Bromazepam

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អារម្មណ៍មិនស្ងប់ឬភ័យ អារម្មណ៍បាក់ទឹកចិត្ត អារម្មណ៍ភ័យខ្លាចដែលកើតមាននៅក្នុងជំងឺណឺរ៉ូស៊ីស(Neurosis)

      - អារម្មណ៍មិនស្ងប់ឬភ័យ ដែលកើតមាននៅក្នុងជំងឺបាក់ទឹកចិត្ត(Depression)

      - អារម្មណ៍មិនស្ងប់ឬភ័យ អារម្មណ៍បាក់ទឹកចិត្ត គេងមិនលក់ ព្រមទាំងអាការៈផ្សេងទៀតនៃរាងកាយដូចជាជំងឺលើសសម្ពាធឈាម ជំងឺទាក់ទងនឹងប្រដាប់រំលាយអាហារ ជំងឺអតុល្យភាពប្រព័ន្ធសរសៃប្រសាទអូតូណូមិច(Dysautonomia) ដែលកើតមាននៅក្នុងជំងឺផ្លូវចិត្តប៉ះពាល់ដល់សុខភាពរាងកាយ(Psychosomatic disease)

      - ប្រើនៅមុនពេលអនុវត្តការសណ្ដំ។

      ករណីថ្នាំសុលតាមទ្វារធំ:

      ជាទូទៅ ឱសថនេះប្រើនៅមុនពេលអនុវត្តការសណ្ដំ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ករណីជំងឺណឺរ៉ូស៊ីស(Neurosis) និង ជំងឺបាក់ទឹកចិត្ត(Depression):

      មនុស្សពេញវ័យ:លេប1ថ្ងៃ6~15mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីជំងឺផ្លូវចិត្តប៉ះពាល់ដល់សុខភាពរាងកាយ(Psychosomatic disease):

      មនុស្សពេញវ័យ:លេប1ថ្ងៃ3~6mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ:

      មនុស្សពេញវ័យ:លេប1ដង5mg នៅមុនពេលចូលគេងឬមុនពេលវះកាត់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ រោគសញ្ញា និង ប្រភេទជំងឺ។

      ករណីថ្នាំសុលតាមទ្វារធំ:

      មនុស្សពេញវ័យ:ប្រើ1ដង3mg នៅយប់មុនថ្ងៃវះកាត់ឬនៅមុនពេលអនុវត្តការសណ្ដំ សុលតាមទ្វារធំចូលទៅក្នុងចុងពោះវៀនធំ (Rectum)។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិត(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក ងងុយគេង វិលមុខ ស្ងួតក អារម្មណ៍នឿយហត់ អស់កម្លាំង ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្រោយពេលឈប់ប្រើប្រាស់ឱសថ មានអាការៈសាច់ដុំកន្ត្រាក់ ញ័រ គេងមិនលក់ អារម្មណ៍មិនស្ងប់ រវើរវាយ (អាការៈញៀន)

      - ស្មារតីខុសប្រក្រតី មិនអាចគិតពិចារណាដូចធម្មតាបាន ពិបាកផ្ដុំអារម្មណ៍ មិនដឹងពេលវេលាឬទីកន្លែង (ស្មារតីកើនឡើងខ្ពស់ខុសប្រក្រតី វង្វេងវង្វាន់)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazine, ឱសថប្រភេទBarbiturate, ឱសថប្រភេទMonoamine oxidase inhibitors, ឱសថសណ្ដំ), ឱសថCimetidine, គ្រឿងស្រវឹង - អាចធ្វើអោយឥទ្ធិពលនៃផលរំខាន ដូចជា ងងុយគេង វិលមុខ ពិបាកផ្ដុំអារម្មណ៍ ជាដើម កើនឡើង។

      ・ឱសថប្រភេទMonoamine oxidase inhibitors - អាចធ្វើអោយកើតមានជំងឺChorea។

      ・ឱសថFluvoxamine maleate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃBromazepamកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ជាប្រភេទឱសថដែលប្រសិទ្ធិភាពមានរយៈពេលមធ្យម។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីន(Benzodiazepine or BZD receptor) ដែលស្ថិតនៅភ្ជាប់ជាមួយនឹងគ្រឿងទទួលហ្កាបាA(GABA A receptor) ដោយការភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីននឹងភ្ញោចទៅដល់គ្រឿងទទួលហ្កាបាផងដែរ ធ្វើអោយប្រព័ន្ធសរសៃប្រសាទដែលបញ្ជូនសញ្ញាដោយសារធាតុហ្កាបាមានសកម្មភាពឡើង។ ជាលទ្ធផល សកម្មភាពក្នុងខួរក្បាលត្រូវបានកាត់បន្ថយ ហើយអាការៈនៃអារម្មណ៍មិនស្ងប់ គេងមិនលក់ ឬ សាច់ដុំកន្ត្រាក់ក៏អាចធូរស្បើយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp