Moxifloxacin hydrochloride
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis)។
ករណីថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា រលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) រលាកផ្នែកសនៃភ្នែក(Conjunctivitis) រលាកក្រពេញខ្លាញ់ម៉ាយបូមនៅត្របកភ្នែក(Meibomitis) រលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក) រលាកត្របកភ្នែក រលាកថង់ទឹកភ្នែក និងប្រើដើម្បីសម្លាប់មេរោគនៅពេលមុននិងក្រោយការវះកាត់ភ្នែក។ល។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 400mg។
ករណីថ្នាំបន្តក់ភ្នែក(0.5%):
・រលាកត្របកភ្នែក រលាកថង់ទឹកភ្នែក រលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) រលាកផ្នែកសនៃភ្នែក(Conjunctivitis) រលាកក្រពេញខ្លាញ់ម៉ាយបូមនៅត្របកភ្នែក(Meibomitis) រលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក):ប្រើ1ដង1តំណក់ 1ថ្ងៃ3ដង បន្តក់ក្នុងភ្នែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
・ប្រើក្នុងការសម្លាប់មេរោគនៅពេលមុននិងក្រោយការវះកាត់ភ្នែក:នៅមុនពេលវះកាត់ ប្រើ1ដង1តំណក់ 1ថ្ងៃ5ដង នៅក្រោយពេលវះកាត់ ប្រើ1ដង1តំណក់ 1ថ្ងៃ3ដង បន្តក់ក្នុងភ្នែក។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទQuinoloneផ្សេងទៀត។
・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ
・អ្នកដែលមានជំងឺបេះដូងមានរោគសញ្ញាQTអូសបន្លាយវែង
・អ្នកដែលមានកម្រិតប៉ូតាស្យូមទាបនៅក្នុងឈាម(Hypokalemia)
・អ្នកដែលកំពុងប្រើប្រាស់ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងក្រុមIa (Quinidine, Procainamide ជាដើម) និង ក្រុមIII (Amiodarone, Sotalol ជាដើម)
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ
・កុមារ(ជាទូទៅ ក្រោមអាយុ15ឆ្នាំ)។
ករណីថ្នាំបន្តក់ភ្នែក:
អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទQuinolone។
-
ផលរំខាន
ករណីថ្នាំលេប:
ផលរំខានរួមមាន រាករូស ក្អួតចង្អោរ ពិបាករំលាយអាហារ ឈឺពោះ ឈឺក្បាល វិលមុខ ឡើងកន្ទួលក្រហមលើស្បែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ហើមមុខ កន្ទាលត្រអាកលើស្បែក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- បេះដូងលោតញាប់ ស្មារតីមិននឹងនរ (ជំងឺបេះដូងប្រភេទអាការៈនៃចង្វាក់បេះដូងដើរលឿនដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia), QTអូសបន្លាយវែង)
- ក្តៅខ្លួន ពងទឹកលើស្បែក ដាច់រលាត់នៅភ្នែកនិងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- អាការៈប្រកាច់
- បាត់បង់ស្មារតី។
ករណីថ្នាំបន្តក់ភ្នែក:
ផលរំខានរួមមាន ឈឺភ្នែក ផ្សាភ្នែក ល្វីងក្នុងមាត់ ក្រហមភ្នែក រលាកត្របកភ្នែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ស្នាមឬកន្ទួលក្រហមលើស្បែក សម្ពាធឈាមធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
អន្តរប្រតិកម្ម
ករណីថ្នាំលេប:
・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង(Quinidine, Procainamide, Amiodarone, Sotalol ជាដើម) - អាចធ្វើអោយQTអូសបន្លាយកាន់តែវែងបង្កជាគ្រោះថ្នាក់ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ថ្នាំបញ្ចុះទឹកនោមប្រភេទThiazide ថ្នាំបញ្ចុះទឹកនោមប្រភេទLoop ថ្នាំប្រភេទCorticosteroid ថ្នាំAdrenocorticotropic hormone(ACTH) ថ្នាំGlycyrrhizin - ជាប្រភេទឱសថដែលអាចធ្វើអោយអ្នកជំងឺមានកម្រិតប៉ូតាស្យូមទាបក្នុងឈាម(Hypokalemia) ដូច្នេះត្រូវប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ជាមួយMoxifloxacin ព្រោះអាចបង្កអោយQTនៃចង្វាក់បេះដូងអូសបន្លាយវែង។
・ឱសថប្រឆាំងមេរោគErythromycin ឱសថព្យាបាលជំងឺបាក់ទឹកចិត្ត(Tricyclic antidepressants) - អាចបង្កអោយQTនៃចង្វាក់បេះដូងអូសបន្លាយវែង។
・ឱសថប្រឆាំងអាស៊ីតក្រពះដែលមានសារធាតុអាលុយមីញ៉ូម ម៉ាញេស្យូម និងថ្នាំជាតិដែក- អាចធ្វើអោយការស្រូបសារធាតុឱសថថយចុះ។ គួរពិសារថ្នាំទាំងនេះក្រោយពិសារថ្នាំMoxifloxacin រយៈពេលយ៉ាងហោចណាស់ពីរម៉ោង។
・ថ្នាំប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពWarfarinកើនឡើង
・ឱសថDiclofenac, Amfenac, Loxoprofen, Pranoprofen, Zaltoprofen ជាដើម - អាចធ្វើអោយមានអាការៈប្រកាច់។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំលេប:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
ករណីថ្នាំបន្តក់ភ្នែក:
・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនគួរប្រើប្រាស់ឱសថនេះក្នុងករណីចាំបាច់ប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំលេប:
・ឱសថនេះអាចផ្តល់ផលរំខានដូចជាវិលមុខជាដើម ដូច្នេះ គួរចៀសវាងការបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
ករណីថ្នាំបន្តក់ភ្នែក:
・ករណីប្រើជាមួយថ្នាំបន្តក់ភ្នែកផ្សេងទៀត គួរទុកគម្លាតរវាងគ្នារយៈពេលយ៉ាងហោចណាស់5នាទី។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទញូគីណូឡូនឬហ្វូលុយអូរ៉ូគីណូឡូន(New quinolone or Fluoroquinolone antibiotics) ដោយមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពអង់ស៊ីមTopoisomerase II ដើម្បីបង្អាក់ដំណើរការផលិតDNAរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp