Celecoxib

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺឈឺចង្កេះ ជំងឺរលាកជុំវិញសន្លាក់ស្មា បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) ជំងឺរលាកសរសៃសាច់ដុំឬសរសៃកែង។

      - បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលវះកាត់ ត្រូវរបួស ឬ ក្រោយពេលដកធ្មេញ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីប្រើនៅក្នុងការបំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis):

      មនុស្សពេញវ័យ:លេប1ដង 100~200mg, 1ថ្ងៃ2ដង ក្រោយបរិភោគអាហារពេលព្រឹកនិងពេលល្ងាច។

      ・ករណីជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺឈឺចង្កេះ ជំងឺរលាកជុំវិញសន្លាក់ស្មា បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) ជំងឺរលាកសរសៃសាច់ដុំឬសរសៃកែង:

      មនុស្សពេញវ័យ:លេប1ដង 100mg, 1ថ្ងៃ2ដង ក្រោយបរិភោគអាហារពេលព្រឹកនិងពេលល្ងាច។

      ・បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលវះកាត់ ត្រូវរបួស ឬ ក្រោយពេលដកធ្មេញ:

      មនុស្សពេញវ័យ:នៅលើកដំបូង លេប1ដង400mg។ ចាប់ពីលើកទី2ទៅ លេប1ដង200mg 1ថ្ងៃ2ដង។ ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់6ម៉ោងរវាងការលេបម្ដងៗ ដោយប្រើត្រឹម2ដងក្នុង1ថ្ងៃ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថSulfonamide។

      ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។

      ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងស្ថិតនៅក្នុងរយៈពេលនៃការវះកាត់បេះដូងដោយប្រើវិធីCABG។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

      ・ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺពោះ ដំបៅក្នុងមាត់ រាករូស ចង់ក្អួត ឡើងកន្ទួលក្រហម។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ ងងឹតមុខ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ឈឺពោះ ក្អួតឈាម លាមកមានឈាម (ដំបៅឬហូរឈាមក្នុងក្រពះឬពោះវៀន ធ្លាយក្រពះឬពោះវៀន)

      - ថប់ទ្រូង ឈឺទ្រូងដូចគេរឹត បែកញើសទាំងត្រជាក់ (ស្ទះសរសៃឈាមក្នុងបេះដូងឬខួរក្បាល)

      - ដង្ហក់ ហើមពេញខ្លួន ក្អក (មុខងារបេះដូងចុះខ្សោយ)

      - ក្ដៅខ្លួន ស្នាមក្រហមលើស្បែក ពងខ្ទុះឬពងទឹកឬរលាត់លើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)

      - បរិមាណទឹកនោមថយចុះ ហើម ក្ដៅខ្លួន (មុខងារតម្រងនោមចុះខ្សោយ)

      - អស់កម្លាំង ក្ដៅខ្លួន ឈាមច្រមុះ ឈាមនៅតាមអញ្ចាញធ្មេញ ឈឺបំពង់ក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត ជំងឺAgranulocytosis ជាដើម)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទACE inhibitors(Enalapril, Imidapril, Temocaprilជាដើម) ឱសថប្រភេទARB (Candesartan, Valsartan, Losartanជាដើម)- អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។

      ・ឱសថបញ្ចុះទឹកនោមប្រភេទThiazide diuretics(Trichlormethiazide, Hydrochlorothiazideជាដើម), ឱសថFurosemide - អាចធ្វើអោយការបញ្ចេញចោលនៃឱសថទាំងនេះថយចុះ។

      ・ឱសថប្រឆាំងកំណកឈាមAspirin - អាចធ្វើអោយហានិភ័យនៃការកើតមានដំបៅក្រពះឬពោះវៀនកើនឡើង។

      ・ឱសថLithium carbonate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLithiumកើនឡើង។

      ・ឱសថFluconazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCelecoxibកើនឡើង។

      ・ឱសថFluvastatin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងពីរកើនឡើង។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។

      ・ឱសថParoxetine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃParoxetineកើនឡើង និង កំហាប់ក្នុងឈាមនៃCelecoxibថយចុះ។

      ・ឱសថDextromethorphan - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDextromethorphanកើនឡើង។

      ・ឱសថបន្សាបជាតិអាស៊ីតក្នុងក្រពះដែលមានសារធាតុអាលុយមីញ៉ូមឬម៉ាញ៉េស្យូម - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCelecoxibថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានជំងឺស្ទះសរសៃឈាមក្នុងបេះដូងឬខួរក្បាល ព្រោះវាអាចធ្វើអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ ដោយមិនគួរប្រើប្រាស់ឱសថនេះក្នុងរយៈពេលយូរអង្វែងនោះទេ។

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជា ងងុយគេង ឬ វិលមុខ ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase-2(COX-2)ដើម្បីបង្អាក់ដំណើរការសំយោគសារធាតុProstaglandinដែលជាសារធាតុបង្កអោយមានអាការៈរលាកនិងឈឺចាប់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp