Itraconazole
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំគ្រាប់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
-ជំងឺឆ្លងមេរោគផ្សិតនៅសរីរាង្គខាងក្នុង(ជំងឺឆ្លងមេរោគផ្សិតដែលស្ថិតនៅជ្រៅនៃរាងកាយ):ជំងឺឆ្លងមេរោគផ្សិតក្នុងឈាម ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវដង្ហើម ជំងឺរលាកស្រោមខួរដោយសារមេរោគផ្សិត ជំងឺឆ្លងមេរោគផ្សិតនៅក្រពះពោះវៀន ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវតម្រងនោម។
-ជំងឺឆ្លងមេរោគផ្សិតនៅស្រទាប់ជ្រៅនៃស្បែក:ជំងឺSporotrichosis ជំងឺChromomycosis។
-ជំងឺឆ្លងមេរោគផ្សិតនៅស្រទាប់លើនៃស្បែក(លើកលែងជំងឺផ្សិតនៅក្រចកTinea unguium:ជំងឺRingwormឬTinea(នៅតាមដងខ្លួន ដៃ ជើង ក្បាល) ជំងឺកង់ឌីដាស៊ីស(ក្នុងមាត់ ស្បែក ក្រចក ភា្នសសើម ស្បែកជាដើម) ជំងឺTinea versicolor ជំងឺMalassezia folliculitis។
-ជំងឺផ្សិតនៅក្រចក(OnychomycosisឬTinea unguium)
ករណីថ្នាំទឹក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
-ជំងឺឆ្លងមេរោគផ្សិត:ជំងឺឆ្លងមេរោគផ្សិតក្នុងឈាម ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវដង្ហើម ជំងឺរលាកស្រោមខួរដោយសារមេរោគផ្សិត ជំងឺឆ្លងមេរោគផ្សិតនៅក្រពះពោះវៀន ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវនោម ជំងឺកង់ឌីដាស៊ីសនៅក្នុងមាត់និងបំពង់ក ជំងឺកង់ឌីដាស៊ីសនៅក្នុងបំពង់អាហារ ជំងឺBlastomycosis ជំងឺHistoplasmosis ។
-ជំងឺគ្រាប់ឈាមសណឺត្រូហ្វីលថយចុះលក្ខណៈក្ដៅខ្លួន(Febrile neutropenia)ដែលសង្ស័យថាបណ្ដាលមកពីមេរោគផ្សិត។
-បង្ការការកើតមានជំងឺឆ្លងមេរោគផ្សិតដែលស្ថិតនៅជ្រៅចំពោះអ្នកជំងឺមហារីកគ្រាប់ឈាមនិងអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)ដែលអាចទាយដឹងថានឹងមានការថយចុះនៃណឺត្រូហ្វីល។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
-ជំងឺឆ្លងមេរោគផ្សិត:ជំងឺឆ្លងមេរោគផ្សិតក្នុងឈាម ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវដង្ហើម ជំងឺរលាកស្រោមខួរដោយសារមេរោគផ្សិត ជំងឺឆ្លងមេរោគផ្សិតនៅក្រពះពោះវៀន ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវនោម ជំងឺកង់ឌីដាស៊ីសនៅក្នុងមាត់និងបំពង់ក ជំងឺកង់ឌីដាស៊ីសនៅក្នុងបំពង់អាហារ ជំងឺBlastomycosis ជំងឺHistoplasmosis ។
-ជំងឺគ្រាប់ឈាមសណឺត្រូហ្វីលថយចុះលក្ខណៈក្ដៅខ្លួន(Febrile neutropenia)ដែលសង្ស័យថាបណ្ដាលមកពីមេរោគផ្សិត។
-
កម្រិតប្រើប្រាស់
ករណីថ្នាំគ្រាប់:
・ជំងឺឆ្លងមេរោគផ្សិតនៅក្នុងសរីរាង្គនៃរាងកាយ(ជំងឺឆ្លងមេរោគផ្សិតដែលស្ថិតនៅជ្រៅនៃរាងកាយ):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 100~200mg ក្រោយបរិភោគអាហាររួចភ្លាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្ដូរពីការប្រើឱសថនេះជាថ្នាំចាក់ ត្រូវប្រើថ្នាំគ្រាប់1ដង 200mg, 1ថ្ងៃ2ដង ក្រោយបរិភោគអាហាររួចភ្លាម។
・ជំងឺឆ្លងមេរោគផ្សិតនៅស្រទាប់ជ្រៅនៃស្បែក:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 100~200mg ក្រោយបរិភោគអាហាររួចភ្លាម។ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ 200mg។
・ជំងឺឆ្លងមេរោគផ្សិតនៅស្រទាប់លើនៃស្បែក(លើកលែងជំងឺផ្សិតនៅក្រចកTinea unguium):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 50~100mg ក្រោយបរិភោគអាហាររួចភ្លាម។ ចំពោះជំងឺកង់ឌីដាស៊ីស (Candidiasis)នៅក្រចក ប្រើ1ថ្ងៃ1ដង100mg ក្រោយបរិភោគអាហាររួចភ្លាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ 200mg។
・ជំងឺផ្សិតនៅក្រចកTinea unguium:
មនុស្សពេញវ័យ:លេប1ដង200mg, 1ថ្ងៃ2ដង ក្រោយបរិភោគអាហាររួចភ្លាម រយៈពេល1សប្ដាហ៍។ បន្ទាប់ពីនោះ ផ្អាកការប្រើឱសថរយៈពេល3សប្ដាហ៍ (1វដ្ត)។ អនុវត្តដូចនោះ អោយបានចំនួន3វដ្ត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមការចាំបាច់។
ករណីថ្នាំទឹក(1%):
-ជំងឺមេរោគផ្សិតក្នុងឈាម ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវដង្ហើម ជំងឺឆ្លងមេរោគផ្សិតនៅក្រពះពោះវៀន ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវនោម ជំងឺរលាកស្រោមខួរដោយសារមេរោគផ្សិត ជំងឺBlastomycosis ជំងឺHistoplasmosis:ពិសា 1ថ្ងៃ1ដង200mg(ត្រូវនឹង20mL) នៅពេលពោះទទេ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាគឺ 1ដង20mL, 1ថ្ងៃ40mL។
-ជំងឺកង់ឌីដាស៊ីស (Candidiasis)ក្នុងមាត់និងបំពង់ក ជំងឺកង់ឌីដាស៊ីស (Candidiasis)ក្នុងបំពង់អាហារ:ពិសា 1ថ្ងៃ1ដង200mg(ត្រូវនឹង20mL) នៅពេលពោះទទេ។
-ជំងឺគ្រាប់ឈាមសណឺត្រូហ្វីលថយចុះនិងមានអាការៈក្ដៅខ្លួនដែលសង្ស័យថាបណ្ដាលមកពីការឆ្លងមេរោគផ្សិត:ប្ដូរពីការប្រើឱសថនេះជាថ្នាំចាក់ ពិសា 1ថ្ងៃ1ដង 200mg(ត្រូវនឹង20mL) នៅពេលពោះទទេ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាគឺ 1ដង20mL, 1ថ្ងៃ40mL។
-បង្ការជំងឺឆ្លងមេរោគផ្សិតនៅសរីរាង្គក្នុងរាងកាយចំពោះអ្នកជំងឺមហារីកឈាមឬអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាមដែលគ្រាប់ឈាមសណឺត្រូហ្វីលអាចនឹងថយចុះ:ពិសា 1ថ្ងៃ1ដង 200mg(ត្រូវនឹង20mL) នៅពេលពោះទទេ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាគឺ 1ដង20mL, 1ថ្ងៃ40mL។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:នៅ2ថ្ងៃដំបូង ប្រើ1ថ្ងៃ400mg បែងចែកជា2ដងក្នុង1ថ្ងៃ ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ ចាប់ពីថ្ងៃទី3ទៅ ប្រើ1ថ្ងៃ1ដង 200mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ ត្រូវប្រើតម្រងដែលភ្ជាប់មកជាមួយឱសថនេះ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:Quinidine, Pimozide, Bepridil, Triazolam, Simvastatin, Azelnidipine, Nisoldipine, Ergotamine, Dihydroergotamine, Ergometrine, Methylergometrine, Vardenafil, Eplerenone, Blonanserin, Sildenafil, Tadalafil, Asunaprevir, Vaniprevir, Suvorexant, Ibrutinib, Ticagrelor, Aliskiren, Dabigatran, Rivaroxaban, Riociguat។
・អ្នកដែលកំពុងប្រើប្រាស់ឱសថColchicineនិងមានមុខងារតម្រងនោមឬមុខងារថ្លើមខ្សោយ។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺថ្លើមធ្ងន់ធ្ងរ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ (Ccr<30mL/min) (ករណីថ្នាំចាក់ដែលមានផ្ទុកសារធាតុ Hydroxypropyl-β-cyclodextrin ប៉ុណ្ណោះ)។
-
ផលរំខាន
ផលរំខានរួមមាន អារម្មណ៍មិនស្រួលក្នុងក្រពះ ចង់ក្អួត ឡើងកន្ទួលក្រហម ឈឺពោះ ខ្យល់ក្នុងពោះវៀននិងផោម រាករូស អស់កម្លាំង ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើមពេញខ្លួន ចង់ក្អួត ដង្ហក់ ពិបាកដកដង្ហើម (មុខងារបេះដូងធ្លាក់ចុះ ដក់ទឹកក្នុងសួត)។
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង ស្ទះទឹកប្រមាត់)
- ក្ដៅខ្លួនខ្លាំង ភ្នែកក្រហម រលាត់នៅតាមមាត់ មុខនិងខ្លួនឡើងក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)
- ពិបាកដកដង្ហើម រមាស់លើស្បែក ស្មារតីដឹងខ្លួនធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទ Interstitial pneumonia)
-
អន្តរប្រតិកម្ម
・ឱសថដូចខាងក្រោម:Quinidine, Pimozide, Bepridil, Triazolam, Simvastatin, Azelnidipine, Nisoldipine, Ergotamine, Dihydroergotamine, Ergometrine, Methylergometrine, Vardenafil, Eplerenone, Blonanserin, Sildenafil, Tadalafil, Asunaprevir, Vaniprevir, Suvorexant, Ibrutinib, Ticagrelor, Aliskiren, Dabigatran, Rivaroxaban, Riociguat - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង បណ្ដាលអោយមានផលរំខានធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើរួមគ្នា។
ក្រៅពីនេះ មានឱសថជាច្រើនទៀតដែលអាចប្រើរួមជាមួយឱសថនេះបាន ប៉ុន្តែត្រូវតាមដានផលរំខានរបស់ឱសថអោយបានដិតដល់។ សូមពិនិត្យមើលព័ត៌មានបន្ថែម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចផ្ដល់ផលរំខានដល់មុខងារថ្លើម ដូច្នេះ ក្នុងករណីប្រើឱសថនេះរយៈពេលវែង គួរធ្វើការពិនិត្យដើម្បីតាមដានមុខងារថ្លើមរបស់អ្នកជំងឺអោយបានទៀងទាត់។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងមេរោគផ្សិតប្រភេទTriazole antifungal ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតសារធាតុErgosterolនៃភ្នាសកោសិការបស់មេរោគ ធ្វើអោយមេរោគផ្សិតមិនអាចរស់រានឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp