Loperamide hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរាករូស។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - មនុស្សពេញវ័យ:លេប1ថ្ងៃ1~2mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      - កុមារ:លេប1ថ្ងៃ0.02~0.04mg/kg (ថ្នាំម្សៅ0.05%ត្រូវនឹង 0.04~0.08g/kg) បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈហូរឈាម។

      ・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈកកើតភ្នាសខុសប្រក្រតី(Pseudomembranous colitis) ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថប្រឆាំងមេរោគ។

      ・ទារកកើតមិនគ្រប់ទម្ងន់ ទារកទើបកើត និង ទារកក្រោមអាយុ6ខែ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងមានអាការៈរាករូសដោយសារការឆ្លងមេរោគ។

      ・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)។

      ・ទារកដែលមានអាយុចន្លោះពី6ខែទៅ2ឆ្នាំ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ហើមពោះ មិនស្រួលក្នុងពោះ ចង់ក្អួត ឈឺពោះ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺពោះខ្លាំង ចង់ក្អួត ក្អួត (ស្ទះពោះវៀន(Ileus) ពោះវៀនធំរីកប៉ោង(Megacolon))

      - ពិបាកដកដង្ហើម កន្ទាលត្រអាក ស្មារតីដឹងខ្លួនចុះខ្សោយ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      ・ក្ដៅខ្លួនខ្លាំង ភ្នែកក្រហម ហើមមាត់និងបបូរមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថAluminium silicate, ឱសថAlbumin tannate - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថLoperamide hydrochlorideថយចុះ។

      ・ឱសថRitonavir, ឱសថQuinidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថLoperamide hydrochlorideកើនឡើង។

      ・ឱសថItraconazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថLoperamide hydrochlorideកើនឡើង។

      ・ឱសថDesmopressin(ថ្នាំលេប) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថDesmopressinកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រើនៅក្នុងការបំបាត់អាការៈរាករូស ដោយបង្ហាញប្រសិទ្ធិភាពក្នុងរយៈពេល4~7ថ្ងៃ ចំពោះអ្នកជំងឺស្ទើរតែទាំងអស់។

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・អាការៈរាករូសធ្វើអោយរាងកាយបាត់បង់ជាតិទឹក ដូច្នេះ ត្រូវបំពេញជាតិទឹកអោយបានគ្រប់គ្រាន់។

      ・ឱសថនេះមានប្រសិទ្ធិភាពខ្ពស់ ប៉ុន្តែ អាចកើតមានរោគសញ្ញាស៊ាំនឹងឱសថ ដូច្នេះ គួរប្រើក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់មុខងារសរសៃប្រសាទដែលទទួលការភ្ញោចពីសារធាតុអាសេទីលកូលីន(Acetylcholine)នៅក្នុងពោះវៀន និង ទប់ស្កាត់ការបញ្ចេញសារធាតុអាសេទីលកូលីន(Acetylcholine)និងសារធាតុប្រូស្តាក្លង់ឌីន(Prostaglandin)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp