Gabapentin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើរួមជាមួយឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀតនៅក្នុងការព្យាបាលអាការៈប្រកាច់ដោយផ្នែក(Partial seizures) (រួមទាំង Secondarily generalized seizures) ដែលការប្រើឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - មនុស្សពេញវ័យនិងកុមារអាយុ13ឆ្នាំឡើងទៅ:នៅថ្ងៃដំបូង លេប1ថ្ងៃ600mg បែងចែកជា3ដងក្នុង1ថ្ងៃ។ នៅថ្ងៃទី2 លេប1ថ្ងៃ1200mg បែងចែកជា3ដងក្នុង1ថ្ងៃ។ ចាប់ពីថ្ងៃទី3ទៅ លេប1ថ្ងៃ1200mg~1800mg បែងចែកជា3ដងក្នុង1ថ្ងៃ (កម្រិតប្រើជាប្រចាំ)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ2400mg។

      - កុមារអាយុ3~12ឆ្នាំ:នៅថ្ងៃដំបូង លេប1ថ្ងៃ10mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ។ នៅថ្ងៃទី2 លេប1ថ្ងៃ20mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ។ ចាប់ពីថ្ងៃទី3ទៅ កុមារអាយុ3~4ឆ្នាំលេប1ថ្ងៃ40mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ ហើយកុមារអាយុ5~12ឆ្នាំលេប1ថ្ងៃ25~35mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ (កម្រិតប្រើជាប្រចាំ)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ50mg/kg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ងងុយគេង វិលមុខ ឈឺក្បាល ភ្នែកស្រវាំង អស់កម្លាំង សាច់ដុំកន្ត្រាក់ កើនចំណង់អាហារ ទឹកមាត់ច្រើន ឡើងកន្ទួលក្រហម អារម្មណ៍មិននឹងនរ ទល់លាមក ក្អួត លេចនោម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បរិមាណទឹកនោមថយចុះ ហើមដៃជើងនិងមុខ អស់កម្លាំង (តម្រងនោមចុះខ្សោយស្រួចស្រាវ)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម ដំបៅក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome))

      - បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង ចង់ក្អួត (មុខងារថ្លើមមានបញ្ហា រលាកថ្លើម ខាន់លឿង)

      - ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺរលាយសាច់ដុំ(Rhabdomyolysis))

      - ហើមមុខ អណ្ដាត បបូរមាត់ និង បំពង់ក ពិបាកដកដង្ហើម កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបន្សាបជាតិអាស៊ីតក្នុងក្រពះ (Aluminium hydroxide, Magnesium hydroxide) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃGabapentinថយចុះ។ គួរពិសាឱសថGabapentin បន្ទាប់ពីប្រើឱសថបន្សាបជាតិអាស៊ីតយ៉ាងហោចណាស់រយៈពេល2ម៉ោង។

      ・ឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យ(Morphine) - អាចធ្វើអោយកើតមានរោគសញ្ញានៃការទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទកណ្ដាល ដូចជា ងងុយគេង ការដកដង្ហើមថយចុះ ។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ឱសថនេះអាចផ្ដល់ផលរំខានធ្វើអោយកើនទម្ងន់ ដូច្នេះ គួរប្រយ័ត្នចំពោះរបបអាហារនិងធ្វើលំហាត់ប្រាណ នៅពេលកើតមានរោគសញ្ញានៃការឡើងទម្ងន់។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងចម្លងអ៊ីយ៉ុងកាល់ស្យូម(Calcium channel) ដើម្បីទប់ស្កាត់លំហូរចូលនៃអ៊ីយ៉ុងកាល់ស្យូមចូលទៅក្នុងកោសិកាសរសៃប្រសាទមុនស៊ីណាប់(Presynaptic) ធ្វើអោយបង្អាក់ដល់ការបញ្ចេញសារធាតុដែលមានតួនាទីក្នុងការបញ្ជូនសញ្ញាសរសៃប្រសាទ។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពបង្កើនបរិមាណសារធាតុហ្កាបា(GABA)ដែលជាសារធាតុមានតួនាទីនៅក្នុងការកាត់បន្ថយសកម្មភាពផ្សេងៗនៅក្នុងខួរក្បាល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp