Betamethasone
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺទាក់ទងនឹងការបញ្ចេញអរម៉ូនក្នុងរាងកាយ (ជំងឺកើនឡើងខុសប្រក្រតីនៃអរម៉ូនក្រពេញទីរ៉ូអ៊ីត(Thyrotoxicosis), ជំងឺចុះខ្សោយមុខងារAdrenal cortexស្រួចស្រាវឬរ៉ាំរ៉ៃ(Adrenocortical insufficiency), ជំងឺទាក់ទងនឹងសរីរាង្គបន្តពូជដោយសារការបញ្ចេញអរម៉ូនភេទច្រើនខុសប្រក្រតីពីAdrenal cortex (Adrenogenital syndrome) ជំងឺកង្វះACTH (Isolated ACTH deficiency))
- ជំងឺទាក់ទងនឹងភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (ជំងឺរូម៉ាទីស(Rheumatism), ជំងឺអេរីតេម៉ាតូស(Lupus erythematosus))
- ជំងឺតម្រងនោមNephrosisឬNephrotic syndrome
- ជំងឺបេះដូងCongestive heart failure
- ជំងឺទាក់ទងនឹងរោគប្រតិកម្ម (ជំងឺហឺត, ជំងឺរលាកទងសួតលក្ខណៈហឺត(Asthmatic bronchitis), រោគប្រតិកម្មទល់នឹងឱសថឬសារធាតុគីមីផ្សេងៗ)
- ជំងឺឆ្លងលក្ខណៈធ្ងន់ធ្ងរ
- ជំងឺទាក់ទងនឹងប្រព័ន្ធឈាម (ជំងឺខ្វះឈាមប្រភេទHemolytic anemiaឬAplastic anemia ជំងឺមហារីកគ្រាប់ឈាមស ជំងឺខ្វះឈាមប្រភេទAplastic anemia។ល។)
- ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ (ជំងឺរលាកពោះវៀនមិនរាលដាល, ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis))
- ជំងឺក្រិនថ្លើម ជំងឺរលាកថ្លើមប្រភេទស្ទះទឹកប្រមាត់ ជំងឺរលាកថ្លើមរ៉ាំរ៉ៃ
- ជំងឺទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumoniaលក្ខណៈរាលដាល ជំងឺក្រិនសួត ជំងឺរលាកសួតដោយសារវិទ្យុសកម្ម)
- ជំងឺរបេង
- ជំងឺទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ (ជំងឺរលាកខួរក្បាលឬខួរឆ្អឹងខ្នង, ជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis) ជាដើម)
- ជំងឺមហារីកកោសិកានៃប្រព័ន្ធទឹករងៃ(Malignant lymphoma)
- ជំងឺកម្រិតជាតិស្ករក្នុងឈាមទាប(Idiopathic hypoglycemia)
- រោគសញ្ញាក្រោយពីការវះកាត់ក្រពេញអាដ្រេណាល់(Adrenal gland) ឬ ការវះកាត់ផ្លាស់ប្ដូរសរីរាង្គឬជាលិកា
- ពិសពស់ ពិសសត្វល្អិត
- ជំងឺមហារីកក្រពេញប្រូស្តាត
- អាការៈរលាក ឡើងកន្ទួលក្រហមឬរមាស់លើស្បែកដោយសារជំងឺស្បែកផ្សេងៗ
- ជំងឺរលាកភ្នែក ក្នុងភ្នែក ឬ សរសៃប្រសាទភ្នែក
- ជំងឺរលាកក្នុងត្រចៀកច្រមុះបំពង់ក រលាកក្រពេញទឹកមាត់
- ជំងឺដំបៅមាត់ឬរលាកអណ្ដាតដែលពិបាកព្យាបាល។
សម្គាល់ ៖ ឱសថនេះអាចប្រើចំពោះជំងឺផ្សេងទៀតជាច្រើនក្រៅអំពីជំងឺខាងលើនេះ។ សូមពិនិត្យមើលព័ត៌មានបន្ថែម។
ករណីថ្នាំសុលតាមទ្វារធំ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ (Ulcerative colitis) ប្រភេទរលាកចុងពោះវៀនធំ(Rectum)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
- មនុស្សពេញវ័យ:ពិសារ1ថ្ងៃ0.5~8mg ដោយបែងចែកជា1~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:ពិសារ1ថ្ងៃ0.15~4mg ដោយបែងចែកជា1~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំសុលតាមទ្វារធំ:
នៅដំណាក់កាលដំបូង ប្រើ1ថ្ងៃ0.5~2.0mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ សុលតាមទ្វារធំ។ បន្ទាប់ពីនោះ អាចបន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗទៅតាមរោគសញ្ញា ប៉ុន្តែ ក៏អាចបង្កើនកម្រិតប្រើប្រាស់ផងដែរក្នុងករណីចាំបាច់។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់ ៖
1. អ្នកដែលកំពុងមានជំងឺឆ្លងដែលមិនទាន់រកឃើញវិធីព្យាបាលដែលមានប្រសិទ្ធិភាពនៅឡើយ ឬ អ្នកដែលកំពុងមានជំងឺផ្សិតពេញរាងកាយ។
2. អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។
3. អ្នកដែលមានជំងឺផ្នែកស្មារតី។
4. អ្នកដែលមានជំងឺរបេង។
5. អ្នកដែលមានជំងឺរលាកកញ្ចក់ភ្នែកដោយសារវីរុសHerpes simplex virus។
6. អ្នកដែលមានជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract។
7. អ្នកដែលមានជំងឺក្លូកូម(Glaucoma)។
8. អ្នកដែលមានជំងឺលើសសម្ពាធឈាម។
9. អ្នកដែលមានកម្រិតអេឡិចត្រូឡាយ(Electrolyte)ក្នុងខ្លួនខុសប្រក្រតី។
10. អ្នកដែលមានជំងឺកំណកឈាម។
11. អ្នកដែលទើបទទួលការវះកាត់សរីរាង្គខាងក្នុងរាងកាយ។
12. អ្នកដែលកើតមានជំងឺស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រាករូស ក្អួតចង្អោរ ឈឺក្រពះ ក្រហាយទ្រូង សម្ពាធឈាមកើនឡើង គេងមិនលក់ វិលមុខ ឈឺសាច់ដុំឬសន្លាក់ ហើម បញ្ហាមករដូវ ហើមពោះ ភ្នែកមើលមិនសូវច្បាស់ ភ្នែកលៀន មុន ជ្រុះរោមឬដុះរោមច្រើន ស្នាមជាំលើស្បែក របួសក្រជា មុខមូល។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្ដៅខ្លួន អាការៈស្រដៀងផ្ដាសាយ អស់កម្លាំង (ជំងឺឆ្លងបណ្ដាលមកពីវីរុស បាក់តេរី មេរោគផ្សិត។ល។)
- ស្ងួតក ផឹកទឹកច្រើន នោមច្រើន (ជំងឺទឹកនោមផ្អែម)
- ចង់ក្អួត លាមកមានពណ៌ខ្មៅ ឈឺពោះ (ដំបៅក្រពះឬពោះវៀន ធ្លាយក្រពះឬពោះវៀន)
- ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង ក្ដៅខ្លួន (រលាកលំពែង)
- អារម្មណ៍ធ្លាក់ទឹកចិត្ត ស្មារតីមិននឹងនរ (ជំងឺផ្នែកស្មារតី)
- ឈឺនៅផ្នែកចង្កេះនិងខ្នង ឈឺសន្លាក់នៅគល់ភ្លៅ សាច់ដុំរឹងនិងស្ពឹក (ជំងឺពុកឆ្អឹង ជំងឺខូចក្បាលឆ្អឹងនៃឆ្អឹងដើមដៃនិងឆ្អឹងភ្លៅ ជំងឺទាក់ទងនឹងសាច់ដុំជាដើម)
- ស្រវាំងភ្នែក ទំហំនៃគំហើញរួមតូច ឈឺភ្នែក ចាំងភ្នែក(ជំងឺក្លូកូម(Glaucoma) ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract ជាដើម)
- ហើមនិងឈឺជើង ដង្ហក់ ឈឺទ្រូងនិងក្បាល (ជំងឺកំណកឈាម(Thrombosis))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថPhenobarbital, Phenytoin, Rifampicin - អាចធ្វើអោយប្រសិទ្ធិភាពនៃBetamethasoneថយចុះ។
・ឱសថប្រភេទSalicylic acid (Aspirin, Aspirin dialuminate, Sasapyrineជាដើម) - អាចធ្វើអោយផលរំខាននៃឱសថទាំងនេះកើតឡើង។
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយប្រសិទ្ធិភាពប្រឆាំងកំណកឈាមនៃWarfarinថយចុះ។
・ឱសថបញ្ចុះជាតិស្ករក្នុងឈាម(Buformin, Chlorpropamide, Acetohexamideជាដើម) ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមថយចុះ។
・ឱសថបញ្ចុះទឹកនោម(លើកលែងប្រភេទរក្សាកម្រិតប៉ូតាស្យូម)(Trichlormethiazide, Hydrochlorothiazide, Furosemide, Acetazolamideជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះ។
・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCiclosporinកើនឡើង។
・ឱសថErythromycin - អាចធ្វើអោយសកម្មភាពនៃBetamethasoneកើនឡើង។
・ឱសថVecuronium bromide, Pancuronium bromide - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះប្រែប្រួល។
・ឱសថRitodrine hydrochloride - អាចធ្វើអោយកើតមានជំងឺទឹកដក់ក្នុងសួត។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតឡើងនៃជំងឺអុតស្វាយឬកញ្ច្រិល ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។
・សម្រាប់អ្នកជំងឺដែលប្រើប្រាស់ឱសថនេះរយៈពេលវែងឬក្នុងកម្រិតខ្ពស់ឬក្នុងអំឡុងពេល6ខែបន្ទាប់ពីឈប់ប្រើឱសថនេះ ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺអាចកំពុងមានការធ្លាក់ចុះ ដូច្នេះ គួរចៀសវាងការចាក់វ៉ាក់សាំងរស់(Live vaccine)។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាក អាការៈប្រតិកម្ម។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp