Donepezil hydrochloride

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់ការវិវត្តន៍នៃរោគសញ្ញាវង្វេង ដែលកើតមាននៅក្នុងជំងឺវង្វេងប្រភេទអាល់ស៍ហាយមើ(Dementia of Alzheimer's type) និង ជំងឺវង្វេងប្រភេទឡេវី(Dementia with Lewy Bodies)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺវង្វេងប្រភេទអាល់ហ្សឺហាយមើ (Alzheimer dementia):

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង3mg (ថ្នាំម្សៅ0.5%ត្រូវនឹង0.6g, ថ្នាំម្សៅ1%ត្រូវនឹង0.3g) រយៈពេល1~2សប្ដាហ៍។ បន្ទាប់ពីនោះ បង្កើនកម្រិតដល់1ថ្ងៃ1ដង5mg(ថ្នាំម្សៅ0.5%ត្រូវនឹង1.0g, ថ្នាំម្សៅ1%ត្រូវនឹង0.5g)។ ចំពោះអ្នកជំងឺកម្រិតធ្ងន់ ប្រើក្នុងកម្រិត5mg(ថ្នាំម្សៅ0.5%ត្រូវនឹង1.0g, ថ្នាំម្សៅ1%ត្រូវនឹង0.5g)រយៈពេលលើសពី4សប្ដាហ៍ បន្ទាប់មក បង្កើនកម្រិតដល់10mg(ថ្នាំម្សៅ0.5%ត្រូវនឹង2.0g, ថ្នាំម្សៅ1%ត្រូវនឹង1.0g)។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរោគសញ្ញា។

      ・ករណីជំងឺវង្វេងប្រភេទឡេវី(Lewy body dementia):

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង3mg(ថ្នាំម្សៅ0.5%ត្រូវនឹង0.6g, ថ្នាំម្សៅ1%ត្រូវនឹង0.3g) រយៈពេល1~2សប្ដាហ៍។ បន្ទាប់ពីនោះ បង្កើនកម្រិតដល់1ថ្ងៃ1ដង5mg(ថ្នាំម្សៅ0.5%ត្រូវនឹង1.0g, ថ្នាំម្សៅ1%ត្រូវនឹង0.5g)។ ប្រើក្នុងកម្រិត5mg(ថ្នាំម្សៅ0.5%ត្រូវនឹង1.0g, ថ្នាំម្សៅ1%ត្រូវនឹង0.5g)រយៈពេលលើសពី4សប្ដាហ៍ បន្ទាប់មក បង្កើនកម្រិតដល់10mg(ថ្នាំម្សៅ0.5%ត្រូវនឹង2.0g, ថ្នាំម្សៅ1%ត្រូវនឹង1.0g)។ អាចបន្ថយកម្រិតប្រើប្រាស់មកត្រឹម5mg(ថ្នាំម្សៅ0.5%ត្រូវនឹង1.0g, ថ្នាំម្សៅ1%ត្រូវនឹង0.5g) ទៅតាមស្ថានភាពរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទPiperidine។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត រាករូស ឈឺពោះ នៅមិនស្ងៀម អារម្មណ៍មិនស្ងប់ គេងមិនលក់ ដើរវិលវល់ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺទ្រូង ពិបាកដកដង្ហើម បាត់បង់ស្មារតី (QTអូសបន្លាយ ញ័រថតក្រោមនៃបេះដូង ស្ទះសរសៃឈាមបេះដូង ខ្សោយបេះដូង ជាដើម)

      - ក្រហាយទ្រូង ឈឺទ្រូង លាមកខ្មៅ លាមកមានឈាម ក្ដៅខ្លួន (ដំបៅក្រពះពោះវៀន ដំបៅឬធ្លាយគល់ពោះវៀនតូច ហូរឈាមនៅប្រដាប់រំលាយអាហារ)

      - ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមមានបញ្ហា ខាន់លឿង)

      - សាច់ដុំកន្ត្រាក់ ឈឺក្បាលខ្លាំង ចង់ក្អួត ក្អួត (ហូរឈាមក្នុងខួរក្បាល បញ្ហាសរសៃឈាមបេះដូង)

      - ចលនាយឺតៗ ចលនាមាត់ អណ្ដាត ដៃជើងដែលមិនអាចគ្រប់គ្រងបាន ការកន្ត្រាក់សាច់ដុំខុសប្រក្រតី ញ័រដៃជើង (Extrapyramidal tract disorder)

      - ក្ដៅខ្លួនខ្លាំង រឹងសាច់ដុំ ស្មារតីដឹងខ្លួនធ្លាក់ចុះ (Syndrome malin)

      - ឈឺសាច់ដុំ អស់កម្លាំង ទឹកនោមពណ៌ក្រហមត្នោត (Rhabdomyolysis)

      - ដង្ហក់ ពិបាកដកដង្ហើម

      - ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង ចង់ក្អួត ក្អួត (រលាកលំពែងស្រួចស្រាវ)

      - ហើមខ្លួន បរិមាណទឹកនោមថយចុះ (បញ្ហាតម្រងនោមស្រួចស្រាវ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថSuxamethonium chloride hydrate - អាចធ្វើអោយសកម្មភាពបន្ធូរសាច់ដុំកើនឡើង។

      ・ឱសថបង្កើនសកម្មភាពអាសេទីលកូលីន(Acetylcholine chloride, Carpronium chloride, Bethanechol chloride, Aclatonium napadisilate), ឱសថទប់ស្កាត់អង់ស៊ីមCholinesterase(Ambenonium chloride, Distigmine bromide, Pyridostigmine, Neostigmine ជាដើម) - អាចធ្វើអោយសកម្មភាពភ្ញោចសរសៃប្រសាទអាសេទីលកូលីនកើនឡើង។

      ・ឱសថទប់ស្កាត់អង់ស៊ីមCYP3A (Itraconazole, Erythromycin ជាដើម), ឱសថBromocriptine mesilate, ឱសថIstradefylline, ឱសថQuinidine - អាចធ្វើអោយសកម្មភាពនៃDonepezilកើនឡើង។

      ・ឱសថCarbamazepine, Dexamethasone, Phenytoin, Phenobarbital, Rifampicin ជាដើម - អាចធ្វើអោយសកម្មភាពនៃDonepezilថយចុះ។

      ・ឱសថប្រឆាំងអាសេទីលកូលីន (Trihexyphenidyl hydrochloride, Biperiden hydrochloride, Mazaticol hydrochloride hydrate, Metixene hydrochloride, Biperiden hydrochloride, Butylscopolammonium bromide, Atropine sulfate hydrate ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងថយចុះ។

      ・ឱសថបំបាត់ការឈឺចាប់ប្រភេទNSAIDs - អាចធ្វើអោយកើតមានជំងឺដំបៅក្រពះពោះវៀន។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អ្នកដែលមានជំងឺវង្វេងវង្វាន់ អាចមានសមត្ថភាពធ្លាក់ចុះទាក់ទងនឹងការបញ្ជារថយន្តជាដើម។ ម្យ៉ាងទៀត នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ឱសថនេះទប់ស្កាត់ការវិវត្តនៃរោគសញ្ញាភ្លេចភ្លាំងចំពោះអ្នកជំងឺកម្រិតស្រាលដល់កម្រិតធ្ងន់។

      ・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានប៉ះពាល់ក្រពះពោះវៀន នៅពេលបង្កើនកម្រិតប្រើប្រាស់ឱសថ។ ម្យ៉ាងទៀត ក៏ត្រូវប្រុងប្រយ័ត្នផងដែរចំពោះឥទ្ធិពលធ្វើអោយជីពចរដើរយឺត QTអូសបន្លាយ ការស្ទះការបញ្ជូនសញ្ញនៅក្នុងបេះដូង ។ល។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមអាសេទីកូលីនអេស្តឺរេស(Acetylcholinesterase) ដែលជាអង់ស៊ីមបំបែកសារធាតុអាសេទីលកូលីន(Acetylcholine, AChE)។ អាសេទីលកូលីនជាសារធាតុមានតួនាទីបញ្ជូនសញ្ញានៅក្នុងខួរក្បាល ដោយគេបានរកឃើញថាប្រព័ន្ធសរសៃប្រសាទភ្ញោចដោយសារធាតុនេះមានលក្ខណៈខុសប្រក្រតីនៅក្នុងអ្នកដែលមានជំងឺវង្វេងវង្វាន់។ ដូច្នេះ ការទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមអាសេទីកូលីនអេស្តឺរេសអាចធ្វើអោយបរិមាណអាសេទីលកូលីនកើនឡើង ដើម្បីកែលម្អរោគសញ្ញាផ្សេងៗនៃជំងឺវង្វេងវង្វាន់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp