Alprazolam

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញាផ្សេងៗនៃជំងឺផ្លូវចិត្តដែលប៉ះពាល់ដល់សុខភាពរាងកាយ (Psychosomatic disorder, PSD) រួមមាន រោគសញ្ញាផ្នែករាងកាយដូចជា ជំងឺពោះវៀនងាយប្រតិកម្ម(Irritable bowel syndrom, IBS)) ជំងឺរលាកក្រពះរ៉ាំរ៉ៃ ជំងឺដំបៅក្រពះឬគល់ពោះវៀនតូច ជំងឺអតុល្យភាពប្រព័ន្ធសរសៃប្រសាទអូតូណូមិច(Dysautonomia) និង រោគសញ្ញាផ្នែកស្មារតីដូចជា អារម្មណ៍មិនស្ងប់ ភ័យ បាក់ទឹកចិត្ត បញ្ហាដំណេក។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - មនុស្សពេញវ័យ:លេប1ថ្ងៃ 1.2mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីបង្កើនកម្រិតប្រើប្រាស់ ត្រូវបង្កើនបន្តិចម្ដងៗ ដោយកម្រិតអតិបរមាប្រើក្នុង 1ថ្ងៃគឺ 2.4mg បែងចែកជា3~4ដងក្នុង1ថ្ងៃ។

      - មនុស្សចាស់: ចាប់ផ្ដើមលេបពីកម្រិត1ដង0.4mg, 1ថ្ងៃ1~2ដង និងអាចបង្កើនកម្រិត ប៉ុន្តែ មិនត្រូវអោយលើសពី1.2mg/ថ្ងៃនោះទេ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រឆាំងវីរុសហ៊ីវប្រភេទProtease inhibitors (ឱសថ Indinavir ជាដើម)។

    • ផលរំខាន

      ផលរំខានរួមមាន ងងុយគេងឬគេងមិនលក់ វិលមុខ ឈឺក្បាល ស្ងួតក ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ឈឺពោះ មិនស្រួលក្នុងពោះ ទល់លាមក អស់កម្លាំង សាច់ដុំមិនកន្ត្រាក់ ឡើងកន្ទួលក្រហម រមាស់ស្បែក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - សាច់ដុំកន្ត្រាក់ ញ័រ គេងមិនលក់ អារម្មណ៍មិនស្ងប់ រវើរវាយ (អាការៈញៀន)

      - ស្មារតីកើនឡើងខ្ពស់ខុសប្រក្រតី វង្វេងវង្វាន់

      - ពិបាកដកដង្ហើម (ផលប៉ះពាល់លើប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម)

      - ឡើងកន្ទួលក្រហម រមាស់ស្បែក មុខក្រហម ហើមមុខ ដង្ហក់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ភ្នែកនិងស្បែកប្រែពណ៌លឿង រួយខ្លួន បាត់បង់ចំណង់អាហារ (មុខងារថ្លើមមានបញ្ហា ខាន់លឿង)។

    • អន្តរប្រតិកម្ម

      ・ឱសថប្រឆាំងវីរុសហ៊ីវប្រភេទProtease inhibitors (Indinavir ជាដើម) - អាចធ្វើអោយសកម្មភាពរំងាប់អារម្មណ៍កើនឡើងជ្រុល និង ប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazine, ឱសថប្រភេទBarbiturate, ឱសថប្រភេទMonoamine oxidase inhibitors), គ្រឿងស្រវឹង - អាចធ្វើអោយឥទ្ធិពលនៃផលរំខាន ដូចជា ងងុយគេង វិលមុខ ពិបាកផ្ដុំអារម្មណ៍ ជាដើម កើនឡើង។

      ・ឱសថRitonavir, ឱសថItraconazole, ឱសថFluvoxamine maleate, ឱសថCimetidine - អាចធ្វើអោយសកម្មភាពនៃឱសថAlprazolamកើនឡើង។

      ・ឱសថImipramine, ឱសថDesipramine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថCarbamazepine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថAlprazolamថយចុះ។

      ・ឱសថDigoxin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថDigoxinកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ជាប្រភេទឱសថដែលប្រសិទ្ធិភាពមានរយៈពេលមធ្យម។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីន(Benzodiazepine or BZD receptor) ដែលស្ថិតនៅភ្ជាប់ជាមួយនឹងគ្រឿងទទួលហ្កាបា(GABA receptor) ដោយការភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីននឹងភ្ញោចទៅដល់គ្រឿងទទួលហ្កាបាផងដែរ ធ្វើអោយប្រព័ន្ធសរសៃប្រសាទដែលបញ្ជូនសញ្ញាដោយសារធាតុហ្កាបាមានសកម្មភាពឡើង។ ជាលទ្ធផល សកម្មភាពក្នុងខួរក្បាលត្រូវបានកាត់បន្ថយ ហើយអាការៈនៃអារម្មណ៍មិនស្ងប់ គេងមិនលក់ ឬ សាច់ដុំកន្ត្រាក់ក៏អាចធូរស្បើយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp