Sertraline hydrochloride

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺឬអាការៈបាក់ទឹកចិត្ត (Depression)។

      - អាការៈភ័យខ្លាំងភ្លាមៗ (Panic disorder)។

      - ជំងឺតានតឹងផ្នែកស្មារតីក្រោយទទួលរងរបួសផ្នែករាងកាយ (Post-traumatic stress disorder)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង25mg និង អាចបង្កើនកម្រិតបន្តិចម្ដងៗរហូតដល់1ថ្ងៃ1ដង100mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ100mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឬស្ថិតក្នុងអំឡុងពេល14ថ្ងៃបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (Selegiline hydrochloride)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថPimozide។

    • ផលរំខាន

      ផលរំខានរួមមាន ចង់ក្អួត ងងុយគេង ស្ងួតមាត់ ឈឺក្បាល រាករូស វិលមុខ អារម្មណ៍មិនស្ងប់ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អារម្មណ៍មិនស្ងប់ ស្មារតីកើនឡើងខ្ពស់ ក្ដៅខ្លួន បែកញើស (បណ្ដុំរោគសញ្ញាសេរ៉ូតូនីន(Serotonin syndrome))

      - ក្ដៅខ្លួនភ្លាមៗ ពិបាកលេប រឹងសាច់ដុំ ជីពចរដើរលឿន(Syndrome malin)

      - សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី

      - អស់កម្លាំង បាត់បង់ស្មារតី ភ្នែកឬស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ)

      - ថប់និងឈឺក្នុងទ្រូងភ្លាមៗ បែកញើស (ស្ទះសរសៃឈាមក្នុងបេះដូង)

      - មើលឃើញឬស្ដាប់លឺអ្វីដែលមិនមានពិត រវើរវាយ ពិបាកផ្ដុំអារម្មណ៍ ស្មារតីដឹងខ្លួនចុះខ្សោយ (បញ្ហាប៉ះពាល់ស្មារតី)

      - ហើមមុខនិងអណ្ដាត

      - ឈឺក្បាល ក្ដៅខ្លួន ឈឺបំពង់ក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស ឬ ថយចុះមុខងារខួរឆ្អឹង)

      - បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត ទល់លាមកខ្លាំង ហើមពោះ (ជំងឺស្ទះពោះវៀនធំលក្ខណៈពោះវៀនស្ពឹក)

      - សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី ចង់ក្អួត (SIADH)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))។

    • អន្តរប្រតិកម្ម

      ・ឱសថប្រភេទMonoamine oxidase inhibitors ((Selegiline hydrochloride) - អាចធ្វើអោយកើតមានអាការៈបែកញើស នៅមិនស្ងៀម សាច់ដុំកន្ត្រាក់ពេញខ្លួន ក្ដៅខ្លួន បាត់បង់ស្មារតី ជាដើម។ ដូច្នេះ ហាមប្រើរួមគ្នា ដោយគួរទុកគម្លាតពីគ្នាយ៉ាងហោចណាស់14ថ្ងៃ។

      ・ឱសថPimozide - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថPimozideកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថMethylthioninium chloride hydrate - អាចធ្វើអោយកើតមានបណ្ដុំរោគសញ្ញាសេរ៉ូតូនីន។

      ・ឱសថLinezolid - អាចធ្វើអោយកើតមានបណ្ដុំរោគសញ្ញាសេរ៉ូតូនីន។

      ・ឱសថដែលមានសកម្មភាពភ្ញោចគ្រឿងទទួល5-HT1B/1D (Sumatriptan succinate, Zolmitriptan, Eletriptan hydrobromide) - អាចធ្វើអោយកើតមានផលរំខានផ្សេងៗទាក់ទងនឹងស្មារតី។

      ・ឱសថTramadol, ឱសថMethadone, ឱសថPentazocine, ឱសថដែលមានផ្ទុកសារធាតុL-Tryptophan (អាមីណូអាស៊ីត(Amino acid) ឱសថបំពេញសារធាតុចិញ្ចឹមតាមពោះវៀន), អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’ s Wort - អាចធ្វើអោយសកម្មភាពនៃសេរ៉ូតូនីនកើនឡើង។

      ・ឱសថLithium carbonate - អាចធ្វើអោយកើតមានផលរំខានទាក់ទងនឹងសេរ៉ូតូនីន។

      ・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants (Clomipramine hydrochloride, Imipramine hydrochloride, Amitriptyline hydrochloride) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថកើនឡើង។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពនៃWarfarinកើនឡើងបន្តិចបន្តួច។

      ・ឱសថដែលធ្វើអោយងាយហូរឈាម (ឱសថព្យាបាលបញ្ហាស្មារតីប្រភេទAtypical antipsychotic, ឱសថប្រភេទPhenothiazine, ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants, ឱសថបំបាត់ការឈឺចាប់ប្រភេទNSAIDs, ឱសថWarfarin) - អាចធ្វើអោយអាការៈហូរឈាមងាយកើតឡើង។

      ・ឱសថបញ្ចុះកម្រិតជាតិស្ករក្នុងឈាម (Tolbutamide) - អាចធ្វើអោយការបញ្ចេញចោលនៃTolbutamideថយចុះ។

      ・ឱសថCimetidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃSertralineកើនឡើង។

      ・គ្រឿងស្រវឹង - អាចមានឥទ្ធិពលទៅលើប្រសិទ្ធិភាពនៃឱសថ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់ការស្រូបសារធាតុសេរ៉ូតូនីន(Serotonin)ដែលបញ្ចេញទៅក្នុងស៊ីណាប់(Synapse ដែលជាចន្លោះរវាងកោសិកាសរសៃប្រសាទ)ចូលទៅក្នុងកោសិកាសរសៃប្រសាទវិញ ធ្វើអោយបរិមាណសារធាតុសេរ៉ូតូនីនទាំងនេះកើនឡើងនៅក្នុងស៊ីណាប់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp