Prostatitis (ជំងឺរលាកក្រពេញប្រូស្តាត)

    • លក្ខណៈទូទៅ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការព្យាបាល
  • លក្ខណៈទូទៅ

    ជំងឺរលាកក្រពេញប្រូស្តាត (Prostatitis) ជាជំងឺដែលកើតមានការរលាក ហើម និង ឈឺចាប់នៅក្រពេញប្រូស្តាត។

    ・ជំងឺនេះអាចកើតឡើងដោយសារការឆ្លងបាក់តេរី

    ・អ្នកជំងឺអាចមានអាការៈឈឺចាប់នៅចន្លោះរវាងទ្វារធំនិងប្រដាប់ភេទ ចង្កេះ ពងស្វាស

    ・អ្នកជំងឺមានរោគសញ្ញាឈឺបត់ជើងតូចស្ទើរមិនអាចទ្រាំបានជាញឹកញាប់ ហើយមានអាការៈឈឺចាប់នៅពេលបញ្ចេញទឹកនោម បញ្ចេញទឹកកាម បន្ទោរបង់លាមក ជាដើម

    ・ដើម្បីពិនិត្យ គេអនុវត្តការបណ្ដុះទឹកនោម ឬ សារធាតុរាវដែលបញ្ចេញពីក្រពេញប្រូស្តាត

    ・ប្រសិនបើមានការឆ្លងបាក់តេរី គេព្យាបាលដោយប្រើឱសថប្រឆាំងបាក់តេរី

    ・គេព្យាបាលរោគសញ្ញានៃជំងឺរលាកក្រពេញប្រូស្តាតដោយមិនអាស្រ័យទៅលើមូលហេតុបង្កជំងឺនោះទេ គឺរួមមានវិធីអង្គុយត្រាំទឹកក្ដៅ វិធីបន្ធូរអារម្មណ៍តានតឹង(Relaxation) និង ការប្រើឱសថ។

    ជាទូទៅ ជំងឺរលាកក្រពេញប្រូស្តាតមិនមានមូលហេតុបង្កច្បាស់លាស់នោះទេ។ អាចមានករណីដែលការឆ្លងបាក់តេរីរាលដាលពីផ្លូវនោមឬពីចរន្តឈាមទៅដល់ក្រពេញប្រូស្តាត ធ្វើអោយកើតមានការរលាកនៅទីនោះ។ ការរលាកក្រពេញប្រូស្តាតអាចកើតឡើងដោយយឺតៗដោយសារការឆ្លងបាក់តេរី ហៅថា ជំងឺរលាកក្រពេញប្រូស្តាតដោយសារបាក់តេរីលក្ខណៈរ៉ាំរ៉ៃ (Chronic bacterial prostatitis) ឬ អាចកើតឡើងភ្លាមៗ ហៅថា ជំងឺរលាកក្រពេញប្រូស្តាតដោយសារបាក់តេរីលក្ខណៈស្រួចស្រាវ (Acute bacterial prostatitis)។ ជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃក៏អាចកើតឡើងដោយសារមូលហេតុផ្សេងពីការឆ្លងបាក់តេរីដែរ។

    ជំងឺរលាកក្រពេញប្រូស្តាតប្រភេទនេះអាចមានករណីដែលកើតមានការរលាកនិងករណីដែលមិនកើតមានការរលាក។ ពេលខ្លះ នៅក្នុងជំងឺរលាកក្រពេញប្រូស្តាតដែលមិនបង្កដោយបាក់តេរី ទោះជាមានការរលាកក៏ដោយ ក៏វាមិនបង្ហាញជារោគសញ្ញាអ្វីដែរ។

    អានបន្ថែម
  • រោគសញ្ញា

    ចំពោះជំងឺរលាកក្រពេញប្រូស្តាតដែលបង្ហាញរោគសញ្ញា ភាគច្រើនរួមមាន រោគសញ្ញាកន្ត្រាក់នៃសាច់ដុំនៅប្លោកនោមនិងផ្នែកត្រគាក ជាពិសេសការកន្ត្រាក់សាច់ដុំនៅចន្លោះរវាងទ្វារធំនិងប្រដាប់ភេទ។ អ្នកជំងឺអាចកើតមានអាការៈឈឺចាប់នៅចន្លោះរវាងទ្វារធំនិងប្រដាប់ភេទ ចង្កេះ ពងស្វាស ជាដើម។ ម្យ៉ាងទៀត អ្នកជំងឺអាចមានរោគសញ្ញានោមញឹក ឬ មានអារម្មណ៍ចង់បត់ជើងតូចភ្លាមៗតែម្ដង ហើយអាចមានអាការៈឈឺចាប់ឬក្រហាយនៅពេលបញ្ចេញទឹកនោម។ នៅពេលមានអាការៈឈឺចាប់ ធ្វើអោយអ្នកជំងឺអសមត្ថភាពផ្លូវភេទឬពិបាកបញ្ចេញទឹកកាម។ ក្រៅពីនេះ អ្នកជំងឺអាចមានបញ្ហាទល់លាមក ឬ មានអាការៈឈឺចាប់នៅពេលបន្ទោរបង់លាមក។

    ករណីជាជំងឺរលាកក្រពេញប្រូស្តាតដោយសារបាក់តេរីលក្ខណៈស្រួចស្រាវ រោគសញ្ញាអាចមានកម្រិតធ្ងន់ធ្ងរជាងខាងលើ ដោយអ្នកជំងឺអាចកើតមានអាការៈក្ដៅខ្លួន រងាញាក់ ពិបាកនោម នោមមានលាយឈាមជាដើម។ ជំងឺនេះរលាកក្រពេញប្រូស្តាតដោយសារបាក់តេរី អាចធ្វើអោយកើតមានខ្ទុះនៅក្នុងក្រពេញប្រូស្តាត ឬ បង្កជាការរលាកនៅផ្នែកEpididymisនៅក្នុងពងស្វាស។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    ជាទូទៅ រោគវិនិច្ឆ័យទៅលើជំងឺរលាកក្រពេញប្រូស្តាតធ្វើឡើងដោយផ្អែកលើ រោគសញ្ញារបស់អ្នកជំងឺ ការពិនិត្យរាងកាយរបស់អ្នកជំងឺ ការពិនិត្យទឹកនោម និង លទ្ធផលនៃការបណ្ដុះទឹកនោម(Urine culture)។ វេជ្ជបណ្ឌិតនឹងធ្វើការស្ទាបនៅក្នុងចុងពោះវៀនធំរបស់អ្នកជំងឺ ជាពិសេសករណីជាជំងឺរលាកក្រពេញប្រូស្តាតដោយសារបាក់តេរីលក្ខណៈស្រួចស្រាវ គេនឹងស្ទាបដឹងថាក្រពេញប្រូស្តាតកំពុងហើម ហើយអ្នកជំងឺមានអាការៈឈឺចាប់នៅពេលប៉ះត្រូវ។

    គេអាចអនុវត្តការទាញយកសំណាកជាទឹកនោមឬសារធាតុរាវដែលបញ្ចេញពីក្រពេញប្រូស្តាតឆ្លងកាត់តាមប្រដាប់ភេទក្រោយពេលវេជ្ជបណ្ឌិតធ្វើការម៉ាស្សាទៅលើក្រពេញប្រូស្តាត ដើម្បីយកទៅបណ្ដុះនិងវិភាគ។ តាមរយៈការពិនិត្យទឹកនោម គេអាចដឹងអំពីវត្តមាននៃគ្រាប់ឈាមសដែលបង្ហាញអំពីការរលាកឬវត្តមាននៃកោសិកាដែលបង្ហាញអំពីការឆ្លងបាក់តេរីនៅក្នុងរាងកាយ។ លទ្ធផលពីការបណ្ដុះទឹកនោមអាចអោយគេដឹងថាកំពុងកើតមានការឆ្លងបាក់តេរីនៅផ្នែកណានៃផ្លូវនោម។ ម្យ៉ាងទៀត ករណីគេរកឃើញថាមានជំងឺឆ្លងតាមរយៈការពិនិត្យសារធាតុរាវនៃក្រពេញប្រូស្តាត នោះមានន័យថាប្រភពនៃជំងឺឆ្លងនោះគឺចេញពីក្រពេញប្រូស្តាត។ ករណីជាជំងឺរលាកក្រពេញប្រូស្តាតដែលកើតឡើងមិនមែនដោយសារបាក់តេរី នោះលទ្ធផលនៃការបណ្ដុះទឹកនោមនឹងមិនបង្ហាញថាមានជំងឺឆ្លងនោះទេ។

    អានបន្ថែម
  • ការព្យាបាល

    ករណីមិនមានការឆ្លងបាក់តេរី

    ករណីគេមិនរកឃើញថាមានការឆ្លងបាក់តេរីនៅក្នុងការពិនិត្យដោយបណ្ដុះទឹកនោមទេនោះ ការព្យាបាលជំងឺរលាកក្រពេញប្រូស្តាតករណីនេះមានលក្ខណៈលំបាក។ ជាទូទៅ ការព្យាបាលជំងឺរលាកក្រពេញប្រូស្តាតប្រភេទនេះ ភាគច្រើនចាប់ផ្ដើមពីការកាត់បន្ថយរោគសញ្ញា ប៉ុន្តែ គេមិនអាចព្យាបាលការរលាកដែលកំពុងកើតមាននៅក្នុងក្រពេញប្រូស្តាតនោះទេ។ វិធីព្យាបាលបែបនេះក៏ត្រូវបានអនុវត្តផងដែរចំពោះជំងឺរលាកក្រពេញប្រូស្តាតដោយសារបាក់តេរីលក្ខណៈរ៉ាំរ៉ៃ ប៉ុន្តែ គេមិនច្បាស់អំពីប្រសិទ្ធិភាពនៃវិធីព្យាបាលនេះទេ។

    វិធីព្យាបាលដោយមិនប្រើឱសថ រួមមាន ការម៉ាស្សាក្រពេញប្រូស្តាតជាប្រចាំ(វេជ្ជបណ្ឌិតអនុវត្តដោយស៊កម្រាមដៃទៅក្នុងចុងពោះវៀនធំ) ការអង្គុយត្រាំទឹកក្ដៅ ជាដើម។ ការព្យាបាលដោយការបន្ធូរអារម្មណ៍តានតឹង(ការព្យាបាលដោយBiofeedback)អាចកាត់បន្ថយការកន្ត្រាក់នៃសាច់ដុំនិងអាការៈឈឺចាប់បានមួយកម្រិត។

    ការប្រើឱសថអាចរួមមានការប្រើឱសថបន្ទន់លាមកដើម្បីកាត់បន្ថយការឈឺចាប់នៅពេលបន្ទោរបង់ដោយសារបញ្ហាទល់លាមក។ ឱសថបំបាត់ការឈឺចាប់និងឱសថបំបាត់ការរលាកអាចកាត់បន្ថយស្ថានភាពហើមនិងឈឺចាប់នៃក្រពេញប្រូស្តាតបាន។ ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលអាល់ហ្វា (α-receptor blockers) ដូចជា ឱសថTerazosin ឱសថDoxazosin ឱសថTamsulosin ឱសថAlfuzosin ឱសថSilodosin ជាដើម មានប្រសិទ្ធិភាពបន្ធូរការកន្ត្រាក់នៃសាច់ដុំនៅក្រពេញប្រូស្តាត។ ឱសថប្រឆាំងបាក់តេរីអាចកាត់បន្ថយរោគសញ្ញានៃជំងឺរលាកក្រពេញប្រូស្តាតដែលមិនបង្កដោយបាក់តេរីបាន ដោយគេមិនដឹងអំពីហេតុផលពិតបា្រកដនៃប្រសិទ្ធិភាពនេះទេ។ ក្រោយអនុវត្តវិធីព្យាបាលផ្សេងទៀត ប្រសិនបើរោគសញ្ញានៅតែមានសភាព

    ធ្ងន់ធ្ងរ វិធីចុងក្រោយគឺការវះកាត់ ដូចជា ការវះកាត់យកចេញនូវផ្នែកខ្លះនៃក្រពេញប្រូស្តាត ជាដើម។ វិធីជំនួសអោយការវះកាត់ រួមមាន ការបំផ្លាញជាលិកានៃក្រពេញប្រូស្តាតដោយប្រើរលកមីក្រូឬកាំរស្មីឡាស៊ែរ។

    ករណីមានការឆ្លងបាក់តេរី

    នៅក្នុងការព្យាបាលជំងឺរលាកក្រពេញប្រូស្តាតដោយសារបាក់តេរីលក្ខណៈស្រួចស្រាវ គេប្រើប្រាស់ឱសថប្រឆាំងបាក់តេរីដែលអាចជ្រាបចូលជាលិកានៃក្រពេញប្រូស្តាតបាន ដូចជា ឱសថOfloxacin ឱសថLevofloxacin ឱសថCiprofloxacin ឱសថTrimethoprim-Sulfamethoxazole ជាដើម ដោយអ្នកជំងឺត្រូវប្រើឱសថនេះរយៈពេលយ៉ាងហោចណាស់30ថ្ងៃ។ ប្រសិនបើការប្រើឱសថប្រឆាំងបាក់តេរីមានរយៈពេលខ្លី វាអាចធ្វើអោយការឆ្លងបាក់តេរីនៅបន្តកើតឡើងលក្ខណៈរ៉ាំរ៉ៃ។ ជាទូទៅ អ្នកជំងឺអាចអនុវត្តការពិសាឱសថប្រឆាំងបាក់តេរីនៅគេហដ្ឋានរបស់ខ្លួនបាន ប៉ុន្តែ អាចមានករណីដែលតម្រូវអោយអ្នកជំងឺសម្រាកពេទ្យដើម្បីទទួលឱសថទាំងនេះក្នុងទម្រង់ជាថ្នាំចាក់។

    ការព្យាបាលជំងឺរលាកក្រពេញប្រូស្តាតដោយសារបាក់តេរីលក្ខណៈរ៉ាំរ៉ៃអាចមានការលំបាក។ គេព្យាបាលដោយប្រើប្រាស់ឱសថប្រឆាំងបាក់តេរីដែលអាចជ្រាបចូលជាលិកានៃក្រពេញប្រូស្តាតបានរយៈពេលយ៉ាងហោចណាស់6សប្ដាហ៍។ ករណីគេរកឃើញថាកើតមានខ្ទុះនៅក្នុងក្រពេញប្រូស្តាត ជាទូទៅ អ្នកជំងឺត្រូវទទួលការវះកាត់ដើម្បីបញ្ចេញខ្ទុះពីក្រពេញប្រូស្តាត។

    អានបន្ថែម