Jaundice (ជំងឺខាន់លឿង)

    • លក្ខណៈទូទៅ
    • មូលហេតុ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការព្យាបាល
  • លក្ខណៈទូទៅ

    អ្នកជំងឺខាន់លឿង (Jaundice) មានស្បែកនិងផ្នែកសនៃភ្នែកពណ៌លឿង។ ជំងឺនេះកើតឡើងដោយសារសារធាតុប៊ីលីរូប៊ីន(Bilirubin)ដែលជាសារធាតុពណ៌លឿងកើនឡើងហួសហេតុនៅក្នុងឈាម។

    សារធាតុប៊ីលីរូប៊ីន ជាសារធាតុដែលកើតឡើងពីប្រតិកម្មបំបែកអេម៉ូក្លូប៊ីន(Hemoglobin)(ផ្នែកនៃគ្រាប់ឈាមក្រហមដែលមានតួនាទីដឹកជញ្ជូនអុកស៊ីសែនក្នុងរាងកាយ) ដោយប្រតិកម្មបំបែកនេះកើតឡើងចំពោះគ្រាប់ឈាមក្រហមដែលចាស់ឬដែលខូចខាត ដើម្បីទទួលបានសារធាតុពីការបំបែកនោះមកប្រើប្រាស់សារជាថ្មី។ សារធាតុប៊ីលីរូប៊ីននឹងត្រូវបានដឹកជញ្ជូនតាមចរន្តឈាមចូលទៅក្នុងថ្លើម ហើយភ្ជាប់ខ្លួនវាទៅនឹងទឹកប្រមាត់នៅទីនោះ។ បន្ទាប់ពីនោះ វានឹងឆ្លងកាត់បំពង់ទឹកប្រមាត់ចូលទៅក្នុងប្រដាប់រំលាយអាហារ រួចចុងក្រោយនឹងត្រូវបានបញ្ចេញចោលពីរាងកាយ។ សារធាតុប៊ីលីរូប៊ីនភាគច្រើនត្រូវបានបញ្ចេញចោលតាមលាមក ប៉ុន្តែ ក៏មានបរិមាណតិចតួចដែលត្រូវបានបញ្ចេញចោលតាមទឹកនោម។ ករណីដែលសារធាតុប៊ីលីរូប៊ីនមិនអាចឆ្លងកាត់ថ្លើមឬបំពង់ទឹកប្រមាត់ឆាប់រហ័សទេនោះ សារធាតុនេះនឹងប្រមូលផ្ដុំច្រើននៅក្នុងឈាម ហើយឆ្លងចូលទៅតាមស្បែក ដែលបង្កជាជំងឺខាន់លឿង។

    អានបន្ថែម
  • មូលហេតុ

    ជំងឺខាន់លឿងមានមូលហេតុច្រើន។ ស្ទើរគ្រប់ជំងឺឬឱសថដែលបង្កអោយមានជំងឺខាន់លឿង តែងបង្ហាញឥទ្ធិពលដូចខាងក្រោម៖

    + បង្កការខូចខាតដល់សរីរាង្គថ្លើម

    + បង្កការរាំងស្ទះនៃលំហូររបស់ទឹកប្រមាត់

    + ជម្រុញប្រតិកម្មបំបែកគ្រាប់ឈាមក្រហម ដែលធ្វើអោយសារធាតុប៊ីលីរូប៊ីន(Bilirubin)កើនឡើងច្រើនហួសហេតុ រហូតដល់ថ្លើមមិនអាចកម្ចាត់ចោលទាន់ពេលវេលា។

    មូលហេតុភាគច្រើនជាងគេនៃជំងឺខាន់លឿង រួមមាន៖

    ・ជំងឺរលាកថ្លើម

    ・ជំងឺថ្លើមដោយសារគ្រឿងស្រវឹង

    ・ជំងឺស្ទះបំពង់ទឹកប្រមាត់ដោយសារក្រួសទឹកប្រមាត់ឬដោយសារមហារីក

    ・ប្រតិកម្មពុលដោយសារឱសថឬដោយសាររុក្ខជាតិដែលប្រើជាថ្នាំ

    ជំងឺរលាកថ្លើម

    នៅពេលដែលថ្លើមទទួលរងការខូចខាតដោយសារការរលាក នោះសមត្ថភាពបញ្ជូនសារធាតុប៊ីលីរូប៊ីនទៅបំពង់ទឹកប្រមាត់នឹងថយចុះ។ ជំងឺរលាកថ្លើមអាចជាលក្ខណៈស្រួចស្រាវដែលមានរយៈពេលខ្លី និង អាចជាលក្ខណៈរ៉ាំរ៉ៃដែលបន្តកើតមានចាប់ពី6ខែឡើងទៅ។ ជាទូទៅ ជំងឺរលាកថ្លើមបង្កឡើងដោយវីរុស។ ជំងឺរលាកថ្លើមដោយសារវីរុសលក្ខណៈស្រួចស្រាវជាមូលហេតុញឹកញាប់នៃជំងឺខាន់លឿង ជាពិសេសចំពោះមនុស្សវ័យក្មេងឬអ្នកដែលគ្មានជំងឺផ្សេងទៀត។ ជំងឺរលាកថ្លើមក៏អាចកើតឡើងដោយសារជំងឺប្រឆាំងនឹងប្រព័ន្ធភាពស៊ាំខ្លួនឯង(Autoimmune disease)ឬការប្រើប្រាស់ឱសថមួយចំនួនផងដែរ ដោយករណីនេះ ជំងឺរលាកថ្លើមមិនមានលក្ខណៈឆ្លងនោះទេ។

    ជំងឺថ្លើមដោយសារគ្រឿងស្រវឹង

    ការពិសាគ្រឿងស្រវឹងក្នុងបរិមាណច្រើនរយៈពេលយូរ សរីរាង្គថ្លើមនឹងទទួលការខូចខាត។ បរិមាណអាល់កុលនិងពេលវេលាប្រើប្រាស់ដែលអាចបង្កផលប៉ះពាល់ដល់ថ្លើមអាចប្រែប្រួល ប៉ុន្តែ ជាទូទៅ គឺត្រូវការរយៈពេល8ទៅ10ឆ្នាំនៃការពិសាគ្រឿងស្រវឹងក្នុងបរិមាណច្រើន។ ក្រៅពីនេះ ថ្លើមអាចទទួលផលប៉ះពាល់ពីឱសថ សារធាតុពុល ឬ ផលិតផលពីរុក្ខជាតិមួយចំនួន។

    ជំងឺស្ទះបំពង់ទឹកប្រមាត់

    នៅពេលដែលមានការស្ទះនៅបំពង់ទឹកប្រមាត់ សារធាតុប៊ីលីរូប៊ីននឹងប្រមូលផ្ដុំច្រើននៅក្នុងឈាម។ ការស្ទះស្ទើរគ្រប់ទាំងអស់គឺដោយសារក្រួសទឹកប្រមាត់ ប៉ុន្តែ វាក៏អាចកើតឡើងដោយសារជំងឺមហារីក(មហារីកលំពែងឬបំពង់ទឹកប្រមាត់ជាដើម)ឬជំងឺថ្លើមលក្ខណៈកម្រមួយចំនួន(ជំងឺPrimary biliary CholangitisនិងជំងឺPrimary sclerosing cholangitis ជាដើម)ផងដែរ។

    មូលហេតុនៃជំងឺខាន់លឿងផ្សេងទៀត។

    មូលហេតុដែលមិនសូវជាទូទៅនោះគឺជំងឺលក្ខណៈតំណពូជមួយចំនួនដែលបង្កការរាំងស្ទះដល់ដំណើរការកម្ចាត់ចោលនូវសារធាតុប៊ីលីរូប៊ីននៅក្នុងរាងកាយ។ ជំងឺបែបនោះរួមមាន ជំងឺGilbert's syndrome ជំងឺDubin–Johnson syndrom​e។ល។ នៅក្នុងជំងឺGilbert's syndrome កម្រិតនៃសារធាតុប៊ីលីរូប៊ីនកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ដោយមិនដល់កម្រិតហៅថាជាជំងឺខាន់លឿងនោះទេ។ ជាទូទៅ ជំងឺនេះត្រូវបានរកឃើញនៅពេលអនុវត្តការពិនិត្យសុខភាពទូទៅជាប្រចាំ។

    អានបន្ថែម
  • រោគសញ្ញា

    អ្នកជំងឺខាន់លឿងភាគច្រើនមានទឹកនោមពណ៌ដិត ហើយលាមកមានពណ៌ស្លេក។ បម្រែបម្រួលទាំងនេះកើតឡើងដោយសារតែបញ្ហាស្ទះជាដើម ធ្វើអោយសារធាតុប៊ីលីរូប៊ីនមិនអាចបញ្ចេញចោលជាមួយនឹងលាមក ហើយបែរជាកើនឡើងច្រើននៅក្នុងទឹកនោមទៅវិញ។

    នៅពេលដែលកម្រិតសារធាតុប៊ីលីរូប៊ីនកើនឡើងច្រើននៅក្នុងឈាម ហើយសារធាតុដែលកើតចេញពីប្រតិកម្មបំបែកសារធាតុនៃទឹកប្រមាត់ប្រមូលផ្ដុំច្រើននៅក្នុងរាងកាយ អ្នកជំងឺនឹងមានអាការៈរមាស់ស្បែកពេញរាងកាយ។ ចំពោះមនុស្សពេញវ័យ

    ទិដ្ឆភាពទូទៅនៃសរីរាង្គថ្លើមនិងថង់ទឹកប្រមាត់

    សរសៃឈាមវ៉ែនដែលភ្ជាប់ពីប្រដាប់រំលាយអាហារទៅសរីរាង្គថ្លើម(Portal vein)នឹងទទួលឈាមពីពោះវៀន ក្រពេញអណ្ដើក ក្រពេញលំពែង និង ថង់ទឹកប្រមាត់ ដើម្បីបញ្ជូនទៅក្នុងសរីរាង្គថ្លើម។ នៅពេលPortal veinចូលទៅដល់ថ្លើម វានឹងបែកខ្នែងជាពីរ ខាងឆ្វេងនិងខាងស្ដាំ រួចបែកចេញជាសរសៃឈាមតូចៗបន្តទៀតទៅគ្រប់ផ្នែកនៃថ្លើម។ ឈាមដែលហូរចេញពីសរីរាង្គថ្លើមនឹងឆ្លងកាត់សរសៃវ៉ែនថ្លើម (Hepatic vein) រួចវិលត្រឡប់ចូលប្រព័ន្ធចរន្តឈាមនៅក្នុងរាងកាយវិញ។

    ជំងឺខាន់លឿងសឹងតែមិនបង្ហាញជារោគសញ្ញាអ្វីនោះទេ ប៉ុន្តែ ចំពោះកុមារដែលកើតជំងឺខាន់លឿង ពួកគេអាចកើតមានបញ្ហាខួរក្បាលលក្ខណៈពិសេសម្យ៉ាងហៅថា Nuclear jaundice។ ម្យ៉ាងទៀត មានជំងឺមួយចំនួនដែលអាចបង្កជាជំងឺខាន់លឿង ដោយក្នុងករណីនេះ ភាគច្រើនអ្នកជំងឺអាចនឹងបង្ហាញរោគសញ្ញាឬបញ្ហាធ្ងន់ធ្ងរផ្សេងៗទៀត ដូចជា អាការៈចង់ក្អួត ក្អួត ឈឺពោះ ស្នាមសរសៃឈាមនៅលើស្បែករាងដូចពីងពាង ។ល។ ករណីអ្នកជំងឺជាបុរស អាចមានរោគសញ្ញាដូចជាឡើងដោះ ពងស្វាសរួមតូច ការដុះរោមនៅប្រដាប់ភេទមានលក្ខណៈដូចទៅនឹងស្ត្រី។ សម្រាប់បញ្ហាធ្ងន់ធ្ងរផ្សេងទៀតដែលអាចកើតឡើង រួមមានដូចខាងក្រោម៖

    + ជំងឺទាចទឹក : ការប្រមូលផ្ដុំសារធាតុរាវច្រើននៅក្នុងប្រហោងពោះ។

    + បញ្ហាកំណកឈាម : ងាយកើតអាការៈហូរឈាមឬស្នាមជាំស្វាយដោយសារហូរឈាមក្រោមស្បែក។

    + ជំងឺប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើម (Hepatic encephalopathy) : ជាជំងឺដែលកើតឡើងដោយសារមុខងារថ្លើមចុះខ្សោយ ធ្វើអោយសារធាតុពុលប្រមូលផ្ដុំច្រើនក្នុងឈាមនិងជ្រៀតចូលដល់ខួរក្បាល ហើយធ្វើអោយមុខងារខួរក្បាលចុះខ្សោយនិងបង្ហាញបម្រែបម្រួលផ្នែកមុខងារស្មារតីផ្សេងៗ(វង្វេងវង្វាន់ ងងុយគេង ជាដើម)។

    + ជំងឺកើនឡើងសម្ពាធនៅក្នុងសរសៃវ៉ែនភ្ជាប់ពីពោះវៀនទៅថ្លើម (Portal hypertension) : ជាស្ថានភាពនៃការកើនឡើងសម្ពាធឈាមនៅក្នុងសរសៃវ៉ែនភ្ជាប់ទៅថ្លើម(Portal vein) ដែលអាចបង្កជាអាការៈហូរឈាមនៅបំពង់អាហារឬក្រពះ។

    ការបរិភោគអាហារដែលមានផ្ទុកជាតិបេតាការ៉ូទីន(β-carotene)ច្រើន ដូចជា ការ៉ុត ល្ពៅ ត្រសក់ស្រូវប្រភេទមួយចំនួន ជាដើម ស្បែកនឹងឃើញមានពណ៌លឿងបន្តិច ប៉ុន្តែ ភ្នែកនឹងមិនមានពណ៌លឿងនោះទេ។ ស្ថានភាពបែបនេះមិនមែនជាជំងឺខាន់លឿងនោះទេ ហើយវាក៏មិនជាប់ពាក់ព័ន្ធនឹងជំងឺថ្លើមអ្វីដែរ។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    ជំងឺខាន់លឿងអាចសម្គាល់ដោយភ្នែកបានយ៉ាងងាយស្រួល ប៉ុន្តែ គេចាំបាច់ត្រូវអនុវត្តការពិនិត្យផ្សេងៗដើម្បីស្វែងរកមូលហេតុនៃជំងឺនេះ។

    នៅពេលឃើញថាមានជំងឺខាន់លឿង គេត្រូវប្រុងប្រយ័ត្នចំពោះរោគសញ្ញាផ្សេងៗទៀតដូចជា៖

    + អាការៈឈឺពោះខ្លាំងក្លា

    + បម្រែបម្រួលមុខងារស្មារតី ដូចជា ងងុយគេង អារម្មណ៍កញ្ជ្រោល ស្មារតីវង្វេងវង្វាន់។ល។

    + លាមកមានលាយឈាម ឬ លាមកពណ៌ខ្មៅ

    + កម្អួតមានលាយឈាម

    + ក្ដៅខ្លួន

    + ងាយហូរឈាមឬមានស្នាមជាំស្វាយក្រោមស្បែក

    នៅពេលអ្នកជំងឺខាន់លឿងបង្ហាញរោគសញ្ញាដែលត្រូវប្រុងប្រយ័ត្នខាងលើ អ្នកជំងឺត្រូវរួសរាន់ទៅទទួលការពិនិត្យបន្ថែមពីវេជ្ជបណ្ឌិត។

    ការវាយតម្លៃពីវេជ្ជបណ្ឌិត

    មុនដំបូង វេជ្ជបណ្ឌិតនឹងសាកសួរអំពីរោគសញ្ញានិងប្រវត្តិជំងឺ មុននឹងធ្វើការពិនិត្យរាងកាយ។ បន្ទាប់មក វេជ្ជបណ្ឌិតអាចនឹងប៉ាន់ស្មានទៅលើមូលហេតុជំងឺនិងការពិនិត្យដែលចាំបាច់។

    ការសាកសួររួមមាន តើមានអាការៈលឿងចាប់ពីពេលណា ហើយទឹកនោមចាប់ផ្ដើមមានពណ៌ដិតពីពេលណា (ជាទូទៅ ច្រើនកើតឡើងមុនពេលកើតមានអាការៈលឿង)។ ក្រៅពីនេះ អាចសាកសួរអំពីរោគសញ្ញាផ្សេងទៀត ដូចជា រមាស់ស្បែក អាការៈនឿយហត់ បម្រែបម្រួលលាមក អាការៈឈឺពោះ ជាដើម។ វេជ្ជបណ្ឌិតនឹងប្រុងប្រយ័ត្នខ្លាំងចំពោះរោគសញ្ញានៃជំងឺធ្ងន់ធ្ងរមួយចំនួនដែលអាចជាមូលហេតុនៃជំងឺខាន់លឿង ដូចជា បាត់បង់ចំណង់អាហារភ្លាមៗ ចង់ក្អួត ក្អួត ឈឺពោះ ក្ដៅខ្លួន ដែលជារោគសញ្ញានៃជំងឺរលាកថ្លើម ជាពិសេសចំពោះមនុស្សវ័យក្មេងឬអ្នកដែលមានកត្តាងាយកើតជំងឺរលាកថ្លើម។ រោគសញ្ញាក្ដៅខ្លួននិងអាការៈឈឺចាប់ខ្លាំងក្លានៅផ្នែកខាងលើនៃពោះខាងស្ដាំបង្ហាញអំពីជំងឺរលាកបំពង់ទឹកប្រមាត់ស្រួចស្រាវ(ដោយសារមេរោគ) ដោយច្រើនកើតឡើងចំពោះអ្នកដែលមានជំងឺស្ទះនៅបំពង់ទឹកប្រមាត់។ ជំងឺរលាកបំពង់ទឹកប្រមាត់ស្រួចស្រាវត្រូវការការព្យាបាលជាបន្ទាន់។

    វេជ្ជបណ្ឌិតអាចសាកសួរទៀតអំពីថាតើអ្នកជំងឺធ្លាប់មានជំងឺថ្លើមដែរឬទេ តើធ្លាប់ទទួលការវះកាត់ទាក់ទងនឹងបំពង់ទឹកប្រមាត់ដែរឬទេ តើកំពុងប្រើប្រាស់ឱសថឬសារធាតុ(គ្រឿងស្រវឹង ថ្នាំឬសឈើ តែ ជាដើម)ដែលអាចបង្កជាជំងឺខាន់លឿងដែរឬទេ។ ម្យ៉ាងទៀត ការសាកសួរគ្រួសារអ្នកជំងឺអំពីជំងឺខាន់លឿងឬជំងឺថ្លើមផ្សេងៗ អាចមានប្រយោជន៍នៅក្នុងការវិនិច្ឆ័យថាជាជំងឺថ្លើមលក្ខណៈតំណពូជដែរឬទេ។

    ជំងឺរលាកថ្លើមជាមូលហេតុញឹកញាប់មួយនៃជំងឺខាន់លឿង ដូច្នេះ វេជ្ជបណ្ឌិតនឹងសាកសួរអំពីល័ក្ខខ័ណ្ឌដូចខាងក្រោមដើម្បីវាយតម្លៃលើហានិភ័យនៃការកើតមានជំងឺរលាកថ្លើមរបស់អ្នកជំងឺ៖

    + ធ្វើការនៅមណ្ឌលដែលមានមនុស្សឈឺច្រើនរស់នៅ

    + រស់នៅឬទៅកំសាន្តនៅតំបន់ដែលជំងឺរលាកថ្លើមកំពុងរីករាលដាល

    + រួមភេទតាមទ្វារធំ

    + បរិភោគអាហារប្រភេទគ្រំឆៅ

    + ប្រើប្រាស់ឱសថខុសច្បាប់

    + កំពុងទទួលការលាងឈាម

    + ប្រើប្រាស់កាំបិតកោរឬច្រាសដុសធ្មេញរួមជាមួយអ្នកដទៃ

    + មានស្នាមសាក់ឬប្រើក្រវិលដោតនៅតាមដងខ្លួន

    + កំពុងធ្វើការនៅមន្ទីរពេទ្យជាដើម ដោយមិនធ្លាប់ទទួលវ៉ាក់សាំងការពារជំងឺរលាកថ្លើម

    + ធ្លាប់ទទួលការបញ្ចូលឈាមនៅមុនឆ្នាំ1992

    + រួមភេទជាមួយនឹងអ្នកដែលមានជំងឺរលាកថ្លើម

    ការពិនិត្យរាងកាយ រួមមាន ការស្វែងរករោគសញ្ញានៃជំងឺធ្ងន់ធ្ងរ(ក្ដៅខ្លួន សម្ពាធឈាមចុះទាបខ្លាំង ជីពចរលោតញាប់ជាដើម) និង រោគសញ្ញានៃការបាត់បង់មុខងារថ្លើមខ្លាំង(ងាយចេញស្នាមជាំលើស្បែក កន្ទួលរាងជាចំណុចតូចៗឬជាស្នាមវែងៗ) បម្រែបម្រួលផ្នែកមុខងារស្មារតី ជាដើម)។ វេជ្ជបណ្ឌិតនឹងស្ទាបពោះអ្នកជំងឺថ្នមៗ ដើម្បីស្វែងរកភាពខុសប្រក្រតី ដូចជា វត្តមាននៃដុំរឹង អាការៈឈឺចាប់នៅពេលសង្កត់ អាការៈហើម ការរីកធំនៃសរីរាង្គថ្លើមឬក្រពេញអណ្ដើកជាដើម។

    ការពិនិត្យ

    គេអនុវត្តការពិនិត្យដូចខាងក្រោម៖

    ・ការពិនិត្យឈាម ដើម្បីដឹងអំពីកម្រិតមុខងារនៃថ្លើមនិងដើម្បីវាយតម្លៃទៅលើកម្រិតខូចខាតនៃសរីរាង្គថ្លើម (ការពិនិត្យមុខងារថ្លើម)

    ・ជាទូទៅ គេអនុវត្តការពិនិត្យរូបភាពវេជ្ជសាស្ត្រ ដូចជា ការពិនិត្យអេកូ ការពិនិត្យCT ការពិនិត្យMRI ជាដើម

    ・ការវិភាគជាលិកា (Biopsy) ឬ ការប្រើឧបករណ៍ពិនិត្យក្នុងពោះ(Laparoscopy) (ពេលខ្លះ)

    ការពិនិត្យមុខងារថ្លើម រួមមាន ការវាស់កម្រិតក្នុងឈាមនៃអង់ស៊ីមនិងសារធាតុផ្សេងៗទៀតដែលផលិតនៅក្នុងថ្លើម។ តាមរយៈការពិនិត្យនេះ គេអាចវិនិច្ឆ័យថាមូលហេតុនៃជំងឺខាន់លឿងគឺបណ្ដាលមកពីមុខងារថ្លើមចុះខ្សោយឬមកពីការស្ទះនៅបំពង់ទឹកប្រមាត់។ ករណីជាការស្ទះនៅបំពង់ទឹកប្រមាត់ ជាទូទៅ គេចាំបាច់អនុវត្តការពិនិត្យរូបភាពវេជ្ជសាស្ត្រដូចជាការពិនិត្យអេកូជាដើម។

    ក្រៅពីនេះ ការពិនិត្យឈាមគឺអាស្រ័យទៅលើជំងឺដែលវេជ្ជបណ្ឌិតសង្ស័យ និង លទ្ធផលនៃការពិនិត្យនៅដំណាក់កាលដំបូង រួមមាន ដូចជា៖

    ・មុខងារកំណកឈាម (រយៈពេលប្រូត្រុំប៊ីន(Prothrombin time, PT) រយៈពេលត្រុំបូផ្លាស្ទីន(Activated partial thronboplastin time, APTT))

    ・វត្តមាននៃវីរុសរលាកថ្លើមឬអង់ទីករខុសប្រក្រតី(ដោយសារជំងឺប្រឆាំងប្រព័ន្ធភាពស៊ាំខ្លួនឯង)

    ・ចំនួនគ្រាប់ឈាម (Blood count)

    ・ជំងឺឆ្លងនៅក្នុងឈាមតាមរយៈបច្ចេកទេសបណ្ដុះឈាម

    ・ពិនិត្យឈាមក្រោមមីក្រូទស្សន៍ ដើម្បីពិនិត្យថាមានការខូចខាតនៃគ្រាប់ឈាមក្រហមបរិមាណច្រើនដែរឬទេ

    ករណីចាំបាច់ត្រូវការការពិនិត្យរូបភាពវេជ្ជសាស្ត្រ ភាគច្រើនមុនដំបូង គេអនុវត្តការពិនិត្យអេកូនៅផ្នែកពោះ។ ជាទូទៅ គេនឹងអាចរកឃើញថាមានការស្ទះនៅបំពង់ទឹកប្រមាត់ដែរឬទេ។ ជំនួសអោយការពិនិត្យអេកូ គេក៏អាចអនុវត្តការពិនិត្យCTឬMRIបានផងដែរ។

    ប្រសិនបើគេរកឃើញថាមានការស្ទះនៅបំពង់ទឹកប្រមាត់បន្ទាប់ពីពិនិត្យអេកូ គេនឹងបន្តអនុវត្តការពិនិត្យផ្សេងទៀតដើម្បីស្វែងរកមូលហេតុច្បាស់លាស់។ ជាទូទៅ រួមមានការពិនិត្យMRCP (Magnetic resonance cholangiopancreatography) ឬ ការពិនិត្យERCP(Endoscopic retrograde cholangiopancreatography)។ MRCP ជាការពិនិត្យដោយMRIទៅលើបំពង់ទឹកប្រមាត់និងបំពង់លំពែង ដោយប្រើបច្ចេកទេសធ្វើអោយសារធាតុរាវនៅក្នុងបំពង់មានលក្ខណៈភ្លឺ ហើយជាលិកាជុំវិញនោះមានលក្ខណៈងងឹត ដូច្នេះ MRCPអាចផ្ដល់រូបភាពបានកាន់តែច្បាស់ល្អជាងការពិនិត្យMRIធម្មតា។ នៅក្នុងការពិនិត្យERCP គេប្រើឧបករណ៍អង់ដូស្កុបស៊កបញ្ចូលពីមាត់ទៅកាន់ពោះវៀនតូច ហើយចាក់បញ្ចូលសារធាតុជំនួយការថត(Contrast medium)តាមឧបករណ៍អង់ដូស្កុបនោះចូលទៅដល់បំពង់ទឹកប្រមាត់និងបំពង់លំពែង រួចធ្វើការបញ្ចាំងកាំរស្មីអ៊ិចដើម្បីថតយករូបភាពនៅទីនោះ។ MRCP បង្ហាញលទ្ធផលច្បាស់និងមានសុវត្ថិភាពខ្ពស់ ដូច្នេះវាត្រូវបានគេអនុវត្តជាញឹកញាប់ ប៉ុន្តែ ERCPអាចអោយគេធ្វើការងាយផ្សេងៗទៀតដូចជាទាញយកជាលិកាសម្រាប់ធ្វើជាសំណាក(Biopsy)ឬកម្ចាត់ក្រួសទឹកប្រមាត់ក្នុងពេលអនុវត្តERCPតែម្ដង។

    ការវិភាគជាលិកា(Biopsy)ត្រូវបានអនុវត្តនៅក្នុងករណីដែលគេសង្ស័យលើមូលហេតុមួយចំនួន(ជំងឺរលាកថ្លើមដោយសារវីរុស ការប្រើប្រាស់ឱសថ ការប៉ះពាល់ទៅនឹងសារធាតុពុលជាដើម) ឬ ក្នុងករណីដែលមិនអាចវិនិច្ឆ័យបានច្បាស់លាស់យោងតាមលទ្ធផលនៃការពិនិត្យផ្សេងទៀត។

    ក្នុងករណីដែលគេមិនអាចរកឃើញមូលហេតុដែលនាំអោយមានការស្ទះលំហូរនៃទឹកប្រមាត់តាមរយៈការពិនិត្យផ្សេងៗទេ គេអាចអនុវត្តការពិនិត្យដោយប្រើឧបករណ៍ពិនិត្យក្នុងពោះ(Laparoscopy)។ វេជ្ជបណ្ឌិតនឹងចោះរន្ធតូចនៅក្រោមជាប់ផ្ចិត រួចស៊កបញ្ចូលឧបករណ៍ពិនិត្យក្នុងពោះ(Laparoscope) ដើម្បីពិនិត្យមើលសរីរាង្គថ្លើមនិងថង់ទឹកប្រមាត់ដោយផ្ទាល់តែម្ដង។ ជាកម្រ អាចមានករណីដែលចាំបាច់ត្រូវវះរន្ធធំនៅផ្នែកពោះ។

    ចំណុចត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់

    ចំពោះមនុស្សចាស់ ទោះជាមានជំងឺដែលជាមូលហេតុនៃជំងឺខាន់លឿងក៏ដោយ ក៏ពួកគាត់មិនសូវបង្ហាញរោគសញ្ញាទូទៅនៃជំងឺនេះដូចដែលគេសង្កេតឃើញនៅមនុស្សវ័យក្មេងនោះទេ ឬ ក៏បង្ហាញរោគសញ្ញាកម្រិតស្រាលពិបាកកត់សម្គាល់ដឹង។ ឧទាហរណ៍ មនុស្សចាស់ដែលកើតមានជំងឺរលាកថ្លើមដោយសារវីរុសលក្ខណៈស្រួចស្រាវមិនសូវបង្ហាញរោគសញ្ញាឈឺពោះទេធៀបទៅនឹងមនុស្សវ័យក្មេង។ ចំពោះមនុស្សចាស់ដែលមានអាការៈវង្វេង វេជ្ជបណ្ឌិតអាចយល់ច្រឡំនិងធ្វើរោគវិនិច្ឆ័យថាជាជំងឺចាស់វង្វេង ដោយមិនបានគិតថាជាជំងឺប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើម។

    មូលហេតុនៃជំងឺខាន់លឿងចំពោះមនុស្សចាស់ ជាទូទៅ គឺបណ្ដាលមកពីការស្ទះនៅបំពង់ទឹកប្រមាត់ ដែលអាចកើតឡើងដោយសារជំងឺមហារីក។ ជាពិសេស អ្នកជំងឺជាមនុស្សចាស់ដែលបង្ហាញរោគសញ្ញាដូចជា ស្រកទម្ងន់ រមាស់ស្បែកកម្រិតស្រាល មិនមានអាការៈឈឺពោះ ប៉ុន្តែ មានដុំរឹងនៅផ្នែកពោះ អាចកំពុងមានជំងឺមហារីក ហើយវាជាមូលហេតុនៃការកើតមានជំងឺខាន់លឿង។

    អានបន្ថែម
  • ការព្យាបាល

    ・ការព្យាបាលជំងឺដែលជាមូលហេតុ

    ・ចំពោះអាការៈរមាស់ស្បែក ប្រើឱសថColestyramine

    ・ចំពោះការស្ទះនៅបំពង់ទឹកប្រមាត់ គេព្យាបាលដោយការវះកាត់ឬដោយឧបករណ៍អង់ដូស្កុប(Endoscope)

    គេធ្វើការព្យាបាលជំងឺខាន់លឿង ដោយព្យាបាលជំងឺឬបញ្ហាដែលជាមូលហេតុបង្កជំងឺនេះ។ ករណីជំងឺខាន់លឿងបណ្ដាលមកពីជំងឺរលាកថ្លើមដោយសារវីរុសលក្ខណៈស្រួចស្រាវ វានឹងជាសះស្បើយឡើងវិញបន្តិចម្ដងៗដោយមិនបាច់ព្យាបាល ស្របទៅនឹងការល្អប្រសើរឡើងវិញនៃស្ថានភាពថ្លើម។ ប៉ុន្តែ ទោះជាជំងឺខាន់លឿងជាសះស្បើយក៏ដោយ ជំងឺរលាកថ្លើមអាចប្រែទៅជាជំងឺរ៉ាំរ៉ៃ។ ចំពោះមនុស្សពេញវ័យ ប្រសិនបើមានជំងឺខាន់លឿងតែឯងគឺមិនចាំបាច់ត្រូវការព្យាបាលនោះទេ ប៉ុន្តែ ជំងឺខាន់លឿងចំពោះកុមារមានលក្ខណៈខុសគ្នាដែលត្រូវការការព្យាបាល។

    ជាទូទៅ អាការៈរមាស់ស្បែកនឹងបាត់ទៅវិញបន្តិចម្ដងៗនៅពេលដែលស្ថានភាពថ្លើមមានលក្ខណៈល្អប្រសើរឡើង។ ប្រសិនបើអាការៈនេះរំខានដល់អ្នកជំងឺ គេអាចប្រើឱសថColestyramineទម្រង់ជាថ្នាំលេប។ ប៉ុន្តែ ឱសថនេះមិនមានប្រសិទ្ធិភាពទេក្នុងករណីដែលមានការស្ទះនៅបំពង់ទឹកប្រមាត់ទាំងស្រុង។

    ករណីការស្ទះនៅបំពង់ទឹកប្រមាត់ជាមូលហេតុនៃជំងឺខាន់លឿង គេអាចអនុវត្តបច្ចេកទេសបើកច្រកហូរនៅបំពង់ទឹកប្រមាត់ ដោយជាទូទៅ គេប្រើឧបករណ៍ស៊កតាមអង់ដូស្កុបនៅក្នុងពេលកំពុងអនុវត្តERCP។

    អានបន្ថែម