Domperidone

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈទាក់ទងនឹងប្រដាប់រំលាយអាហារ(ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ មិនស្រួលក្នុងពោះផ្នែកខាងលើ ហើមពោះ ឈឺពោះ ក្រហាយក្នុងទ្រូង ភើ) ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ឬ នៅពេលប្រើប្រាស់ឱសថមួយចំនួន ៖

      - មនុស្សពេញវ័យ:ជំងឺរលាកក្រពះរ៉ាំរ៉ៃ ជំងឺក្រពះយារធ្លាក់(Gastroptosis) រោគសញ្ញាក្រោយវះកាត់យកក្រពះចេញ ឬ នៅពេលប្រើប្រាស់ឱសថព្យាបាលជំងឺមហារីកឬឱសថLevodopa។

      - កុមារ:ជំងឺក្អួតចង្អោរជាខួប(Cyclic vomiting) ជំងឺឆ្លងមេរោគនៅផ្លូវដង្ហើមផ្នែកខាងលើ ឬ នៅពេលប្រើប្រាស់ឱសថព្យាបាលជំងឺមហារីក។

      ករណីថ្នាំសុលតាមទ្វារធំ:

      - មនុស្សពេញវ័យ:ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈទាក់ទងនឹងប្រដាប់រំលាយអាហារ(ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ មិនស្រួលក្នុងពោះផ្នែកខាងលើ ហើមពោះ ក្រហាយក្នុងទ្រូង) ដែលកើតមាននៅក្រោយពេលវះកាត់ក្រពះឬគល់ពោះវៀនតូច និង នៅពេលប្រើប្រាស់ឱសថព្យាបាលជំងឺមហារីកឬឱសថLevodopa។

      - កុមារ:ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈទាក់ទងនឹងប្រដាប់រំលាយអាហារ(ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ហើមពោះ ឈឺពោះ) ដែលកើតមាននៅក្នុងជំងឺក្អួតចង្អោរជាខួប(Cyclic vomiting) ជំងឺរាករូសចំពោះទារក ជំងឺឆ្លងមេរោគនៅផ្លូវដង្ហើមផ្នែកខាងលើ និង នៅពេលប្រើប្រាស់ឱសថព្យាបាលជំងឺមហារីក។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      - មនុស្សពេញវ័យ:លេប1ដង10mg 1ថ្ងៃ3ដង មុនបរិភោគអាហារ។ ករណីអ្នកជំងឺកំពុងប្រើប្រាស់ឱសថLevodopa លេបក្នុងកម្រិត1ដង5~10mg 1ថ្ងៃ3ដង មុនបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ:លេប1ថ្ងៃ1~2mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ មុនបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់និងរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត30mgក្នុង1ថ្ងៃនោះទេ។ ម្យ៉ាងទៀត កម្រិតអតិបរមាក្នុង1ថ្ងៃសម្រាប់កុមារអាយុចាប់ពី6ឆ្នាំឡើងទៅគឺ 1mg/kg។

      ករណីថ្នាំសុលតាមទ្វារធំ:

      - មនុស្សពេញវ័យ:ប្រើ1ដង60mg 1ថ្ងៃ2ដង សុលតាមទ្វារធំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារអាយុក្រោម3ឆ្នាំ:ប្រើ1ដង10mg 1ថ្ងៃ2~3ដង សុលតាមទ្វារធំ។

      - កុមារអាយុចាប់ពី3ឆ្នាំឡើងទៅ:ប្រើ1ដង30mg 1ថ្ងៃ2~3ដង សុលតាមទ្វារធំ។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់និងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលកំពុងមានអាការៈហូរឈាម ធ្លាយ ឬ ស្ទះ នៅតាមប្រដាប់រំលាយអាហារ។

      ・អ្នកដែលមានជំងឺមហារីកក្រពេញPituitaryលក្ខណៈបញ្ចេញអរម៉ូនProlactin (Prolactinoma)។

    • ផលរំខាន

      ផលរំខានរួមមាន រាករូសឬទល់លាមក ក្រហាយទ្រូង ចង់ក្អួត ក្អួត ចេញទឹកដោះ ឡើងដោះ សាច់ដុំរឹង ញ័រដៃជើង ងងុយគេង ឡើងកន្ទួលក្រហម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - វិលមុខ ងងឹតមុខ បែកញើសទាំងត្រជាក់ ទឹកមុខស្លេកខៀវ (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))

      - ពិបាកដកដង្ហើម កន្ទាលត្រអាក ហមជុំវិញភ្នែកឬមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ញ័រដៃជើង សាច់ដុំរឹង កវៀចឬជាប់រឹង គ្រាប់ភ្នែកសំឡឹងទៅលើ (Extrapyramidal symptom)

      - ស្មារតីដឹងខ្លួនថយចុះ សាច់ដុំកន្ត្រាក់ (បាត់បង់ស្មារតី)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទPhenothiazine(Prochlorperazine, Chlorpromazine, Thiethylperazine ជាដើម), ឱសថប្រភេទButyrophenone(Haloperidol ជាដើម), ឱសថReserpine ជាដើម - អាចធ្វើអោយប៉ះពាល់ដល់មុខងារនៃក្រពេញបញ្ចេញក្នុង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថប្រភេទDigitalis(Digoxin, Digitoxin ជាដើម) - អាចធ្វើអោយពិបាកសង្កេតដឹងនូវរោគសញ្ញាផ្សេងៗពីឱសថប្រភេទDigitalis។

      ・ឱសថប្រឆាំងសកម្មភាពសារធាតុAcetylcholine (Atropine sulfate hydrate, Scopolamine butylbromide, Tiquizium bromide, Timepidium bromide hydrate ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថDomperidoneថយចុះ។

      ・ឱសថបន្សាបជាតិអាស៊ីត ឱសថទប់ស្កាត់គ្រឿងទទួលH2 (H2 receptor antagonist)(Cimetidine, Ranitidine ជាដើម) ឱសថប្រភេទProton pump inhibitor(Omeprazole ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថDomperidoneថយចុះ។

      ・ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (Itraconazole, Erythromycin ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថDomperidoneកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន គួរចៀសវាងប្រើប្រាស់ឱសថនេះក្នុងកម្រិតខ្ពស់ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេងឬវិលមុខជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលធ្វើអោយកម្រិតអរម៉ូនប្រូឡាក់ទីន(Prolactin)កើនឡើង។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពនៃការភ្ជាប់សារធាតុដូប៉ាមីន(Dopamine)ទៅនឹងគ្រឿងទទួលរបស់វា(Antidopaminergic drug) ដោយសកម្មភាពរបស់ឱសថនេះទៅលើប្រដាប់រំលាយអាហារធ្វើអោយដំណើរការនៃប្រដាប់រំលាយអាហារមានលក្ខណៈល្អប្រសើរឡើងវិញ ហើយសកម្មភាពទៅលើប្រព័ន្ធCTZនៅក្នុងខួរក្បាលធ្វើអោយបំបាត់អាការៈចង់ក្អួត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp