Helicobacter pylori infection (ជំងឺឆ្លងបាក់តេរីហេលីកូបាក់តាភីឡូរី)

    • លក្ខណៈទូទៅ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការវិវត្តនៃជំងឺ
    • ការព្យាបាល
  • លក្ខណៈទូទៅ

    ជំងឺឆ្លងបាក់តេរីហេលីកូបាក់តាភីឡូរី (Helicobacter pylori infection) ជាជំងឺឆ្លងបង្កឡើងដោយបាក់តេរីដែលមានឥទ្ធិពលធ្វើអោយកើតមានការរលាកនៅក្នុងក្រពះ ដំបៅក្រពះពោះវៀន និង ជំងឺមហារីកក្រពះប្រភេទមួយចំនួន។

    ・រោគសញ្ញានៃជំងឺឆ្លងបាក់តេរីហេលីកូបាក់តាភីឡូរី (Helicobacter pylori infection) រួមមាន ពិបាករំលាយអាហារ អាការៈឈឺចាប់ឬអារម្មណ៍មិនស្រួលនៅផ្នែកខាងលើនៃពោះ ជាដើម។

    ・រោគវិនិច្ឆ័យភាគច្រើនធ្វើឡើងដោយការពិនិត្យខ្យល់ដង្ហើមចេញនិងការពិនិត្យដោយឧបករណ៍អង់ដូស្កុប (Upper gastrointestinal endoscopy)

    ・ជំងឺនេះព្យាបាលដោយប្រើឱសថប្រឆាំងបាក់តេរី (Antibiotics)។

    បាក់តេរីភីឡូរី គឺជា បាក់តេរីមួយប្រភេទដែលត្រូវបានគេស្គាល់នៅលើសកលលោកថាជាបាក់តេរីបង្កអោយមានការរលាកឬដំបៅនៅក្នុងក្រពះ។ មនុស្សជាច្រើនមានការឆ្លងបាក់តេរីនេះ ហើយហានិភ័យនៃការឆ្លងកើនឡើងទៅតាមអាយុ។

    បាក់តេរីភីឡូរីត្រូវបានរកឃើញថាស្ថិតនៅក្នុងលាមក ទឹកមាត់ កម្ទេចអាហារនៅជាប់ធ្មេញ។ បាក់តេរីភីឡូរីអាចឆ្លងពីមនុស្សទៅមនុស្សបាន ជាពិសេសនៅពេលដែលអ្នកដែលមានផ្ទុកបាក់តេរីនេះមិនបានសម្អាតដៃអោយបានស្អាតល្អក្រោយពេលបន្ទោរបង់ទេនោះ។ ការឆ្លងអាចកើតមាននៅពេលដែលបានប៉ះពាល់វត្ថុដែលជាប់ប្រលាក់ដោយលាមករបស់អ្នកផ្ទុកបាក់តេរីភីឡូរី(ដូចជាកន្សែងជាដើម) រួចយកដៃនោះទៅប៉ះពាល់មាត់។ ការស្និទ្ធស្នាលដូចជាការថើប ក៏ជាមូលហេតុនៃការរីករាលដាលការឆ្លងបាក់តេរីនេះផងដែរ ហើយអ្នកដែលរស់នៅជាក្រុមក្នុងគ្រួសារឬមន្ទីរចាស់ជរាជាដើមក៏ងាយឆ្លងបាក់តេរីនេះផងដែរ។

    ជាទូទៅ នៅផ្ទៃខាងក្នុងនៃក្រពះត្រូវបានគ្របដណ្ដប់ដោយស្រទាប់នៃទឹកភ្នាសសើមដែលជួយការពារភ្នាសក្រពះកុំអោយទទួលការខូចខាតពីអាស៊ីតក្រពះ។ បាក់តេរីភីឡូរីដែលចូលក្នុងក្រពះនឹងស្ថិតនៅព្រមទាំងបង្កើនចំនួននៅក្នុងស្រទាប់នៃទឹកភ្នាសសើមខាងលើ ហើយវាអាចផលិតសារធាតុអាម៉ូញ៉ាក់ដែលជាសារធាតុអាចការពារបាក់តេរីទាំងនេះពីប្រសិទ្ធិភាពសម្លាប់មេរោគដោយអាស៊ីតក្រពះ។ ម្យ៉ាងទៀត សារធាតុអាម៉ូញ៉ាក់ក៏មានប្រយោជន៍ធ្វើអោយបាក់តេរីភីឡូរីកម្ទេចស្រទាប់ភ្នាសសើមដើម្បីបាក់តេរីអាចឆ្លងចូលទៅដល់ភ្នាសសើមនៃក្រពះ ដូច្នេះ អ្នកដែលមានផ្ទុកបាក់តេរីភីឡូរីស្ទើរតែទាំងអស់គឺមានអាការៈរលាកក្រពះ ហើយស្ថានភាពរលាកនេះអាចនឹងរីករាលដាលពេញក្រពះឬអាចកើតមានត្រឹមផ្នែកខាងក្រោមនៃក្រពះ(Gastric antrum)។ បាក់តេរីភីឡូរីបង្កជាដំបៅក្នុងក្រពះ ដោយវាមានសកម្មភាពបង្កើនការបញ្ចេញអាស៊ីតក្រពះ ធ្វើអោយមុខងារការពារភ្នាសសើមពីអាស៊ីតក្រពះទទួលរងការខូចខាត និង តាមរយៈការបញ្ចេញសារធាតុពុល (Toxin)។

    អានបន្ថែម
  • រោគសញ្ញា

    ការឆ្លងបាក់តេរីភីឡូរីអាចបង្កជាអាការៈរលាកក្រពះ ប៉ុន្តែ ភាគច្រើនវាមិនបង្ហាញជារោគសញ្ញាច្បាស់លាស់នោះទេ។ រោគសញ្ញាអាចរួមមាន ពិបាករំលាយអាហារ អាការៈឈឺចាប់ឬអារម្មណ៍មិនស្រួលនៅផ្នែកខាងលើនៃក្រពះជាដើម ដែលទាំងនេះជារោគសញ្ញាទូទៅនៃជំងឺរលាកក្រពះ។

    ករណីបាក់តេរីភីឡូរីបង្កជាជំងឺដំបៅក្រពះ វានឹងបង្ហាញរោគសញ្ញាឈឺចាប់នៅផ្នែកខាងលើនៃក្រពះជាដើម គឺរោគសញ្ញាមានលក្ខណៈដូចទៅនឹងជំងឺដំបៅក្រពះដែលបណ្ដាលមកពីមូលហេតុផ្សេងទៀតផងដែរ។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    ・ការពិនិត្យឈាម ការពិនិត្យខ្យល់ដង្ហើមចេញ ឬ ការពិនិត្យលាមក

    ・ ការពិនិត្យដោយឧបករណ៍អង់ដូស្កុប (Upper gastrointestinal endoscopy) (ករណីមួយចំនួន)

    បាក់តេរីភីឡូរីអាចពិនិត្យដឹងតាមរយៈការពិនិត្យឈាម ការពិនិត្យខ្យល់ដង្ហើមចេញ ឬ តាមរយៈការពិនិត្យលាមក។ ប៉ុន្តែ ទោះក្រោយអ្នកជំងឺជាសះស្បើយពីជំងឺឆ្លងបាក់តេរីភីឡូរីនេះក៏ដោយ ក៏ការពិនិត្យឈាមអាចនឹងនៅតែបង្ហាញលទ្ធផលវិជ្ជមានរហូតដល់រយៈពេល3ឆ្នាំ ដូច្នេះ ដើម្បីបញ្ជាក់អំពីប្រសិទ្ធិភាពនៃការព្យាបាល ភាគច្រើនគេប្រើប្រាស់ការពិនិត្យខ្យល់ដង្ហើមចេញ។

    ពេលខ្លះ វេជ្ជបណ្ឌិតជ្រើសរើសអនុវត្តការពិនិត្យដោយឧបករណ៍អង់ដូស្កុប (Upper gastrointestinal endoscopy) ដើម្បីច្រឹបយកផ្ទៃខាងក្នុងនៃក្រពះយកមកពិនិត្យក្រោមមីក្រូទស្សន៍ (Biopsy)។

    អានបន្ថែម
  • ការវិវត្តនៃជំងឺ

    ប្រមាណ50%នៃអ្នកជំងឺដំបៅក្រពះពោះវៀនដែលបង្កដោយបាក់តេរីភីឡូរីអាចនឹងកើតជំងឺនេះឡើងវិញម្ដងទៀតក្នុងអំឡុងពេល1ឆ្នាំ ប្រសិនបើមិនបានទទួលការព្យាបាលដោយឱសថប្រឆាំងបាក់តេរី (Antibiotics)នោះទេ។ ភាគរយនៃការកើតជំងឺនេះឡើងវិញករណីអ្នកជំងឺបានទទួលការព្យាបាលដោយឱសថប្រឆាំងបាក់តេរីគឺតិចជាង10%។ ម្យ៉ាងទៀត មានករណីដែលបន្ទាប់ពីអ្នកជំងឺបានទទួលការព្យាបាលជំងឺឆ្លងបាក់តេរីភីឡូរី ជំងឺដំបៅក្រពះរបស់គាត់ដែលមិនធ្លាប់ទទួលបានប្រសិទ្ធិភាពសោះពីវិធីព្យាបាលផ្សេងទៀតបែរជាអាចជាសះស្បើយក៏មាន។

    ការផ្ទុកបាក់តេរីភីឡូរីរយៈពេលយូរនៅក្នុងក្រពះ អាចធ្វើអោយហានិភ័យនៃការកើតជំងឺមហារីកក្រពះកើនឡើង។

    អានបន្ថែម
  • ការព្យាបាល

    ・ ឱសថប្រឆាំងបាក់តេរី (Antibiotics) និង ឱសថកាត់បន្ថយការបញ្ចេញអាស៊ីតក្រពះ ប្រភេទទប់ស្កាត់គ្រឿងចម្លងប្រូតុង (Proton pump inhibitor, PPI)

    ជំងឺឆ្លងបាក់តេរីភីឡូរីចាំបាច់ត្រូវព្យាបាលដោយប្រើឱសថប្រឆាំងបាក់តេរី។ វិធីព្យាបាលដែលត្រូវបានអនុវត្តជាញឹកញាប់នោះគឺ ការប្រើឱសថកាត់បន្ថយការបញ្ចេញអាស៊ីតក្រពះ ប្រភេទទប់ស្កាត់គ្រឿងចម្លងប្រូតុង (Proton pump inhibitor) និងឱសថប្រឆាំងបាក់តេរី 2 ប្រភេទរួមគ្នា (Amoxicillin និង Clarithromycin ជាដើម) ដោយពិសា1ថ្ងៃ2ដង រយៈពេល7ឬ14ថ្ងៃ ទៅតាមកម្រិតប្រើប្រាស់នៃឱសថ។

    វិធីព្យាបាលម្យ៉ាងទៀតដែលត្រូវបានប្រើប្រាស់ញឹកញាប់ផងដែរ គឺការប្រើឱសថBismuth subsalicylate (ឱសថស្រដៀងនឹងSucralfate) ឱសថTetracycline(ឱសថប្រឆាំងបាក់តេរី) ឱសថMetronidazole(ឱសថប្រឆាំងបាក់តេរី) និង ឱសថប្រភេទទប់ស្កាត់គ្រឿងចម្លងប្រូតុង (Proton pump inhibitor) រួមគ្នា។ វិធីព្យាបាលនេះត្រូវការឱសថសរុបចំនួន4ប្រភេទ ដោយអាចត្រូវពិសារហូតដល់4ដងក្នុង1ថ្ងៃ រយៈពេល14ថ្ងៃ។ ចំពោះអ្នកដែលកំពុងមានជំងឺដំបៅក្រពះឬដំបៅគល់ពោះវៀនតូច(Duodenal ulcer) ត្រូវប្រើឱសថPPI (Proton pump inhibitor) រយៈពេលចាប់ពី4សប្ដាហ៍ឡើងទៅ។

    អានបន្ថែម