱសថBuprenorphine, ឱសថPentazocine - អាចធ្វើអោយប្រសិទ្ធិភាពបំបាត់ការឈឺចាប់នៃTramadolថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយកើតមានផលរំខានពីឱសថនេះ ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចខាងក្រោម៖

      - ភ្ញោចគ្រឿងទទួលអូភីអ័យ(Opioid receptors)ប្រភេទμ- receptor។

      - ទប់ស្កាត់លំហូរចូលនៃសារធាតុន័រអាដ្រេណាលីន(Noradrenaline)ចូលទៅក្នុងកោសិកាសរសៃប្រសាទវិញ។

      - ទប់ស្កាត់លំហូរចូលនៃសារធាតុសេរ៉ូតូនីន(Serotonin)ចូលទៅក្នុងកោសិកាសរសៃប្រសាទវិញ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp