Fenofibrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសកម្រិតជាតិខ្លាញ់ក្នុងឈាម (រួមទាំងករណីតំណពូជ)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 106.6~160mg ក្រោយបរិភោគអាហារ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត1ថ្ងៃ160mgនោះទេ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាថ្លើម។

      ・អ្នកដែលមានបញ្ហាតម្រងនោមចាប់ពីកម្រិតមធ្យមឡើងទៅ។

      ・អ្នកដែលមានជំងឺទាក់ទងនឹងថង់ទឹកប្រមាត់។

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថបញ្ចុះខ្លាញ់ក្នុងឈាមប្រភេទHMG-CoA reductase inhibitors - អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោមនិងបង្កអោយកើតមានជំងឺរលាយសាច់ដុំ(Rhabdomyolysis)។

    • ផលរំខាន

      ផលរំខានរួមមាន មិនស្រួលក្នុងក្រពះ ចង់ក្អួត ដំបៅក្នុងមាត់ ក្ដៅខ្លួន នោមញឹក ឈឺសាច់ដុំ ឡើងកន្ទួលក្រហម ហើម រមាស់ស្បែក កន្ទាលត្រអាក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ជ្រុះរោមឬសក់។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺសាច់ដុំ គ្មានកម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))

      - រួយខ្លួន បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ)

      - ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង ក្ដៅខ្លួន ចង់ក្អួត (រលាកលំពែង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះខ្លាញ់ក្នុងឈាមប្រភេទHMG-CoA reductase inhibitors (Pravastatin, Simvastatin, Fluvastatinជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោមនិងបង្កអោយកើតមានជំងឺរលាយសាច់ដុំ(Rhabdomyolysis)។

      ・ឱសថWarfarin - អាចធ្វើអោយសកម្មភាពនៃWarfarinកើនឡើង។

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាមប្រភេទSulfonylureas(Glibenclamide, Glimepirideជាដើម) - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថColestimide, ឱសថColestyramine - អាចធ្វើអោយការស្រូបសារធាតុFenofibrateថយចុះ។ ដូច្នេះ គួរប្រើប្រាស់ឱសថFenofibrateនៅ1ម៉ោងមុនឬយ៉ាងហោចណាស់4ម៉ោងក្រោយបន្ទាប់ពីប្រើប្រាស់ឱសថទាំងនេះ។

      ・ឱសថCiclosporin - អាចធ្វើអោយផលប៉ះពាល់តម្រងនោមកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ស្របពេលជាមួយនឹងការប្រើប្រាស់ឱសថនេះ ព្រមទាំងគួរកាត់បន្ថយការជក់បារីនិងព្យាបាលជំងឺលើសសម្ពាធឈាមផងដែរ ដើម្បីបង្ការការកើតមានជំងឺត្បៀតឬស្ទះសរសៃឈាមបេះដូង។

      ・ដោយសារឱសថនេះធ្វើអោយងាយកើតមានក្រួសទឹកប្រមាត់ មិនគួរប្រើឱសថនេះចំពោះអ្នកជំងឺដែលធ្លាប់កើតមានជំងឺក្រួសទឹកប្រមាត់នោះទេ។ ម្យ៉ាងទៀត ឱសថនេះអាចនឹងបង្កើនសកម្មភាពនៃឱសថបញ្ចុះជាតិស្ករក្នុងឈាមឬឱសថប្រឆាំងកំណកឈាម(Warfarin ជាដើម) ដូច្នេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នករណីប្រើឱសថទាំងនេះរួមគ្នា។

      ・គួរប្រើឱសថហ្វីប្រាតនៅក្រោយបរិភោគអាហារ ទើបការស្រូបសារធាតុឱសថប្រព្រឹត្តទៅបានល្អ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលPPARαដែលមានតួនាទីនៅក្នុងការសំយោគប្រូតេអ៊ីនជាច្រើនប្រភេទ ដោយបង្ហាញប្រសិទ្ធិភាពនៅក្នុងការកែលម្អកម្រិតជាតិខ្លាញ់នៅក្នុងរាងកាយដូចខាងក្រោម ៖

      (1) កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលនៅក្នុងឈាម តាមរយៈការទប់ស្កាត់ដំណើរការផលិតសារធាតុកូឡេស្តេរ៉ូលនៅក្នុងថ្លើមនិងជម្រុញការបញ្ចេញកូឡេស្តេរ៉ូលទៅក្នុងទឹកប្រមាត់។

      (2) កាត់បន្ថយកម្រិតទ្រីគ្លីសេរីត(Triglyceride)នៅក្នុងឈាម តាមរយៈការជម្រុញសកម្មភាពនៃអង់ស៊ីមដែលមានមុខងារបំបែកសារធាតុទ្រីគ្លីសេរីត ព្រមទាំងទប់ស្កាត់ដំណើរការផលិតសារធាតុនេះនៅក្នុងថ្លើម។

      (3) បង្កើនបរិមាណកូឡេស្តេរ៉ូលដែលភ្ជាប់ជាមួយនឹងម៉ូលេគុលHDL (HDL cholesterol ឬ កូឡេស្តេរ៉ូលល្អ)នៅក្នុងឈាម តាមរយៈការជម្រុញដំណើរការផលិតប្រូតេអ៊ីនមួយចំនួនដែលជាធាតុផ្សំសំខាន់នៃម៉ូលេគុលHDL។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp