Sodium bicarbonate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    ប្រភេទឱសថ

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ព្យាបាលរោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាម(Acidosis)។

      - ជម្រុញការបញ្ចេញសារធាតុឱសថពីក្នុងរាងកាយនៅពេលមានការពុលឱសថ (សម្រាប់តែឱសថដែលងាយបញ្ចេញតាមទឹកនោមនៅពេលpHរបស់ទឹកនោមកើនឡើងប៉ុណ្ណោះ)។

      - បំបាត់អាការៈចង់ក្អួត ក្អួតចង្អោរ និង វិលមុខដែលកើតមាន (1)នៅពេលពុលរថយន្តឬទូកជាដើម (2)នៅក្នុងជំងឺមេនីអេ(Meniere's disease or syndrome) (3)នៅក្នុងជំងឺផ្សេងទៀតទាក់ទងនឹងបញ្ហាផ្នែកខាងក្នុងនៃត្រចៀក។

      - ព្យាបាលអាការៈកន្ទាលត្រអាកលក្ខណៈស្រួចស្រាវ។

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - តាមរយៈសកម្មភាពបន្សាបជាតិអាស៊ីត ឱសថនេះបំបាត់រោគសញ្ញានៃជំងឺដូចខាងក្រោម ដំបៅក្រពះឬគល់ពោះវៀនតូច រលាកក្រពះ(រួមទាំង រលាកក្រពះស្រួចស្រាវឬរ៉ាំរ៉ៃ និង រលាកក្រពះដោយសារការប្រើប្រាស់ឱសថ) ភាពខុសប្រក្រតីនៃមុខងារប្រដាប់រំលាយអាហារផ្នែកខាងលើ(រួមមាន អាការៈបាត់បង់ចំណង់អាហារដែលទាក់ទងនឹងបញ្ហាសរសៃប្រសាទ(Anorexia nervosa) ជំងឺក្រពះយារ(Gastroptosis))

      - បំបាត់រោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាម(Acidosis)

      - ជម្រុញការបញ្ចេញចោលនៃអាស៊ីតអ៊ុយរិចនិងបង្ការការកើតឡើងនៃអាការៈឈឺសន្លាក់ដោយសារឡើងអាស៊ីតអ៊ុយរិច(Gout)។

      ករណីថ្នាំខ្ពុរ និង ថ្នាំស្រូបតាមមាត់:

      ជាទូទៅ ឱសថនេះប្រើជាជំនួយដល់ការព្យាបាលជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ (ដោយរំលាយសារធាតុខាប់)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      ・ករណីរោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាម(Acidosis):

      ជាទូទៅ គេប្រើរូបមន្តខាងក្រោមដើម្បីកំណត់កម្រិតប្រើប្រាស់ ដោយចាក់បញ្ចូលឱសថនេះតាមសរសៃវ៉ែន៖

      + កម្រិតឱសថចាំបាច់ត្រូវប្រើ (mEq) = កម្រិតបាសដែលខ្វះ(Base Deficit mEq/L) x 0.2 x ទម្ងន់(kg)

      + ករណីថ្នាំចាក់ 7%:កម្រិតឱសថចាំបាច់ត្រូវប្រើ (mL) = កម្រិតបាសដែលខ្វះ(Base Deficit mEq/L) x 1/4 x ទម្ងន់(kg)

      + ករណីថ្នាំចាក់:8.4%%:កម្រិតឱសថចាំបាច់ត្រូវប្រើ (mL) = កម្រិតបាសដែលខ្វះ(Base Deficit mEq/L) x 0.2 x ទម្ងន់(kg)

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីជម្រុញការបញ្ចេញសារធាតុឱសថពីក្នុងរាងកាយនៅពេលមានការពុលឱសថ បំបាត់អាការៈចង់ក្អួត ក្អួតចង្អោរ និង វិលមុខដែលកើតមាន (1)នៅពេលពុលរថយន្តឬទូកជាដើម និង ករណីព្យាបាលអាការៈកន្ទាលត្រអាកលក្ខណៈស្រួចស្រាវ:

      មនុស្សពេញវ័យ:ប្រើ1ដង12~60mEq (1~5g:ថ្នាំចាក់7% 14~72mL ឬ ថ្នាំចាក់8.4% 12~60mL) ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 3~5g បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំខ្ពុរ និង ថ្នាំស្រូបតាមមាត់:

      ប្រើក្នុងកំហាប់ 1~2% 1ដង100mL 1ថ្ងៃច្រើនដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលត្រូវបានកំណត់នូវបរិមាណនៃការបរិភោគសូដ្យូម(Sodium)(អ្នកដែលមានកម្រិតសូដ្យូមក្នុងឈាមខ្ពស់ អាការៈហើម រោគសញ្ញានៃការកើនឡើងសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ ជាដើម)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថHexamine។

    • ផលរំខាន

      ករណីថ្នាំចាក់:

      ផលរំខានរួមមាន កម្រិតបាសនៅក្នុងឈាមកើនឡើង កម្រិតសូដ្យូមក្នុងឈាមកើនឡើង កម្រិតប៉ូតាស្យូមក្នុងឈាមថយចុះ កន្ត្រាក់សាច់ដុំ ស្ពឹកបបូរមាត់ ក្ដៅខ្លួនឬត្រជាក់ខ្លួន ចង់ក្អួត អាការៈខ្វះឈាម ជីពចរដើរយឺត។ល។

      ករណីថ្នាំលេប ថ្នាំខ្ពុរ និង ថ្នាំស្រូបតាមមាត់:

      ផលរំខានរួមមាន ហើមពោះ អាស៊ីតក្នុងក្រពះកើនឡើងវិញនៅពេលឈប់ប្រើឱសថនេះ ហើម រោគសញ្ញានៃការកើនឡើងកម្រិតបាសនៅក្នុងឈាម(Alkalosis)(ដកដង្ហើមរាក់ៗ សាច់ដុំកន្ត្រាក់ឬងាយប្រតិកម្ម) ។ល។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប ថ្នាំខ្ពុរ និង ថ្នាំស្រូបតាមមាត់:

      ・ឱសថHexamine - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថHexamineថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ទឹកដោះគោក្នុងបរិមាណច្រើន, ឱសថជាតិកាល់ស្យូម - អាចធ្វើអោយកើតមានរោគសញ្ញា Milk-alkalisyndrome។ ប្រសិនបើកើតឡើង ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថSodium bicarbonate។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលេប ថ្នាំខ្ពុរ និង ថ្នាំស្រូបតាមមាត់:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះអាចធ្វើអោយកើតមានអាការៈហើមឬកើនទម្ងន់ដោយសារការកើនឡើងនៃសារធាតុសូដ្យូមក្នុងខ្លួន។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំចាក់:

      ・ឱសថនេះមានជាតិបាស ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលត្រូវលាយជាមួយឱសថផ្សេងទៀត ជាពិសេសឱសថដែលមានផ្ទុកអ៊ីយ៉ុងកាល់ស្យូម។

      ករណីថ្នាំលេប ថ្នាំខ្ពុរ និង ថ្នាំស្រូបតាមមាត់:

      ・ការប្រើប្រាស់ឱសថនេះអាចមានឥទ្ធិពលទៅលើលទ្ធផលនៃការពិនិត្យវេជ្ជសាស្ត្រមួយចំនួន។

      ・ការបរិភោគទឹកដោះគោក្នុងបរិមាណច្រើនឬឱសថជាតិកាល់ស្យូម អាចធ្វើអោយកើតមានរោគសញ្ញានៃការកើនឡើងខ្ពស់នៃកម្រិតកាល់ស្យូមក្នុងឈាម ជាដើម។

    • សកម្មភាពឱសថ

      ករណីថ្នាំចាក់:

      ឱសថនេះនឹងផ្ដល់ជាអ៊ីយ៉ុងប៊ីកាបូណាត(HCO3-) ដើម្បីបំពេញកម្រិតអ៊ីយ៉ុងនេះនៅក្នុងឈាម ហើយធ្វើអោយកម្រិតបាសនៅក្នុងឈាមនិងទឹកនោមមានការកើនឡើង។

      - ប្រសិនបើឈាមមានកម្រិតអាស៊ីតកើនឡើង វាអាចបង្កជាបញ្ហាផ្សេងៗ ព្រោះឈាមត្រូវការកម្រិតpHដែលមានតុល្យភាពដើម្បីដំណើរការប្រតិកម្មផ្សេងៗនៅក្នុងរាងកាយ។

      - នៅពេលទឹកនោមមានជាតិបាស(pHកើនឡើង) សារធាតុឱសថមួយចំនួននឹងមិនត្រូវបានស្រូបចូលវិញតាមតម្រងនោមនោះទេ ដូច្នេះ ឱសថនេះមានប្រសិទ្ធិភាពជម្រុញការបញ្ចេញសារធាតុឱសថទាំងនេះពីក្នុងរាងកាយ នៅពេលរាងកាយកំពុងស្ថិតក្នុងស្ថានភាពពុល។

      - អាការៈកន្ទាលត្រអាកលក្ខណៈស្រួចស្រាវអាចកើតឡើងដោយសារឈាមមានកម្រិតអាស៊ីតកើនឡើងខ្ពស់។

      - ឱសថនេះមានប្រសិទ្ធិភាពពង្រីកសរសៃឈាមនៃត្រចៀកខាងក្នុងដើម្បីបំបាត់អាការៈក្អួតចង្អោរឬវិលមុខជាដើម។

      ករណីថ្នាំលេប ថ្នាំខ្ពុរ និង ថ្នាំស្រូបតាមមាត់:

      ឱសថនេះមានសកម្មភាពធ្វើអោយរាងកាយទាំងមូលមានលក្ខណៈបាស ដោយ៖

      - ពេលចូលទៅក្នុងក្រពះ វានឹងបន្សាបជាតិអាស៊ីតក្នុងក្រពះ។

      - ពេលចូលដល់ប្រព័ន្ធតម្រងនោម វាធ្វើអោយpHរបស់ទឹកនោមមានលក្ខណៈបាស មានប្រសិទ្ធិភាពក្នុងការជម្រុញការបញ្ចេញចោលនៃអាស៊ីតអ៊ុយរិច ដើម្បីបង្ការកុំអោយកើតមានក្រួសពីបណ្ដុំនៃអាស៊ីតអ៊ុយរិច។

      - ពេលលាយទៅជាសូលុយស្យុងប្រើសម្រាប់ខ្ពុរឬស្រូបចូលតាមមាត់ វាមានប្រសិទ្ធិភាពរំលាយសារធាតុខាប់ ដើម្បីបន្ធូរអាការៈផ្សេងៗនៃជំងឺផ្ដាសាយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp