Rabeprazole sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ដំបៅនៅកន្លែងដេរភ្ជាប់ រលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis) បណ្ដុំរោគសញ្ញាZollinger-Ellison ការច្រាលអាស៊ីតក្រពះដោយមិនមានដាច់រលាត់(Nonerosive reflux disease)
- បង្ការការកើតឡើងវិញម្ដងទៀតនៃដំបៅក្រពះឬដំបៅគល់ពោះវៀនតូច(Duodenal ulcer)នៅពេលប្រើប្រាស់ឱសថអាស្ពីរីន(Aspirin)កម្រិតទាប។
- ជាជំនួយនៅក្នុងការកម្ចាត់បាក់តេរីHelicobacter pylori សម្រាប់ការព្យាបាលជំងឺដូចខាងក្រោម:ដំបៅក្រពះ, ដំបៅគល់ពោះវៀនតូច(Duodenal ulcer), ជំងឺមហារីកកោសិកាទឹករងៃនៃភ្នាសសើមក្រពះ(Gastric MALT lymphoma), ជំងឺIdiopathic thrombocytopenic purpura(ITP), ក្រោយការព្យាបាលជំងឺមហារីកក្រពះដំណាក់កាលដំបូងដោយប្រើអង់ដូស្កូប, រលាកក្រពះដោយសារការឆ្លងបាក់តេរីHelicobacter pylori។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ដំបៅនៅកន្លែងដេរភ្ជាប់ និង បណ្ដុំរោគសញ្ញាZollinger-Ellison:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10mg ប៉ុន្តែ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង20mgទៅតាមរោគសញ្ញា។ ចំពោះជំងឺដំបៅក្រពះ និង ដំបៅនៅកន្លែងដេរភ្ជាប់ ប្រើត្រឹមរយៈពេល8សប្ដាហ៍ ។ ចំពោះជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) ប្រើត្រឹមរយៈពេល6សប្ដាហ៍។
・ករណីជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10mg ប៉ុន្តែ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង20mgទៅតាមរោគសញ្ញាដោយប្រើត្រឹមរយៈពេល8សប្ដាហ៍។ ម្យ៉ាងទៀត ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើក្នុងកម្រិត1ដង10mgឬ20mg 1ថ្ងៃ2ដង រយៈពេល8សប្ដាហ៍ទៀត។ ប៉ុន្តែ កម្រិត1ដង20mg 1ថ្ងៃ2ដងគឺសម្រាប់តែករណីមានបញ្ហាភ្នាសសើមធ្ងន់ធ្ងរតែប៉ុណ្ណោះ។ ចំពោះជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះលក្ខណៈកើតឡើងវិញម្ដងហើយម្ដងទៀត ត្រូវប្រើជាប្រចាំក្នុងកម្រិត1ថ្ងៃ1ដង10mg ហើយប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើក្នុងកម្រិត1ដង10mg 1ថ្ងៃ2ដង។
・ករណីជំងឺច្រាលអាស៊ីតក្រពះដោយមិនមានដាច់រលាត់(Nonerosive reflux disease):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10mg ដោយប្រើត្រឹមរយៈពេល4សប្ដាហ៍។
・ករណីបង្ការការកើតឡើងវិញម្ដងទៀតនៃដំបៅក្រពះឬដំបៅគល់ពោះវៀនតូច(Duodenal ulcer)នៅពេលប្រើប្រាស់ឱសថអាស្ពីរីន(Aspirin)កម្រិតទាបឬឱសថបំបាត់ការឈឺចាប់ប្រភេទNSAIDs:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង5mg។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើក្នុងកម្រិត1ថ្ងៃ1ដង10mg។
・ករណីប្រើជាជំនួយនៅក្នុងការកម្ចាត់បាក់តេរីHelicobacter pylori:
មនុស្សពេញវ័យ:លេបឱសថ3ប្រភេទ រួមមាន ឱសថRabeprazole sodium 10mg, ឱសថAmoxicillin hydrate 750mg និង ឱសថClarithromycin 200mg ក្នុង1ដង។ លេបក្នុងកម្រិតនេះ 1ថ្ងៃ2ដង រយៈពេល7ថ្ងៃ។ អាចបង្កើនកម្រិតឱសថClarithromycinទៅតាមការចាំបាច់ ប៉ុន្តែ កម្រិតអតិបរមានៃឱសថនេះគឺ1ដង400mg 1ថ្ងៃ2ដង។ ករណីការប្រើឱសថទាំង3ខាងលើមិនអាចកម្ចាត់បាក់តេរីHelicobacter pyloriដោយជោគជ័យទេ គេអាចអនុវត្តម្ដងទៀតដោយបន្សំ ឱសថRabeprazole sodium 10mg, ឱសថAmoxicillin hydrate 750mg និង ឱសថMetronidazole 250mg ក្នុង1ដង។ លេបក្នុងកម្រិតនេះ 1ថ្ងៃ2ដង រយៈពេល7ថ្ងៃ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថAtazanavir Sulfate ឬ ឱសថRilpivirine hydrochloride។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម កន្ទាលត្រអាក រមាស់ស្បែក ទល់លាមកឬរាករូស ជីវ្ហាវិញាណមានបញ្ហា ឈឺពោះ ហើមពោះ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម កន្ទាលត្រអាក វិលមុខ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- រួយខ្លួន ក្ដៅខ្លួន ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ហូរឈាមក្រោមស្បែក (រោគសញ្ញានៃការថយចុះគ្រាប់ឈាមស គ្រាប់ឈាមក្រហម ប្លាកែត)
- ចង់ក្អួត ក្អួតចង្អោរ អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង រលាកថ្លើម)
- ក្ដៅខ្លួន ក្អក ដង្ហក់ (រលាកសួតប្រភេទInterstitial pneumonia)
- បរិមាណទឹកនោមថយចុះ ខ្សត់ទឹកនោម ក្ដៅខ្លួន (មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ ជំងឺរលាកតម្រងនោមប្រភេទInterstitial nephritis)
- ក្តៅខ្លួន អស់កម្លាំង កន្ទួលក្រហមនៅលើស្បែក ភ្នែកនិងក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺRhabdomyolysis)
- ចង់ក្អួត ក្អួត សាច់ដុំកន្ត្រាក់ ឈឺក្បាល បាត់បង់ស្មារតី (កម្រិតសូដ្យូមក្នុងឈាមចុះទាប)។
-
អន្តរប្រតិកម្ម
・ឱសថAtazanavir Sulfate, ឱសថRilpivirine hydrochloride - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថDigoxin, ឱសថMetildigoxin - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
・ឱសថItraconazole, ឱសថGefitinib - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
・ឱសថបន្សាបអាស៊ីតក្រពះដែលមានផ្ទុកAluminium hydroxideនិងMagnesium hydroxide - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថRabeprazoleថយចុះ។
・ឱសថMethotrexate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថMethotrexateកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ជាទូទៅ មានការកំណត់ ដោយត្រូវប្រើរយៈពេល6សប្ដាហ៍សម្រាប់ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) និងរយៈពេល8សប្ដាហ៍សម្រាប់ជំងឺផ្សេងទៀត។ ប៉ុន្តែ សម្រាប់ករណីជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis)ដែលកើតឡើងម្ដងហើយម្ដងទៀត មិនមានការកំណត់រយៈពេលនៃការប្រើប្រាស់ឱសថនេះទេ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទប់ស្កាត់ដំណើរការនៃគ្រឿងចម្លងប្រូតុង(Proton pumpឬH+,K+-ATPase)នៅក្នុងក្រពះ ដែលមានតួនាទីនៅក្នុងដំណាក់កាលចុងក្រោយនៃការបញ្ចេញអាស៊ីតក្រពះ ធ្វើអោយកម្រិតនៃជាតិអាស៊ីតនៅក្នុងក្រពះថយចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp