Acetylcysteine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - អាការៈជាប់ស្លេស្មក្នុងផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងផ្លូវដង្ហើម ដូចជា ជំងឺរលាកទងសួតរ៉ាំរ៉ៃ ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema) ជំងឺខ្ទុះក្នុងសួត(Pulmonary suppuration) ជំងឺរលាកសួត ជំងឺទងសួតរីក(Bronchiectasis) ជំងឺរបេងសួត ជំងឺCystic Fibrosis ជំងឺហឺត(Bronchial asthma) ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ(រលាកបំពង់ក រលាកច្រមុះ(Nasal catarrh)) បញ្ហាសួតក្រោយពេញវះកាត់។

      - ប្រើនៅមុនឬក្រោយ ការត្រួតពិនិត្យទងសួតតាមវិធីBronchographyឬBronchoscopy ការពិនិត្យកោសិកាមហារីកសួត ការវះកាត់បើកបំពង់ខ្យល់។

      - ប្រើនៅក្នុងការបន្សាបការប្រើប្រាស់ឱសថAcetaminophenឬParacetamolហួសកម្រិត។

    • កម្រិតប្រើប្រាស់

      ថ្នាំទឹក (20%):

      ・ប្រើនៅក្នុងការបំបាត់អាការៈជាប់ស្លេស្មក្នុងផ្លូវដង្ហើម និង ប្រើនៅមុនឬក្រោយ ការត្រួតពិនិត្យទងសួតតាមវិធីBronchographyឬBronchoscopy ការពិនិត្យកោសិកាមហារីកសួត ការវះកាត់បើកបំពង់ខ្យល់:

      ជាទូទៅ ប្រើ1ដង1~4mL ប្រើតែឯងឬលាយជាមួយឱសថផ្សេងទៀត រួចបញ្ចូលក្នុងបំពង់ខ្យល់ដោយផ្ទាល់ឬប្រើឧបករណ៍បាញ់ដើម្បីស្រូប។ អាចបង្កើនកម្រិតឬចំនួនដងនៃការប្រើប្រាស់ទៅតាមាយុនិងរោគសញ្ញា។

      ថ្នាំទឹក (17.6%):

      ・ប្រើនៅក្នុងការបន្សាបការប្រើប្រាស់ឱសថAcetaminophenឬParacetamolហួសកម្រិត:

      នៅលើកដំបូង ពិសារក្នុងកម្រិត140mg/kg។ ក្រោយរយៈពេល4ម៉ោង ពិសារក្នុងកម្រិត70mg/kg និង បន្តប្រើក្នុងកម្រិតនេះរៀងរាល់4ម៉ោងម្ដង 16ដងទៀត។ សរុបចំនួនដងនៃការប្រើឱសថនេះគឺ18ដង។ ករណីអ្នកជំងឺពិបាកពិសារតាមមាត់ អាចបញ្ចូលតាមបំពង់ក្រពះឬគល់ពោះវៀនតូច។ ប្រសិនបើអ្នកជំងឺមានអាការៈក្អួត ក្នុងអំឡុងពេល1ម៉ោងក្រោយពេលប្រើឱសថនេះ ត្រូវផ្ដល់ឱសថនេះក្នុងកម្រិតដដែលម្ដងទៀត។ គួរប្រើឱសថនេះកាន់តែឆាប់កាន់តែល្អក្រោយពេលអ្នកជំងឺប្រើប្រាស់ឱសថAcetaminophenឬParacetamol ដោយល្អបំផុតគឺក្នុងអំឡុងរយៈពេល8ម៉ោង ប៉ុន្តែ ការប្រើឱសថនេះក្នុងអំឡុងរយៈពេល24ម៉ោងក៏បង្ហាញប្រសិទ្ធិភាពបន្សាបផងដែរ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ក្លិនខ្លួន ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ដំបៅក្នុងមាត់ ហូរសម្បោរ ស្លេស្មលាយឈាម ជំងឺSulfhemoglobinemia។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម (ស្ទះនៅក្នុងទងសួត)

      - ដង្ហក់ (ទងសួតកន្ត្រាក់)

      - ហើមអណ្ដាត ស្នាមក្រហមលើស្បែក (រោគសញ្ញាស្រដៀងរោគប្រតិកម្មធ្ងន់ធ្ងរ)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីប្រើនៅក្នុងការបន្សាបការប្រើប្រាស់ឱសថAcetaminophenឬParacetamolហួសកម្រិត:

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនគួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចខាងក្រោម៖

      - បំបែកសារធាតុMucoproteinនៅក្នុងស្លេស្ម ដើម្បីកាត់បន្ថយភាពខាប់នៃស្លេស្ម ធ្វើអោយស្លេស្មមិនជាប់ស្អិតនៅក្នុងផ្លូវដង្ហើម។

      - បន្សាបការពុលឱសថAcetaminophenឬParacetamol។ ការប្រើឱសថAcetaminophenហួសកម្រិតអាចធ្វើអោយប៉ះពាល់ដល់មុខងារថ្លើម ដោយផលរំខាននោះបង្កឡើងដោយសារធាតុក្រោយប្រតិកម្មនៃAcetaminophenគឺសារធាតុNAPQI។ ជាធម្មតា NAPQIនឹងត្រូវរងប្រតិកម្មពីសារធាតុGlutathioneនៃរាងកាយដើម្បីបញ្ចេញចោលទៅក្នុងទឹកនោម។ នៅពេលNAPQIកើនឡើងច្រើនពេក ធ្វើអោយGlutathioneមិនអាចបន្សាបសារធាតុទាំងនោះទាន់។ AcetylcysteineជាឱសថដែលនឹងបំលែងទៅជាGlutathioneនៅពេលចូលដល់ក្នុងរាងកាយ ដូច្នេះ វាអាចកាត់បន្ថយការកើនឡើងហួសហេតុនៃNAPQIដែលកើតពីAcetaminophe។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp