Liver Failure (ជំងឺខ្សោយមុខងារថ្លើម)
-
- លក្ខណៈទូទៅ
- រោគសញ្ញា
- រោគវិនិច្ឆ័យ
- ការព្យាបាល
-
លក្ខណៈទូទៅ
ជំងឺខ្សោយមុខងារថ្លើម (Liver Failure) ជាស្ថានភាពដែលមុខងាររបស់សរីរាង្គថ្លើមធ្លាក់ចុះខ្លាំង។
・ជំងឺខ្សោយមុខងារថ្លើមកើតឡើងដោយសារជំងឺឬសារធាតុដែលបង្កផលប៉ះពាល់ដល់សរីរាង្គថ្លើម។
・ស្ទើរគ្រប់អ្នកជំងឺទាំងអស់បង្ហាញរោគសញ្ញាដូចជា ខាន់លឿង(ស្បែកនិងភ្នែកប្រែពណ៌លឿង) អារម្មណ៍នឿយហត់គ្មានកម្លាំង និង បាត់បង់ចំណង់អាហារ។
・រោគសញ្ញាផ្សេងទៀតដែលអាចកើតឡើង រួមមាន ការប្រមូលផ្ដុំធាតុរាវនៃរាងកាយនៅក្នុងផ្នែកពោះច្រើន(ទាចទឹក) និងងាយកើតមានអាការៈហូរឈាមឬស្នាមជាំស្វាយដោយសារហូរឈាមក្រោមស្បែក ជាដើម។
・ជាទូទៅ វេជ្ជបណ្ឌិតអាចធ្វើរោគវិនិច្ឆ័យដោយផ្អែកទៅលើរោគសញ្ញារបស់អ្នកជំងឺ ព្រមទាំងលទ្ធផលនៃការពិនិត្យរាងកាយនិងការពិនិត្យឈាម។
・ការព្យាបាល រួមមាន ការរក្សាតុល្យភាពនៃការបរិភោគជាតិប្រូតេអ៊ីន ការកាត់បន្ថយសារធាតុសូដ្យូម(អំបិល)នៅក្នុងអាហារ ការតមស្រា និង ការព្យាបាលទៅលើមូលហេតុដើមដែលបង្កអោយមុខងារថ្លើមចុះខ្សោយ។ អាចមានករណីដែលអ្នកជំងឺចាំបាច់ត្រូវទទួលការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើម។
កត្តាមូលហេតុនៃជំងឺខ្សោយមុខងារថ្លើម រួមមាន ជំងឺរលាកថ្លើមដោយសារវីរុស(ភាគច្រើនគឺរលាកថ្លើមប្រភេទB) ជំងឺក្រិនថ្លើម ផលប៉ះពាល់ថ្លើមដោយសារគ្រឿងស្រវឹង ការប្រើប្រាស់ឱសថAcetaminophenឬParacetamolច្រើនហួសហេតុ ជាដើម។
មុននឹងឈានដល់ដំណាក់កាលក្លាយជាជំងឺខ្សោយមុខងារថ្លើម សរីរាង្គនេះបានទទួលរងការខូចខាតច្រើនហើយ។ ជំងឺនេះអាចវិវត្តទៅមុខយ៉ាងឆាប់រហ័សលក្ខណៈស្រួចស្រាវ(ប៉ុន្មានថ្ងៃទៅប៉ុន្មានសប្ដាហ៍) ឬ អាចវិវត្តទៅមុខបន្តិចម្ដងៗលក្ខណៈរ៉ាំរ៉ៃ(ប៉ុន្មានខែទៅប៉ុន្មានឆ្នាំ)។
ការចុះខ្សោយនៃមុខងារថ្លើមមានឥទ្ធិពលបង្កជាផលវិបាកផ្សេងៗ ដូចខាងក្រោម៖
