Hypothyroidism (ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះ)

    • លក្ខណៈទូទៅ
    • មូលហេតុ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការព្យាបាល
  • លក្ខណៈទូទៅ

    ក្រពេញទីរ៉ូអ៊ីត(Thyroid gland) ជាក្រពេញតូចមួយដែលមានទំហំទទឹងប្រមាណ5សង់ទីម៉ែត្រ ស្ថិតនៅក្រោមស្បែកនៃគ្រាប់ពោននៅផ្នែកខាងមុខនៃក។ ក្រពេញទីរ៉ូអ៊ីតបែងចែកជា2ផ្នែក ភ្ជាប់គ្នានៅផ្នែកកណ្ដាល និងរួមគ្នាមានរាងជាមេអំបៅ។ ក្រពេញទីរ៉ូអ៊ីតធម្មតាមិនសម្គាល់ឃើញពីខាងក្រៅនោះទេ ហើយមិនងាយស្ទាបដឹងនោះទេ ប៉ុន្តែ នៅពេលដែលក្រពេញទីរ៉ូអ៊ីតរីកធំគឺវេជ្ជបណ្ឌិតអាចស្ទាបដឹងដោយងាយ ដោយនឹងមានការរីកធំនៅផ្នែកខាងក្រោមឬផ្នែកសងខាងនៃគ្រាប់ពោន(ជំងឺពកក)។

    ក្រពេញទីរ៉ូអ៊ីតបញ្ចេញអរម៉ូនទីរ៉ូអ៊ីត(Thyroid hormone) ដើម្បីគ្រប់គ្រងល្បឿននៃប្រតិកម្មគីមីឬមេតាបូលីសផ្សេងៗនៅក្នុងរាងកាយ។ អរម៉ូនទីរ៉ូអ៊ីតមានឥទ្ធិពលទៅលើល្បឿននៃប្រតិកម្មនៅក្នុងរាងកាយតាម 2 របៀប៖

     ・ភ្ញោចជាលិកាស្ទើរតែទាំងអស់នៅក្នុងរាងកាយដើម្បីបង្កើនការសំយោគប្រូតេអ៊ីន

     ・បង្កើនបរិមាណនៃអង់ស៊ីមដែលកោសិកាប្រើប្រាស់

    អរម៉ូនទីរ៉ូអ៊ីតមានឥទ្ធិពលទៅលើសកម្មភាពជីវិតជាច្រើនរបស់មនុស្ស រួមមាន ចង្វាក់បេះដូង ល្បឿនប្រើប្រាស់កាឡូរី ដំណើរការជួសជុលស្បែក ការលូតលាស់នៃរាងកាយ ការផលិតកម្ដៅ លទ្ធភាពមានផ្ទៃពោះ ការរំលាយអាហារ។ល។

    អរម៉ូនទីរ៉ូអ៊ីត

    អរម៉ូនទីរ៉ូអ៊ីតបែងចែកជា 2 ប្រភេទ៖

      ・T4 (ហៅថា Thyroxine ឬ Tetraiodothyronine)

      ・T3 (ហៅថា Triiodothyronine)

    T4 ជាអរម៉ូនសំខាន់ដែលត្រូវបានសំយោគនៅក្នុងក្រពេញទីរ៉ូអ៊ីត ប៉ុន្តែ វាមានប្រសិទ្ធិភាពបង្កើនមេតាបូលីសក្នុងរាងកាយតែបន្តិចបន្តួចប៉ុណ្ណោះ ដោយវានឹងត្រូវបានបំលែងទៅ T3 ដែលមានសកម្មភាពខ្ពស់ជាងT4។ ដំណើរការបំលែងពីT3ទៅT4ប្រព្រឹត្តឡើងនៅក្នុងសរីរាង្គថ្លើមនិងជាលិកាផ្សេងៗទៀត ហើយវាត្រូវបានគ្រប់គ្រងដោយកត្តាជាច្រើន ដូចជា តម្រូវការរបស់រាងកាយឬវត្តមាននៃជំងឺមួយចំនួន។ T4 និង T3 នៅក្នុងឈាមស្ទើរតែទាំងអស់ស្ថិតនៅដោយភ្ជាប់ទៅនឹងប្រូតេអ៊ីនម្យ៉ាងហៅថា Thyroxine-binding globulin ហើយមានតែបរិមាណតិចតួចប៉ុណ្ណោះដែលស្ថិតនៅតែឯងនៅក្នុងប្រព័ន្ធឈាម។ ទម្រង់ស្ថិតនៅតែឯងនៃអរម៉ូនទាំងនេះមានសកម្មភាពខ្លាំងជាងពេលស្ថិតនៅជាទម្រង់ភ្ជាប់នឹងប្រូតេអ៊ីនThyroxine-binding globulin។ នៅពេលដែលអរម៉ូនក្នុងទម្រង់ស្ថិតនៅតែឯងថយចុះ ដោយសារត្រូវបានប្រើប្រាស់នៅក្នុងរាងកាយ អរម៉ូនដែលស្ថិតនៅជាទម្រង់ភ្ជាប់ជាមួយប្រូតេអ៊ីននឹងផ្ដាច់ខ្លួនពីប្រូតេអ៊ីនវិញដើម្បីបំពេញមុខងារបន្ត។

    ដើម្បីអាចផលិតអរម៉ូនបាន ក្រពេញទីរ៉ូអ៊ីតត្រូវការសារធាតុអ៊ីយ៉ូតពីក្នុងអាហារឬទឹក។ ក្រពេញទីរ៉ូអ៊ីតនឹងប្រើប្រាស់សារធាតុអ៊ីយ៉ូតនៅក្នុងប្រតិកម្មសំយោគអរម៉ូនទីរ៉ូអ៊ីត ហើយក្រោយពេលដែលរាងកាយប្រើប្រាស់អរម៉ូនទាំងនេះរួច សារធាតុអ៊ីយ៉ូតនឹងត្រូវបានបញ្ចេញពីម៉ូលេគុលនៃអរម៉ូននេះ ដើម្បីប្រើប្រាស់នៅក្នុងការសំយោគអរម៉ូនទីរ៉ូអ៊ីតថ្មីបន្តទៀត។ នៅពេលដែលកម្រិតសារធាតុអ៊ីយ៉ូតនៅក្នុងឈាមកើនឡើងខ្ពស់ ក្រពេញទីរ៉ូអ៊ីតនឹងកាត់បន្ថយការបញ្ចេញអរម៉ូនបន្តិច។

    រាងកាយមនុស្សមានប្រព័ន្ធដ៏ស្មុគស្មាញនៅក្នុងការគ្រប់គ្រងបរិមាណនៃអរម៉ូនទីរ៉ូអ៊ីតដែលត្រូវបញ្ចេញ។ ផ្នែកHypothalamus ដែលស្ថិតនៅខាងលើក្រពេញPituitaryក្នុងខួរក្បាលនឹងបញ្ចេញអរម៉ូនម្យ៉ាងហៅថា អរម៉ូនជម្រុញការបញ្ចេញអរម៉ូនភ្ញោចក្រពេញទីរ៉ូអ៊ីត (Thyrotropin-releasing hormone)។ អរម៉ូននេះនឹងទៅភ្ញោចក្រពេញPituitaryដើម្បីអោយក្រពេញនេះបញ្ចេញអរម៉ូនម្យ៉ាងទៀតហៅថា អរម៉ូនភ្ញោចក្រពេញទីរ៉ូអ៊ីត(Thyroid-stimulating hormone ឬ TSH)។ អរម៉ូនTSHមានតួនាទីភ្ញោចក្រពេញទីរ៉ូអ៊ីត ដើម្បីផលិតនិងបញ្ចេញអរម៉ូនទីរ៉ូអ៊ីត(Thyroid hormone)។ ក្រពេញPituitaryនឹងប្រែប្រួលល្បឿននៃការបញ្ចេញអរម៉ូនTSH ដោយអាស្រ័យទៅលើបរិមាណនៃអរម៉ូនទីរ៉ូអ៊ីតនៅក្នុងប្រព័ន្ធឈាម។

    ក្រពេញទីរ៉ូអ៊ីតក៏ផលិតអរម៉ូនម្យ៉ាងទៀត ហៅថា កាល់ស៊ីតូនីន(Calcitonin)ដែលមានតួនាទីជួយនៅក្នុងដំណើរការស្រូបសារធាតុកាល់ស្យូមចូលទៅក្នុងឆ្អឹង ដើម្បីបង្កើនភាពរឹងមាំនៃឆ្អឹង។

    ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះ(Hypothyroidism) ជាស្ថានភាពដែលសកម្មភាពនៃក្រពេញទីរ៉ូអ៊ីតថយចុះ ក៏ដូចជាការបញ្ចេញអរម៉ូនទីរ៉ូអ៊ីតថយចុះផងដែរ ហើយធ្វើអោយមុខងារសំខាន់ៗនៃរាងកាយមានលក្ខណៈថមថយភាពសកម្ម។

    ・រោគសញ្ញានៃជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះ(Hypothyroidism) រួមមាន ទឹកមុខមិនសូវប្រែប្រួល សំឡេងស្អក ការនិយាយស្ដីមានសភាពយឺត ត្របកភ្នែកធ្លាក់ ភ្នែកនិងមុខហើម។ល។

    ・ជាទូទៅ រោគវិនិច្ឆ័យធ្វើឡើងដោយការពិនិត្យឈាមតែមួយដង។

    ・អ្នកជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះ(Hypothyroidism)ចាំបាច់ត្រូវទទួលការបញ្ចូលអរម៉ូនទីរ៉ូអ៊ីតក្នុងរាងកាយពេញមួយជីវិត។

    ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះ(Hypothyroidism)ជាជំងឺដែលគេជួបជាញឹកញាប់ ជាពិសេសវាច្រើនកើតឡើងចំពោះមនុស្សចាស់ ហើយក្នុងចំណោមនោះវាកើតចំពោះស្ត្រីច្រើនជាង ដោយមនុស្សចាស់ជាស្ត្រីប្រមាណ10%កំពុងកើតមានជំងឺនេះ។ ប៉ុន្តែ ជំងឺនេះអាចកើតចំពោះមនុស្សគ្រប់វ័យទាំងអស់។ ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះលក្ខណៈធ្ងន់ធ្ងរខ្លាំង ហៅថា ជំងឺMyxedema។

    អានបន្ថែម
  • មូលហេតុ

    មូលហេតុនៃជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះបែងចែកជា ប្រភេទដែលកើតឡើងដោយសារបញ្ហាក្រពេញទីរ៉ូអ៊ីតផ្ទាល់ និង ប្រភេទដែលកើតឡើងដោយសារបញ្ហាក្រៅពីក្រពេញទីរ៉ូអ៊ីត។

    ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះដែលកើតឡើងដោយសារបញ្ហាក្រពេញទីរ៉ូអ៊ីតផ្ទាល់ មានមូលហេតុផ្សេងៗដូចខាងក្រោម៖

    ・ជំងឺរលាកក្រពេញទីរ៉ូអ៊ីតរ៉ាំរ៉ៃ ឬ ជំងឺរលាកក្រពេញទីរ៉ូអ៊ីតហាស៊ីម៉ូតុ (Hashimoto's thyroiditis)

    ・ស្ថានភាពរលាកនៃក្រពេញទីរ៉ូអ៊ីត

    ・ការព្យាបាលជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង(Hyperthyroidism)ឬជំងឺមហារីកក្រពេញទីរ៉ូអ៊ីត

    ・ស្ថានភាពកង្វះសារធាតុអ៊ីយ៉ូត។

    មុខងារក្រពេញទីរ៉ូអ៊ីតអាចនឹងថយចុះជាបណ្ដោះអាសន្ននៅពេលមានការរលាកកើតឡើងនៅក្រពេញទីរ៉ូអ៊ីត។ ជំងឺSubacute thyroiditis ជាការរលាកក្រពេញទីរ៉ូអ៊ីតដោយសារការឆ្លងមេរោគ។ ជំងឺSilent lymphocytic thyroiditis ជាការរលាកក្រពេញទីរ៉ូអ៊ីតដែលកើតឡើងដោយសារបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងនៅក្រោយពេលស្ត្រីសម្រាលកូន។ ការថយចុះមុខងារក្រពេញទីរ៉ូអ៊ីតករណីបែបនេះមានលក្ខណៈបណ្ដោះអាសន្នតែប៉ុណ្ណោះដោយសារជាលិកាក្រពេញទីរ៉ូអ៊ីតមិនត្រូវបានបំផ្លាញនោះទេ។

    ការព្យាបាលជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង(Hyperthyroidism)ឬជំងឺមហារីកក្រពេញទីរ៉ូអ៊ីត រួមមានការប្រើសារធាតុអ៊ីយ៉ូតដែលបញ្ចេញវិទ្យុសកម្ម(Radioactive iodine)ឬឱសថដែលនឹងរារាំងដំណើរការបញ្ចេញអរម៉ូនរបស់ក្រពេញទីរ៉ូអ៊ីត ដូច្នេះ វាអាចជាមូលហេតុដែលធ្វើអោយមុខងារក្រពេញទីរ៉ូអ៊ីតថយចុះហួសហេតុ។ ការព្យាបាលដោយវះកាត់យកក្រពេញទីរ៉ូអ៊ីតចេញពីរាងកាយនឹងធ្វើអោយខ្វះការបញ្ចេញអរម៉ូនទីរ៉ូអ៊ីត។

    នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន របបអាហាររបស់ប្រជាជនងាយនឹងធ្វើអោយពួកគេខ្វះសារធាតុអ៊ីយ៉ូតរ៉ាំរ៉ៃ ហើយវាជាមូលហេតុទូទៅបំផុតដែលបង្កអោយមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះចំពោះប្រជាជននៅក្នុងប្រទេសទាំងនោះ។ នៅសហរដ្ឋអាមេរិចមានករណីបែបនេះតិចតួចប៉ុណ្ណោះ ដោយសារតែគេបានបន្ថែមសារធាតុអ៊ីយ៉ូតនៅក្នុងអំបិលដែលគេប្រើប្រចាំថ្ងៃ ហើយការសម្លាប់មេរោគនៅដោះរបស់គោទឹកដោះប្រើសារធាតុអ៊ីយ៉ូតដែលធ្វើអោយផលិតផលពីទឹកដោះគោក៏មានផ្ទុកជាតិអ៊ីយ៉ូតផងដែរ។ មូលហេតុដែលកម្រនៃជំងឺនេះគឺបណ្ដាលមកពីជំងឺតំណពូជម្យ៉ាងដែលកើតមានអង់ស៊ីមខុសប្រក្រតីនៅក្នុងកោសិកាក្រពេញទីរ៉ូអ៊ីត ដោយអង់ស៊ីមខុសប្រក្រតីទាំងនេះនឹងរំខានដល់ដំណើរការផលិតនិងបញ្ចេញអរម៉ូនទីរ៉ូអ៊ីត។

    ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះដែលកើតឡើងដោយសារបញ្ហាក្រៅពីក្រពេញទីរ៉ូអ៊ីត អាចកើតឡើងដោយសារការបញ្ចេញអរម៉ូនភ្ញោចក្រពេញទីរ៉ូអ៊ីត(TSH)ពីក្រពេញPituitaryមានលក្ខណៈមិនគ្រប់គ្រាន់។ ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះដែលកើតឡើងដោយសារបញ្ហាក្រៅពីក្រពេញទីរ៉ូអ៊ីតកម្រកើតមានណាស់ ប្រៀបធៀបទៅនឹងប្រភេទដែលកើតឡើងដោយសារបញ្ហាក្រពេញទីរ៉ូអ៊ីតផ្ទាល់។

    អានបន្ថែម
  • រោគសញ្ញា

    នៅពេលដែលខ្វះអរម៉ូនទីរ៉ូអ៊ីត មុខងាររបស់រាងកាយនឹងថយចុះភាពសកម្ម ហើយរោគសញ្ញានឹងបង្ហាញចេញបន្តិចម្ដងៗ។ រោគសញ្ញានៃជំងឺនេះងាយនឹងត្រូវបានច្រឡំថាជារោគសញ្ញានៃជំងឺបាក់ទឹកចិត្ត(Depression) ជាពិសេសចំពោះអ្នកជំងឺជាមនុស្សចាស់។ រោគសញ្ញានៃជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះ រួមមាន៖

    ・ទឹកមុខមិនសូវប្រែប្រួល

    ・សម្លេងស្អក ហើយការនិយាយមានលក្ខណៈយឺតៗ

    ・ត្របកភ្នែកយារធ្លាក់

    ・ភ្នែកនិងមុខហើម

    ・សក់ស្ដើង គ្រើម និង ស្ងួត

    ・ស្បែកគ្រើម ស្ងួត និង ឡើងក្រាស់ដូចស្រកាត្រី។

    អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះភាគច្រើនកើនទម្ងន់ មានអាការៈទល់លាមក និង មិនអាចទ្រាំទ្រនឹងអាកាសធាតុត្រជាក់បាន។ ដៃមានអាការៈឈឺចាក់ៗ(បណ្ដុំរោគសញ្ញាCarpal tunnel syndrome)។ ជីពចរដើរយឺត បាតដៃនិងបាតជើងមានពណ៌លឿងបន្តិច ហើយរោមនៅចុងចិញ្ចើមចាប់ផ្ដើមជ្រុះ។ មនុស្សមួយចំនួន ជាពិសេសមនុស្សចាស់ អាចកើតមានរោគសញ្ញាដូចជា ស្មារតីវង្វេងវង្វាន់ ភ្លេចភ្លាំងជាដើម ដែលអាចធ្វើអោយគេច្រឡំថាគាត់មានជំងឺចាស់វង្វេង(Dementia)។

    ស្ថានភាពគេងសន្លប់ដោយសារមុខងារក្រពេញទីរ៉ូអ៊ីតថយចុះហួសហេតុ (Myxedema coma)

    ប្រសិនបើមិនព្យាបាលទេនោះ ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះនឹងបង្កជាជំងឺស្លេកស្លាំង(Anemia) សីតុណ្ហភាពក្នុងខ្លួនចុះទាប និង មុខងារបេះដូងចុះខ្សោយ។ ស្ថានភាពនេះអាចនឹងវិវត្តទៅដល់អាការៈវង្វេងស្មារតី និងគេងសន្លប់(Coma)តែម្ដង។ ស្ថានភាពនេះអាចធ្វើអោយអ្នកជំងឺបាត់បង់ជីវិត។ ដំណកដង្ហើមរបស់អ្នកជំងឺនឹងកាន់តែយឺតទៅៗ និងអាចមានអាការៈកន្ត្រាក់សាច់ដុំ លំហូរឈាមទៅកាន់ខួរក្បាលថយចុះ។ ការគេងសន្លប់ដោយសារមុខងារក្រពេញទីរ៉ូអ៊ីតថយចុះហួសហេតុ ងាយកើតឡើងនៅពេលដែលអ្នកជំងឺទទួលរងសម្ពាធទៅលើរាងកាយ ដូចជា ការរងា ការកើតមានជំងឺឆ្លង របួសពីខាងក្រៅ ការវះកាត់ ការប្រើប្រាស់ឱសថដែលកាត់បន្ថយមុខងារខួរក្បាលដូចជាឱសថរំងាប់អារម្មណ៍ ។ល។

    មនុស្សចាស់ភាគច្រើនអាចស្ថិតក្នុងស្ថានភាពមុខងារក្រពេញទីរ៉ូអ៊ីតថយចុះក្នុងកម្រិតណាមួយ ដោយមនុស្សចាស់ជាស្ត្រីប្រមាណ10% និង ជាបុរសប្រមាណ6%កើតមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះ។ រោគសញ្ញាទូទៅ ដូចជា កើនទម្ងន់ សាច់ដុំកន្ត្រាក់ អារម្មណ៍ចាក់ៗនៅដៃ មិនអាចទ្រាំទ្រនឹងអាកាសធាតុត្រជាក់បានជាដើម អាចកើតមានតិចតួចប៉ុណ្ណោះចំពោះមនុស្សចាស់ ដោយពួកគាត់អាចមានរោគសញ្ញាមិនទូទៅផ្សេងទៀត ដូចជា ស្រកទម្ងន់ វង្វេងស្មារតី បាត់បង់ចំណង់អាហារ រឹងសន្លាក់ ឈឺសន្លាក់ ឈឺសាច់ដុំ អស់កម្លាំង ងាយដួល។ល។ ដោយសារមនុស្សចាស់បង្ហាញរោគសញ្ញាផ្សេងៗ ពិបាកសម្គាល់ថាជាជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះ វេជ្ជបណ្ឌិតអាចនឹងងាយមើលរំលងជំងឺនេះនៅពេលធ្វើរោគវិនិច្ឆ័យ។ ដូច្នេះ ការវាស់កម្រិតអរម៉ូនភ្ញោចក្រពេញទីរ៉ូអ៊ីត(TSH)តាមរយៈការពិនិត្យឈាមមានសារៈសំខាន់ណាស់។ ទោះជាមិនមានរោគសញ្ញានៃជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះក៏ដោយ ក៏គួរអនុវត្តការពិនិត្យចំពោះអ្នកដែលមានអាយុចាប់ពី60ឆ្នាំឡើងទៅផងដែរ។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    ・ ការវាស់កម្រិតអរម៉ូនភ្ញោចក្រពេញទីរ៉ូអ៊ីត(TSH)តាមរយៈការពិនិត្យឈាម

    ជាទូទៅ គេអាចធ្វើរោគវិនិច្ឆ័យលើជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះដោយផ្អែកលើលទ្ធផលនៃការពិនិត្យឈាម(ការវាស់កម្រិតTSH)ដ៏សាមញ្ញប៉ុណ្ណោះ។ នៅពេលដែលមុខងារក្រពេញទីរ៉ូអ៊ីតថយចុះ កម្រិតTSHនឹងកើនឡើងខ្ពស់។

    មានករណីកម្រដែលជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះកើតឡើងដោយសារការបញ្ចេញអរម៉ូនTSHមិនគ្រប់គ្រាន់ ដូច្នេះ ករណីនេះ គេចាំបាច់ត្រូវការអនុវត្តការពិនិត្យឈាមផ្សេងទៀត គឺការវាស់កម្រិតអរម៉ូនទីរ៉ូអ៊ីតT4។ ប្រសិនបើកម្រិតនៃអរម៉ូនT4មានលក្ខណៈទាប នោះគេអាចធ្វើរោគវិនិច្ឆ័យថាជាជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះ។

    មិនថាមានរោគសញ្ញាឬក៏អត់ មនុស្សចាប់ពីអាយុ60ឆ្នាំឡើងទៅគួរទទួលការវាស់កម្រិតអរម៉ូនTSH ព្រោះជំងឺនេះងាយនឹងកើតឡើងចំពោះមនុស្សចាស់ ហើយករណីកម្រិតស្រាល វាពិបាកនឹងបែងចែកភាពខុសគ្នាទាក់ទងនឹងរោគសញ្ញាជាមួយជំងឺផ្សេងទៀតណាស់។

    អានបន្ថែម
  • ការព្យាបាល

    ・ ការបំពេញបន្ថែមនូវអរម៉ូនទីរ៉ូអ៊ីតក្នុងរាងកាយ

    ការព្យាបាលរួមមានការប្រើឱសថដែលមានច្រើនប្រភេទទម្រង់ជាថ្នាំលេបដើម្បីបំពេញនូវការខ្វះខាតអរម៉ូនទីរ៉ូអ៊ីតនៅក្នុងរាងកាយ។ ការព្យាបាលនេះត្រូវការអរម៉ូនទីរ៉ូអ៊ីតT4បានពីការសំយោគ ក្រៅពីនេះអាចជាឱសថដែលបានពីការសម្ងួតក្រពេញទីរ៉ូអ៊ីតរបស់សត្វ។ ជាទូទៅ ឱសថដែលធ្វើពីការសម្ងួតក្រពេញទីរ៉ូអ៊ីតរបស់សត្វ ផ្ទុកបរិមាណអរម៉ូនទីរ៉ូអ៊ីតមិនស្មើគ្នាទេនៅក្នុងគ្រាប់ថ្នាំ ដូច្នេះគេមិនអាចទទួលបានប្រសិទ្ធិភាពពីឱសថទាំងនេះបានគ្រប់គ្រាន់ដូចឱសថអរម៉ូនទីរ៉ូអ៊ីតT4បានពីការសំយោគនោះទេ។ ករណីបន្ទាន់ដូចក្នុងករណីអ្នកជំងឺឈានដល់ការគេងសន្លប់ គេត្រូវប្រើឱសថសំយោគT4ឬT3ឬទាំងពីរតែម្ដង ដោយបញ្ចូលឱសថទាំងនេះតាមសរសៃវ៉ែន។

    នៅក្នុងការព្យាបាល ប្រសិនបើបរិមាណអរម៉ូនទីរ៉ូអ៊ីតប្រើក្នុង1ដងមានកម្រិតច្រើនហួសហេតុពេក វាអាចបង្កផលរំខានធ្ងន់ធ្ងរដល់អ្នកជំងឺ ដូច្នេះ គេត្រូវចាប់ផ្ដើមប្រើពីកម្រិតទាបទៅ ប៉ុន្តែ ចុងក្រោយ អ្នកជំងឺអាចនឹងចាំបាច់ត្រូវប្រើឱសថទាំងនេះក្នុងកម្រិតខ្ពស់។ ផលរំខាននៃឱសថងាយកើតឡើងចំពោះមនុស្សចាស់ ដូច្នេះ គេត្រូវបន្ថែមកម្រិតឱសថអោយច្រើនជាងកម្រិតដំបូងតែបន្តិចបន្តួចប៉ុណ្ណោះ។ កម្រិតប្រើប្រាស់នៃឱសថនឹងត្រូវបានបង្កើនបន្តិចម្ដងៗរហូតដល់កម្រិតTSHក្នុងឈាមកើនមកដល់កម្រិតធម្មតាវិញ។ នៅពេលមានផ្ទៃពោះ គេចាំបាច់ត្រូវបង្កើនកម្រិតប្រើប្រាស់។

    អានបន្ថែម