Hepatic encephalopathy (ជំងឺប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើម)

    • លក្ខណៈទូទៅ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការព្យាបាល
  • លក្ខណៈទូទៅ

    ជំងឺប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើម (Hepatic encephalopathy) គឺជាស្ថានភាពនៃការថយចុះមុខងាររបស់ខួរក្បាលដោយសារផលប៉ះពាល់ពីសារធាតុមិនល្អដែលជាធម្មតាត្រូវបានកម្ចាត់ចោលដោយមេតាបូលីសនៅក្នុងថ្លើម ប៉ុន្តែ ដោយសារបញ្ហាថ្លើម សារធាតុទាំងនោះត្រូវបានប្រមូលផ្ដុំនៅក្នុងឈាមរួចជ្រៀតចូលដល់ខួរក្បាល។

    ・ជំងឺប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើមច្រើនកើតឡើងចំពោះអ្នកដែលមានជំងឺថ្លើមរយៈពេលយូរ (រ៉ាំរ៉ៃ)

    ・ជំងឺនេះងាយកើតឡើងនៅពេលដែលរាងកាយរបស់អ្នកជំងឺទទួលរងនូវស្ត្រេស ដូចជា នៅពេលអ្នកជំងឺមានអាការៈហូរឈាមនៅក្រពះពោះវៀន ឬ កើតមានជំងឺឆ្លង ឬ មិនបានប្រើប្រាស់ឱសថទៅតាមវេជ្ជបញ្ជាត្រឹមត្រូវ ។ល។

    ・រោគសញ្ញានៃជំងឺនេះរួមមាន ស្មារតីវង្វេងវង្វាន់ មិនស្គាល់ទីកន្លែងឬមនុស្ស ងងុយគេង ផ្លាស់ប្ដូរអត្តចរឹតឬសកម្មភាពផ្សេងៗឬអារម្មណ៍ ។ល។

    ・រោគសញ្ញានៃជំងឺនេះអាចកាត់បន្ថយតាមរយៈ ការបំបាត់នូវកត្តាដែលធ្វើអោយងាយកើតជំងឺនេះឡើង ការកាត់បន្ថយការបរិភោគអាហារប្រភេទសាច់ និង ការប្រើប្រាស់ឱសថLactulose(ថ្នាំបញ្ចុះលាមក)និងឱសថRifaximin(ថ្នាំប្រឆាំងបាក់តេរី)។

    ជាធម្មតា សារធាតុដែលត្រូវបានស្រូបពីពោះវៀននឹងត្រូវឆ្លងកាត់សរីរាង្គថ្លើម ដើម្បីទទួលរងប្រតិកម្មកម្ចាត់ជាតិពុលមុននឹងត្រូវបានប្រើប្រាស់នៅក្នុងរាងកាយ ដោយជាទូទៅជាតិពុលទាំងនោះ(សារធាតុអាម៉ូញ៉ាក់ ជាដើម) ជាសារធាតុបន្សល់ពីប្រតិកម្មបំបែកប្រូតេអ៊ីន។ នៅក្នុងជំងឺប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើម សរីរាង្គថ្លើមដែលកំពុងមានបញ្ហាមិនអាចបំពេញមុខងារកម្ចាត់ជាតិពុលបានល្អប្រសើរ ហើយអាចមានករណីដែលជាតិពុលមួយចំនួនធ្វើដំណើរតាមសរសៃឈាមខុសប្រក្រតីដែលកើតឡើងរវាងសរសៃឈាមPortal vein (សរសៃឈាមភ្ជាប់ពីពោះវៀនទៅថ្លើម)និងសរសៃឈាមពេញរាងកាយដោយផ្ទាល់តែម្ដង(មិនឆ្លងកាត់សរីរាង្គថ្លើម)។ សរសៃឈាមដែលកើតឡើងបែបនេះមានមូលហេតុដោយសារជំងឺថ្លើមនិងជំងឺកើនឡើងសម្ពាធនៅក្នុងសរសៃឈាមភ្ជាប់ពីពោះវៀនទៅថ្លើម(Portal hypertension )។ ម្យ៉ាងទៀត វិធីព្យាបាលជំងឺកើនឡើងសម្ពាធនៅក្នុងសរសៃឈាមភ្ជាប់ពីពោះវៀនទៅថ្លើម(Portal hypertension )ដោយបង្កើតផ្លូវឆ្លងកាត់នៃចរន្តឈាមរវាងPortal veinនិងសរសៃឈាមនៃរាងកាយដោយផ្ទាល់ ក៏អាចជាមូលហេតុធ្វើអោយជាតិពុលមានច្រកដែលមិនចាំបាច់ឆ្លងកាត់សរីរាង្គថ្លើមផងដែរ។ ទោះដោយសារមូលហេតុអ្វីក៏ដោយ ជាតិពុលដែលកើនឡើងនៅក្នុងរាងកាយនិងជ្រៀតចូលដល់ខួរក្បាល នឹងបង្កការខូចខាតដល់មុខងារខួរក្បាល។ គេមិនដឹងថាតើសារធាតុច្បាស់លាស់ណាដែលប៉ះពាល់ដល់ខួរក្បាលនោះទេ ប៉ុន្តែ គេប៉ាន់ស្មានថាសារធាតុដែលសល់ពីប្រតិកម្មបំបែកប្រូតេអ៊ីនដូចជាអាម៉ូញ៉ាក់(Ammonia)ជាដើមអាចមានឥទ្ធិពលប៉ះពាល់ដល់ខួរក្បាលនៅពេលសារធាតុទាំងនោះស្ថិតនៅក្នុងចរន្តឈាមក្នុងកម្រិតខ្ពស់។

    អ្នកដែលមានជំងឺថ្លើមរយៈពេលយូរ (រ៉ាំរ៉ៃ) ជាទូទៅ ងាយកើតមានជំងឺប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើម (Hepatic encephalopathy) នៅពេលពួកគេមានកត្តាដូចខាងក្រោម៖

     ・កំពុងកើតមានជំងឺឆ្លង

     ・មិនបានប្រើប្រាស់ឱសថទៅតាមវេជ្ជបញ្ជាត្រឹមត្រូវ

     ・មានអាការៈហូរឈាមនៅប្រដាប់រំលាយអាហារ

     ・បរិភោគប្រូតេអ៊ីនបានពីសាច់ច្រើន (ជាពិសេស សាច់សត្វផ្នែកដែលមានពណ៌ក្រហម)

     ・ស្ថិតក្នុងស្ថានភាពខ្សោះជាតិទឹក

     ・ស្ថិតក្នុងស្ថានភាពអតុល្យភាពនៃកម្រិតអេឡិចត្រូឡាយក្នុងរាងកាយ

     ・ការប្រើប្រាស់ឱសថមួយចំនួន (ជាពិសេស ឱសថរំងាប់អារម្មណ៍មួយចំនួន ឱសថបំបាត់ការឈឺចាប់ ឱសថបញ្ចុះទឹកនោម គ្រឿងស្រវឹង)

    អានបន្ថែម
  • រោគសញ្ញា

    រោគសញ្ញាដែលបង្ហាញថាមុខងារខួរក្បាលមានបញ្ហានោះគឺការថយចុះនៃស្មារតីដឹងខ្លួនរបស់អ្នកជំងឺនិងស្មារតីរវង្វេងវង្វាន់ជាដើម។ នៅដំណាក់កាលដំបូង គេសង្កេតឃើញអ្នកជំងឺមានការផ្លាស់ប្ដូរតិចតួចទាក់ទងនឹងការពិចារណាលក្ខណៈមានហេតុផល អត្តចរឹតរបស់អ្នកជំងឺ និង សកម្មភាពផ្សេងៗរបស់អ្នកជំងឺ។ អារម្មណ៍របស់អ្នកជំងឺអាចងាយប្រែប្រួល ហើយការសម្រេចចិត្តមានលក្ខណៈយឺតយ៉ាវ។ ម្យ៉ាងទៀត ទម្លាប់នៃដំណេកអាចផ្លាស់ប្ដូរ ហើយអ្នកជំងឺមានអារម្មណ៍ធ្លាក់ទឹកចិត្ត អារម្មណ៍មិនស្ងប់ ពិបាកផ្ដុំអារម្មណ៍ ។ល។

    ជំងឺប៉ះពាល់ខួរក្បាលនៅដំណាក់កាលណាក៏ដោយ ក៏គេអាចសង្កេតដឹងថាខ្យល់ដង្ហើមរបស់អ្នកជំងឺមានក្លិនស្អុយម្យ៉ាងនៃពពួកផ្សិត។

    នៅពេលជំងឺនេះវិវត្តទៅមុខ អ្នកជំងឺមិនអាចទ្រដៃរបស់ខ្លួនឯងបាននឹងល្អនៅពេលបោះដៃទៅមុខ ធ្វើអោយដៃមានលក្ខណៈញ័រនិងលើកចុះឡើងញឹកញាប់។ ជាពិសេសសាច់ដុំរបស់អ្នកជំងឺអាចកន្ត្រាក់តិចៗភ្លាមៗនៅពេលអ្នកជំងឺទទួលសម្លេងឬពន្លឺឬចលនាអ្វីមួយភ្លាមៗ ឬ ដោយមិនមានការភ្ញោចដូចនេះក៏មាន។ ចលនាកន្ត្រាក់នៃសាច់ដុំបែបនេះ ហៅថា Myoclonus។ ក្រៅពីនេះ អ្នកជំងឺអាចមានអាការៈងងុយគេង ស្មារតីវង្វេងវង្វាន់ មិនស្គាល់ទីកន្លែងឬមនុស្សជុំវិញ ហើយចលនារាងកាយផ្សេងៗឬការនិយាយស្ដីមានលក្ខណៈយឺតយ៉ាវ។ ករណីកម្រ អ្នកជំងឺអាចបង្ហាញសកម្មភាពកញ្ជ្រោល។ នៅពេលដែលមុខងារថ្លើមកាន់តែខ្សោយទៅៗ អ្នកជំងឺនឹងបាត់បង់ស្មារតី រហូតដល់ស្ថិតក្នុងស្ថានភាពគេងសន្លប់(Coma)តែម្ដង។ ករណីអ្នកជំងឺឈានដល់ស្ថានភាពបែបនេះហើយ ជាទូទៅ ទោះជាព្យាបាលក៏ដោយ ក៏អ្នកជំងឺមិនអាចចៀសផុតពីមរណភាពដែរ។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    ・ការវាយតម្លៃរបស់វេជ្ជបណ្ឌិត

    ・ការពិនិត្យឈាម

    ・ ការពិនិត្យស្ថានភាពស្មារតីរបស់អ្នកជំងឺ (ពេលខ្លះ)

    ・ការពិនិត្យរលកខួរក្បាល (ពេលខ្លះ)

    រោគវិនិច្ឆ័យធ្វើឡើងដោយផ្អែកលើ រោគសញ្ញា លទ្ធផលនៃការពិនិត្យ និង ប្រតិកម្មទៅនឹងការព្យាបាលកន្លងមក។ វេជ្ជបណ្ឌិតនឹងសាកសួរអំពីកត្តាដែលធ្វើអោយអ្នកជំងឺកើតមានផលប៉ះពាល់ខួរក្បាល ដូចជា ជំងឺឆ្លងឬការប្រើប្រាស់ឱសថជាដើម ដើម្បីស្វែងរកមូលហេតុផ្សេងៗ។ ការពិនិត្យឈាមធ្វើឡើងដើម្បីស្វែងរកមូលហេតុនៃការកើតមានជំងឺនេះ ជាពិសេសជំងឺដែលអាចព្យាបាលបាន(ជំងឺឆ្លងជាដើម)។ នៅក្នុងការពិនិត្យឈាម គេក៏ពិនិត្យកម្រិតនៃសារធាតុអាម៉ូញ៉ាក់ផងដែរ។ ជាទូទៅ កម្រិតអាម៉ូញ៉ាក់នឹងកើនឡើងខុសប្រក្រតី (បញ្ជាក់អំពីការចុះខ្សោយនៃមុខងារថ្លើម) ប៉ុន្តែ វាមិនមែនជាមធ្យោបាយដែលច្បាស់លាស់ទាំងស្រុងសម្រាប់ការធ្វើរោគវិនិច្ឆ័យលើជំងឺប៉ះពាល់ខួរក្បាលនោះទេ។

    វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យស្ថានភាពស្មារតីរបស់អ្នកជំងឺដើម្បីដឹងអំពីបម្រែបម្រួលតិចតួចដែលអាចកើតឡើងនៅក្នុងដំណាក់កាលដំបូងនៃជំងឺប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើម។ គេក៏អាចអនុវត្តការពិនិត្យរលកខួរក្បាល(Electroencephalography)ផងដែរ ដោយនៅក្នុងការពិនិត្យនោះ គេអាចដឹងអំពីភាពខុសប្រក្រតីនៃសកម្មភាពខួរក្បាល ប៉ុន្តែ គេមិនអាចកំណត់ថាជាការប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើមឬកំណត់រកមូលហេតុច្បាស់លាស់នៃសកម្មភាពខុសប្រក្រតីនៃខួរក្បាលនោះឡើយ។

    ចំពោះមនុស្សចាស់ រោគសញ្ញានៅដំណាក់កាលដំបូងនៃប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើម(ការប្រែប្រួលដំណេកឬស្មារតីរវង្វេងវង្វាន់កម្រិតស្រាល)អាចត្រូវច្រឡំជាមួយនឹងជំងឺចាស់វង្វេង(Dementia)ឬជំងឺភ្លេចភ្លាំងជាដើម។

    អានបន្ថែម
  • ការព្យាបាល

    ・បំបាត់កត្តាដែលងាយបង្កអោយមានជំងឺនេះ

    ・កម្ចាត់សារធាតុមិនល្អពីពោះវៀន

    វេជ្ជបណ្ឌិតនឹងសាកល្បងបំបាត់នូវកត្តាផ្សេងៗដែលងាយបង្កអោយមានជំងឺនេះដូចជាជំងឺឆ្លងឬឱសថមួយចំនួន ហើយក៏សាកល្បងកម្ចាត់ជាតិពុលពីពោះវៀនដែលក៏អាចជាមូលហេតុនៃការកើតមានជំងឺប៉ះពាល់ខួរក្បាលផងដែរ។ ដូច្នេះ វេជ្ជបណ្ឌិតអាចជ្រើសរើសមួយឬច្រើនក្នុងចំណោមវិធានការផ្សេងៗដូចខាងក្រោម៖

    + របបអាហារ : ជាទូទៅ វេជ្ជបណ្ឌិតនឹងណែនាំអ្នកជំងឺកាត់បន្ថយការបរិភោគសាច់សត្វឬអាហារធ្វើពីប្រូតេអ៊ីនបានពីសត្វ។ ជាតិពុល(សារធាតុអាម៉ូញ៉ាក់ជាដើម)ច្រើនកើតឡើងពី ប្រូតេអ៊ីននៅក្នុងសាច់សត្វជាពិសេសសាច់ក្រហម សាច់ត្រី ឈីស ស៊ុត។ល។ ដើម្បីទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ អ្នកជំងឺគួរបង្កើនការបរិភោគប្រូតេអ៊ីនពីរុក្ខជាតិដូចជាសណ្ដែកសៀងជាដើម។

    + ឱសថLactulose : ជាឱសថប្រភេទស្ករសំយោគដែលប្រើជាឱសថបញ្ចុះលាមក ដោយវាមានសកម្មភាពបង្កើនល្បឿននៃការបញ្ជូនអាហារឆ្លងកាត់ពោះវៀន។ តាមរយៈវិធីបែបនេះ គេអាចកាត់បន្ថយបរិមាណនៃសារធាតុអាម៉ូញ៉ាក់ដែលស្រូបពីពោះវៀនចូលក្នុងរាងកាយ។

    + ការសម្អាតពោះវៀន(Enema) : គេអនុវត្តការសម្អាតពោះវៀនដោយពន្លឿនការឆ្លងកាត់ពោះវៀននៃអាហារ ដើម្បីបញ្ចេញចោលនូវជាតិពុល។

    + ឱសថប្រឆាំងបាក់តេរី : វេជ្ជបណ្ឌិតអាចនឹងផ្ដល់ឱសថប្រឆាំងបាក់តេរីដែលលេបតាមមាត់ប៉ុន្តែមិនត្រូវបានស្រូបចេញពីពោះវៀនចូលក្នុងរាងកាយនោះទេ (ឱសថRifaximinជាដើម)។ ឱសថប្រភេទនេះនឹងស្ថិតនៅក្នុងពោះវៀន ហើយជួយកាត់បន្ថយបរិមាណបាក់តេរីដែលបញ្ចេញជាតិពុលនៅក្នុងពេលរំលាយអាហារ។

    ករណីភាគច្រើននៃជំងឺប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើម (Hepatic encephalopathy) អាចជាសះស្បើយដោយការព្យាបាល។ អ្នកជំងឺអាចជាសះស្បើយទាំងស្រុង ករណីដែលកត្តាជាមូលហេតុនៃជំងឺនេះអាចបំបាត់ចោលវិញក្រោយកើតមានឡើង។ ប៉ុន្តែ ចំពោះអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ អាចនឹងងាយកើតជំងឺប៉ះពាល់ខួរក្បាល ហើយអ្នកជំងឺមួយចំនួនចាំបាច់ត្រូវបន្តទទួលការព្យាបាលជារៀងរហូត។

    អានបន្ថែម