1. នៅក្នុងជំងឺខ្សោយតម្រងនោមស្រួចស្រាវដោយសារបញ្ហាក្នុងតម្រងនោម តួលេខធៀបនៃកម្រិតក្រេអាទីនីនក្នុងទឹកនោមលើកម្រិតក្រេអាទីនីនក្នុងឈាម(Ucr/Pcr)កើនឡើង។

ចម្លើយត្រឹមត្រូវ: ខុស

ហេតុផល:

នៅក្នុងជំងឺខ្សោយតម្រងនោមស្រួចស្រាវដោយសារបញ្ហាក្នុងតម្រងនោម ដំណើរការច្រោះទឹកនោមនៅក្នុងតម្រងនោមថយចុះ ធ្វើអោយការបញ្ចេញសារធាតុក្រេអាទីនីនទៅក្នុងទឹកនោមក៏មានការថយចុះ ហើយកម្រិតក្រេអាទីនីននៅក្នុងឈាមក៏កើនឡើង។ ដូច្នេះ តួលេខធៀបនៃកម្រិតក្រេអាទីនីនក្នុងទឹកនោមលើកម្រិតក្រេអាទីនីនក្នុងឈាម(Ucr/Pcr)ថយចុះ។

2. នៅក្នុងបណ្ដុំរោគសញ្ញានេហ្រ្វូទិច (Nephrotic syndrome) ដំណើរការសំយោគសារធាតុខ្លាញ់នៅក្នុងថ្លើមមានការថយចុះ ធ្វើអោយកម្រិតកូឡេស្តេរ៉ូលសរុបនៅក្នុងឈាមក៏ចុះទាប។

ចម្លើយត្រឹមត្រូវ: ខុស

ហេតុផល:

នៅក្នុងបណ្ដុំរោគសញ្ញានេហ្រ្វូទិច (Nephrotic syndrome) ដំណើរការសំយោគសារធាតុខ្លាញ់នៅក្នុងថ្លើមមានការកើនឡើង ធ្វើអោយកម្រិតកូឡេស្តេរ៉ូលសរុបនៅក្នុងឈាមក៏កើនឡើង។

3. ជំងឺរលាកប្លោកនោមសាមញ្ញស្រួចស្រាវ (Acute uncomplicated cystitis) ច្រើនកើតឡើងចំពោះស្ត្រី រីឯជំងឺរលាកប្លោកនោមស្មុគស្មាញរ៉ាំរ៉ៃ(Chronic complicated cystitis)ច្រើនកើតមានចំពោះមនុស្សចាស់។

ចម្លើយត្រឹមត្រូវ: ត្រូវ

ហេតុផល:

ជំងឺរលាកប្លោកនោមស្មុគស្មាញរ៉ាំរ៉ៃ(Chronic complicated cystitis)ច្រើនកើតមានចំពោះមនុស្សចាស់ដែលមានជំងឺជាដើមហេតុផ្សេងទៀត ដូចជាជំងឺក្រពេញប្រូស្តាតរីកធំជាដើម។

4. រោគសញ្ញាដូចជា រងាញាក់ ក្ដៅខ្លួនខ្លាំងជាដើម មានលក្ខណៈធ្ងន់ធ្ងរនៅក្នុងជំងឺរលាកប្លោកនោមស្រួចស្រាវជាងនៅក្នុងជំងឺរលាកតម្រងនោមប្រភេទPyelonephritisលក្ខណៈស្រួចស្រាវ។

ចម្លើយត្រឹមត្រូវ: ខុស

ហេតុផល:

រោគសញ្ញាដូចជា រងាញាក់ ក្ដៅខ្លួនខ្លាំងជាដើម មានលក្ខណៈធ្ងន់ធ្ងរនៅក្នុងជំងឺរលាកតម្រងនោមប្រភេទPyelonephritisលក្ខណៈស្រួចស្រាវជាងនៅក្នុងជំងឺរលាកប្លោកនោមស្រួចស្រាវ។ ជំងឺរលាកប្លោកនោមស្រួចស្រាវមានរោគសញ្ញាចម្បងៗដូចជា នោមញឹក អាការៈឈឺចាប់នៅពេលនោម ទឹកនោមឡើងល្អក់ ជាដើម។

5. នៅក្នុងការពិនិត្យECG ចំពោះជំងឺញ័រថតលើនៃបេះដូង(Atrial fibrillation) ចម្ងាយរវាងរលកRនៃការកន្ត្រាក់បេះដូងម្ដងនិងរលកRនៃការកន្ត្រាក់បេះដូងបន្ទាប់មានលក្ខណៈមិនថេរ។

ចម្លើយត្រឹមត្រូវ: ត្រូវ

ហេតុផល:

សញ្ញាភ្ញោចដែលឆ្លងចូលទៅក្នុង AV node មានលក្ខណៈមិនថេរ ធ្វើអោយចម្ងាយរលកR-R នៅលើECGក៏មើលទៅមានលក្ខណៈមិនថេរ។

6. ជំងឺត្បៀតសរសៃឈាមបេះដូង (Angina pectoris) ច្រើនកើតមានចំពោះមនុស្សវ័យកណ្ដាល ហើយអ្នកជំងឺជាស្ត្រីច្រើនជាងបុរស។

ចម្លើយត្រឹមត្រូវ: ខុស

ហេតុផល:

ជំងឺត្បៀតសរសៃឈាមបេះដូង (Angina pectoris) មានអ្នកជំងឺជាបុរសច្រើនជាងស្ត្រី។

7. ជំងឺត្បៀតសរសៃឈាមបេះដូងលក្ខណៈមានលំនឹង (Stable angina) កើតឡើងដោយសារការរួមតូចនៃសរសៃអាកទែរបេះដូងដែលបណ្ដាលមកពីសរសៃអាកទែរបេះដូងប្រែទៅជារឹង។

ចម្លើយត្រឹមត្រូវ: ត្រូវ

ហេតុផល:

អ្នកជំងឺត្បៀតសរសៃឈាមបេះដូងលក្ខណៈមានលំនឹង (Stable angina) ភាគច្រើន អាចគ្រប់គ្រងស្ថានភាពនៃការកើតមានរោគសញ្ញាបាន ហើយជំងឺប្រភេទនេះកើតឡើងដោយសារការរួមតូចនៃសរសៃអាកទែរបេះដូងដែលបណ្ដាលមកពីសរសៃអាកទែរបេះដូងប្រែទៅជារឹង។ ចំណែកជំងឺត្បៀតសរសៃឈាមបេះដូងលក្ខណៈមិនមានលំនឹង (Unstable angina) បណ្ដាលមកពីការកន្ត្រាក់ញ័រនៃសរសៃអាកទែរបេះដូង។

8. នៅក្នុងជំងឺត្បៀតសរសៃឈាមបេះដូង (Angina pectoris) ក្រោយអ្នកជំងឺកើតមានអាការៈចុកទ្រូង គេសង្កេតឃើញមានការកើនឡើងនៃកម្រិតCPK កម្រិតAST និង កម្រិតLDHក្នុងឈាមតាមរយៈការពិនិត្យឈាម។

ចម្លើយត្រឹមត្រូវ: ខុស

ហេតុផល:

នៅក្នុងជំងឺត្បៀតសរសៃឈាមបេះដូង (Angina pectoris) មិនមានការស្លាប់កោសិកាសាច់ដុំបេះដូងនោះទេ ដូច្នេះ កម្រិតCPK កម្រិតAST និង កម្រិតLDHក្នុងឈាមមិនកើនឡើងនោះទេ។ ផ្ទុយទៅវិញ នៅក្នុងជំងឺស្ទះសរសៃឈាមបេះដូង(Myocardial infarction) គេសង្កេតឃើញមានការកើនឡើងនៃកម្រិតCPK កម្រិតAST និង កម្រិតLDHក្នុងឈាម។

9. ក្រោយអ្នកជំងឺកើតមានអាការៈស្ទះសរសៃឈាមបេះដូង(Myocardial infarction) គេសង្កេតឃើញមានការកើនឡើងនៃកម្រិតCK (Creatine Kinase) និង កម្រិតALT (Alanine transaminase)ក្នុងឈាម។

ចម្លើយត្រឹមត្រូវ: ខុស

ហេតុផល:

ក្រោយអ្នកជំងឺកើតមានអាការៈស្ទះសរសៃឈាមបេះដូង(Myocardial infarction) គេសង្កេតឃើញមានការកើនឡើងនៃកម្រិតCK កម្រិតAST និង កម្រិតLDHក្នុងឈាម។ ALT (Alanine transaminase)ជាអង់ស៊ីមស្ថិតនៅក្នុងថ្លើម ប៉ុន្តែ មិនស្ថិតនៅក្នុងសាច់ដុំបេះដូងនោះទេ ដូច្នេះ វាមិនកើនឡើងនៅក្នុងឈាមនោះទេ នៅក្រោយពេលមានការស្លាប់កោសិកាសាច់ដុំបេះដូងដោយសារអាការៈស្ទះសរសៃឈាមបេះដូង។

10. ជំងឺបន្ទាប់បន្សំផ្ដើមចេញពីជំងឺលើសសម្ពាធឈាម រួមមាន ជំងឺហូរឈាមនៅបាតភ្នែក(Fundus hemorrhage)។

ចម្លើយត្រឹមត្រូវ: ត្រូវ

ហេតុផល:

ជំងឺហូរឈាមនៅបាតភ្នែក(Fundus hemorrhage) ជាភាពខុសប្រក្រតីមួយដែលកើតឡើងនៅបាតភ្នែក(fundus of the eye) ដោយគេប្រើជារោគសញ្ញាសម្គាល់ការវិវត្តនៃជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និង ជំងឺតម្រងនោម។