Ofloxacin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកក្រពេញទឹកដោះ ជំងឺខ្ទុះជុំវិញទ្វារធំ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកផ្នែកខាងលើនៃក្រពេញពងស្វាស(Epididymitis) ជំងឺរលាកបង្ហួរនោម ជំងឺរលាកបំពង់កស្បូន ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកពោះវៀនដោយសារឆ្លងមេរោគ ជំងឺគ្រុនពោះវៀន(Typhoid fever) ជំងឺParatyphoid fever ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកក្រពេញខ្លាញ់ម៉ាយបូមនៅត្របកភ្នែក(Meibomitis) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកចង្កា ជំងឺហង់សិន(Hansen's diseaseឬLeprosy)។
ករណីថ្នាំបន្តក់ភ្នែក និង ក្រមួនដាក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺរលាកត្របកភ្នែក ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកភ្នែក(Conjunctivitis) ) ជំងឺរលាកក្រពេញខ្លាញ់ម៉ាយបូមនៅត្របកភ្នែក(Meibomitis) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក) ប្រើនៅក្នុងការសម្លាប់មេរោគនៅមុននិងក្រោយការវះកាត់ភ្នែក។
ករណីថ្នាំបន្តក់ត្រចៀក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺរលាកផ្នែកខាងក្រៅនៃត្រចៀក ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ 300~600mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ ចំពោះជំងឺហង់សិន(Hansen’s disease) លេប1ថ្ងៃ400~600mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ដោយប្រើរួមជាមួយឱសថព្យាបាលជំងឺហង់សិនផ្សេងទៀត។ ចំពោះជំងឺគ្រុនពោះវៀន(Typhoid fever)និងជំងឺParatyphoid fever លេប1ដង200mg 1ថ្ងៃ4ដង រយៈពេល14ថ្ងៃ។
ករណីថ្នាំបន្តក់ភ្នែក(0.3%):
បន្តក់ភ្នែក1ដង1តំណក់ ប្រើ1ថ្ងៃ3ដង។
ករណីថ្នាំក្រមួនដាក់ភ្នែក(0.3%):
ប្រើ1ថ្ងៃ3ដង ក្នុងបរិមាណសមស្រប។
ករណីថ្នាំបន្តក់ត្រចៀក(0.3%):
ប្រើ1ដង6~10តំណក់, 1ថ្ងៃ2ដង។ ក្រោយបន្តក់ ត្រូវរក្សាឥរិយាបថដដែលរយៈពេលប្រហែល10នាទី។ អាចបន្ថយកម្រិតប្រើចំពោះកុមារ។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬជាមួយនឹងឱសថLevofloxacin hydrate។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・កុមារ(ជាទូទៅ ក្រោមអាយុ15ឆ្នាំ)។
ករណីថ្នាំបន្តក់ភ្នែក និង ក្រមួនដាក់ភ្នែក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទQuinolone។
ករណីថ្នាំបន្តក់ត្រចៀក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬជាមួយនឹងឱសថLevofloxacin hydrate។
-
ផលរំខាន
ករណីថ្នាំលេប:
ផលរំខានរួមមាន ឈឺពោះ រាករូស ចង់ក្អួត បាត់បង់ចំណង់អាហារ អារម្មណ៍មិនស្រួលក្នុងពោះ គេងមិនលក់ វិលមុខ ឡើងកន្ទួលក្រហមលើស្បែក រមាស់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ស្នាមក្រហមលើស្បែក រងាញាក់ ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្តៅខ្លួន ស្នាមក្រហមលើស្បែក ពងទឹក ដំបៅ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- អាការៈប្រកាច់
- ឈឺទ្រូង បេះដូងលោតញាប់ អារម្មណ៍មិនស្រួលក្នុងទ្រូង ដង្ហក់ (អាការៈនៃចង្វាក់បេះដូងដើរលឿនដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia), QTអូសបន្លាយវែង)
- ក្ដៅខ្លួន អស់កម្លាំង បរិមាណទឹកនោមថយចុះ ហើមដៃជើងនិងមុខ (មុខងារតម្រងនោមថយចុះ រលាកតម្រងនោម)
- ក្អួតចង្អោរ បាត់បង់ចំណង់អាហារ អស់កម្លាំង រមាស់ (រលាកថ្លើម មុខងារថ្លើមថយចុះ ខាន់លឿង)
- ក្តៅខ្លួន ឈឺបំពង់ក អស់កម្លាំង ងាយហូរឈាមតាមច្រមុះ អញ្ចាញឬក្រោមស្បែក (ជំងឺគ្រាប់ឈាមសថយចុះប្រភេទAgranulocytosis ជំងឺប្លាកែតថយចុះ ជាដើម)
- អស់កម្លាំង បេះដូងលោតញាប់ វិលមុខ (ជំងឺខ្វះឈាមប្រភេទHemolytic anemia)
- ក្តៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួត)
- ឈឺពោះ រាករូស(ជំងឺរលាកពោះវៀនធំធ្ងន់ធ្ងរ)
- ឈឺសាច់ដុំ អស់កម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))
- បែកញើសទាំងត្រជាក់ បេះដូងលោតញាប់ អស់កម្លាំង (ជាតិស្ករក្នុងឈាមធ្លាក់ចុះ)
- ឈឺសរសៃសាច់ដុំជើងនិងហើម (រលាកសរសៃសាច់ដុំជើង(Achilles tendonitis) ដាច់សរសៃសាច់ដុំជើង ជាដើម)
- ស្មារតីមិននឹងនរ មិនស្គាល់ទីកន្លែងឬពេលវេលា ចលនាឬការនិយាយស្ដីមិនប្រក្រតី ធ្លាក់ទឹកចិត្ត (ជំងឺផ្នែកស្មារតី)
- ក្ដៅខ្លួន ឈឺពោះ ឈឺសន្លាក់ ស្នាមជាំ (រលាកសរសៃឈាម)
- ធ្លាក់ត្របកភ្នែក ភ្នែកមើលឃើញរូបបែងភាគ អស់កម្លាំងសាច់ដុំនៅពេលធ្វើចលនា (ជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)
ករណីថ្នាំបន្តក់ភ្នែក និង ក្រមួនដាក់ភ្នែក:
ផលរំខានរួមមាន ក្រហាយភ្នែក ហើមឬរលាកត្របកភ្នែក រមាស់ភ្នែក ភ្នែកក្រហម ឈឺភ្នែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ស្នាមក្រហមលើស្បែក ពិបាកដកដង្ហើម ហើមត្របកភ្នែក (រោគប្រតិកម្មធ្ងន់ធ្ងរ)
ករណីថ្នាំបន្តក់ត្រចៀក:
ផលរំខានរួមមាន ឈឺត្រចៀក រមាស់។ល។
-
អន្តរប្រតិកម្ម
ករណីថ្នាំលេប:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថ Fenbufen, Flurbiprofen axetil, Flurbiprofen Diclofenac, Amfenac, Ketoprofen, Loxoprofen, Pranoprofen, Zaltoprofen ជាដើម - អាចធ្វើអោយមានអាការៈប្រកាច់។ អាចប្រើរួមគ្នាបាន ប៉ុន្តែត្រូវតាមដានផលរំខានអោយបានដិតដល់។
・ឱសថប្រឆាំងអាស៊ីតក្រពះដែលមានសារធាតុអាលុយមីញ៉ូម ម៉ាញេស្យូម កាល់ស្យូម និង ថ្នាំជាតិដែក - អាចធ្វើអោយការស្រូបសារធាតុឱសថOfloxacinថយចុះ។ គួរពិសារថ្នាំទាំងនេះក្រោយពិសារថ្នាំOfloxacin រយៈពេលមួយទៅពីរម៉ោង។
・ថ្នាំប្រឆាំងកំណកឈាមWarfarin - សកម្មភាពរបស់Warfarinកើនឡើង ធ្វើអោយមានផលរំខានដូចជាងាយហូរឈាម ឈាមក្រកក។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំលេប:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
ករណីថ្នាំបន្តក់ភ្នែក និង ក្រមួនដាក់ភ្នែក:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំលេប:
・ឱសថនេះអាចផ្ដល់ផលរំខានទាក់ទងនឹងស្មារតី ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬធ្វើការងារដែលមានគ្រោះថ្នាក់។
ករណីថ្នាំបន្តក់ភ្នែក:
・មិនត្រូវកាន់ដបថ្នាំអោយប៉ះត្រូវភ្នែកនោះទេ ព្រោះអាចនាំអោយជាប់មេរោគនៅមាត់ដបថ្នាំ
ករណីថ្នាំជាក្រមួនដាក់ភ្នែក:
・ក្រោយពេលប្រើ អាចមានអាការៈស្រវាំងភ្នែកជាបណ្ដោះអាសន្ន។
ករណីថ្នាំបន្តក់ត្រចៀក:
・មិនត្រូវកាន់ដបថ្នាំអោយប៉ះត្រូវភ្នែកនោះទេ ព្រោះអាចនាំអោយជាប់មេរោគនៅមាត់ដបថ្នាំ
・នៅពេលបន្តក់ទឹកថ្នាំ ប្រសិនបើទឹកថ្នាំមានភាពត្រជាក់ វាអាចធ្វើអោយមានអាការៈវិលមុខ ដូច្នេះគួរក្ដាប់នៅក្នុងដៃដើម្បីអោយសីតុណ្ហភាពស្មើនឹងរាងកាយសិនមុននឹងបន្តក់។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទញូគីណូឡូនឬហ្វូលុយអូរ៉ូគីណូឡូន(New quinolone or Fluoroquinolone antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp