Hypotension (ជំងឺសម្ពាធឈាមចុះទាប)
-
- លក្ខណៈទូទៅ
- មូលហេតុ
- រោគសញ្ញា
- ការព្យាបាល
-
លក្ខណៈទូទៅ
ជំងឺសម្ពាធឈាមចុះទាប ជាជំងឺដែលសម្ពាធឈាមស្ថិតក្នុងកម្រិតទាបខ្លាំងរហូតដល់បង្ហាញរោគសញ្ញាដូចជា វិលមុខ ឬ ភាំងស្មារតី ។ល។ ប្រសិនបើសម្ពាធឈាមចុះទាបហួសហេតុពេក វានឹងផ្ដល់ផលប៉ះពាល់ដល់សរីរាង្គ ដោយគេហៅស្ថានភាពបែបនេះថា ស្ហុក (Shock)។
・ ប្រព័ន្ធរក្សាសម្ពាធឈាមក្នុងរាងកាយអាចទទួលឥទ្ធិពលពីឱសថឬជំងឺផ្សេងៗ។
・នៅពេលសម្ពាធឈាមចុះទាបខ្លាំងពេក វាអាចបង្កផលប៉ះពាល់ដល់មុខងារនៃខួរក្បាលឬធ្វើអោយអ្នកជំងឺបាត់បង់ស្មារតីរយៈពេលខ្លី(ភាំងស្មារតី)។
ក្នុងស្ថានភាពធម្មតា រាងកាយនឹងរក្សាសម្ពាធឈាមក្នុងសរសៃអាកទែអោយស្ថិតក្នុងកម្រិតច្បាស់លាស់មួយ។ នៅពេលសម្ពាធឈាមឡើងខ្ពស់ខ្លាំង សរីរាង្គនិងសរសៃឈាមអាចនឹងទទួលការខូចខាត ដោយអាចធ្វើអោយសរសៃឈាមដាច់រហែក ឬ ធ្វើអោយកើតមានរោគសញ្ញាងាយហូរឈាមឬរោគសញ្ញាផ្សេងៗទៀត។ ផ្ទុយទៅវិញ នៅពេលសម្ពាធឈាមចុះទាបខ្លាំងពេក ការផ្គត់ផ្គង់ឈាមទៅរាងកាយទាំងមូលមានលក្ខណៈមិនគ្រប់គ្រាន់។ ជាលទ្ធផល កោសិកាក្នុងរាងកាយមិនអាចទទួលបានអុកស៊ីសែននិងជីវជាតិបានគ្រប់គ្រាន់ ហើយជាតិពុលក្នុងរាងកាយមិនអាចត្រូវបានកម្ចាត់ចោលគ្រប់គ្រាន់។ ករណីខ្លះដែលសម្ពាធឈាមចុះទាបខ្លាំងពេក រហូតដល់ស្ថានភាពមួយហៅថាស្ហុក (Shock) វាអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ ប៉ុន្តែ អ្នកដែលមានសម្ពាធឈាមទាបក្នុងកម្រិតប្រក្រតីអាចរស់នៅបានយូរជាងអ្នកដែលមានសម្ពាធឈាមខ្ពស់ក្នុងកម្រិតប្រក្រតី។
សម្ពាធឈាមតែងតែប្រែប្រួលនៅពេលរាងកាយធ្វើសកម្មភាពប្រចាំថ្ងៃ ដូចជាធ្វើចលនា ហាត់ប្រាណឬនៅពេលគេងជាដើម ប៉ុន្តែ រាងកាយមនុស្សមានមធ្យោបាយផ្សេងៗដើម្បីរក្សាសម្ពាធឈាមអោយស្ថិតក្នុងកម្រិតប្រក្រតី រួមមានដូចខាងក្រោម៖
・ប្រែប្រួលទំហំមុខកាត់នៃសរសៃឈាមអាកទែតូចៗ ឬ សរសៃវ៉ែន
・ប្រែប្រួលបរិមាណឈាមដែលច្របាច់ចេញពីបេះដូងទៅកាន់រាងកាយ
・ប្រែប្រួលបរិមាណឈាមដែលហូរនៅក្នុងសរសៃឈាម
・ប្រែប្រួលឥរិយាបថរាងកាយ។
បម្រែបម្រួលនៃទំហំមុខកាត់របស់សរសៃឈាមអាកទែតូចៗនិងសរសៃឈាមវ៉ែន
ជាលិកាសាច់ដុំ(ប្រភេទសាច់ដុំរលោង)នៅក្នុងសរសៃឈាមអាកទែតូចៗ មានលទ្ធភាពកន្ត្រាក់ឬបន្ធូរដើម្បីពង្រីកឬបង្រួមទំហំមុខកាត់នៃសរសៃឈាម។ នៅពេលសរសៃឈាមអាកទែកន្ត្រាក់រួមកាន់តែតូច កម្លាំងទប់ទល់ទៅនឹងចរន្តឈាមហូរកាន់តែខ្លាំង ធ្វើអោយសម្ពាធឈាមកើនឡើង នោះដោយសារតែរាងកាយ(បេះដូង)ត្រូវការបង្កើនកម្លាំងជម្រុញចរន្តឈាមដើម្បីឆ្លងកាត់សរសៃឈាមដែលកំពុងរួមតូច។ ផ្ទុយទៅវិញ នៅពេលសរសៃឈាមអាកទែបន្ធូរការកន្ត្រាក់ឬរីកធំ កម្លាំងទប់ទល់ទៅនឹងចរន្តឈាមថយចុះ ហើយសម្ពាធឈាមក៏ចុះទាប។ កម្រិតនៃការកន្ត្រាក់ឬបន្ធូររបស់សរសៃឈាមអាកទែតូចៗ ទទួលឥទ្ធិពលពីកត្តាផ្សេងៗដូចខាងក្រោម៖
・សរសៃប្រសាទដែលគ្រប់គ្រងធ្វើអោយសាច់ដុំរលោងនៃសរសៃអាកទែតូចៗកន្ត្រាក់
・អរម៉ូនដែលបញ្ចេញភាគច្រើនពីតម្រងនោម
・ឱសថប្រភេទមួយចំនួន។
សរសៃឈាមវ៉ែនក៏មានតួនាទីនៅក្នុងការគ្រប់គ្រងសម្ពាធឈាមផងដែរ ប៉ុន្តែ ឥទ្ធិពលនៃសរសៃឈាមវែនទៅលើបម្រែបម្រួលនៃសម្ពាធឈាមមានលក្ខណៈតិចជាងខ្លាំងប្រៀបធៀបទៅនឹងឥទ្ធិពលពីសរសៃឈាមអាកទែ។ ការកន្ត្រាក់ឬការបន្ធូរនៃសរសៃឈាមវ៉ែនធ្វើអោយមានការប្រែប្រួលដល់បរិមាណឈាមដែលសរសៃឈាមនេះអាចផ្ទុកបាន។ នៅពេលសរសៃឈាមវ៉ែនកន្ត្រាក់រួមតូច បរិមាណឈាមនៅក្នុងសរសៃឈាមវ៉ែននឹងថយចុះដោយវាជម្រុញចលនាឈាមចូលទៅបេះដូងនិងសរសៃឈាមអាកទែកាន់តែច្រើនជាងមុន។ ជាលទ្ធផល ស្ថានភាពនេះធ្វើអោយសម្ពាធឈាមនៃរាងកាយកើនឡើង។ ផ្ទុយទៅវិញ នៅពេលសរសៃឈាមអាកទែបន្ធូរការកន្ត្រាក់ឬរីកធំ វាអាចផ្ទុកឈាមបានកាន់តែច្រើន ធ្វើអោយបរិមាណឈាមដែលហូរត្រឡប់ទៅបេះដូងថយចុះ។ ជាលទ្ធផល សម្ពាធឈាមនៃរាងកាយទាំងមូលចុះទាបជាងមុន។
បម្រែបម្រួលនៃបរិមាណឈាមដែលច្របាច់ចេញពីបេះដូងទៅកាន់រាងកាយ
នៅពេលដែលបរិមាណឈាមច្របាច់ចេញពីបេះដូងក្នុង1នាទី(Cardiac output)កាន់តែកើនឡើង សម្ពាធឈាមនឹងកើនឡើងប្រសិនបើទំហំមុខកាត់នៃសរសៃឈាមអាកទែមិនប្រែប្រួល។ បរិមាណឈាមដែលបញ្ជូនចេញពីបេះដូងអាចប្រែប្រួលដោយសារកត្តាផ្សេងៗដូចខាងក្រោម៖
・តើបេះដូងច្របាច់ឈាមក្នុងកម្លាំងខ្លាំងប៉ុណ្ណាដែរ?
・តើប្រើសបេះដូងអាចទប់ទល់នឹងការហូរបញ្ច្រាសនៃចរន្តឈាមបានគ្រប់គ្រាន់ប៉ុណ្ណាដែរ?
・តើមានបរិមាណឈាមនៅក្នុងបេះដូងប៉ុណ្ណាដែរនៅពេលបេះដូងធ្វើការកន្ត្រាក់ម្ដងៗ?
បម្រែបម្រួលនៃបរិមាណឈាមដែលហូរនៅក្នុងសរសៃឈាម
ស្ថិតក្នុងស្ថានភាពដែលទំហំមុខកាត់នៃសរសៃឈាមអាកទែមិនប្រែប្រួល កាលណាបរិមាណឈាមក្នុងសរសៃអាកទែនោះកើនឡើង សម្ពាធឈាមក៏កើនឡើងផងដែរ។ បរិមាណឈាមនៅក្នុងសរសៃអាកទែប្រែប្រួលដោយទទួលឥទ្ធិពលពីកត្តាផ្សេងៗដូចខាងក្រោម៖
・បរិមាណធាតុរាវក្នុងរាងកាយ (ការបំពេញជាតិទឹក)
・តើមានការបាត់បង់ជាតិទឹកពីសរសៃអាកទែដែរឬទេ? (ឧទាហរណ៍ នៅពេលដែលកំហាប់នៃសារធាតុប្រូតេអ៊ីននៅក្នុងឈាមមានលក្ខណៈទាបខ្លាំង នោះជាតិទឹកនឹងជ្រាបចេញពីសរសៃអាកទែទៅកាន់ចន្លោះនៃជាលិកាផ្សេងៗនៅក្នុងរាងកាយ)
・បរិមាណជាតិទឹកដែលត្រូវបានបញ្ចេញចោលទៅក្នុងទឹកនោមតាមរយៈប្រព័ន្ធតម្រងនោម
・ឱសថមួយចំនួន ជាពិសេស ឱសថបញ្ចុះទឹកនោម។
បម្រែបម្រួលនៃឥរិយាបថរាងកាយ
សម្ពាធឈាមក៏ទទួលឥទ្ធិពលដោយផ្ទាល់ពីទំនាញផែនដីផងដែរ ដូច្នេះ សម្ពាធឈាមអាចមានលក្ខណៈខុសគ្នានៅផ្នែកផ្សេងគ្នានៃរាងកាយ។ នៅពេលរាងកាយក្រោកឈរ សម្ពាធឈាមនៅជើងមានកម្រិតខ្ពស់ជាងសម្ពាធឈាមនៅផ្នែកក្បាល វាដូចក្នុងករណីដែលសម្ពាធទឹកនៅក្នុងអាងហែលទឹកដែលសម្ពាធនោះមានកម្រិតខ្ពស់ជាងនៅបាតអាងជាងនៅផ្ទៃទឹក។ នៅពេលរាងកាយទម្រេតខ្លួន សម្ពាធឈាមមានលក្ខណៈស្មើគ្នានៅស្ទើរគ្រប់ផ្នែកនៃរាងកាយ។
នៅពេលក្រោកឈរ ឈាមក្នុងសរសៃវ៉ែននៃជើងពិបាកនឹងហូរត្រឡប់ទៅបេះដូង។ ប្រតិកម្មទៅនឹងស្ថានភាពនេះ បេះដូងនឹងបន្ថយបរិមាណឈាមដែលត្រូវច្របាច់ចេញ ហើយសម្ពាធឈាមពេញរាងកាយនឹងចុះទាប។ នៅពេលរាងកាយអង្គុយឬទម្រេតខ្លួន ឈាមអាចត្រឡប់បេះដូងយ៉ាងងាយស្រួល ដូច្នេះ បរិមាណឈាមច្របាច់ចេញពីបេះដូងនិងសម្ពាធឈាមនៃរាងកាយក៏កើនឡើង។ ប្រសិនបើគេលើកឬដាក់ជើងក្នុងកម្ពស់ខ្ពស់ជាងទីតាំងនៃបេះដូង នោះបរិមាណឈាមដែលត្រឡប់ចូលបេះដូងនឹងកើនឡើង ហើយបរិមាណឈាមច្របាច់ចេញពីបេះដូងនិងសម្ពាធឈាមនៃរាងកាយក៏កើនឡើងផងដែរ។
ការតាមដាននិងការគ្រប់គ្រងសម្ពាធឈាម
សរីរាង្គប្រតិកម្មទៅនឹងសម្ពាធ (Baroreceptor ឬ Baroceptor) ជាបណ្ដុំនៃកោសិកាដែលមានតួនាទីពិសេសនៅក្នុងសរសៃឈាមអាកទែ ដោយវាមានមុខងារជាគ្រឿងតាមដានបម្រែបម្រួលនៃសម្ពាធឈាម ជាពិសេស Baroreceptorដែលស្ថិតនៅសរសៃអាកទែនៃផ្នែកកនិងសរសៃអាកទែធំនៃទ្រូង។ សរីរាង្គប្រតិកម្មទៅនឹងសម្ពាធនេះនឹងទទួលដឹងអំពីបម្រែបម្រួលនៃសម្ពាធឈាម រួចបញ្ជូនសញ្ញាភ្ញោចដើម្បីអោយរាងកាយបង្ហាញប្រតិកម្មផ្សេងៗទៅនឹងការប្រែប្រួលនោះ ធ្វើដូចនេះ រាងកាយអាចរក្សាសម្ពាធឈាមអោយស្ថិតក្នុងកម្រិតត្រឹមត្រូវមួយ។ សញ្ញាភ្ញោចដែលចេញពីសរីរាង្គប្រតិកម្មទៅនឹងសម្ពាធឬខួរក្បាលនឹងឆ្លងកាត់តាមសរសៃប្រសាទ ដើម្បីបង្កការប្រែប្រួលនៅលើសរីរាង្គដូចខាងក្រោម៖
・បេះដូង : បញ្ជាអោយបេះដូងប្រែប្រួលល្បឿននិងកម្លាំងកន្ត្រាក់ ធ្វើអោយបរិមាណឈាមដែលច្របាច់ចេញពីបេះដូងប្រែប្រួល។ នេះជាប្រតិកម្មដំបូងគេមួយ ដើម្បីបង្កើនសម្ពាធឈាមដែលចុះទាបអោយត្រឡប់មកសភាពធម្មតាវិញ។
・សរសៃអាកទែតូចៗ : បញ្ជាអោយសរសៃឈាមកន្ត្រាក់រួមតូចឬបន្ធូរការកន្ត្រាក់ដើម្បីរីកធំ ធ្វើអោយកម្លាំងទប់ទល់នឹងចរន្តឈាមនៃសរសៃឈាមទាំងនេះប្រែប្រួល។
・សរសៃវ៉ែន : បញ្ជាអោយសរសៃឈាមកន្ត្រាក់រួមតូចឬបន្ធូរការកន្ត្រាក់ដើម្បីរីកធំ ធ្វើអោយបរិមាណឈាមដែលអាចផ្ទុកនៅក្នុងសរសៃឈាមទាំងនេះប្រែប្រួល។
・តម្រងនោម : បញ្ជាអោយប្រែប្រួលបរិមាណជាតិទឹកដែលត្រូវបញ្ចេញចោលតាមទឹកនោម ធ្វើអោយបរិមាណឈាមនៅក្នុងសរសៃឈាមប្រែប្រួល ឬក៏ បញ្ជាអោយប្រែប្រួលបរិមាណអរម៉ូនដែលត្រូវបញ្ចេញពីតម្រងនោម ធ្វើអោយសរសៃឈាមអាកទែតូចៗកន្ត្រាក់ឬបន្ធូរការកន្ត្រាក់ដោយសារឥទ្ធិពលនៃអរម៉ូនទាំងនោះ។ បម្រែបម្រួលនេះត្រូវការរយៈពេលវែង ដូច្នេះ ប្រតិកម្មនៃប្រព័ន្ធនេះទៅនឹងការប្រែប្រួលនៃសម្ពាធឈាមមានលក្ខណៈយឺត។
ឧទាហរណ៍ នៅពេលមានអាការៈហូរឈាម បរិមាណឈាមក្នុងរាងកាយនឹងថយចុះ ហើយសម្ពាធឈាមនឹងចុះទាប។ ក្នុងករណីនេះ សរីរាង្គដែលតាមដានសម្ពាធឈាមនឹងភ្ញោចអោយមានប្រតិកម្មផ្សេងៗដើម្បីទប់ស្កាត់កុំអោយសម្ពាធឈាមចុះទាបខ្លាំងហួសហេតុ។ ប្រតិកម្មទាំងនោះរួមមាន បេះដូងកន្ត្រាក់លឿនជាងមុននិងខ្លាំងជាងមុន សរសៃវ៉ែនកន្ត្រាក់រួមតូចដើម្បីបន្ថយបរិមាណឈាមផ្ទុកក្នុងសរសៃវ៉ែន ហើយសរសៃអាកទែក៏កន្ត្រាក់រួមតូចដើម្បីបង្កើនកម្លាំងទប់ទល់ទៅនឹងចរន្តឈាម។ នៅពេលដែលឈាមឈប់ហូរ រាងកាយនឹងខិតខំបង្កើនបរិមាណឈាមនៅក្នុងសរសៃឈាមវិញ ដោយជម្រុញការហូរចូលនៃធាតុរាវនៅផ្នែកផ្សេងៗនៃរាងកាយចូលទៅក្នុងសរសៃឈាម ហើយសម្ពាធឈាមក៏ចាប់ផ្ដើមត្រឡប់មកប្រក្រតីឡើងវិញ។ ចំណែកតម្រងនោមក៏បន្ថយការផលិតទឹកនោម ដើម្បីជួយរក្សាបរិមាណជាតិទឹកបំពេញនៅក្នុងសរសៃឈាមអោយដូចទៅនឹងស្ថានភាពប្រក្រតី។ ជាចុងក្រោយ នៅក្នុងខួរឆ្អឹងនិងក្រពេញអណ្ដើក(Spleen) ដំណើរការផលិតគ្រាប់ឈាមថ្មីៗនឹងកើនឡើង ធ្វើអោយបរិមាណឈាមត្រឡប់ទៅសភាពធម្មតាវិញបានយ៉ាងពេញលេញ។
ប៉ុន្តែ លទ្ធភាពនៃប្រព័ន្ធតាមដាននិងគ្រប់គ្រងសម្ពាធឈាមក្នុងរាងកាយក៏មានដែនកំណត់ផងដែរ។ ឧទាហរណ៍ ករណីដែលរាងកាយបាត់បង់ឈាមច្រើនភ្លាមៗ ប្រព័ន្ធក្នុងរាងកាយមិនអាចប្រតិកម្មទាន់ពេលវេលាដើម្បីបំពេញការខូចខាតបាន ធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង ហើយមុខងារនៃសរីរាង្គមួយចំនួនចាប់ផ្ដើមចុះខ្សោយជាលំដាប់ (ស្ថានភាពនេះហៅថា ស្ហុក (Shock))។
ម្យ៉ាងទៀត នៅពេលមនុស្សកាន់តែមានអាយុច្រើន ប្រព័ន្ធប្រតិកម្មទៅនឹងបម្រែបម្រួលសម្ពាធឈាមក៏មានលក្ខណៈយឺតជាងមុនផងដែរ។
អានបន្ថែម -
មូលហេតុ
សម្ពាធឈាមចុះទាបអាចបណ្ដាលមកពីសរសៃអាកទែតូចៗបន្ធូរការកន្ត្រាក់ដោយសារមូលហេតុផ្សេងៗ ដូចជា៖
・សារធាតុពុលដែលផលិតនិងបញ្ចេញដោយបាក់តេរី នៅពេលរាងកាយកំពុងទទួលឥទ្ធិពលពីការឆ្លងបាក់តេរីកម្រិតធ្ងន់ធ្ងរ
・ឱសថមួយចំនួន
・សរសៃប្រសាទដែលភ្ញោចការកន្ត្រាក់នៃសរសៃអាកទែតួចៗទទួលរងផលប៉ះពាល់ដោយសាររបួសប៉ះទង្គិចឆ្អឹងខ្នង
・ប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ (Anaphylaxis)
・ជំងឺនៃក្រពេញបញ្ចេញក្នុងមួយចំនួន (ដូចជា ជំងឺអាឌីសុន(Addison's disease))
ជំងឺបេះដូងមួយចំនួនអាចបណ្ដាលអោយសម្ពាធឈាមចុះទាប។ ឧទាហរណ៍ ជំងឺដែលបាត់បង់មុខងារច្របាច់ឈាមរបស់បេះដូង ធ្វើអោយបរិមាណឈាមចេញពីបេះដូងថយចុះ រួមមានជំងឺដូចខាងក្រោម៖
・ជំងឺគាំងបេះដូង (ជំងឺស្ទះសរសៃឈាមបេះដូង (myocardial infarction))
・ជំងឺទាក់ទងនឹងប្រើសបេះដូង
・ជំងឺចង្វាក់បេះដូងកើនឡើងខុសប្រក្រតី (Tachycardia)
・ជំងឺចង្វាក់បេះដូងថយចុះខុសប្រក្រតី (Bradycardia)
・ជំងឺចង្វាក់បេះដូងខុសប្រក្រតី (Arrhythmia)
ម្យ៉ាងទៀត សម្ពាធឈាមចុះទាបអាចកើតឡើងនៅពេលបរិមាណឈាមក្នុងរាងកាយថយចុះ ដោយសារមូលហេតុដូចជា៖
・កង្វះជាតិទឹក
・អាការៈហូរឈាម
・ជំងឺតម្រងនោម
សម្ពាធឈាមចុះទាបក៏អាចកើតឡើងដោយសារសរសៃប្រសាទដែលបញ្ជូនសញ្ញាភ្ញោចពីខួរក្បាលទៅកាន់បេះដូងឬសរសៃឈាមមានបញ្ហាឬរងការខូចខាត(ហៅថាជំងឺសរសៃប្រសាទនៃប្រព័ន្ធអូតូណូមិច (Autonomic neuropathy))ផងដែរ។
នៅពេលរាងកាយផ្លាស់ប្ដូរឥរិយាបថពីអង្គុយទៅជាឈរ សម្ពាធឈាមនៅក្នុងសរសៃឈាមដែលបញ្ជូនឈាមទៅខួរក្បាលថយចុះ ដោយវាអាចបង្កជាអាការៈវិលមុខឬងងឹតមុខបណ្ដោះអាសន្ន។ ស្ថានភាពបែបនេះហៅថា អាការៈសម្ពាធឈាមចុះទាបនៅពេលក្រោកឈរ (Orthostatic hypotension)។ អាការៈសម្ពាធឈាមចុះទាបនៅពេលក្រោកឈរនេះងាយកើតឡើងចំពោះអ្នកដែលកំពុងស្ថិតក្នុងស្ថានភាពខ្វះជាតិទឹកក្នុងរាងកាយ អ្នកដែលទើបចេញពីបរិយាកាសក្ដៅ អ្នកដែលមានជំងឺមួយចំនួន ឬ អ្នកដែលស្ថិតក្នុងស្ថានភាពអង្គុយឬទម្រេតខ្លួនរយៈពេលយូរ។ អាការៈនេះអាចបង្កជាអាការៈភាំងស្មារតី ប៉ុន្តែ ករណីស្ទើរតែទាំងអស់ រាងកាយនឹងប្រតិកម្មភ្លាមៗដើម្បីបង្កើនសម្ពាធឈាមមកវិញនិងបង្ការអាការៈភាំងស្មារតី។
មូលហេតុសំខាន់ៗដែលបង្កជាអាការៈសម្ពាធឈាមចុះទាប
សរសៃឈាមបន្ធូរការកន្ត្រាក់ (រីកធំ) ឧទាហរណ៍នៃមូលហេតុ៖ គ្រឿងស្រវឹង ប្រតិកម្មអាលែកហ្ស៊ីមួយចំនួន ឱសថព្យាបាលជំងឺបាក់ទឹកចិត្តមួយចំនួន ដូចជាAmitriptyline ជាដើម ឱសថព្យាបាលជំងឺលើសសម្ពាធឈាមដែលមានសកម្មភាពពង្រីកសរសៃឈាម (ឱសថទប់ស្កាត់គ្រឿងទទួលកាល់ស្យូម(Calcium antagonist) ឱសថទប់ស្កាត់អង់ស៊ីមACE (ACE inhibitors) ឱសថទប់ស្កាត់គ្រឿងទទួលអេនជីអូថេនស៊ីនII (ARB) ជាដើម) ឱសថប្រភេទអាស៊ីតនីទ្រិច(Nitric acid) ជំងឺឆ្លងបាក់តេរីកម្រិតធ្ងន់ធ្ងរ ការស្ថិតក្នុងបរិយាកាសក្ដៅ ការខូចខាតសរសៃប្រសាទ (ដោយសារជំងឺទឹកនោមផ្អែម ជំងឹAmyloidosis ផលប៉ះពាល់ឆ្អឹងខ្នង ជាដើម)។
បរិមាណឈាមច្របាច់ចេញពីបេះដូងថយចុះ ឧទាហរណ៍នៃមូលហេតុ៖ ជំងឺចង្វាក់បេះដូងខុសប្រក្រតី (Arrhythmia) ការខូចខាតឬការចុះខ្សោយមុខងារនៃសាច់ដុំបេះដូង(ដោយសារជំងឺគាំងបេះដូងឬជំងឺឆ្លងវីរុសជាដើម) ជំងឺទាក់ទឹងនឹងប្រើសបេះដូង ជំងឺស្ទះកំណកឈាមក្នុងសួត (Pulmonary embolism)។
បរិមាណឈាមក្នុងរាងកាយថយចុះ ឧទាហរណ៍នៃមូលហេតុ៖ អាការៈរាករូស ឱសថបញ្ចុះទឹកនោម (Furosemide, Hydrochlorothiazide ជាដើម) អាការៈហូរឈាមច្រើន អាការៈបែកញើសច្រើន អាការៈនោមច្រើន (ដោយសារជំងឺទឹកនោមផ្អែម ឬ ជំងឺអាឌីសុន(Addison's disease)ជាដើម)។
ការខូចខាតនៃប្រព័ន្ធប្រសាទអូតូណូមិច ឧទាហរណ៍នៃមូលហេតុ៖ ជំងឺAmyloidosis ជំងឺទឹកនោមផ្អែម ជំងឺShy-Drager syndrome ជំងឺប៉ាគីនសុន (Parkinson's disease)។
ការរាំងស្ទះនៃការហូរត្រឡប់របស់ឈាមទៅកាន់បេះដូង ឧទាហរណ៍នៃមូលហេតុ៖ ស្ថានភាពនៃសរសៃវ៉ែនធំខាក្រោមទទួលរងការសង្កត់ពីស្បូនក្នុងអំឡុងពេលមានផ្ទៃពោះ នៅពេលស្ត្រីទម្រេតខ្លួនក្នុងឥរិយាបថណាមួយ
ការកើនឡើងនៃសម្ពាធត្រង់ពោះនៅពេលបន្ទោរបង់លាមកឬនោមឬលើករបស់ធ្ងន់ៗជាដើម។
ការរាំងស្ទះនៃសកម្មភាពរបស់ផ្នែកនៃខួរក្បាលដែលគ្រប់គ្រងសម្ពាធឈាម ឧទាហរណ៍នៃមូលហេតុ៖ គ្រឿងស្រវឹង ឱសថព្យាបាលជំងឺបាក់ទឹកចិត្តមួយ ឱសថបញ្ចុះសម្ពាធឈាម ដូចជា Methyldopa, Clonidine ជាដើម និង ឱសថប្រភេទបាល់ប៊ីតាល់ (Barbiturates)។
អានបន្ថែម -
រោគសញ្ញា
នៅពេលដែលសម្ពាធឈាមចុះទាបខ្លាំង សរីរាង្គដែលប៉ះពាល់មុខងារមុនគេគឺ ខួរក្បាល ដោយសារតែខួរក្បាលស្ថិតនៅទីតាំងខ្ពស់ជាងគេ ហើយចរន្តឈាមដែលទៅផ្គត់ផ្គង់ដល់ខួរក្បាលត្រូវទប់ទល់នឹងកម្លាំងទំនាញផែនដីដើម្បីធ្វើចលនាផ្ទុយពីទំនាញផែនដី។ ជាលទ្ធផល អ្នកដែលមានសម្ពាធឈាមទាប ច្រើនកើតមានរោគសញ្ញាដូចជា វិលមុខឬងងឹតមុខ ជាពិសេសនៅពេលក្រោកឈរ ហើយអាចមានអាការៈភាំងស្មារតី។ ដោយសារអាការៈភាំងស្មារតី រាងកាយនឹងដួលចុះ ធ្វើអោយខួរក្បាលនិងបេះដូងស្ថិតនៅកម្ពស់ស្មើគ្នា ហើយចរន្តអាចហូរចូលខួរក្បាលដោយងាយស្រួលនិងមិនប្រឆាំងនឹងទំនាញផែនដី បែបនេះ រាងកាយអាចបង្ការការខូចខាតដល់ខួរក្បាល។ ប៉ុន្តែ ករណីសម្ពាធឈាមចុះទាបខ្លាំងពេក ប្រតិកម្មនេះមិនអាចទប់ស្កាត់ផលប៉ះពាល់ចំពោះខួរក្បាលបាននោះទេ។ ម្យ៉ាងទៀត ការដួលចុះបែបនេះអាចធ្វើអោយប៉ះទង្គិចបង្ករបួសដល់ផ្នែកក្បាលនិងផ្នែកផ្សេងទៀតនៃរាងកាយ។
នៅពេលរាងកាយស្ថិតក្នុងស្ថានភាពសម្ពាធឈាមចុះទាប ឈាមដែលទៅផ្គត់ផ្គង់ដល់សាច់ដុំបេះដូងមានលក្ខណៈមិនគ្រប់គ្រាន់ ធ្វើអោយកើតមានរោគសញ្ញាដូចជា ដង្ហក់ ឈឺទ្រូង ជាដើម។
ប្រសិនបើសម្ពាធឈាមនៅតែបន្តចុះទាប ដោយមិនត្រឡប់មកសភាពប្រក្រតីវិញទេនោះ សរីរាង្គទាំងអស់នៃរាងកាយនឹងចុះខ្សោយមុខងារ ដោយស្ថានភាពនេះហៅថា ស្ហុក (Shock)។
មានជំងឺមួយចំនួនដែលបង្ករោគសញ្ញាជាសម្ពាធឈាមចុះទាប ហើយក៏បង្ករោគសញ្ញាផ្សេងទៀតផងដែរ ដូច្នេះ រោគសញ្ញាទាំងនោះមិនមែនបណ្ដាលមកពីការចុះទាបនៃសម្ពាធឈាមនោះទេ។ ឧទាហរណ៍ នៅក្នុងជំងឺឆ្លង រោគសញ្ញាអាចរួមមានអាការៈក្ដៅខ្លួនជាដើម។
រោគសញ្ញាមួយចំនួនជារោគសញ្ញាដែលរាងកាយបង្កឡើងដើម្បីបង្កើនសម្ពាធឈាមដែលកំពុងចុះទាប។ ឧទាហរណ៍ នៅពេលដែលសរសៃអាកទែតូចៗកន្ត្រាក់រួមតូច ចរន្តឈាមទៅកាន់ស្បែកឬដៃជើងមានលក្ខណៈថយចុះ ធ្វើអោយផ្នែកទាំងនេះមានសភាពត្រជាក់និងស្លេកស្លាំង។ នៅពេលបេះដូងចាប់ផ្ដើមកន្ត្រាក់ញាប់និងខ្លាំងដើម្បីបង្កើនសម្ពាធឈាមឡើងវិញ វានឹងបង្ហាញជារោគសញ្ញាបេះដូងលោតញាប់។
អានបន្ថែម -
ការព្យាបាល
ការព្យាបាលជំងឺសម្ពាធឈាមចុះទាបនៅពេលក្រោកឈរ (Orthostatic hypotension)
ការព្យាបាលក្រៅពីការប្រើឱសថ
ចំពោះអ្នកជំងឺដែលត្រូវការសម្រាកនៅលើគ្រែរយៈពេលយូរ ត្រូវអោយអ្នកជំងឺក្រោកអង្គុយ និង ធ្វើលំហាត់ប្រាណតិចតួចនៅលើគ្រែប្រសិនបើអាចទៅរួច។ ម្យ៉ាងទៀត អាចអោយអ្នកជំងឺក្រោកឈរដោយយឺតៗ និង ផ្ដល់ជាតិទឹកអោយបានគ្រប់គ្រាន់ ហើយកាត់បន្ថយឬបញ្ឈប់ការពិសាគ្រឿងស្រវឹង ព្រមទាំងធ្វើលំហាត់ប្រាណជាប្រចាំ។ ការធ្វើលំហាត់ប្រាណជាទៀតងទាត់អាចធ្វើអោយសរសៃឈាមនៅក្នុងរាងកាយទាំងមូលទទួលការភ្ញោច ហើយការប្រមូលផ្ដុំឈាមច្រើននៅក្នុងសរសៃវ៉ែនក៏កាត់បន្ថយ។ មនុស្សដែលមានវ័យចាស់គួរចៀសវាងការឈរច្រើនម៉ោង។ ការគេងដោយលើកផ្នែកក្បាលនៃគ្រែខ្ពស់បន្តិច អាចជម្រុញការប្រមូលផ្ដុំនៃសូដ្យូមក្នុងរាងកាយនិងកាត់បន្ថយអាការៈនោមញឹកពេលយប់ ក៏ដូចជាកាត់បន្ថយរោគសញ្ញានាសម្ពាធឈាមចុះទាបផងដែរ។
អ្នកដែលកើតមានអាការៈសម្ពាធឈាមចុះទាបក្រោយបរិភោគអាហារ គួរកាត់បន្ថយបរិមាណបរិភោគឬបរិមាណកាបូអ៊ីដ្រាត(បាយជាដើម) និងគួរបន្ថយបរិមាណគ្រឿងស្រវឹងដល់កម្រិតអប្បបរមា ហើយត្រូវចៀសវាងការងើបក្រោកឈរភ្លាមៗក្រោយបរិភោគអាហារ។
ការប្រើស្រោមឬខោរឹត(Stockings)ពាក់មកដល់ចង្កេះ អាចជួយដល់ចរន្តឈាមរត់នៅក្នុងសរសៃវ៉ែនក្រោយក្រោកឈរ ធ្វើអោយឈាមចេញពីបេះដូងកើនឡើង ក៏ដូចជាសម្ពាធឈាមកើនឡើងផងដែរ។
ការបង្កើនការបរិភោគអំបិលនិងជាតិទឹក ធ្វើអោយបរិមាណឈាមក្នុងសរសៃឈាមកើនឡើង ដូច្នេះ អាចកាត់បន្ថយរោគសញ្ញានៃសម្ពាធឈាមចុះទាបបានមួយកម្រិត។ អ្នកជំងឺអាចបង្កើនការបរិភោគអំបិលឬប្រើប្រាស់ឱសថសូដ្យូមក្លរ៉ាយ(Sodium chloride)ក្នុងកម្រិត6~10ក្រាមក្នុង1ថ្ងៃ ប្រសិនបើមិនឃើញកើតមានរោគសញ្ញាចុះខ្សោយមុខងារបេះដូងឬលើសសម្ពាធឈាមនោះទេ។ វិធីនេះអាចបង្កើនហានិភ័យនៃផលប៉ះពាល់មុខងារបេះដូងចំពោះអ្នកជំងឺដែលជាមនុស្សចាស់ឬអ្នកដែលមានជំងឺទាក់ទងនឹងសាច់ដុំបេះដូង ប៉ុន្តែ វាមិនត្រូវបានហាមឃាត់ចំពោះអ្នកជំងឺដែលមិនមានការចុះខ្សោយមុខងារបេះដូងនិងមានអាការៈហើមនោះទេ។
ការព្យាបាលដោយប្រើឱសថ
ឱសថFludrocortisone ធ្វើអោយសារធាតុសូដ្យូម(Na)ប្រមូលផ្ដុំច្រើននៅក្នុងរាងកាយ ធ្វើអោយបរិមាណឈាមកើនឡើង ដូច្នេះ រោគសញ្ញានៃសម្ពាធឈាមចុះទាបក៏ធូរស្រាលជាងមុន ប៉ុន្តែ ការព្យាបាលបែបនេះមានប្រសិទ្ធិភាពនៅពេលដែលអ្នកជំងឺបរិភោគសារធាតសូដ្យូមបានគ្រប់គ្រាន់តែប៉ុណ្ណោះ។ ឱសថនេះអាចបង្កផលរំខានដូចជា សម្ពាធឈាមកើនឡើងខ្ពស់ មុខងារបេះដូងចុះខ្សោយ និង កម្រិតប៉ូតាស្យូម(K)ក្នុងឈាមថយចុះ ដូច្នេះ មានករណិដែលអ្នកជំងឺត្រូវប្រើប្រាស់ឱសថប៉ូតាស្យូមដើម្បីបំពេញ។
ឱសថ Midodrine ជាឱសថប្រភេទភ្ញោចគ្រឿងទទួលអាល់ហ្វា(α-Receptor agonist) ដែលនឹងបង្កការកន្ត្រាក់រួមតូចនៃសរសៃអាកទែនិងសរសៃវ៉ែន។ ផលរំខាននៃឱសថនេះរួមមាន អាការៈរមាស់ អារម្មណ៍វង្វេង ជាដើម។ ម្យ៉ាងទៀត មិនគួរប្រើឱសថនេះចំពោះអ្នកដែលមានជំងឺទាក់ទងនឹងសរសៃអាកទែបេះដូងឬជំងឺទាក់ទងនឹងសរសៃអាកទែតាមអវៈយវៈនោះទេ។
ឱសថប្រភេទNSAIDs (ឧទាហរណ៍ Indometacin) មានប្រសិទ្ធិភាពរារាំងសកម្មភាពពង្រីកសរសៃឈាមរបស់សារធាតុប្រូស្តាក្លង់ឌីន(Prostaglandin) ធ្វើអោយកម្លាំងទប់ចរន្តឈាមនៃសរសៃឈាមតូចៗកើនឡើង។ ប៉ុន្តែ ឱសថប្រភេទNSAIDs អាចបង្កផលរំខានប៉ហពាល់ដល់ក្របះពោះវៀននិងប្រតិកម្មបង្កើនសម្ពាធឈាមហួសហេតុ។
ឱសថ Propranolol ឬ ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលបេតា (β Receptor blockers)ផ្សេងទៀតអាចបង្កើនប្រសិទ្ធិភាពនៃវិធីព្យាបាលដោយសារធាតុសូដ្យូមនិងឱសថFludrocortisone។ ការទប់ស្កាត់គ្រឿងទទួលបេតានៃឱសថPropranolol នឹងបង្កការកន្ត្រាក់រួមតូចនៃសរសៃឈាមដោយសារការភ្ញោចគ្រឿងទទួលអាល់ហ្វាកើនឡើងនៅតាមសរសៃឈាមតូចៗ ដូច្នេះ ឱសថនេះមានប្រសិទ្ធិភាពបង្កាការរីកនៃសរសៃឈាមដែលកើតឡើងនៅពេលក្រោកឈរ ចំពោះអ្នកជំងឺមួយចំនួន។
អានបន្ថែម