Piroxicam

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺឈឺចង្កេះ ជំងឺរលាកជុំវិញសន្លាក់ស្មា បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome)។

      ករណីថ្នាំលាប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺរលាកជុំវិញសន្លាក់ស្មា ជំងឺរលាកសរសៃសាច់ដុំឬសរសៃកែងឬជុំវិញនោះ ជំងឺរលាកឆ្អឹងដើមដៃ(Humeral epicondylitis ដូចជាជំងឺTennis Elbowជាដើម) អាការៈឈឺសាច់ដុំ អាការៈឈឺចាប់និងហើមដោយសាររបួស។

      ករណីថ្នាំសុលតាមទ្វារធំ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺឈឺចង្កេះ ជំងឺរលាកជុំវិញសន្លាក់ស្មា បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 20mg ក្រោយបរិភោគអាហារ។ អាចបន្ថយកម្រិតប្រើទៅតាមអាយុនិងរោគសញ្ញា ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃ គឺ20mg។

      ករណីថ្នាំលាប(0.5%):

      ប្រើ1ថ្ងៃច្រើនដង លាបនិងញីនៅកន្លែងដែលមានអាការៈ។

      ករណីថ្នាំសុលតាមទ្វារធំ:

      ប្រើ1ថ្ងៃ1ដង20mg សុលតាមទ្វារធំ។

    • ហាមប្រើ

      ករណីថ្នាំលេប និង ថ្នាំសុលតាមទ្វារធំ:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។

      ・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

      ・ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថRitonavir។

      ・អ្នកដែលមានជំងឺរលាកឬហូរឈាមនៅចុងពោះវៀនធំ(Rectum) ឬ មានជំងឺឬសដូងបាត។ (ករណីថ្នាំសុលប៉ុណ្ណោះ)

      ករណីថ្នាំលាបលើស្បែក:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

    • ផលរំខាន

      ករណីថ្នាំលេប និង ថ្នាំសុលតាមទ្វារធំ:

      ផលរំខានរួមមាន ឈឺពោះ ឈឺក្រពះ អារម្មណ៍មិនស្រួលក្នុងក្រពះឬពោះ ហើម ក្អួតចង្អោរ ឡើងកន្ទួលក្រហម បាត់បង់ចំណង់អាហារ រាករូស។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺពោះ ក្អួតចង្អោរ ក្អួតឈាម លាមកមានឈាម លាមកពណ៌ខ្មៅ (ដំបៅឬហូរឈាមក្នុងក្រពះឬពោះវៀន)

      - ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ ដង្ហក់(រោគប្រតិកម្មធ្ងន់ធ្ងរ)

      - កន្ទួលក្រហមឬពងទឹកនៅលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - អស់កម្លាំង ក្ដៅខ្លួន ឈាមច្រមុះ ឈាមនៅតាមអញ្ចាញធ្មេញ (ជំងឺខ្វះឈាមប្រភេទAplastic anemia ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - បរិមាណទឹកនោមថយចុះ ហើម នោមមានលាយឈាម (មុខងារតម្រងនោមចុះខ្សោយ ជំងឺតម្រងនោមNephrotic syndrome)។

      ករណីថ្នាំលាបលើស្បែក:

      ផលរំខានរួមមាន រលាកស្បែក ឡើងកន្ទួលក្រហម រមាស់ ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។ល។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប និង ថ្នាំសុលតាមទ្វារធំ:

      ・ឱសថRitonavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPiroxicamកើនឡើងខ្ពស់ បង្កជាផលរំខានធ្ងន់ធ្ងរ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។

      ・ឱសថប្រភេទSSRI(Fluvoxamine, Paroxetineជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។

      ・ឱសថប្រឆាំងកំណកឈាមAspirin - អាចធ្វើអោយសកម្មភាពនៃAspirinថយចុះ។

      ・ឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs - អាចធ្វើអោយកើតមានដំបៅឬការហូរឈាមនៅក្រពះឬពោះវៀន។

      ・ឱសថLithium carbonate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLithiumកើនឡើង។

      ・ឱសថMethotrexate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMethotrexaកើនឡើង។

      ・ឱសថDigoxin, Digitoxin - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

      ・ឱសថបញ្ចុះទឹកនោមប្រភេទThiazide diuretics(Trichlormethiazide, Hydrochlorothiazideជាដើម), ឱសថFurosemide, ឱសថSpironolactone, ឱសថEplerenone - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថប្រភេទACE inhibitors(Enalaprilជាដើម) ឱសថប្រភេទARB ឱសថប្រភេទBeta blockers- អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមនៃឱសថទាំងនេះថយចុះ។

      ・ឱសថColestyramine - អាចធ្វើអោយការបញ្ចេញចោលនៃPiroxicamកើនឡើង។

      ・ឱសថស្តេរ៉ូអ៊ីត(Prednisoloneជាដើម) - អាចធ្វើអោយកើតមានដំបៅឬការហូរឈាមនៅក្នុងក្រពះឬពោះវៀន។

      ・ឱសថCiclosporin, Tacrolimus - អាចធ្វើអោយប៉ះពាល់ដល់តម្រងនោម។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលេប និង ថ្នាំសុលតាមទ្វារធំ:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំលាបលើស្បែក:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលេប និង ថ្នាំសុលតាមទ្វារធំ:

      ・គួរប្រើឱសថនេះ ក្នុងករណីថ្នាំបំបាត់ការឈឺចាប់ប្រភេទNSAIDsផ្សេងទៀតមិនមានប្រសិទ្ធិភាពតែប៉ុណ្ណោះ ព្រោះឱសថនេះអាចប៉ះពាល់ដល់ក្រពះឬពោះវៀននិងបញ្ហាស្បែកជាងឱសថផ្សេងទៀត។

      ・ករណីប្រើឱសថនេះចំពោះជំងឺឈឺចង្កេះ ជំងឺរលាកជុំវិញសន្លាក់ស្មា បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) គួរប្រើក្នុងស្ថានភាពជំងឺមានលក្ខណៈរ៉ាំរ៉ៃប៉ុណ្ណោះ។

      ・សម្រាប់ថ្នាំសុល គួរប្រើនៅក្រោយពេលបន្ទោរបង់រួច។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase(COX)ដើម្បីបង្អាក់ដំណើរការសំយោគសារធាតុProstaglandinដែលជាសារធាតុបង្កអោយមានអាការៈរលាកនិងឈឺចាប់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp