Hyperthyroidism (ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង)
-
- លក្ខណៈទូទៅ
- មូលហេតុ
- រោគសញ្ញា
- រោគវិនិច្ឆ័យ
- ការព្យាបាល
-
លក្ខណៈទូទៅ
ក្រពេញទីរ៉ូអ៊ីត(Thyroid gland) ជាក្រពេញតូចមួយដែលមានទំហំទទឹងប្រមាណ5សង់ទីម៉ែត្រ ស្ថិតនៅក្រោមស្បែកនៃគ្រាប់ពោននៅផ្នែកខាងមុខនៃក។ ក្រពេញទីរ៉ូអ៊ីតបែងចែកជា2ផ្នែក ភ្ជាប់គ្នានៅផ្នែកកណ្ដាល និងរួមគ្នាមានរាងជាមេអំបៅ។ ក្រពេញទីរ៉ូអ៊ីតធម្មតាមិនសម្គាល់ឃើញពីខាងក្រៅនោះទេ ហើយមិនងាយស្ទាបដឹងនោះទេ ប៉ុន្តែ នៅពេលដែលក្រពេញទីរ៉ូអ៊ីតរីកធំគឺវេជ្ជបណ្ឌិតអាចស្ទាបដឹងដោយងាយ ដោយនឹងមានការរីកធំនៅផ្នែកខាងក្រោមឬផ្នែកសងខាងនៃគ្រាប់ពោន(ជំងឺពកក)។
ក្រពេញទីរ៉ូអ៊ីតបញ្ចេញអរម៉ូនទីរ៉ូអ៊ីត(Thyroid hormone) ដើម្បីគ្រប់គ្រងល្បឿននៃប្រតិកម្មគីមីឬមេតាបូលីសផ្សេងៗនៅក្នុងរាងកាយ។ អរម៉ូនទីរ៉ូអ៊ីតមានឥទ្ធិពលទៅលើល្បឿននៃប្រតិកម្មនៅក្នុងរាងកាយតាម 2 របៀប៖
・ភ្ញោចជាលិកាស្ទើរតែទាំងអស់នៅក្នុងរាងកាយដើម្បីបង្កើនការសំយោគប្រូតេអ៊ីន
・បង្កើនបរិមាណនៃអង់ស៊ីមដែលកោសិកាប្រើប្រាស់
អរម៉ូនទីរ៉ូអ៊ីតមានឥទ្ធិពលទៅលើសកម្មភាពជីវិតជាច្រើនរបស់មនុស្ស រួមមាន ចង្វាក់បេះដូង ល្បឿនប្រើប្រាស់កាឡូរី ដំណើរការជួសជុលស្បែក ការលូតលាស់នៃរាងកាយ ការផលិតកម្ដៅ លទ្ធភាពមានផ្ទៃពោះ ការរំលាយអាហារ។ល។
អរម៉ូនទីរ៉ូអ៊ីត
អរម៉ូនទីរ៉ូអ៊ីតបែងចែកជា 2 ប្រភេទ៖
・T4 (ហៅថា Thyroxine ឬ Tetraiodothyronine)
・T3 (ហៅថា Triiodothyronine)
T4 ជាអរម៉ូនសំខាន់ដែលត្រូវបានសំយោគនៅក្នុងក្រពេញទីរ៉ូអ៊ីត ប៉ុន្តែ វាមានប្រសិទ្ធិភាពបង្កើនមេតាបូលីសក្នុងរាងកាយតែបន្តិចបន្តួចប៉ុណ្ណោះ ដោយវានឹងត្រូវបានបំលែងទៅ T3 ដែលមានសកម្មភាពខ្ពស់ជាងT4។ ដំណើរការបំលែងពីT3ទៅT4ប្រព្រឹត្តឡើងនៅក្នុងសរីរាង្គថ្លើមនិងជាលិកាផ្សេងៗទៀត ហើយវាត្រូវបានគ្រប់គ្រងដោយកត្តាជាច្រើន ដូចជា តម្រូវការរបស់រាងកាយឬវត្តមាននៃជំងឺមួយចំនួន។ T4 និង T3 នៅក្នុងឈាមស្ទើរតែទាំងអស់ស្ថិតនៅដោយភ្ជាប់ទៅនឹងប្រូតេអ៊ីនម្យ៉ាងហៅថា Thyroxine-binding globulin ហើយមានតែបរិមាណតិចតួចប៉ុណ្ណោះដែលស្ថិតនៅតែឯងនៅក្នុងប្រព័ន្ធឈាម។ ទម្រង់ស្ថិតនៅតែឯងនៃអរម៉ូនទាំងនេះមានសកម្មភាពខ្លាំងជាងពេលស្ថិតនៅជាទម្រង់ភ្ជាប់នឹងប្រូតេអ៊ីនThyroxine-binding globulin។ នៅពេលដែលអរម៉ូនក្នុងទម្រង់ស្ថិតនៅតែឯងថយចុះ ដោយសារត្រូវបានប្រើប្រាស់នៅក្នុងរាងកាយ អរម៉ូនដែលស្ថិតនៅជាទម្រង់ភ្ជាប់ជាមួយប្រូតេអ៊ីននឹងផ្ដាច់ខ្លួនពីប្រូតេអ៊ីនវិញដើម្បីបំពេញមុខងារបន្ត។
ដើម្បីអាចផលិតអរម៉ូនបាន ក្រពេញទីរ៉ូអ៊ីតត្រូវការសារធាតុអ៊ីយ៉ូតពីក្នុងអាហារឬទឹក។ ក្រពេញទីរ៉ូអ៊ីតនឹងប្រើប្រាស់សារធាតុអ៊ីយ៉ូតនៅក្នុងប្រតិកម្មសំយោគអរម៉ូនទីរ៉ូអ៊ីត ហើយក្រោយពេលដែលរាងកាយប្រើប្រាស់អរម៉ូនទាំងនេះរួច សារធាតុអ៊ីយ៉ូតនឹងត្រូវបានបញ្ចេញពីម៉ូលេគុលនៃអរម៉ូននេះ ដើម្បីប្រើប្រាស់នៅក្នុងការសំយោគអរម៉ូនទីរ៉ូអ៊ីតថ្មីបន្តទៀត។ នៅពេលដែលកម្រិតសារធាតុអ៊ីយ៉ូតនៅក្នុងឈាមកើនឡើងខ្ពស់ ក្រពេញទីរ៉ូអ៊ីតនឹងកាត់បន្ថយការបញ្ចេញអរម៉ូនបន្តិច។
រាងកាយមនុស្សមានប្រព័ន្ធដ៏ស្មុគស្មាញនៅក្នុងការគ្រប់គ្រងបរិមាណនៃអរម៉ូនទីរ៉ូអ៊ីតដែលត្រូវបញ្ចេញ។ ផ្នែកHypothalamus ដែលស្ថិតនៅខាងលើក្រពេញPituitaryក្នុងខួរក្បាលនឹងបញ្ចេញអរម៉ូនម្យ៉ាងហៅថា អរម៉ូនជម្រុញការបញ្ចេញអរម៉ូនភ្ញោចក្រពេញទីរ៉ូអ៊ីត (Thyrotropin-releasing hormone)។ អរម៉ូននេះនឹងទៅភ្ញោចក្រពេញPituitaryដើម្បីអោយក្រពេញនេះបញ្ចេញអរម៉ូនម្យ៉ាងទៀតហៅថា អរម៉ូនភ្ញោចក្រពេញទីរ៉ូអ៊ីត(Thyroid-stimulating hormone ឬ TSH)។ អរម៉ូនTSHមានតួនាទីភ្ញោចក្រពេញទីរ៉ូអ៊ីត ដើម្បីផលិតនិងបញ្ចេញអរម៉ូនទីរ៉ូអ៊ីត(Thyroid hormone)។ ក្រពេញPituitaryនឹងប្រែប្រួលល្បឿននៃការបញ្ចេញអរម៉ូនTSH ដោយអាស្រ័យទៅលើបរិមាណនៃអរម៉ូនទីរ៉ូអ៊ីតនៅក្នុងប្រព័ន្ធឈាម។
ក្រពេញទីរ៉ូអ៊ីតក៏ផលិតអរម៉ូនម្យ៉ាងទៀត ហៅថា កាល់ស៊ីតូនីន(Calcitonin)ដែលមានតួនាទីជួយនៅក្នុងដំណើរការស្រូបសារធាតុកាល់ស្យូមចូលទៅក្នុងឆ្អឹង ដើម្បីបង្កើនភាពរឹងមាំនៃឆ្អឹង។
ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង(Hyperthyroidism) ជាស្ថានភាពដែលក្រពេញទីរ៉ូអ៊ីតមានសកម្មភាពហួសហេតុ ធ្វើអោយកម្រិតនៃអរម៉ូនក្រពេញទីរ៉ូអ៊ីនកើនឡើងខ្ពស់ និងបង្កើនល្បឿននៃសកម្មភាពមុខងារសំខាន់ផ្សេងៗនៅក្នុងរាងកាយ។
・ជំងឺហ្គ្រេវ(Graves disease)ឬហៅថាជំងឺបាសេដូ(Basedow disease)ជាមូលហេតុញឹកញាប់ជាងគេដែលបង្កអោយមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង(Hyperthyroidism)
・ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង(Hyperthyroidism) បង្ហាញរោគសញ្ញាដូចជា ជីពចរកើនឡើង សម្ពាធឈាមកើនឡើង ចង្វាក់បេះដូងខុសប្រក្រតី បែកញើសច្រើន អារម្មណ៍មិននឹងនរឬមិនស្ងប់ បញ្ហាដំណេក ស្រកទម្ងន់ខុសប្រក្រតី ។ល។
・រោគវិនិច្ឆ័យធ្វើឡើងដោយផ្អែកលើលទ្ធផលនៃការពិនិត្យឈាម
・គេប្រើឱសថThiamazole ឬ ឱសថPropylthiouracil ត្រូវបានប្រើប្រាស់នៅក្នុងការគ្រប់គ្រងជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង។
នៅសហរដ្ឋអាមេរិច ប្រជាជនប្រមាណ1%មានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង ដោយអាចកើតមានចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែ ជាទូទៅ គេច្រើនឃើញកើតមានចំពោះស្ត្រីដែលស្ថិតក្នុងដំណក់កាលផ្លាស់ប្ដូរវ័យឬក្រោយសម្រាលកូន។
អានបន្ថែម -
មូលហេតុ
មូលហេតុនៃជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងដែលគេឃើញញឹកញាប់រួមមានដូចខាងក្រោម៖
・ជំងឺហ្គ្រេវ(Graves disease)ឬហៅថាជំងឺបាសេដូ(Basedow disease)
・ជំងឺរលាកក្រពេញទីរ៉ូអ៊ីត (Thyroiditis)
・ជំងឺពកកលក្ខណៈមានដុំច្រើន (Toxic multinodular goiter)
ជំងឺហ្គ្រេវ(Graves disease) ជាមូលហេតុទូទៅជាងគេដែលធ្វើអោយមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង ដោយវាជាជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង(Autoimmune disease)មួយប្រភេទ។ នៅក្នុងជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង(Autoimmune disease) ប្រព័ន្ធភាពស៊ាំនឹងផលិតអង់ទីករដែលនឹងមានសកម្មភាពប្រឆាំងនឹងជាលិកានៃរាងកាយរបស់ខ្លួនឯង។ ជាទូទៅ អង់ទីករបែបនេះនឹងបង្កការខូចខាតដល់កោសិកានិងធ្វើអោយមុខងារសរីរាង្គចុះខ្សោយ ប៉ុន្តែ សម្រាប់ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង អង់ទីករប្រឆាំងខ្លួនឯងបែរជាភ្ញោចក្រពេញទីរ៉ូអ៊ីតអោយមានសកម្មភាពខ្លាំងឡើង ជាលទ្ធផល អរម៉ូនទីរ៉ូអ៊ីតត្រូវបានផលិតហួសហេតុ ហើយត្រូវបានបញ្ចេញទៅក្នុងចរន្តឈាម។ ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងអាចបណ្ដាលមកពីតំណពូជ ហើយស្ទើរតែគ្រប់ករណី គេសង្កេតឃើញមានការរីកធំនៃក្រពេញទីរ៉ូអ៊ីត។
ជំងឺរលាកក្រពេញទីរ៉ូអ៊ីត(Thyroiditis) អាចកើតឡើងដោយសារការឆ្លងវីរុស(ជំងឺSubacute thyroiditis) ដោយសារស្ថានភាពនៃប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងកើតឡើងនៅក្រោយពេលសម្រាលកូន(ជំងឺSilent lymphocytic thyroiditis) ដោយសារជំងឺរលាកក្រពេញទីរ៉ូអ៊ីតរ៉ាំរ៉ៃបណ្ដាលមកពីប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង(Hashimoto's thyroiditis) ជាដើម។ មុនដំបូង ការរលាកធ្វើអោយសកម្មភាពនៃក្រពេញទីរ៉ូអ៊ីតកើនឡើង ហើយការបញ្ចេញអរម៉ូនក៏កើនឡើង ធ្វើអោយអរម៉ូនទាំងនោះប្រមូលផ្ដុំច្រើននៅក្នុងរាងកាយ។ នៅពេលដែលអរម៉ូនទាំងនោះត្រូវបានប្រើប្រាស់អស់ មុខងារក្រពេញទីរ៉ូអ៊ីតចាប់ផ្ដើមចុះខ្សោយ ហើយនៅទីបំផុត មុខងារនៃក្រពេញនេះនឹងវិលត្រឡប់មកធម្មតាវិញ។
ជំងឺពកកលក្ខណៈមានដុំច្រើន (Toxic multinodular goiter) ឬហៅថាPlummer disease ជាជំងឺដែលគេឃើញមានដុំច្រើនកើតមានឡើង ហើយវាងាយកើតឡើងចំពោះមនុស្សចាស់ ប៉ុន្តែ ក៏អាចកើតមានចំពោះមនុស្សវ័យជំទង់ឬវ័យក្មេងផងដែរដោយកម្រ។
មូលហេតុផ្សេងទៀតនៃជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងរួមមានដូចខាងក្រោម៖
・ការកកើតឡើងច្រើននៃជាលិកានៅក្នុងក្រពេញទីរ៉ូអ៊ីតដែលធ្វើអោយមានការបញ្ចេញអរម៉ូនទីរ៉ូអ៊ីតកើនឡើងហួសហេតុ : ជាលិកាមួយផ្នែកនៅក្នុងក្រពេញទីរ៉ូអ៊ីតកើនឡើងច្រើនខុសប្រក្រតី ដោយជាលិកាទាំងនេះចេះតែបន្តផលិតអរម៉ូនទីរ៉ូអ៊ីតច្រើនហួសហេតុដោយមិនមានការភ្ញោចពីអរម៉ូនTSHនៃក្រពេញPituitary។
・ការប្រើប្រាស់ឱសថមួយចំនួន : មានដូចជាឱសថAmiodarone ឱសថInterferon-alpha ជាដើម។ ករណីកម្រ ឱសថLithiumក៏អាចជាមូលហេតុផងដែរ។ ម្យ៉ាងទៀត ការទទួលសារធាតុអ៊ីយ៉ូតច្រើនហួសហេតុពីការប្រើប្រាស់ឱសថបំបាត់ស្លេស្មមួយចំនួន ឬ ការប្រើឱសថជំនួយការថតកាំរស្មីអ៊ិច ក៏អាចបណ្ដាលអោយកើតមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងផងដែរ។
・មុខងារក្រពេញPituitaryកើនឡើងធ្វើអោយការបញ្ចេញអរម៉ូនភ្ញោចក្រពេញទីរ៉ូអ៊ីត(TSH)កើនឡើង : នៅពេលអរម៉ូនTSHដែលបញ្ចេញពីក្រពេញPituitaryកើនឡើង ការផលិតនិងបញ្ចេញអរម៉ូនទីរ៉ូអ៊ីតក៏កើនឡើងផងដែរ។ ប៉ុន្តែ ករណីនេះជាមូលហេតុកម្រមួយប៉ុណ្ណោះ។
អានបន្ថែម -
រោគសញ្ញា
អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងត្រូវបានសម្គាល់ដឹងដោយការឡើងប៉ោងនៃក្រពេញទីរ៉ូអ៊ីតនៅត្រង់ក (ពកក)។ ក្រពេញទាំងមូលអាចនឹងរីកធំឬផ្នែកមួយចំនួនរីកធំបង្កើតជាដុំពកច្រើន។ ករណីជំងឺរលាកក្រពេញទីរ៉ូអ៊ីតដោយសារវីរុស(Subacute thyroiditis)ជាមូលហេតុ អ្នកជំងឺអាចមានអាការៈឈឺចាប់ឬឈឺនៅពេលសង្កត់។
រោគសញ្ញានៃជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងមានលក្ខណៈដូចគ្នា ដោយវាមិនអាស្រ័យទៅលើមូលហេតុបង្កជំងឺនេះទេ។ រោគសញ្ញាទាំងនោះកើតឡើងដោយសារការកើនល្បឿននៃមុខងារផ្សេងៗនៅក្នុងរាងកាយ។
・ជីពចរកើនឡើង សម្ពាធឈាមកើនឡើង
・ចង្វាក់បេះដូងខុសប្រក្រតី
・បែកញើសច្រើននិងមានអារម្មណ៍ក្ដៅក្នុងខ្លួន
・ញ័រដៃ
・ស្មារតីមិននឹងនរ អារម្មណ៍មិនស្ងប់
・បញ្ហាដំណេក (គេងមិនលក់)
・ចំណង់អាហារកើនឡើង ប៉ុន្តែ ស្រកទម្ងន់
・មានអារម្មណ៍អស់កម្លាំងឬខ្សោយកម្លាំង ប៉ុន្តែ សកម្មភាពរាងកាយកើនឡើងខុសប្រក្រតី
・បន្ទោរបង់លាមកញឹកញាប់ (ពេលខ្លះមានអាការៈរាករូស)
មនុស្សចាស់ដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង អាចនឹងមិនមានរោគសញ្ញាដូចរៀបរាប់ខាងលើនេះទេ ប៉ុន្តែ អាចមានរោគសញ្ញាដូចជា រាងកាយទន់ខ្សោយ ស្មារតីវង្វេងវង្វាន់ មិនចេញជួបមនុស្សម្នា អាការៈធ្លាក់ទឹកចិត្តជាដើម។ ប្រសិនបើជំងឺនេះប៉ះពាល់ដល់ភ្នែកធ្វើអោយទម្រង់ភ្នែកប្រែប្រួល គេមើលទៅអ្នកជំងឺឃើញហាក់ដូចជាកំពុងសម្លឹងអ្វីមួយជាប់ដូច្នោះដែរ។
ជំងឺហ្គ្រេវ(Graves disease)ឬហៅថាជំងឺបាសេដូ(Basedow disease)
ករណីជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងមានមូលហេតុពីជំងឺហ្គ្រេវ(Graves disease) នោះអ្នកជំងឺនឹងមានរោគសញ្ញាទាក់ទងនឹងភ្នែក ដូចជា ជុំវិញភ្នែកហើម ទឹកភ្នែកកើនឡើង ក្រហាយ ងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ជាដើម។ រោគសញ្ញាដែលមានលក្ខណៈពិសេសពីរផ្សេងទៀត រួមមាន លៀនភ្នែក និង ការមើលឃើញរូបភាពបែកជាពីរ។
អាការៈលៀនភ្នែកមកមុខកើតឡើងដោយសារតែការរលាកនៅផ្នែកខាងក្រោយនៃប្រហោងភ្នែក។ ម្យ៉ាងទៀត សាច់ដុំសម្រាប់ធ្វើចលនាភ្នែកក៏កើតមានការរលាក ធ្វើអោយមិនអាចបំពេញមុខងារដូចធម្មតាបាន ដូច្នេះ អ្នកជំងឺមានការលំបាកឬមិនអាចសម្រួលចលនាគ្រាប់ភ្នែកបានដូចធម្មតា ធ្វើអោយមើលឃើញវត្ថុខាងក្រៅបែកជាពីរ។ ដោយសារតែត្របកភ្នែកមិនអាចគ្របពីលើភ្នែកជិត អ្នកជំងឺងាយទទួលរងរបួសពីវត្ថុខាងក្រៅឬមានបញ្ហាភ្នែកស្ងួត។ ភាពប្រែប្រួលនៃភ្នែកបែបនេះអាចជាហេតុផលធ្វើអោយគេងាយរកឃើញនូវជំងឺហ្គ្រេវ(Graves disease)បានលឿនជាងរោគសញ្ញានៃការកើនឡើងមុខងារក្រពេញទីរ៉ូអ៊ីត ប៉ុន្តែ ករណីភាគច្រើន គេកត់សម្គាល់រោគសញ្ញាផ្សេងទៀតមុននឹងរោគសញ្ញាភ្នែកនេះកើតឡើង។ រោកសញ្ញាភ្នែកទាំងនេះក៏នៅតែអាចកើតឡើងម្ដងទៀតឬវិវត្តទៅកាន់តែមិនល្អ ទោះជាគេបានព្យាបាលនិងអាចគ្រប់គ្រងស្ថានភាពបញ្ចេញអរម៉ូនហួសហេតុនៃក្រពេញទីរ៉ូអ៊ីតក៏ដោយ។
ករណីជំងឺហ្គ្រេវ(Graves disease)បង្ហាញរោគសញ្ញាទាក់ទងនឹងភ្នែក នោះរោគសញ្ញានៃបម្រែបម្រួលស្បែកទៅជាឡើងក្រាស់ដូចសំបកក្រូចក៏កើតឡើងផងដែរនៅខ្នងជើងជាដើម។ ស្បែកដែលឡើងក្រាស់នឹងមានពណ៌ក្រហមនិងរមាស់ ហើយមានសភាពរឹងនៅពេលចុចពីលើ។ ដូចរោគសញ្ញាភ្នែកដែរ រោគសញ្ញាស្បែកនេះអាចកើតឡើងនៅមុនឬក្រោយពេលរាងកាយបង្ហាញរោគសញ្ញាផ្សេងទៀតនៃជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង។
Thyroid storm ឬ Thyroid crisis
Thyroid crisis គឺជាស្ថានភាពនៃការកើនឡើងមុខងារក្រពេញទីរ៉ូអ៊ីតខ្លាំងក្លានិងភ្លាមៗ ដោយវាអាចមានគ្រោះថា្នក់ដល់ជីវិតរបស់អ្នកជំងឺ។ មុខងារគ្រប់ផ្នែកនៃរាងកាយនឹងកើនឡើងហួសហេតុរហូតដល់កម្រិតគ្រោះថ្នាក់។ បេះដូងទទួលបន្ទុកខ្លាំងក្លា បង្កទៅជាចង្វាក់បេះដូងខុសប្រក្រតី ជីពចរកើនឡើង និងប្រតិកម្មផ្សេងៗទៀតដែលគម្រាមកំហែងដល់អាយុជីវិតរបស់អ្នកជំងឺ។ Thyroid crisis ធ្វើអោយកើតមានរោគសញ្ញាក្ដៅខ្លួន អស់កម្លាំងខ្លាំង រាងកាយមិនអាចនៅស្ងៀមបាន អារម្មណ៍ប្រែប្រួល ស្មារតីវង្វេងវង្វាន់ មិនសូវដឹងខ្លួន(រួមទាំងស្ថានភាពគេងសន្លប់) ថ្លើមរីកដែលធ្វើអោយមានរោគសញ្ញាខាន់លឿងកម្រិតស្រាល ។ល។
Thyroid crisis កើតឡើងនៅពេលដែលអ្នកជំងឺមិនទទួលការព្យាបាលជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង ឬ ការព្យាបាលមានលក្ខណៈមិនគ្រប់គ្រាន់ ហើយកត្តាដែលភ្ញោចអោយកើតមានThyroid crisisភ្លាមៗនោះ អាចជាជំងឺឆ្លង របួសក្រៅរាងកាយ ការវះកាត់ ជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងមិនទាន់បានល្អ ការមានផ្ទៃពោះឬការសម្រាលកូន និង បន្ទុកទៅលើរាងកាយផ្សេងៗទៀត។ ម្យ៉ាងទៀត Thyroid crisisក៏អាចកើតឡើងនៅក្រោយពេលអ្នកជំងឺបញ្ឈប់ការប្រើប្រាស់ឱសថព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីតផងដែរ។ Thyroid crisisកម្រកើតមានចំពោះកុមារណាស់។
ការធ្វើរោគវិនិច្ឆ័យថាជា Thyroid crisis គឺផ្អែកទៅលើរោគសញ្ញារបស់អ្នកជំងឺនិងលទ្ធផលនៃការពិនិត្យរាងកាយរបស់អ្នកជំងឺ។ ការព្យាបាលរួមមានការប្រើប្រាស់ឱសថសម្រាប់ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង និង ការគ្រប់គ្រងស្ថានភាពនៃរោគសញ្ញាផ្សេងៗដូចជាក្ដៅខ្លួន ស្មារតីមិននឹងនរជាដើម។ ជាទូទៅ គេរក្សាអ្នកជំងឺនៅក្នុងបន្ទប់ប្រពោធនកម្ម(ICU)ដើម្បីតាមដានស្ថានភាពជំងឺ។
អានបន្ថែម -
រោគវិនិច្ឆ័យ
・ការពិនិត្យមុខងារក្រពេញទីរ៉ូអ៊ីត
ដំបូង វេជ្ជបណ្ឌិតនឹងសង្ស័យថាជាជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងយោងទៅតាមរោគសញ្ញារបស់អ្នកជំងឺ។ បន្ទាប់ពីនោះ គេអនុវត្តការពិនិត្យមុខងារក្រពេញទីរ៉ូអ៊ីតដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់។ ករណីភាគច្រើន គេធ្វើការវាស់កម្រិតTSHក្នុងឈាម ដែលវានឹងមានកម្រិតទាប នៅពេលដែលមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង។ ប៉ុន្តែ អាចមានករណីដែលមុខងារក្រពេញPituitaryកើនឡើង ធ្វើអោយTSHមានកម្រិតធម្មតាឬខ្ពស់ជាងធម្មតា។ ប្រសិនបើគេរកឃើញថាកម្រិតTSHក្នុងឈាមទាប គេនឹងធ្វើការវាស់បរិមាណអរម៉ូនទីរ៉ូអ៊ីតនៅក្នុងឈាមជាបន្តទៀត។ ករណីសង្ស័យថាជាជំងឺហ្គ្រេវ(Graves disease) គេនឹងពិនិត្យឈាមដើម្បីរកវត្តមាននៃអង់ទីករដែលភ្ញោចក្រពេញទីរ៉ូអ៊ីត។
ករណីគេសង្ស័យថាជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងមានមូលហេតុពីការកើតមានដុំThyroid nodule គេនឹងធ្វើការពិនិត្យដោយថតរូបភាពនៃក្រពេញទីរ៉ូអ៊ីត។ ការថតរូបភាពក៏មានប្រយោជន៍នៅក្នុងការវិនិច្ឆ័យទៅលើជំងឺហ្គ្រេវ(Graves disease)ផងដែរ។ ចំពោះអ្នកជំងឺហ្គ្រេវ(Graves disease) រួបភាពពិនិត្យនឹងបង្ហាញថាសកម្មភាពនៃក្រពេញនេះមិនត្រឹមតែកើនឡើងត្រឹមតែមួយផ្នែកនៃក្រពេញនេះទេ គឺកើនឡើងពេញក្រពេញទាំងមូលតែម្ដង។ ករណីជាជំងឺរលាកក្រពេញទីរ៉ូអ៊ីត គេនឹងដឹងថាសកម្មភាពរបស់ក្រពេញនេះកំពុងចុះខ្សោយដោយសារកំពុងស្ថិតក្នុងស្ថានភាពរលាក។
អានបន្ថែម -
ការព្យាបាល
・ព្យាបាលមូលហេតុដើម
វិធីព្យាបាលជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង(Hyperthyroidism) ត្រូវបានកំណត់ទៅតាមមូលហេតុដែលបង្កជាជំងឺនេះ។ ករណីភាគច្រើន មូលហេតុទាំងនេះអាចព្យាបាលជាសះស្បើយ ហើយរោគសញ្ញាក៏អាចធូរស្រាលជាងមុនច្រើន។ ប្រសិនបើគេទុកជំងឺនេះដោយមិនព្យាបាល នោះការកើនឡើងនៃមុខងារក្រពេញទីរ៉ូអ៊ីតនឹងបង្កជាបន្ទុកធ្ងន់ធ្ងរទៅលើបេះដូងនិងសរីរាង្គផ្សេងៗទៀតនៅក្នុងរាងកាយ។
ការព្យាបាលដោយប្រើឱសថ
ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលបេតា(Beta blockers)ដូចជា Propranolol ឬ Metoprolol មានប្រយោជន៍អាចកាត់បន្ថយរោគសញ្ញាជាច្រើននៃជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង។ ឱសថប្រភេទនេះនឹងបន្ថយការកន្ត្រាក់នៃបេះដូង កាត់បន្ថយអាការៈញ័រដៃ និង ជួយសម្រួលអារម្មណ៍មិនស្ងប់។ ដូច្នេះ មុននឹងវិធីព្យាបាលផ្សេងទៀតបង្ហាញប្រសិទ្ធិភាព ការប្រើឱសថប្រភេទទប់ស្កាត់គ្រឿងទទួលបេតា(Beta blockers)មានអត្ថប្រយោជន៍ណាស់នៅក្នុងការទប់ស្កាត់រោគសញ្ញានៃជំងឺនេះ។ ប៉ុន្តែ ឱសថប្រភេទនេះមិនមែនជាឱសថដែលមានសកម្មភាពទប់ស្កាត់ការបញ្ចេញអរម៉ូនទីរ៉ូអ៊ីតនោះទេ ដូច្នេះ គេត្រូវការវិធីព្យាបាលបន្ថែមទៀតដើម្បីធ្វើអោយបរិមាណនៃអរម៉ូនទីរ៉ូអ៊ីតត្រឡប់មកកម្រិតធម្មតាវិញ។ ឱសថThiamazole និង ឱសថPropylthiouracil ជាឱសថដែលត្រូវបានប្រើញឹកញាប់ជាងគេនៅក្នុងការព្យាបាលជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង។ ឱសថទាំងនេះមានប្រសិទ្ធិភាពកាត់បន្ថយបរិមាណនៃអរម៉ូនដែលបញ្ចេញដោយក្រពេញទីរ៉ូអ៊ីត។ ឱសថទាំងនេះស្ថិតក្នុងទម្រង់ជាថ្នាំលេប ហើយគេចាប់ផ្ដើមប្រើឱសថទាំងនេះក្នុងកម្រិតខ្ពស់ពីដំបូង បន្ទាប់មកគេនឹងសម្រួលកម្រិតប្រើប្រាស់ទៅតាមលទ្ធផលពិនិត្យឈាម។ តាមរយៈការប្រើឱសថទាំងនេះ ជាទូទៅ គេអាចគ្រប់គ្រងមុខងារក្រពេញទីរ៉ូអ៊ីតក្នុងរយៈពេល6~12សប្ដាហ៍។ នៅពេលគេប្រើឱសថទាំងនេះក្នុងកម្រិតខ្ពស់ គេនឹងឆាប់ឃើញប្រសិទ្ធិភាព ប៉ុន្តែ ហានិភ័យនៃការកើតមានផលរំខានក៏កើនឡើងខ្ពស់ផងដែរ។ ឱសថPropylthiouracil អាចបង្កផលប៉ះពាល់ទៅលើថ្លើមក្នុងករណីប្រើចំពោះមនុស្សវ័យក្មេង ដូច្នេះ ជាទូទៅ គេចូលចិត្តប្រើឱសថThiamazole ជាង។ ចំពោះស្ត្រីមានផ្ទៃពោះ ការប្រើឱសថThiamazole ឬឱសថPropylthiouracil ត្រូវទទួលការតាមដានយ៉ាងម៉ត់ចត់ ពីព្រោះឱសថទាំងនេះអាចឆ្លងកាត់សុកទៅដល់ទារក ហើយធ្វើអោយមុខងារក្រពេញទីរ៉ូអ៊ីតរបស់ទារកក្នុងផ្ទៃចុះខ្សោយឬកើតជំងឺពកក។ ឱសថCarbimazole ជាឱសថដែលនឹងបំលែងទៅជា Thiamazoleនៅពេលចូលទៅក្នុងរាងកាយ។
នៅក្នុងការព្យាបាលជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង គេអាចអោយអ្នកជំងឺពិសាឱសថជាសារធាតុអ៊ីយ៉ូត។ ការអនុវត្តបែបនេះគឺនៅក្នុងករណីព្យាបាលអាការៈបន្ទាន់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត ឱសថនេះក៏ត្រូវបានប្រើប្រាស់នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងជំងឺនេះទម្រាំរហូតដល់ពេលអ្នកជំងឺត្រូវទទួលការវះកាត់យកក្រពេញទីរ៉ូអ៊ីតចេញ។ គេមិនប្រើឱសថនេះរយៈពេលវែងនោះទេ។
គេអាចព្យាបាលជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងតាមវិធីបំផ្លាញជាលិកាមួយផ្នែកនៃក្រពេញទីរ៉ូអ៊ីតដោយប្រើសារធាតុអ៊ីយ៉ូតដែលបញ្ចេញវិទ្យុសកម្ម។ អ្នកជំងឺត្រូវពិសាសារធាតុនេះតាមមាត់។ វិទ្យុសកម្មដែលត្រូវបានបញ្ចេញមានឥទ្ធិពលបន្តិចបន្តួចប៉ុណ្ណោះទៅលើរាងកាយរបស់អ្នកជំងឺ។ ពេលចូលដល់ក្នុងរាងកាយ សារធាតុនោះនឹងធ្វើដំណើរទៅប្រមូលផ្ដុំនៅក្រពេញទីរ៉ូអ៊ីត ក៏ដូចជាវិទ្យុសកម្មដែលបញ្ចេញពីសារធាតុទាំងនោះផងដែរ។ ការព្យាបាលនេះមិនតម្រូវអោយអ្នកជំងឺចូលសម្រាកពេទ្យនោះទេ។ អ្នកដែលបានទទួលការព្យាបាលនេះ មិនត្រូវស្ថិតនៅជិតទារកឬកុមារនោះទេ និង ត្រូវគេងអោយឆ្ងាយពីប្ដីឬប្រពន្ធរបស់ខ្លួនចាប់ពី2ម៉ែត្រឡើងទៅ រយៈពេល2~4ថ្ងៃ។ នៅទីកន្លែងធ្វើការ មិនតម្រូវអោយចាត់វិធានការពិសេសអ្វីនោះទេ។ ប៉ុន្តែអ្នកជំងឺជាស្ត្រីគួរចៀសវាងមានផ្ទៃពោះប្រមាណរយៈពេល6ខែបន្ទាប់ពីចាប់ផ្ដើមការព្យាបាលដោយវិធីនេះ។ ក្រោយទទួលការព្យាបាលដោយសារធាតុអ៊ីយ៉ូតដែលបញ្ចេញវិទ្យុសកម្មនេះរយៈពេលប៉ុន្មានសប្ដាហ៍ អ្នកជំងឺអាចនឹងត្រូវសម្គាល់ដឹងដោយឧបករណ៍ស្ទង់វិទ្យុសកម្មនៅទីកន្លែងដូចជាអាកាសយានដ្ឋាន។ល។ ដូច្នេះ ករណីអ្នកជំងឺមានគម្រោងធ្វើដំណើរទៅទីសាធារណៈបែបនេះ អ្នកជំងឺគួរសុំអោយវេជ្ជបណ្ឌិតចេញនូវឯកសារបញ្ជាក់អំពីការព្យាបាលដូចនោះ។
នៅក្នុងការព្យាបាលដោយវិទ្យុសកម្មបែបនេះ វេជ្ជបណ្ឌិតខ្លះអាចជ្រើសរើសការបំផ្លាញជាលិកាក្រពេញទីរ៉ូអ៊ីតតែមួយផ្នែកដោយមិនធ្វើអោយក្រពេញនេះបាត់បង់មុខងារបញ្ចេញអរម៉ូននោះទេ ប៉ុន្តែ ក៏មានវេជ្ជបណ្ឌិតខ្លះដែលជ្រើសរើសប្រើសារធាតុវិទ្យុសកម្មក្នុងកម្រិតខ្ពស់រហូតដល់ជាលិកាក្រពេញទីរ៉ូអ៊ីតត្រូវបានបំផ្លាញទាំងស្រុង រួចបំពេញអរម៉ូនទីរ៉ូអ៊ីតតាមរយៈការប្រើប្រាស់ឱសថវិញ។ មានការព្រួយបារម្ភថាការប្រើសារធាតុអ៊ីយ៉ូតដែលបញ្ចេញវិទ្យុសកម្មអាចធ្វើអោយកើតមានជំងឺមហារីក ប៉ុន្តែ ការសិក្សាបានបង្ហាញថាអ្នកជំងឺដែលបានទទួលការព្យាបាលបែបនេះមិនមានការកើនឡើងនូវហានិភ័យនៃការកើតជំងឺមហារីកនោះទេ។ សារធាតុអ៊ីយ៉ូតមានវិទ្យុសកម្មនេះអាចឆ្លងកាត់សុករបស់ទារកឬចូលទៅក្នុងទឹកដោះ ធ្វើអោយបំផ្លាញដល់ក្រពេញទីរ៉ូអ៊ីតរបស់ទារកមុនកើតនិងក្រោយកើត ដូច្នេះ គេមិនប្រើការព្យាបាលនេះចំពោះស្ត្រីមានផ្ទៃពោះឬស្ត្រីបំបៅដោះកូននោះទេ។
វិធីព្យាបាលផ្សេងៗទៀត
ចំពោះអ្នកជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងដែលមានវ័យក្មេង ការវះកាត់យកក្រពេញទីរ៉ូអ៊ីតមួយផ្នែកឬទាំងមូលចេញអាចជាជម្រើសមួយសម្រាប់ការព្យាបាល។ អ្នកដែលមានរោគសញ្ញាពកកធំឬអ្នកដែលមានរោគប្រតិកម្មទៅនឹងឱសថព្យាបាលជំងឺនេះ ឬ អ្នកដែលកើតមានផលរំខានធ្ងន់ធ្ងរពីការប្រើប្រាស់ឱសថ ក៏អាចជ្រើសរើសវិធីព្យាបាលដោយការវះកាត់បានដែរ។ អ្នកជំងឺលើសពី90%ដែលជ្រើសវើសយកវិធីព្យាបាលដោយវះកាត់មានស្ថានភាពស្ថិតក្នុងការគ្រប់គ្រងដោយមានលំនឹងជារៀងរហូត។ មានករណីខ្លះដែលក្រោយពេលវះកាត់ អ្នកជំងឺអាចកើតមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះវិញ ហើយត្រូវប្រើប្រាស់ការព្យាបាលដោយបំពេញអរម៉ូនទីរ៉ូអ៊ីតពីក្រៅរាងកាយរហូតតទៅ។ ក្រោយការវះកាត់ អ្នកជំងឺអាចមានបញ្ហាដូចជា ស្ពឹកបំពង់សម្លេង(កម្រ)និងផលប៉ះពាល់ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត(ជាក្រពេញតូចដែលស្ថិតនៅខាងក្រោយក្រពេញទីរ៉ូអ៊ីតនិងមានតួនាទីគ្រប់គ្រងកម្រិតកាល់ស្យូមនៅក្នុងឈាម)។
ចំពោះជំងឺហ្គ្រេវ(Graves disease) គេក៏ចាំបាច់ត្រូវព្យាបាលរោគសញ្ញាភ្នែកនិងស្បែកផងដែរ។ ចំពោះរោគសញ្ញាភ្នែក អ្នកជំងឺអាចប្រើប្រាស់វិធីដូចជា គេងដោយដាក់ក្បាលឡើងខ្ពស់ ប្រើថ្នាំបន្តក់ភ្នែក ប្រើបង់ស្អិតដើម្បីបិទត្របកភ្នែកដែលគ្របភ្នែកមិនជិត ជាដើម ហើយក្រៅពីនោះ ការពិសាឱសថSelenium ឬ ឱសថបញ្ចុះទឹកនោមក៏មានប្រយោជន៍ក្នុងការព្យាបាលផងដែរ។ ចំពោះរោគសញ្ញាភ្នែកមើលឃើញបែកជាពីរ អ្នកជំងឺគួរប្រើវ៉ែនតាដែលមានកញ្ចក់ព្រីម(Prism glasses)។ ករណីអ្នកជំងឺមានរោគសញ្ញាភ្នែកធ្ងន់ធ្ងរ ចុងក្រោយ អ្នកជំងឺចាំបាច់ត្រូវប្រើប្រាស់ឱសថប្រភេទស្តេរ៉ូអ៊ីត(Corticosteroid) ការព្យាបាលដោយកាំរស្មីអ៊ិចទៅលើប្រហោងភ្នែក(Orbit) ឬ ការវះកាត់ភ្នែក។ ឱសថទម្រង់ថ្នាំលាបជាប្រភេទស្តេរ៉ូអ៊ីតអាចកាត់បន្ថយរោគសញ្ញាស្បែករមាស់ឬឡើងក្រាស់ ប៉ុន្តែ រោគសញ្ញាទាំងនេះអាចនឹងជាសះស្បើយឡើងវិញក្នុងរយៈពេលប៉ុន្មានខែឬប៉ុន្មានឆ្នាំដោយមិនចាំបាច់ព្យាបាល។
អានបន្ថែម