Metronidazole
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖
- ជំងឺបណ្ដាលមកពីបាក់តេរីដែលមិនត្រូវការអុកស៊ីសែន(Anaerobic bacteria) ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគ (Sepsis) ជំងឺឆ្លងបាក់តេរីនៅស្រទាប់ជ្រៅនៃស្បែក ជំងឺឆ្លងបាក់តេរីដោយសាររបួស ការរលាកឬការវះកាត់ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត ជំងឺខ្ទុះក្នុងទ្រូង ជំងឺរលាកនៅក្នុងត្រគាក ជំងឺរលាកស្រោមពោះ ជំងឺខ្ទុះក្នុងពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺខ្ទុះក្នុងថ្លើម រលាកស្រោមខួរមានខ្ទុះ ជំងឺមានខ្ទុះក្នុងខួរក្បាល។
- ជំងឺរលាកពោះវៀនបង្កដោយបាក់តេរី
- ជំងឺរាករូសបង្កដោយអាមីប (Amebic dysentery)។
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម:
- ជំងឺTrichomoniasis (ជំងឺឆ្លងបណ្ដាលមកពីប៉ារ៉ាស៊ីត Trichomonas vaginalis)
- ជំងឺបណ្ដាលមកពីបាក់តេរីដែលមិនត្រូវការអុកស៊ីសែន(Anaerobic bacteria) ដូចជា ជំងឺឆ្លងបាក់តេរីនៅស្រទាប់ជ្រៅនៃស្បែក ជំងឺឆ្លងបាក់តេរីដោយសាររបួស ការរលាកឬការវះកាត់ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត ជំងឺរលាកនៅក្នុងត្រគាក ជំងឺរលាកស្រោមពោះ ជំងឺខ្ទុះក្នុងពោះ ជំងឺខ្ទុះក្នុងថ្លើម រលាកស្រោមខួរមានខ្ទុះ ជំងឺមានខ្ទុះក្នុងខួរក្បាល។
- ជំងឺរលាកពោះវៀនបង្កដោយបាក់តេរី (រួមទាំង ជំងឺរលាកពោះវៀនធំប្រភេទPseudomembrane colitis)
- ជំងឺរលាកទ្វារមាសបង្កដោយបាក់តេរី
- ជំងឺបណ្ដាលមកពីបាក់តេរីHelicobacter pylori នៅក្នុង ជំងឺរលាកក្រពះ ជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច ឬក្រោយការព្យាបាលជំងឺមហារីកក្រពះប្រភេទGastric MALT lymphoma ជំងឺThrombotic thrombocytopenic purpura(TTP)ជំងឺមហារីកក្រពះដំណាក់កាលដំបូងដោយប្រើអង់ដូស្កូប
- ជំងឺរាករូសបង្កដោយអាមីប (Amebic dysentery)
- ជំងឺឆ្លងប៉ារ៉ាស៊ីតGiardia duodenalis។
ករណីថ្នាំសុលតាមទ្វារមាស:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកទ្វារមាសបង្កដោយប៉ារ៉ាស៊ីតTrichomonas vaginalis និង ជំងឺរលាកទ្វារមាសបង្កដោយបាក់តេរី។
ករណីថ្នាំលាប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកម្ចាត់បាក់តេរីដែលបង្កក្លិនមិនល្អនៅដំបៅលើស្បែកដោយសារជំងឺមហារីក។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង500mg 1ថ្ងៃ3ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់20នាទី។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចប្រើ1ដង500mg 1ថ្ងៃ4ដង។
ករណីថ្នាំលេប:
- ជំងឺTrichomoniasis (ជំងឺឆ្លងបណ្ដាលមកពីប៉ារ៉ាស៊ីត Trichomonas vaginalis):លេប1ដង250mg 1ថ្ងៃ2ដង រយៈពេល10ថ្ងៃ (1វដ្ដ)។
- ជំងឺបណ្ដាលមកពីបាក់តេរីដែលមិនត្រូវការអុកស៊ីសែន(Anaerobic bacteria):លេប1ដង500mg 1ថ្ងៃ3ឬ4ដង។
- ជំងឺរលាកពោះវៀនបង្កដោយបាក់តេរី:លេប1ដង250mg 1ថ្ងៃ4ដងឬ លេប1ដង500mg 1ថ្ងៃ3ដង រយៈពេល10~14ថ្ងៃ។
- ជំងឺរលាកទ្វារមាសបង្កដោយបាក់តេរី:លេប1ដង250mg 1ថ្ងៃ3ដងឬ លេប1ដង500mg 1ថ្ងៃ2ដង រយៈពេល7ថ្ងៃ។
- ជំងឺបណ្ដាលមកពីបាក់តេរីHelicobacter pylori:ប្រើក្នុងករណីការកម្ចាត់បាក់តេរីHelicobacter pyloriដោយប្រើឱសថAmoxicillin hydrate ឱសថClarithromycinនិងឱសថប្រភេទProton pump inhibitorsមិនជោគជ័យ។ កម្រិតប្រើក្នុង1ដង រួមមានឱសថMetronidazole 250mg ឱសថAmoxicillin hydrate 750mg និង ឱសថប្រភេទProton pump inhibitors ដោយប្រើរួមគ្នា1ថ្ងៃ2ដង រយៈពេល7ថ្ងៃ។
- ជំងឺរាករូសបង្កដោយអាមីប (Amebic dysentery):លេប1ដង500mg 1ថ្ងៃ3ដង រយៈពេល10ថ្ងៃ។ អាចប្រើ1ដង750mg 1ថ្ងៃ3ដង ទៅតាមរោគសញ្ញា។
- ជំងឺឆ្លងប៉ារ៉ាស៊ីតGiardia duodenalis:លេប1ដង250mg 1ថ្ងៃ3ដង រយៈពេល5~7ថ្ងៃ។
ករណីថ្នាំសុលតាមទ្វារមាស:
- ជំងឺរលាកទ្វារមាសបង្កដោយប៉ារ៉ាស៊ីតTrichomonas vaginalis:ប្រើ1ថ្ងៃ1ដង250mg សុលទៅក្នុងទ្វារមាស រយៈពេល10~14ថ្ងៃ។
- ជំងឺរលាកទ្វារមាសបង្កដោយបាក់តេរី:ប្រើ1ថ្ងៃ1ដង250mg សុលទៅក្នុងទ្វារមាស រយៈពេល7~10ថ្ងៃ។
ករណីថ្នាំលាប(0.75%):
ប្រើក្នុងបរិមាណសមស្របទៅតាមរោគសញ្ញានិងទំហំនៃផ្នែកដែលមានបញ្ហា។ ក្រោយសម្អាតមុខដំបៅ លាបឱសថនេះនៅស្បៃរួចបិទពីលើដំបៅឬលាបដោយផ្ទាល់លើដំបៅរួចគ្របដោយស្បៃ 1ថ្ងៃ1~2ដង។
-
ហាមប្រើ
ករណីថ្នាំលេប ថ្នាំលាប និង ថ្នាំចាក់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺទាក់ទងនឹងខួរក្បាលឬខួរឆ្អឹងខ្នង
- ករណីថ្នាំលេប:លើកលែងជំងឺមានខ្ទុះក្នុងខួរក្បាលបង្កដោយបាក់តេរី
- ករណីថ្នាំលាប:លើកលែងជំងឺមហារីកក្នុងខួរក្បាលឬខួរឆ្អឹងខ្នង
- ករណីថ្នាំចាក់:លើកលែងជំងឺរលាកស្រោមខួរមានខ្ទុះនិងជំងឺមានខ្ទុះក្នុងខួរក្បាលបង្កដោយបាក់តេរី
・ស្ត្រីមានផ្ទៃពោះក្រោម3ខែ។
ករណីថ្នាំសុលតាមទ្វារមាស:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ករណីថ្នាំលេប និង ថ្នាំចាក់:
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ រាករូស បាត់បង់ចំណង់អាហារ ចង់ក្អួត អារម្មណ៍មិនស្រួលក្នុងក្រពះ ទឹកនោមមានពណ៌ក្រហមក្រម៉ៅ លាមកមានពណ៌ខ្មៅ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ស្ពឹកនិងឈឺដៃជើង (រោគសញ្ញាប៉ះពាល់ដល់សរសៃប្រសាទតាមអវៈយវៈ)
- វិលមុខ ដើរគ្មានលំនឹង សាច់ដុំកន្ត្រាក់ រវើរវាយ (រោគសញ្ញាប៉ះពាល់ដល់សរសៃប្រសាទនៅក្នុងខួរក្បាល)
- ក្ដៅខ្លួន ឈឺក្បាល ក្អួតចង្អោរ (រលាកស្រោមខួរ)
- ក្តៅខ្លួន ពងទឹកលើស្បែក ដាច់រលាត់នៅភ្នែកនិងមាត់ ក្រហមពេញខ្លួន (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ចង់ក្អួត ក្ដៅខ្លួន ឈឺពោះខ្លាំងភ្លាមៗ (រលាកលំពែងស្រួចស្រាវ)
- ក្ដៅខ្លួន ឈឺបំពង់ក រងាញាក់ (ជំងឺគ្រាប់ឈាមសថយចុះ)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង(មុខងារថ្លើមថយចុះ)
ករណីថ្នាំសុលតាមទ្វារមាស::
ផលរំខានរួមមាន អាការៈរមាស់ ក្រហមនៅទ្វារមាស។ល។
ករណីថ្នាំលាប:
ផលរំខានរួមមាន ហូរឈាមនៅមុខដំបៅ។ល។ ម្យ៉ាងទៀត ករណីប្រើប្រាស់ឱសថលាបក្នុងទំហំធំ អាចបង្កជាផលរំខានចំពោះរាងកាយទាំងមូល ដូចជា ស្ពឹកនិងឈឺដៃជើង ឈឺក្បាល ញ័រដៃជើង ពិបាកនិយាយ មិនអាចផ្ដុំអារម្មណ៍បាន ភ្លេចភ្លាំង គ្រាប់ឈាមសថយចុះ(ក្ដៅខ្លួន ឈឺបំពង់កជាដើម) ។ល។
-
អន្តរប្រតិកម្ម
ករណីថ្នាំលេប ថ្នាំលាប និង ថ្នាំចាក់:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・គ្រឿងស្រវឹង - គួរចៀសវាងការពិសារគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើឱសថនេះ ព្រោះអាចធ្វើអោយមានអាការៈ ដូចជាឈឺពោះ ក្អួតចង្អោរ មុខក្រហម។ល។
・ឱសថដែលមានផ្ទុកសារធាតុRitonavir - អាចប្រតិកម្មធ្វើអោយមានផលរំខានផ្សេងៗ
・ឱសថDisulfiram - អាចផ្ដល់ផលរំខានប៉ះពាល់ដល់ស្មារតី
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពនៃWarfarinកើនឡើង
・ឱសថLithium - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLithiumកើនឡើង បង្កជាផលរំខានផ្សេងៗ
・ឱសថBusulfan - អាចធ្វើអោយសកម្មភាពនៃBusulfanកើនឡើង
・ឱសថFluorouracil (5-FU) - អាចធ្វើអោយសកម្មភាពនៃ5-FUកើនឡើង
・ឱសថCiclosporin - អាចធ្វើអោយសកម្មភាពនៃCiclosporinកើនឡើង
・ឱសថPhenobarbital - អាចធ្វើអោយសកម្មភាពនៃMetronidazoleថយចុះ
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំលេប ថ្នាំលាប និង ថ្នាំចាក់:
・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេសស្រ្តីមានផ្ទៃពោះក្រោម3ខែ មិនត្រូវប្រើឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំលេប និង ថ្នាំចាក់:
・គួរចៀសវាងការពិសារគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើឱសថនេះ ព្រោះអាចធ្វើអោយមានអាការៈ ដូចជាឈឺពោះ ក្អួតចង្អោរ មុខក្រហម។ល។
ករណីថ្នាំលាប:
・គួរចៀសវាងការពិសារគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើឱសថនេះ ព្រោះអាចធ្វើអោយមានអាការៈ ដូចជាឈឺពោះ ក្អួតចង្អោរ មុខក្រហម។ល។
・គួរចៀសវាងកុំអោយត្រូវកាំរស្មីUV(ពន្លឺព្រះអាទិត្យឬអំពូលUV) ព្រោះកាំរស្មីUVអាចធ្វើអោយប្រសិទ្ធិភាពឱសថថយចុះ។
・ការប៉ះពាល់ដំបៅនៅពេលលាបថ្នាំ អាចធ្វើអោយចេញឈាមពីមុខដំបៅបាន ដូច្នេះគួរប្រយ័ត្ននៅពេលលាបថ្នាំឬផ្លាស់ប្ដូរក្រណាត់រុំ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីនិងប៉ារ៉ាស៊ីតប្រូតូហ្សូ(Protozoa) ដោយមានសកម្មភាពធ្វើប្រតិកម្មរេដុកម្មនៅក្នុងមេរោគ ដើម្បីបំលែងទៅជាសមាសធាតុនីត្រូសូ(Nitroso compound)។ សមាសធាតុនេះនឹងទៅភ្ជាប់ជាមួយDNAរបស់មេរោគ ដើម្បីបង្អាក់សកម្មភាពផលិតDNA នាំអោយមេរោគមិនអាចរស់ឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp