Roxithromycin
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ទាក់ទងនឹងផ្លូវដង្ហើម ស្បែក ត្រចៀក ច្រមុះ ធ្មេញ ចង្កា រួមមានដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺមុនខ្ទុះលើស្បែក ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឹរលាកចង្កា។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ300mg បែងចែកជា2ដងក្នុង1ថ្ងៃ។
-
ហាមប្រើ
・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកជំងឺដែលកំពុងប្រើប្រាស់ ឱសថដែលមានផ្ទុកសារធាតុErgotamine (Ergotamine tartrate, Dihydroergotamine mesylateជាដើម) ។
-
ផលរំខាន
ផលរំខានរួមមាន រាករូស អារម្មណ៍មិនស្រួលក្នុងក្រពះ ក្តៅខ្លួន កន្ទួលក្រហម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម បែកញើសទាំងត្រជាក់ ឡើងកន្ទួលក្រហម (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ឈឺពោះ រាករូស លាមកមានឈាម (រលាកពោះវៀនធំ)
- ក្តៅខ្លួន ក្អក ពិបាកដកដង្ហើម (ជំងឺរលាកសួតInterstitial pneumonia)
- ឈាមច្រមុះ ចេញឈាមតាមអញ្ចាញធ្មេញ មានស្នាមជាំពណ៌ស្វាយតាមស្បែក (ជំងឺប្លាកែតថយចុះ )
- អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកលឿង (មុខងារថ្លើមថយចុះ ខាន់លឿង)
- ក្តៅខ្លួន ស្នាមក្រហមលើស្បែក រមាស់ ភ្នែកក្រហម ដំបៅក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome))
- វិលមុខ បេះដូងលោតញាប់ (អាការៈនៃចង្វាក់បេះដូងដើរលឿនដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia) រួមទាំងTorsades de pointes, រយៈពេលនៃQTកើនឡើង)
-
អន្តរប្រតិកម្ម
・ឱសថដែលមានផ្ទុកសារធាតុErgotamine (Ergotamine tartrate, Dihydroergotamine mesylateជាដើម) - អាចធ្វើអោយសកម្មភាពរបស់ឱសថទាំងនេះកើនឡើង បង្កអោយមានការខ្វះឈាមទៅកាន់អវៈយវៈទាំងបួន ដូច្នេះហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・Theophylline - អាចធ្វើអោយសកម្មភាពរបស់Theophyllineកើនឡើង បង្កជាផលរំខានដូចជា ក្អួតចង្អោរ ។ល។
・Warfarin - អាចធ្វើអោយសកម្មភាពរបស់Warfarinកើនឡើង បង្កជាផលរំខានដូចជាការងាយហូរឈាម។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទម៉ាក្រូឡាយ(Macrolide antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp