Furosemide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
<ប្រភេទរយៈពេលសកម្មភាពធម្មតា>
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសសម្ពាធឈាម (គ្មានជំងឺផ្សេងជាដើមហេតុ ឬ ដោយសារជំងឺតម្រងនោម ។ល។)
- ជំងឺលើសសម្ពាធឈាមដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗជាច្រើន (Malignant hypertension)។
- អាការៈហើមដោយសារជំងឺបេះដូង (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure))។
- អាការៈហើមដោយសារជំងឺតម្រងនោម។
- អាការៈហើមដោយសារជំងឺថ្លើម។
- រោគសញ្ញាមុនមករដូវ (Premenstrual syndrome, PMS)។
- អាការៈហើមដោយសារមានបញ្ហាសរសៃឈាមនៅតាមអវៈយវៈ។
- ជម្រុញការបញ្ចេញចោលនៃក្រួសក្នុងផ្លូវតម្រងនោម។
<ប្រភេទរយៈពេលសកម្មភាពវែង>
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសសម្ពាធឈាម (គ្មានជំងឺផ្សេងជាដើមហេតុ ឬ ដោយសារជំងឺតម្រងនោម ។ល។)
- ជំងឺលើសសម្ពាធឈាមដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗជាច្រើន (Malignant hypertension)។
- អាការៈហើមដោយសារជំងឺបេះដូង (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure))។
- អាការៈហើមដោយសារជំងឺតម្រងនោម។
- អាការៈហើមដោយសារជំងឺថ្លើម។
- អាការៈហើមខួរក្បាល។
- ជម្រុញការបញ្ចេញចោលនៃក្រួសក្នុងផ្លូវតម្រងនោម។
- អាការៈខ្សត់ទឹកនោមដោយសារបញ្ហាខ្សោយតម្រងនោម (លក្ខណៈស្រួចស្រាវ និង រ៉ាំរ៉ៃ)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
<ប្រភេទរយៈពេលសកម្មភាពធម្មតា>
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 40~80mg (ថ្នាំម្សៅ4%ត្រូវនឹង1~2g)ប្រើរាល់ថ្ងៃឬ2ថ្ងៃម្ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ អាចមានករណីដែលគេប្រើឱសថនេះក្នុងកម្រិតខ្ពស់ ចំពោះជំងឺខ្សោយតម្រងនោមជាដើម។ ករណីប្រើចំពោះជំងឺលើសសម្ពាធឈាមដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗជាច្រើន (Malignant hypertension) ជាទូទៅ ត្រូវប្រើរួមជាមួយឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀត។
<ប្រភេទរយៈពេលសកម្មភាពវែង>
មនុស្សពេញវ័យ:លេប1ដង 40mg 1ថ្ងៃ1~2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង 20mg ចាក់តាមសរសៃវ៉ែនឬចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ អាចមានករណីដែលគេប្រើឱសថនេះក្នុងកម្រិតខ្ពស់ ចំពោះជំងឺខ្សោយតម្រងនោមជាដើម។ ករណីប្រើចំពោះជំងឺលើសសម្ពាធឈាមដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗជាច្រើន (Malignant hypertension) ជាទូទៅ ត្រូវប្រើរួមជាមួយឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀត។
ចំពោះអាការៈខ្សត់ទឹកនោមដោយសារបញ្ហាខ្សោយតម្រងនោម (លក្ខណៈស្រួចស្រាវ និង រ៉ាំរ៉ៃ) ប្រើ20~40mg ចាក់តាមសរសៃវ៉ែន។ ក្រោយបញ្ជាក់ថាមិនមានប្រតិកម្មបញ្ចុះទឹកនោមទេនោះ ប្រើ100mg ចាក់តាមសរសៃវ៉ែន។ ក្នុងអំឡុងពេល2ម៉ោងបន្ទាប់ពីប្រើឱសថនេះ ប្រសិនប្រើមិនទទួលបានទឹកនោមបរិមាណច្រើនជាង40mL/ម៉ោងនោះទេ អាចបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗ។ បន្ទាប់ពីនោះ អាចប្រែប្រួលកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ប៉ុន្តែ កម្រិតប្រើអតិបរមាគឺ 500mg/ដង និង 1000mg/ថ្ងៃ។ ល្បឿននៃការបញ្ចូលឱសថនេះគឺ 4mg ឬតិចជាងនេះក្នុង1នាទី។
-
ហាមប្រើ
ករណីប្រើនៅក្នុងការព្យាបាលអាការៈខ្សត់ទឹកនោមដោយសារបញ្ហាខ្សោយតម្រងនោម (លក្ខណៈស្រួចស្រាវ និង រ៉ាំរ៉ៃ)
・អ្នកជំងឺដែលមិនមានការបញ្ចេញទឹកនោម។
・អ្នកដែលខ្សោយតម្រងនោមដោយសារសារធាតុពុលប៉ះពាល់តម្រងនោមឬថ្លើម។
・អ្នកជំងឺខ្សោយតម្រងនោមដែលកំពុងស្ថិតនៅក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារបញ្ហាថ្លើម។
・អ្នកដែលកំពុងមានកម្រិតសូដ្យូមនិងប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប។
・អ្នកដែលមានការថយចុះនៃបរិមាណឈាមក្នុងរាងកាយឬសម្ពាធឈាមចុះទាបធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទSulfonamide។
ករណីប្រើក្រៅអំពីការព្យាបាលអាការៈខ្សត់ទឹកនោមដោយសារបញ្ហាខ្សោយតម្រងនោម (លក្ខណៈស្រួចស្រាវ និង រ៉ាំរ៉ៃ)
・អ្នកជំងឺដែលមិនមានការបញ្ចេញទឹកនោម។
・អ្នកជំងឺដែលកំពុងស្ថិតនៅក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារបញ្ហាថ្លើម។
・អ្នកដែលកំពុងមានកម្រិតសូដ្យូមនិងប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទSulfonamide។
-
ផលរំខាន
ផលរំខានរួមមាន ស្ងួតក អស់កម្លាំង ឈឺក្បាល ក្អួតចង្អោរ អាការៈខ្វះឈាម កន្ទាលត្រអាក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ រមាស់ស្បែក រលាកស្បែកមានកើតពងទឹក ស្នាមស្វាយជាំលើស្បែក ខាន់លឿង ប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រមាស់ស្បែក ដង្ហក់ បែកញើសទាំងត្រជាក់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្ដៅខ្លួន ឈឺបំពង់ក អស់កម្លាំង (ជំងឺខ្វះឈាមប្រភេទAplastic anemia, រោគសញ្ញានៃការថយចុះគ្រាប់ឈាមសឬប្លាកែត ជាដើម)
- ស្នាមក្រហមលើស្បែក ពងទឹកលើស្បែក រមាស់ស្បែក (ជំងឺពងទឹកលើស្បែកនិងមានអាការៈរមាស់ខ្លាំង (ជំងឺPemphigoid))
- សមត្ថភាពស្ដាប់ធ្លាក់ចុះ អារម្មណ៍ស្ទះក្នុងត្រចៀក វិលមុខ (ជំងឺធ្ងន់ត្រចៀក)
- ក្ដៅខ្លួនខ្លាំង(លើសពី38℃) ស្នាមក្រហមនិងពងទឹកលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN) ជាដើម)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទអាមីនដែលបង្កើនសម្ពាធឈាម (Adrenaline, Noradrenaline) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។
・ឱសថTubocurarine chloride hydrate - អាចធ្វើអោយសកម្មភាពស្ពឹកកើនឡើង ដូច្នេះ ករណីប្រើរួមគ្នាចំពោះអ្នកជំងឺមុនវះកាត់ គួរផ្អាកការប្រើប្រាស់ឱសថFurosemideជាបណ្ដោះអាសន្នជាមុនសិន។
・ឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀត - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។
・ឱសថប្រភេទACE Inhibitors, ឱសថប្រភេទARB - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង និង ប៉ះពាល់ដល់មុខងារតម្រងនោម។
・ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosides (Gentamicin sulfate, Amikacin sulfate ជាដើម) - អាចបង្កើនហានិភ័យនៃការប៉ះពាល់សរសៃប្រសាទខួរក្បាលទី8។
・ឱសថCisplatin - អាចបង្កើនហានិភ័យនៃការប៉ះពាល់សោតវិញាណ។
・ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosides (Gentamicin sulfate, Amikacin sulfate ជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទCephalosporin (Cefalothine sodium ជាដើម) - អាចបង្កើនហានិភ័យនៃការប៉ះពាល់មុខងារតម្រងនោម។
・ឱសថDigitalis (Digitoxin, Digoxin) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
・ឱសថប្រភេទស្តេរ៉ូអ៊ីត(Hydrocortisone), ឱសថACTH, ឱសថGlycyrrhizin, ឱសថបុរាណដែលមានផ្ទុកសារធាតុGlycyrrhiza - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប។
・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។
・ឱសថប្រភេទSGLT2 inhibitors - អាចធ្វើអោយសកម្មភាពបញ្ចុះទឹកនោមកាន់តែខ្លាំង។ ដូច្នេះ ត្រូវប្រយ័ត្នចំពោះអាការៈខ្សោះជាតិទឹក។
・ឱសថLithium carbonate - អាចធ្វើអោយកើតមានអាការៈនៃការពុលLithium។
・ឱសថប្រភេទSalicylic acid (Sodium salicylate, Aspirin) - អាចធ្វើអោយកើតមានអាការៈនៃការពុលឱសថប្រភេទSalicylic acid។
・ឱសថប្រភេទNSAID (Indometacin) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះទឹកនោមនៃឱសថFurosemideថយចុះ។
・ឱសថជម្រុញការបញ្ចេញចោលនៃអាស៊ីតអ៊ុយរិច(Probenecid) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចេញអាស៊ីតអ៊ុយរិចនៃឱសថនេះថយចុះ។
・ឱសថCarbamazepine - អាចធ្វើអោយកម្រិតសូដ្យូមក្នុងឈាមថយចុះ។
・ឱសថColforsin daropate hydrochloride - អាចធ្វើអោយកើតមានអាការៈខុសប្រក្រតីនៃចង្វាក់បេះដូង។
・ឱសថCiclosporin - អាចធ្វើអោយកើតមានអាការៈឈឺសន្លាក់ដោយសារអាស៊ីតអ៊ុយរិច។
・ឱសថប្រភេទV2- receptor antagonist (Mozavaptan hydrochloride) - អាចធ្វើអោយសកម្មភាពបញ្ចុះទឹកនោមកាន់តែខ្លាំង។ ដូច្នេះ ត្រូវប្រយ័ត្នចំពោះអាការៈខ្សោះជាតិទឹក។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយកើតមានអាការៈវិលមុខដោយសារសម្ពាធឈាមធ្លាក់ចុះ ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ឬធ្វើការនៅទីកន្លែងខ្ពស់។
・ឱសថនេះមានសកម្មភាពបញ្ចុះទឹកនោម ដូច្នេះ គួរប្រើប្រាស់ឱសថនេះនៅពេលថ្ងៃ ដោយចៀសវាងប្រើប្រាស់នៅពេលយប់ ព្រោះអាចរំខានដល់ដំណេក។ (ករណីថ្នាំលេប:)
・នៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះរយៈពេល1ទៅ2សប្ដាហ៍ដំបូង បរិមាណទឹកនោមអាចកើនឡើងច្រើនបន្ទាប់ពីលេបថ្នាំបានរយៈពេលប៉ុន្មានសិបនាទីទៅ3ម៉ោងដំបូង។ (ករណីថ្នាំលេប:)
・ប្រសិទ្ធិភាពបញ្ចុះទឹកនោមមានលក្ខណៈខ្លាំងជាងគេក្នុងចំណោមឱសថបញ្ចុះទឹកនោមទាំងអស់ និងជាឱសថដែលមានតួនាទីសំខាន់នៅក្នុងការព្យាបាលជំងឺខ្សោយបេះដូង។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុសូដ្យូម(Na)និងក្លរ(Cl)នៅក្នុងផ្នែកទាំងអស់(Proximal tubule, Distal tubule, Loop of Henle)នៃបំពង់តម្រងនោម(Renal tubule) ធ្វើអោយបរិមាណទឹកនោមបញ្ចេញចោលមានការកើនឡើង។ ជាលទ្ធផល បរិមាណទឹកនៃឈាមនៅក្នុងរាងកាយថយចុះ ហើយសម្ពាធឈាមក៏ធ្លាក់ចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp