Hemorrhoids (ជំងឺឫសដូងបាត)
-
- លក្ខណៈទូទៅ
- រោគសញ្ញា
- រោគវិនិច្ឆ័យ
- ការព្យាបាល
-
លក្ខណៈទូទៅ
ជំងឺឫសដូងបាត បែងចែកជា3ប្រភេទ គឺ ជំងឺឫសដូងបាតលក្ខណៈមានឫស(Hemorrhoidsឬpiles) ជំងឺឫសដូងបាតលក្ខណៈដាច់រហែក(Anal fissure) ជំងឺឫសដូងបាតលក្ខណៈមានខ្ទុះ(Anal fistula)។
ជំងឺឫសដូងបាតលក្ខណៈមានឫស(Hemorrhoidsឬpiles)
ជាស្ថានភាពនៃការឡើងប៉ោងនៃសរសៃវ៉ែនដែលស្ថិតនៅចុងពោះវៀនធំ(Rectum)ឬជុំវិញទ្វារធំ(Anus)ដែលមានទម្រង់ស្រដៀងទៅនឹងដុំសាច់។
・ការឡើងប៉ោងនៃសរសៃវ៉ែនកើតឡើងដោយសារសម្ពាធឈាមនៅទីនោះកើនឡើង។
・ដុំសាច់កើតឡើងនៅផ្នែកខាងក្នុងឬផ្នែកខាងក្រៅនៃទ្វារធំ ហើយធ្វើអោយមានអាការៈឈឺចាប់ឬអាការៈហូរឈាម។
・រោគវិនិច្ឆ័យនៃជំងឺនេះធ្វើឡើងដោយប្រើ ឧបករណ៍Anoscope ឬ ឧបករណ៍Sigmoidoscope ឬ ឧបករណ៍Colonoscope ដើម្បីពិនិត្យទ្វារធំនិងចុងពោះវៀនធំ។
・រោគសញ្ញានៃជំងឺនេះអាចបាត់ទៅវិញដោយមិនបាច់ព្យាបាល និង អាចកាត់បន្ថយដោយការបរិភោគអាហារដែលមានជាតិសរសៃ ការប្រើឱសថបន្ទន់លាមក ឬ ការអង្គុយត្រាំទឹកក្ដៅ ជាដើម។
・ករណីមួយចំនួននៃជំងឺនេះត្រូវការព្យាបាលដោយការវះកាត់ ប្រសិនបើការព្យាបាលដោយប្រើកៅស៊ូឬវិធីព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាព។
ជំងឺឫសដូងបាតលក្ខណៈមានឫសកើតឡើងដោយសារការរីកធំនៃសរសៃវ៉ែននៅទ្វារធំ។ វាបែងចែកជាពីរប្រភេទគឺ ប្រភេទឫសក្នុង(ឫសដូងបាតដែលកើតនៅផ្នែកខាងលើនៃតំបន់ខ័ណ្ឌរវាងទ្វារធំនិងចុងពោះវៀនធំ) និង ប្រភេទឫសក្រៅ(ឫសដូងបាតដែលកើតនៅផ្នែកខាងក្រោមនៃតំបន់ខ័ណ្ឌរវាងទ្វារធំនិងចុងពោះវៀនធំ)។ ទាំងពីរប្រភេទនេះអាចមានករណីដែលវាស្ថិតនៅក្នុងទ្វារធំឬអាចលៀនចេញពីទ្វារធំ។
ជំងឺនេះកើតឡើងដោយសារសម្ពាធឈាមនៅក្នុងសរសៃវ៉ែននៅតាមចុងពោះវៀនធំនិងទ្វារធំកើនឡើង។ ការកើនឡើងនៃសម្ពាធឈាមដូចនោះកើតឡើងនៅពេលស្ត្រីមានផ្ទៃពោះឬការធ្វើការប្រើកម្លាំងខ្លាំងញឹកញាប់ឬការប្រឹងនៅពេលបន្ទោរបង់លាមក។ ទល់លាមកជាកត្តាដែលធ្វើអោយមានការប្រឹងនៅពេលបន្ទោរបង់។
ជំងឺឫសដូងបាតលក្ខណៈដាច់រហែក(Anal fissure)
ជាស្ថានភាពនៃការដាច់រហែកឬកើតមានដំបៅនៃភ្នាសរបស់ទ្វារធំ។ ជំងឺនេះអាចកើតឡើងដោយសារការបន្ទោរលាមករឹងឬធំ ឬ ដោយសារការរាករូសញឹកញាប់ ដែលធ្វើអោយទ្វារធំទទួលរងរបួស។ ករណីកម្រ ជំងឺនេះអាចកើតឡើងដោយសារការរួមភេទតាមទ្វារធំ។ នៅពេលដែលទ្វារធំកើតមានរបួសដាច់រហែក នោះសាច់ដុំខ្ជឹបនៃទ្វារធំនឹងកន្ត្រាក់ ធ្វើអោយអាការៈឈឺចាប់កើនឡើង ហើយការព្យាបាលក៏កាន់តែពិបាក។
ជំងឺឫសដូងបាតលក្ខណៈមានខ្ទុះ(Anal fistula)
ជាទូទៅ វាជាស្ថានភាពដែលកើតមានផ្លូវឆ្លងកាត់ខុសប្រក្រតីភ្ជាប់ពីទ្វារធំឬចុងពោះវៀនធំទៅស្បែកដែលនៅជុំវិញទ្វារធំនោះ ប៉ុន្តែ ក៏អាចមានករណីដែលវាភ្ជាប់ទៅនឹងសរីរាង្គផ្សេងទៀតដូចជាទ្វារមាសរបស់ស្ត្រី(Vagina)ជាដើមផងដែរ។
・ជំងឺនេះច្រើនកើតមានចំពោះអ្នកដែលមានជំងឺដំបៅទ្វារធំនិងចុងពោះវៀនធំ ជំងឺក្រូន(Crohn's disease) ឬ ជំងឺរបេង។
・ជំងឺនេះអាចបង្កជាអាការៈឈឺចាប់ និង កើតមានខ្ទុះ។
・ការព្យាបាលស្ទើរគ្រប់ករណីទាំងអស់ត្រូវការការវះកាត់ ប៉ុន្តែ បច្ចុប្បន្ននេះមានវិធីព្យាបាលមួយចំនួនដែលបង្កបន្ទុកលើរាងកាយអ្នកជំងឺតិចជាងនិងអាចប្រើជំនួសការវះកាត់បាន។
ស្ទើរគ្រប់ករណីទាំងអស់ ផ្លូវដែលកើតឡើងនោះគឺផ្ដើមចេញពីក្រពេញដែលស្ថិតនៅផ្នែកជ្រៅនៃទ្វារធំឬចុងពោះវៀនធំ។ ជំងឺនេះច្រើនកើតមានចំពោះអ្នកដែលមានជំងឺដំបៅទ្វារធំនិងចុងពោះវៀនធំ ជំងឺក្រូន(Crohn‘s disease) ឬ ជំងឺរបេង។ ក្រៅពីនេះ វាក៏អាចកើតមានចំពោះអ្នកដែលមានជំងឺមហារីក ជំងឺDiverticulitis ឬ អ្នកដែលមានរបួសនៅទ្វារធំឬចុងពោះវៀនធំ។ ចំពោះទារក ភាគច្រើនជំងឺនេះជាជំងឺតំណពូជ ហើយងាយកើតចំពោះទារកប្រុសជាជាងស្រី។
ជំងឺឫសដូងបាតលក្ខណៈមានខ្ទុះ(Anal fistula)ដែលកើតមានផ្លូវភ្ជាប់ពីចុងពោះវៀនធំនិងទ្វារមាសរបស់ស្ត្រី(Rectovaginal fistula) អាចកើតឡើងដោយសារ ការទទួលរងវិទ្យុសកម្ម ជំងឺមហារីក ជំងឺក្រូន (Crohn's disease) ឬ កើតឡើងដោយសាររបួសដែលកើតមាននៅក្នុងពេលស្ត្រីសម្រាលកូន។
អានបន្ថែម -
រោគសញ្ញា
ជំងឺឫសដូងបាតលក្ខណៈមានឫស(Hemorrhoidsឬpiles)
ចំពោះប្រភេទឫសក្រៅ គេឃើញមានការកកើតនៃដុំសាច់នៅទ្វារធំ។ ប្រសិនបើមានកំណកឈាមនៅទីនោះ ដុំនោះនឹងធំជាងហើយមានអាការៈឈឺចាប់និងហើមជាងករណីមិនមានកំណកឈាមកើតឡើង។
ចំពោះប្រភេទឫសក្នុង ភាគច្រើនគេមិនអាចសម្គាល់ឃើញដុំសាច់ដែលមើលឃើញនឹងភ្នែកឬអាការៈឈឺចាប់នោះទេ ប៉ុន្តែ គេឃើញមានអាការៈហូរឈាម។ ការហូរឈាមនោះច្រើនកើតឡើងនៅក្រោយពេលបន្ទោរបង់លាមក ដោយគេឃើញជាប់ជាមួយនឹងលាមកឬក្រដាសអនាម័យ។ ជាទូទៅ បរិមាណឈាមដែលចេញតាមនោះគឺមានតិចតួចប៉ុណ្ណោះ មិនដល់កម្រិតបង្កអោយមានការបាត់បង់ឈាមច្រើនពីរាងកាយឬអាការៈស្លេកស្លាំងនោះទេ។
សារធាតុភ្នាសសើមអាចចេញពីឫសដូងបាតនោះ ហើយក្រោយពេលបន្ទោរបង់ អ្នកជំងឺមានអារម្មណ៍ដូចមិនទាន់បន្ទោរបង់លាមកអស់ពីចុងពោះវៀនធំ។ ជាទូទៅ អាការៈរមាស់មិនមែនជារោគសញ្ញាដែលកើតឡើងដោយសារជំងឺឫសដូងបាតប្រភេទនេះទេ ប៉ុន្តែ វាអាចកើតឡើងដោយសារអ្នកជំងឺមិនបានសម្អាតទ្វារធំអោយបានស្អាតនៅពេលមានជំងឺឫសដូងបាត។
ជំងឺនេះអាចបង្កជាអាការៈរលាក ឬ ធ្វើអោយមានកំណកឈាមកើតឡើង។ ប្រភេទឫសក្នុងនៃជំងឺនេះ ក៏អាចមានករណីដែលវាបង្កជាអាការៈហូរឈាមផងដែរ។
ជំងឺឫសដូងបាតលក្ខណៈដាច់រហែក(Anal fissure)
ជំងឺនេះបង្កជាអាការៈឈឺចាប់និងហូរឈាមនៅក្នុងពេលឬក្រោយពេលបន្ទោរបង់លាមករួចភ្លាម។ អាការៈឈឺចាប់នោះអាចបន្តកើតមានពីរយៈពេលប៉ុន្មាននាទីទៅប៉ុន្មានម៉ោង ដោយវាធូរស្បើយទៅវិញបន្តិចម្ដងៗ ប៉ុន្តែ អាចកើតឡើងម្ដងទៀតនៅពេលបន្ទោរបង់លើកក្រោយ។
ជំងឺឫសដូងបាតលក្ខណៈមានខ្ទុះ(Anal fistula)
នៅពេលដែលកើតមានជំងឺឆ្លងនៅតាមផ្លុវដែលកើតឡើងក្នុងជំងឺនេះ វានឹងបង្កជាអាការៈឈឺចាប់ ហើយនឹងមានខ្ទុះហូរចេញទៅខាងក្រៅ។
អានបន្ថែម -
រោគវិនិច្ឆ័យ
ជំងឺឫសដូងបាតលក្ខណៈមានឫស(Hemorrhoidsឬpiles)
・ការពិនិត្យរបស់វេជ្ជបណ្ឌិត
・ការពិនិត្យដោយឧបករណ៍Anoscope
・ការពិនិត្យដោយឧបករណ៍Sigmoidoscope ឬ ឧបករណ៍Colonoscope (ករណីមួយចំនួន)
ឫសដូងបាតដែលកំពុងហើមនិងឈឺ ងាយស្រួលពិនិត្យឃើញនឹងភ្នែកនៅក្នុងទ្វារធំឬចុងពោះវៀនធំ។ ប៉ុន្តែ ដើម្បីវាយតម្លៃទៅលើឫសដូងបាតដែលមិនមានអាការៈឈឺចាប់ឬលក្ខណៈមានអាការៈហូរឈាម គេត្រូវប្រើឧបករណ៍Anoscope។ ករណីមានការចេញឈាមច្រើននៅពេលបន្ទោរបង់ គេអាចនឹងចាំបាច់ពិនិត្យដោយប្រើឧបករណ៍Sigmoidoscope ឬ ឧបករណ៍Colonoscope ដើម្បីវាយតម្លៃថាជាជំងឺធ្ងន់ធ្ងរដូចជាមហារីកជាដើមឬមិនមែន។
ជំងឺឫសដូងបាតលក្ខណៈដាច់រហែក(Anal fissure)
・ការពិនិត្យរបស់វេជ្ជបណ្ឌិត
រោគវិនិច្ឆ័យអាចធ្វើឡើងដោយការពិនិត្យនឹងភ្នែកនៅក្នុងទ្វារធំរបស់អ្នកជំងឺ។
ជំងឺឫសដូងបាតលក្ខណៈមានខ្ទុះ(Anal fistula)
・ការពិនិត្យរបស់វេជ្ជបណ្ឌិត
・ការពិនិត្យដោយឧបករណ៍Sigmoidoscope
ជាទូទៅ វេជ្ជបណ្ឌិតអាចពិនិត្យដឹងថាមានមាត់ផ្លូវដែលកើតនៅក្នុងទ្វារធំមួយឬច្រើនតាមរយៈការសង្កេតដោយភ្នែកឬដោយការស្ទាប។ គេអាចប្រើឧបករណ៍ Sonde ដើម្បីពិនិត្យដឹងអំពីជម្រៅនិងទិសដៅនៃផ្លូវទាំងនោះ។ ករណីខ្លះ គេអាចកំណត់ទីតាំងនៃមាត់ផ្លូវនៅផ្នែកខាងក្នុង ដោយប្រើឧបករណ៍Anoscopeនិងឧបករណ៍ Sonde រួមគ្នា។ ការប្រើឧបករណ៍Sigmoidoscopeដែលមានប្រវែងវែង អាចអោយគេពិនិត្យដឹងថាតើជំងឺនេះកើតឡើងដោយសារជំងឺមហារីក ឬ ជំងឺក្រូន ឬ មូលហេតុផ្សេងទៀតឬមិនមែន។
អានបន្ថែម -
ការព្យាបាល
ជំងឺឫសដូងបាតលក្ខណៈមានឫស(Hemorrhoidsឬpiles)
・ ការប្រើឱសថបន្ទន់លាមក ឬ ការអង្គុយត្រាំទឹកក្ដៅ
・ករណីជាប្រភេទឫសក្រៅនិងមានកំណកឈាម គេអនុវត្តការកម្ចាត់កំណកឈាមចេញ
・ករណីជាប្រភេទឫសក្នុង គេប្រើការព្យាបាលតាមវិធីធ្វើអោយរឹង(Sclerotherapy) ឬ តាមវិធីចងកៅស៊ូ(Endoscopic variceal ligation, EVL)។
ជាទូទៅ ប្រសិនបើជំងឺនេះមិនមានបង្ហាញជារោគសញ្ញារំខានអ្វីទេ គេមិនចាំបាច់ធ្វើការព្យាបាលនោះទេ។ ការប្រឹងនៅពេលបន្ទោរបង់អាចកាត់បន្ថយបាននៅពេលអ្នកជំងឺប្រើឱសថបន្ទន់លាមក។ រោគសញ្ញាអាចធូរស្បើយជាងមុននៅពេលអ្នកជំងឺអង្គុយត្រាំនៅក្នុងទឹកក្ដៅអ៊ុនៗរយៈពេល10ទៅ15នាទី។
ចំពោះជំងឺឫសដូងបាតប្រភេទឫសក្រៅនិងមានកំណកឈាម ជាពិសេសករណីដែលកើតមានអាការៈឈឺចាប់ខ្លាំងក្លា គេអាចធ្វើការចាក់ថ្នាំស្ពឹកនៅទីនោះឬធ្វើការយកកំណកឈាមឬឫសនោះចេញ ហើយអាការៈឈឺចាប់អាចធូរស្បើយឆាប់រហ័សតាមរយៈវិធីទាំងនេះ។
អ្នកជំងឺអាចប្រើឱសថAcetaminophen(ឬParacetamol)ឬឱសថបំបាត់ការឈឺចាប់ប្រភេទNSAIDs ដើម្បីបំបាត់អាការៈឈឺចាប់ពីជំងឺឫសដូងបាតប្រភេទមានកំណកឈាម។ ការប្រើថ្នាំស្ពឹកទម្រង់ជាថ្នាំលាបឬបិទក៏អាចបន្ធូរអាការៈផងដែរ។ ជាទូទៅ អាការៈឈឺចាប់និងហើមនឹងធូរស្បើយវិញបន្តិចម្ដងៗ ហើយកំណកឈាមនឹងបាត់ទៅវិញក្រោយរយៈពេល4~6សប្ដាហ៍។
ចំពោះជំងឺឫសដូងបាតប្រភេទឫសក្នុងនិងមានហូរឈាម គេអាចព្យាបាលដោយប្រើវិធីចាក់សារធាតុដែលមានប្រសិទ្ធិភាពបង្កជាជាលិកាក្រិននិងកម្ទេចឫសក្នុងនោះ។ វិធីព្យាបាលនេះហៅថាSclerotherapy។ ករណីវិធីនេះមិនមានប្រសិទ្ធិភាពឬឫសក្នុងមានទំហំធំ គេអាចប្រើវិធីចងដោយប្រើកៅស៊ូ ហៅថា(Endoscopic variceal ligation (EVL)។ ឫសដែលត្រូវចងដោយកៅស៊ូនឹងមិនបង្កជាអាការៈឈឺចាប់នោះទេ ហើយវានឹងដាច់ធ្លាក់មក។ គេធ្វើការព្យាបាលបែបនេះរយៈពេលប្រមាណ2សប្ដាហ៍សម្រាប់ឫសមួយ។
ការកម្ទេចឫសក្នុងអាចធ្វើឡើងដោយវិធីផ្សេងៗទៀត ដូចជា ការប្រើកាំរស្មីអាំងហ្វ្រា ជាដើម ប៉ុន្តែ វិធីព្យាបាលដោយឡាស៊ែរ ឬ ដោយការធ្វើអោយកក ឬ ដោយចរន្តអគ្គិសនី មិនត្រូវបានធានាថាមានប្រសិទ្ធិភាពព្យាបាលនោះទេ។ ចំពោះជំងឺឫសដូងបាតប្រភេទឫសក្នុង វិធីព្យាបាលដោយប្រើកៅស៊ូគឺជាការព្យាបាលទូទៅ។
ករណីការព្យាបាលខាងលើមិនមានប្រសិទ្ធិភាព គេអាចនឹងជ្រើសរើសការវះកាត់។ ប៉ុន្តែ ការវះកាត់យកឫសដូងបាតចេញ អាចផ្ដល់ផលវិបាកដូចជាអាការៈឈឺចាប់ខ្លាំង ការស្ទះទឹកនោម អាការៈទល់លាមកជាដើម។ វិធីព្យាបាលដែលបង្កអាការៈឈឺចាប់តិចកំពុងស្ថិតក្នុងការស្រាវជ្រាវ ឧទាហរណ៍ នៅក្នុងការព្យាបាលដោយDG-HAL(Doppler-guided hemorrhoidal artery ligation) គេធ្វើការពិនិត្យអេកូរកសរសៃអាកទែនៅក្នុងឫសដូងបាត រួចចងវានឹងអំបោះ ដើម្បីកាត់បន្ថយការផ្គត់ផ្គង់ឈាមទៅក្នុងឫសនោះ។ ក្រៅពីនេះក៏មានវិធីព្យាបាលដោយប្រើឧបករណ៍Circular staplerដើម្បីកាត់យកឫសដូងបាតដែលលៀនចេញមក ឬ រុញឫសនោះចូលវិញ។ វិធីព្យាបាលនេះអាចបង្កជាអាការៈឈឺចាប់តិចតួច ប៉ុន្តែ ងាយបង្កជាបញ្ហាផ្សេងៗទៀត ហើយជំងឺឫសដូងបាតអាចកើតឡើងម្ដងទៀត។
ជំងឺឫសដូងបាតលក្ខណៈដាច់រហែក(Anal fissure)
・ការប្រើឱសថបន្ទន់លាមក
・ការប្រើឱសថលាបដើម្បីការពារមុខរបួស និង ការអង្គុយត្រាំទឹកក្ដៅ
・ការប្រើឱសថBotulinum toxinទម្រង់ជាថ្នាំចាក់ និង ឱសថNitroglycerinឬឱសថប្រភេទទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម(Calcium antagonist) ទម្រង់ជាថ្នាំលាប។
ការពិសាឱសថបន្ទន់លាមក ឬ ការបរិភោគអាហារដែលមានសរសៃច្រើន អាចកាត់បន្ថយហានិភ័យនៃការរងរបួសដោយសារលាមករឹងឬធំ។ ឱសថលាបZinc oxideឬឱសថស៊ុលGlycerinជាដើម មានប្រសិទ្ធិភាពអាចគ្របការពារមុខរបួស និង ធ្វើអោយផ្នែកខាងក្រោមនៃចុងពោះវៀនធំមានលក្ខណៈរអិលនិងធ្វើអោយលាមកទន់ ដូច្នេះ វាជាជំនួយសម្រាប់ជម្រុញការជាសះស្បើយ។
ការលាបថ្នាំស្ពឹក (Ethyl aminobenzoateឬLidocaineជាដើម)នៅទ្វារធំ ឬ អង្គុយត្រាំទឹកក្ដៅរយៈពេល10ទៅ15នាទីក្រោយពេលបន្ទោរបង់រួចម្ដងៗ អាចកាត់បន្ថយអាការៈមិនស្រួលនិងបង្កើនចរន្តឈាមរត់នៅទីនោះដើម្បីជម្រុញការជាសះស្បើយ។
វិធីព្យាបាលដោយចាក់ឱសថBotulinum toxinទៅក្នុងសាច់ដុំខ្ជឹបទ្វារធំ ជាវិធីដែលអាចកាត់បន្ថយការកន្ត្រាក់នៃសាច់ដុំខ្ជឹបទ្វារធំនិងជម្រុញការជាសះស្បើយនៃមុខរបួសដាច់រហែក។ ម្យ៉ាងទៀត គេក៏អាចប្រើឱសថNitroglycerin ឬឱសថប្រភេទទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម(Calcium antagonist)ដូចជា Nifedipine creamឬDiltiazem gelជាដើម ដើម្បីលាបនៅផ្នែកដាច់រហែកនោះផងដែរ។
ប្រសិនបើវិធីព្យាបាលទាំងនេះមិនមានប្រសិទ្ធិភាពទេនោះ អ្នកជំងឺអាចនឹងចាំបាច់ត្រូវទទួលការវះកាត់។ ចំពោះការកន្ត្រាក់នៃសាច់ដុំខ្ជឹបទ្វារធំ អាចកាត់បន្ថយដោយការវះបើកផ្នែកមួយនៃសាច់ដុំខ្ជឹបក្នុង(Internal sphincterotomy) ឬ ក៏អាចវះពង្រីកទ្វារធំ(Anal dilatation)ក៏បាន។
ជំងឺឫសដូងបាតលក្ខណៈមានខ្ទុះ(Anal fistula)
・ការវះកាត់
・ករណីជំងឺនេះកើតឡើងដោយសារជំងឺក្រូន (Crohn's disease) ត្រូវប្រើឱសថព្យាបាល
កាលពីមុន វិធីព្យាបាលដែលមានប្រសិទ្ធិភាពតែមួយគត់គឺការវះកាត់។ នៅក្នុងពេលវះកាត់ ពេលខ្លះគេត្រូវកាត់យកផ្នែកមួយនៃសាច់ដុំខ្ជឹបទ្វារធំ។ ប៉ុន្តែ ប្រសិនបើគេកាត់ចេញច្រើនពេក វាអាចធ្វើអោយអ្នកជំងឺពិបាកគ្រប់គ្រងការបន្ទោរបង់។ សម្រាប់ការវះកាត់បែបថ្មី រួមមាន ការគ្របច្រកផ្លូវដោយប្រើជាលិកាស្បែកឬដោយវិធីផ្សេងទៀត។ ក្រៅពីនេះ មានវិធីព្យាបាលដោយប្រើFibrin Glueជាដើម។
ករណីអ្នកជំងឺមានអាការៈរាករូសឬជំងឺក្រូន (Crohn's disease) ការជាសះស្បើយក្រោយការវះកាត់អាចមានលក្ខណៈយឺត ដូច្នេះ ជាទូទៅ គេមិនអនុវត្តការវះកាត់នោះទេ។ ការប្រើឱសថព្យាបាលជំងឺក្រូន (Crohn's disease) អាចជួយធ្វើអោយច្រកផ្លូវក្នុងជំងឺឫសដូងបាតប្រភេទនេះបិទជិទវិញ។
អានបន្ថែម