・សរីរាង្គថ្លើមនឹងមិនអាចដំណើរការប្រតិកម្មនៃការបញ្ចេញចោលនូវសារធាតុប៊ីលីរូប៊ីន(Bilirubin)ដែលជាសារធាតុបន្សល់ពីប្រតិកម្មបំបែកគ្រាប់ឈាមក្រហមចាស់ៗ។ ជាលទ្ធផល សារធាតុនេះនឹងប្រមូលផ្ដុំច្រើននៅក្នុងប្រព័ន្ធឈាម រួចនៅលើស្បែក ធ្វើអោយកើតមានជំងឺខាន់លឿង(Jaundice)។
・សរីរាង្គថ្លើមនឹងមិនអាចសំយោគសារធាតុប្រូតេអ៊ីនដែលមានតួនាទីជួយដល់ដំណើរការកកើតកំណកឈាម។ ជាលទ្ធផល រាងកាយរបស់អ្នកជំងឺនឹងកើតមានអាការៈងាយហូរឈាមឬមានស្នាមជាំពណ៌ស្វាយដែលកើតឡើងដោយសារការហូរឈាមក្រោមស្បែក (ផលប៉ះពាល់ទៅលើដំណើរការនៃកំណកឈាម)។
・សម្ពាធឈាមនៅក្នុងសរសៃវ៉ែនដែលភ្ជាប់ពីពោះវៀនទៅសរីរាង្គថ្លើម អាចនឹងកើនឡើងខុសប្រក្រតី (Portal hypertension)។
・សារធាតុរាវនៃរាងកាយអាចនឹងប្រមូលផ្ដុំច្រើននៅក្នុងផ្នែកពោះ (ទាចទឹក (Ascites)។
・សរីរាង្គថ្លើមនឹងមិនអាចកម្ចាត់ចោលនូវសារធាតុពុលផ្សេងៗបានគ្រប់គ្រាន់ ធ្វើអោយសារធាតុទាំងនេះប្រមូលផ្ដុំច្រើននៅក្នុងប្រព័ន្ធឈាម ដោយវាអាចបង្កផលប៉ះពាល់ដល់មុខងារខួរក្បាល។ គេហៅថា ជំងឺប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើម(Hepatic encephalopathy)។
・សរសៃវ៉ែនថ្មីៗដែលមិនរត់ឆ្លងកាត់ថ្លើមអាចកើតឡើង។ សរសៃឈាមដូចនេះច្រើនកកើតនៅតាមបំពង់អាហារនិងក្រពះ និង រាលដាលច្រើនពេញតំបន់នោះ ដោយវាអាចក្លាយជាសរសៃប៉ោងឡើង(Varix)ដែលផុយនិងងាយបែកធ្លាយ បង្កជាអាការៈហូរឈាម។
・ពាក់កណ្ដាលនៃអ្នកជំងឺខ្សោយមុខងារថ្លើមងាយនឹងកើតមានការចុះខ្សោយនៃមុខងារតម្រងនោមផងដែរ ដោយមិនមានទ្រឹស្ដីបង្ហាញអំពីមូលហេតុឬទំនាក់ទំនងនេះច្បាស់លាស់ឡើយ។ ស្ថានភាពនៃការចុះខ្សោយមុខងារតម្រងនោមដោយសារមុខងារថ្លើមធ្លាក់ចុះ ហៅថា បណ្ដុំរោគសញ្ញាថ្លើមនិងតម្រងនោម (Hepatorenal syndrome)។
・ប្រព័ន្ធភាពស៊ាំនៃរាងកាយនឹងចុះខ្សោយ ធ្វើអោយហានិភ័យនៃការកើតមានជំងឺឆ្លងផ្សេងៗកើនឡើង។
・ភាពខុសប្រក្រតីនៃមេតាបូលីសក្នុងរាងកាយអាចនឹងកើតឡើង ធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមថយចុះ(Hypokalemia)ឬជាតិស្ករក្នុងឈាមថយចុះ(Hypoglycemia) ។ល។
អានបន្ថែម -
រោគសញ្ញា
ជាទូទៅ អ្នកជំងឺខ្សោយមុខងារថ្លើមនឹងបង្ហាញរោគសញ្ញាដូចជា ខាន់លឿង ទាចទឹក ផលប៉ះពាល់មុខងារខួរក្បាល និងការធ្លាក់ចុះសុខភាពរាងកាយទាំងមូល។ ជំងឺខាន់លឿងនឹងបង្ហាញជាអាការៈស្បែកនិងភ្នែកប្រែទៅជាពណ៌លឿង។ ជំងឺទាចទឹកធ្វើអោយពោះឡើងប៉ោង។ ផលប៉ះពាល់ខួរក្បាលនឹងបង្កជារោគសញ្ញាដូចជា ស្មារតីវង្វេងវង្វាន់ ងងុយគេងជាដើម ស្ទើរគ្រប់អ្នកជំងឺទាំងអស់ មានរោគសញ្ញាពេញរាងកាយទាំងមូល ដូចជា នឿយហត់ កម្លាំងសាច់ដុំចុះខ្សោយ ចង់ក្អួត បាត់បង់ចំណង់អាហារ ។ល។
ខ្យល់ដង្ហើមរបស់អ្នកជំងឺអាចមានក្លិនស្អុយដូចមេរោគផ្សិត។
អ្នកជំងឺងាយហូរឈាមឬកើតមានស្នាមជាំស្វាយនៅលើស្បែក។ ឧទាហរណ៍ មុខរបួសតូចឬឈាមច្រមុះដែលមនុស្សធម្មតានឹងឆាប់ឈប់ហូរឈាមដោយឯកឯង ប៉ុន្តែ អ្នកជំងឺខ្សោយមុខងារថ្លើមមិនងាយបាត់អាការៈហូរឈាមនោះទេ។ ជាលទ្ធផល អ្នកជំងឺអាចកើតមានរោគសញ្ញាសម្ពាធឈាមចុះទាបឬស្ហុក(Shock)។
ជំងឺខ្សោយមុខងារថ្លើមស្រួចស្រាវអាចធ្វើអោយរាងកាយអ្នកជំងឺចុះខ្សោយសុខភាពដល់ដំណាក់កាលគ្រោះថ្នាក់ដល់ជីវិតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ។ ចំពោះជំងឺខ្សោយមុខងារថ្លើមរ៉ាំរ៉ៃ អ្នកជំងឺបង្ហាញរោគសញ្ញាងាយសម្គាល់ឃើញដូចជាចង់ក្អួត លាមកមានឈាម ជាដើម ដោយការចុះខ្សោយនៃស្ថានភាពរាងកាយទាំងមូលមានលក្ខណៈយឺតៗ។ ឈាមដែលលាយឡំនៅក្នុងកំហាកឬលាមក ជាទូទៅ កើតពីការហូរឈាមដោយសារការបែកធ្លាយនៃសរសៃវ៉ែនឡើងប៉ោងនៅបំពង់អាហារឬក្រពះ។
នៅពេលអ្នកជំងឺឈានដល់ដំណាក់កាលនៃការចុះខ្សោយមុខងារតម្រងនោម នោះការផលិតទឹកនោមនិងការបញ្ចេញទឹកនោមក៏ថយចុះទៅតាមនោះដែរ ធ្វើអោយមានសារធាតុពុលប្រមូលផ្ដុំច្រើននៅក្នុងប្រព័ន្ធឈាមរបស់អ្នកជំងឺ។
អ្នកជំងឺនឹងមានអាការៈពិបាកដកដង្ហើម។
ករណីអ្នកជំងឺបន្តទុកជំងឺនេះដោយមិនព្យាបាលឬជំងឺនេះចេះតែវិវត្តទៅមុខដោយមិនអាចគ្រប់គ្រងបាន អ្នកជំងឺនឹងទទួលមរណភាព។ ទោះជាទទួលការព្យាបាលក៏ដោយ ក៏មានករណីដែលសរីរាង្គថ្លើមរបស់អ្នកជំងឺមិនអាចត្រឡប់មកដូចដើមបានដែរ។ អ្នកជំងឺមួយចំនួនទទួលមរណភាពដោយសារការចុះខ្សោយមុខងារតម្រងនោម ហើយក៏មានអ្នកជំងឺដែលកើតមានជំងឺមហារីកថ្លើមផងដែរ។
អានបន្ថែម -
រោគវិនិច្ឆ័យ
・ការវាយតម្លៃពីវេជ្ជបណ្ឌិត
・ការពិនិត្យឈាម
ជាទូទៅ វេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យថាជាជំងឺខ្សោយមុខងារថ្លើមដោយផ្អែកលើរោគសញ្ញារបស់អ្នកជំងឺនិងលទ្ធផលនៃការពិនិត្យរាងកាយ។ ការពិនិត្យឈាមអាចអោយគេវាយតម្លៃលើកម្រិតនៃមុខងារថ្លើមបាន។
ដើម្បីស្វែងរកមូលហេតុដែលធ្វើអោយមុខងារថ្លើមចុះខ្សោយ វេជ្ជបណ្ឌិតនឹងសាកសួរអ្នកជំងឺអំពីឱសថ ផលិតផលធ្វើពីរុក្ខជាតិ អាហារបំប៉នសុខភាពជាដើមដែលអ្នកជំងឺបានឬកំពុងប្រើប្រាស់ជាប្រចាំ។ គេក៏អាចស្វែងរកមូលហេតុជំងឺតាមរយៈការពិនិត្យឈាមផងដែរ។
ក្រៅពីការពិនិត្យឈាម អាចមានករណីដែលត្រូវអនុវត្តការពិនិត្យទឹកនោម ឬ ការថតកាំរស្មីអ៊ីចនៅផ្នែកទ្រូង។ តាមរយៈការពិនិត្យទាំងនេះ គេអាចដឹងអំពីស្ថានភាពចុះខ្សោយនៃមុខងារខួក្បាល ផលប៉ះពាល់តម្រងនោម ជំងឺឆ្លងផ្សេងៗជាដើម។ ការពិនិត្យអាចត្រូវអនុវត្តជាញឹកញាប់ទៅតាមរោគសញ្ញាផ្សេងៗ។
អានបន្ថែម -
ការព្យាបាល
・ព្យាបាលមូលហេតុដែលបង្កអោយមុខងារថ្លើមចុះខ្សោយ
・កាត់បន្ថយការបរិភោគសារធាតុប្រូតេអ៊ីនពីសាច់សត្វ
・ប្រសិនបើជាជំងឺខ្សោយមុខងារថ្លើមស្រួចស្រាវ ត្រូវព្យាបាលជាបន្ទាន់
・ការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើម (ករណីខ្លះ)
វិធីព្យាបាលជំងឺខ្សោយមុខងារថ្លើមអាចប្រែប្រួលទៅតាមមូលហេតុនៃជំងឺនេះនិងរោគសញ្ញារបស់អ្នកជំងឺម្នាក់ៗ។ ម្យ៉ាងទៀត ភាពបន្ទាន់នៃការព្យាបាលគឺអាស្រ័យទៅលើថាជាជំងឺខ្សោយមុខងារថ្លើមលក្ខណៈស្រួចស្រាវឬលក្ខណៈរ៉ាំរ៉ៃ ប៉ុន្តែ ជាទូទៅ វិធីព្យាបាលមានលក្ខណៈដូចគ្នា។
របបអាហារ
ជាទូទៅ អ្នកជំងឺត្រូវប្រកាន់របបអាហារដែលកាត់បន្ថយបរិមាណនៃសារជាតិប្រូតេអ៊ីនពីសាច់សត្វ(ជាពិសេសសាច់ក្រហម) សាច់ត្រី ឈីស ស៊ុត ។ល។ ការបរិភោគប្រូតេអ៊ីនពីសាច់សត្វច្រើនហួសកម្រិតអាចក្លាយជាកត្តាមូលហេតុបង្កផលប៉ះពាល់ដល់មុខងារខួរក្បាល។ ដើម្បីទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់រាងកាយ អ្នកជំងឺគួរបង្កើនការបរិភោគអាហារដែលផ្ទុកប្រូតេអ៊ីនពីរុក្ខជាតិដូចជាសណ្ដែកសៀងជាដើម។ ក្រៅពីនេះ អ្នកជំងឺចាំបាច់ត្រូវកាត់បន្ថយការបរិភោគសារធាតុសូដ្យូម(ដែលមាននៅក្នុងអាហារសម្បូរជាតិអំបិល)។ វិធីនេះអាចបង្ការការប្រមូលផ្ដុំសារធាតុរាវច្រើននៅក្នុងពោះ។ ការពិសាគ្រឿងស្រវឹងជាកត្តាបង្កការខូចខាតដល់សរីរាង្គថ្លើម ដូច្នេះ អ្នកជំងឺត្រូវតមការពិសាស្រា។
ជំងឺខ្សោយមុខងារថ្លើមស្រួចស្រាវ
ជំងឺខ្សោយមុខងារថ្លើមស្រួចស្រាវនឹងវិវត្តទៅមុខយ៉ាងឆាប់រហ័ស ដូច្នេះ អ្នកជំងឺត្រូវទទួលការព្យាបាលជាបន្ទាន់ ដោយគួរស្ថិតក្នុងបន្ទប់ប្រពោធនកម្ម(ICU)។ ការព្យាបាលរួមមានដូចខាងក្រោម៖
・ចំពោះសម្ពាធឈាមដែលចុះទាបខ្លាំង គេធ្វើការបំពេញជាតិទឹករាងកាយដោយបញ្ចូលតាមសរសៃវ៉ែន(ការព្យួរសេរ៉ូម)និងប្រើប្រាស់ឱសថបង្កើនសម្ពាធឈាម។
・ចំពោះរោគសញ្ញាប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើម(Hepatic encephalopathy) គេប្រើឱសថLactulose ការសម្អាតពោះវៀន ឱសថប្រឆាំងបាក់តេរី ជាដើម។
・ចំពោះជំងឺឆ្លង គេប្រើឱសថប្រឆាំងបាក់តេរីឬឱសថប្រឆាំងមេរោគផ្សិត។
・ចំពោះរោគសញ្ញានៃជាតិស្ករក្នុងឈាមចុះទាប គេអនុវត្តការបញ្ចូលសារធាតុគ្លុយកូសតាមសរសៃវ៉ែន។
・ចំពោះអាការៈហូរឈាម គេអនុវត្តការបញ្ចូលឈាម (ឱសថដែលផ្ទុកកត្តាកំណកឈាម(Coagulation factor) ឬ សារធាតុក្នុងឈាមគ្រប់ប្រភេទ)
ករណីចាំបាច់ គេអាចត្រូវអនុវត្តការបញ្ចូលបំពង់ខ្យល់តាមមាត់របស់អ្នកជំងឺ ឬ ប្រើឧបករណ៍ជំនួយការដកដង្ហើមសិប្បនិម្មិត។
ការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើម
ប្រសិនបើអ្នកជំងឺអាចទទួលការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើមឆាប់រហ័ស នោះអ្នកជំងឺអាចវិលត្រឡប់ទៅស្ថានភាពដូចកាលពីពេលមានសុខភាពល្អវិញបាន។ ប៉ុន្តែ មិនមែនគ្រប់អ្នកជំងឺខ្សោយមុខងារថ្លើមគ្រប់គ្នាអាចបំពេញល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ការទទួលការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើមទាំងអស់នោះទេ។
អានបន្ថែម