Clopidogrel sulfate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បង្ការការកើតឡើងវិញនៃអាការៈស្ទះសរសៃឈាមក្នុងខួរក្បាល(លើកលែងជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលដោយសារកំណកឈាមពីបេះដូង)។

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូងដែលត្រូវអនុវត្តការព្យាបាលដោយPCI (ជំងឺត្បៀតសរសៃឈាមបេះដូងប្រភេទមិននឹងនរ(Unstable angina) ជំងឺស្ទះសរសៃឈាមបេះដូងដែលមានឬមិនមានការកើនឡើងនៃST), ជំងឺត្បៀតសរសៃឈាមបេះដូងប្រភេទនឹងនរ, ជំងឺស្ទះសរសៃឈាមបេះដូងដែលធ្លាប់កើតឡើងយូរមកហើយ(Old myocardial infarction, OMI))។

      - បង្ការការកកើតនៃកំណកឈាមឬការស្ទះដោយសារកំណកឈាមនៅក្នុងជំងឺទាក់ទងនឹងសរសៃឈាមអាកទែរតាមអវៈយវៈ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីបង្ការការកើតឡើងវិញនៃអាការៈស្ទះសរសៃឈាមក្នុងខួរក្បាល(លើកលែងជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលដោយសារកំណកឈាមពីបេះដូង):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង75mg។ អាចបន្ថយកម្រិតប្រើប្រាស់មកត្រឹម1ថ្ងៃ1ដង50mg ទៅតាមអាយុ ទម្ងន់ និងរោគសញ្ញា។

      ・ករណីជំងឺត្បៀតសរសៃឈាមក្នុងបេះដូងដែលត្រូវអនុវត្តការព្យាបាលដោយPCI:

      មនុស្សពេញវ័យ:នៅថ្ងៃដំបូង លេប1ថ្ងៃ1ដង300mg។ បន្ទាប់ពីនោះ លេបជាប្រចាំក្នុងកម្រិត1ថ្ងៃ1ដង75mg។ ត្រូវប្រើឱសថនេះរួមជាមួយឱសថ Aspirin កម្រិត 81~100mg/ថ្ងៃ។

      ・ករណីបង្ការការកកើតនៃកំណកឈាមឬការស្ទះដោយសារកំណកឈាមនៅក្នុងជំងឺទាក់ទងនឹងសរសៃឈាមអាកទែរតាមអវៈយវៈ:

      មនុស្សពេញវ័យ:លេបជាប្រចាំក្នុងកម្រិត1ថ្ងៃ1ដង75mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានអាការៈហូរឈាម (ជំងឺឈាមក្រកក(Hemophilia) អាការៈហូរឈាមក្នុងក្បាល ហូរឈាមក្នុងក្រពះឬពោះវៀន ហូរឈាមតាមប្រព័ន្ធតម្រងនោម ក្អកឈាម ហូរឈាមក្នុងភ្នែក ជាដើម)។

    • ផលរំខាន

      ផលរំខានរួមមាន អាការៈហូរឈាម ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ឈឺពោះ រាករូស រំលាយអាហារមិនសូវបានល្អ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺក្បាលខ្លាំងភ្លាមៗ ក្អួតចង្អោរ ស្ពឹកមួយចំហៀងខ្លួន (ហូរឈាមក្នុងក្បាល)

      - លាមកពណ៌ខ្មៅ លាមកលាយឈាម ក្អួតឈាម ភ្នែកមើលមិនសូវច្បាស់ ឈឺសន្លាក់ (ហូរឈាមនៅក្រពះពោះវៀន ហូរឈាមនៅបាតភ្នែក ដុំឈាមនៅក្នុងសន្លាក់)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ស្នាមជាំស្វាយលើស្បែក បាត់បង់ស្មារតី (ជំងឺស្នាមជាំស្វាយលើស្បែកដោយសារការកកើតកំណកឈាមនិងចំនួនប្លាកែតថយចុះ(ជំងឺThrombotic thrombocytopenic purpura, TTP))

      - ឈឺបំពង់ក ឈឺក្បាល ធ្ងន់ក្បាល ហ៊ឹងត្រចៀក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាម)

      - ក្អក ពិបាកដកដង្ហើម ក្ដៅខ្លួន (រលាកសួតប្រភេទInterstitial pneumonia)

      - ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយលើស្បែក ឈាមក្រកក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)

      - កន្ទាលត្រអាក ហើមត្របកភ្នែក បបូរមាត់និងអណ្ដាត ពិបាកដកដង្ហើម (រោគប្រតិកម្មទៅនឹងឱសថ)

      - ឈឺសាច់ដុំ សាច់ដុំគ្មានកម្លាំង ទឹកនោមប្រែពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់ប្រភេទNSAIDs (Naproxen ជាដើម) - អាចធ្វើអោយកើតមានអាការៈហូរឈាមក្នុងក្រពះឬពោះវៀន។

      ・ឱសថប្រឆាំងកំណកឈាម(Heparin, Warfarin, Enoxaparin sodium, Fondaparinux sodium, Dabigatran etexilate methanesulfonate ជាដើម), ឱសថដែលទប់ស្កាត់ប្រតិកម្មនៃការផ្ដុំប្លាកែត(Aspirin, Dipyridamole, Ticlopidine, Clopidogrel ជាដើម), ឱសថរំលាយកំណកឈាម(Urokinase, t-PA ជាដើម), ឱសថប្រភេទSSRI(Fluvoxamine, Sertraline ជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។

      ・ឱសថOmeprazole - អាចធ្វើអោយសកម្មភាពនៃClopidogrelថយចុះ។

      ・ឱសថRepaglinide - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRepaglinideកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះនឹងធ្វើអោយឈាមក្រកក ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលអ្នកជំងឺត្រូវទទួលការវះកាត់ឬការព្យាបាលធ្មេញជាដើម។ ម្យ៉ាងទៀត ត្រូវសង្កេតមើលរោគសញ្ញានៃការហូរឈាមខុសប្រក្រតីផ្សេងៗជាប្រចាំ។

      ・មានប្រសិទ្ធិភាពដូចទៅនឹង Ticlopidine hydrochloride ប៉ុន្តែដោយសារទទួលប្រតិកម្មពីអង់ស៊ីមខុសគ្នា ធ្វើអោយឱសថនេះមានផលរំខានប៉ះពាលមុខងារថ្លើមតិចតួចជាង។

      ・នៅក្នុងរយៈពេល2ខែក្រោយចាប់ផ្ដើមប្រើប្រាស់ឱសថនេះ គួរធ្វើការពិនិត្យឈាមរៀងរាល់2សប្ដាហ៍ម្ដង។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការភ្ជាប់នៃម៉ូលេគុលADPទៅនឹងគ្រឿងទទួល(Receptor)របស់វានៅលើប្លាកែត ដើម្បីបង្អាក់ប្រតិកម្មភ្ញោចអោយមានការផ្ដុំប្លាកែតបង្កជាកំណកឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp