Heart Failure (ជំងឺខ្សោយមុខងារបេះដូង)

    • លក្ខណៈទូទៅ
    • មូលហេតុ
    • បំណែងចែកប្រភេទ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការវិវត្តនៃជំងឺ
    • ការព្យាបាល
    • ការបង្ការ
  • លក្ខណៈទូទៅ

    ជំងឺខ្សោយមុខងារបេះដូង ជាជំងឺដែលបេះដូងមិនអាចច្របាច់ដើម្បីបញ្ជូនឈាមទៅពេញរាងកាយបានគ្រប់គ្រាន់ ហើយបង្កជាបញ្ហាផ្សេងៗដូចជាបរិមាណឈាមរត់ថយចុះក្នុងរាងកាយនិងឈាមផ្ដុំគ្នាច្រើននៅក្នុងសួត(ដក់ឈាម)ជាដើម ដែលបញ្ហាទាំងនេះធ្វើអោយមុខងារបេះដូងកាន់តែចុះខ្សោយថែមទៀត។

    ・ជំងឺជាច្រើនដែលប៉ះពាល់ដល់បេះដូងជាមូលហេតុនៃការកើតមានជំងឺខ្សោយមុខងារបេះដូង។

    ・នៅក្នុងជំងឺខ្សោយបេះដូង ភាគច្រើន អ្នកជំងឺមិនបង្ហាញជារោគសញ្ញាអ្វីនោះទេនៅដំណាក់កាលដំបូង ប៉ុន្តែ ប៉ុន្មានថ្ងៃឬប៉ុន្មានខែបន្ទាប់ពីនោះ អ្នកជំងឺអាចកើតមានរោគសញ្ញាបន្តិចម្ដងៗ ដូចជា ដកដង្ហើមដោយដង្ហក់ នឿយហត់អស់កម្លាំង ជាដើម។

    ・វេជ្ជបណ្ឌិតអាចវិនិច្ឆ័យថាជាជំងឺខ្សោយមុខងារបេះដូងដោយយោងទៅតាមរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ ក៏ត្រូវការវាយតម្លៃលើមុខងារបេះដូងអោយបានច្បាស់លាស់តាមរយៈការពិនិត្យអេកូបេះដូងជាដើមផងដែរ។

    ・ការព្យាបាលជំងឺខ្សោយបេះដូង ត្រូវចាប់ផ្ដើមពីការព្យាបាលជំងឺដែលជាមូលហេតុដើមនៃការធ្វើអោយមុខងារបេះដូងចុះខ្សោយ ស្របពេលនឹងការកែប្រែទម្លាប់ក្នុងការរស់នៅដែលមិនល្អរបស់អ្នកជំងឺ ព្រមទាំងរួមមានការប្រើប្រាស់ឱសថព្យាបាលឬការវះកាត់ផងដែរ។

       ជំងឺខ្សោយមុខងារបេះដូងអាចកើតឡើងដោយមិនពាក់ព័ន្ធនឹងអាយុនោះទេ គឺអាចកើតចំពោះកុមារតូចៗផងដែរជាពិសេសកុមារដែលមានបេះដូងលក្ខណៈខុសប្រក្រតីពីកំណើត។ ប៉ុន្តែ ដោយសារមនុស្សចាស់មានអត្រាខ្ពស់ក្នុងការកើតមានជំងឺដែលប៉ះពាល់ដល់សាច់ដុំបេះដូងឬប្រើសបេះដូង គេច្រើនសង្កេតឃើញជំងឺខ្សោយបេះដូងកើតមានចំពោះមនុស្សចាស់។ ម្យ៉ាងទៀត បេះដូងអាចប្រែប្រួលទៅតាមវ័យ ដូច្នេះ មនុស្សចាស់ងាយនឹងកើតមានការចុះខ្សោយនៃកម្លាំងកន្ត្រាក់របស់បេះដូង។ នៅពេលដែលកត្តាហានិភ័យដូចជា ការជក់បារី ការលើសសម្ពាធឈាម ការបរិភោគអាហារដែលផ្ទុកខ្លាញ់ច្រើន កាន់តែកើនឡើង អ្នកជំងឺខ្សោយមុខងារបេះដូងក៏មានចំនួនកើនឡើងផងដែរ។

       ការខ្សោយមុខងារបេះដូង មិនមែនមានន័យថាបេះដូងឈប់ដំណើរការនោះទេ ប៉ុន្តែ វាជាស្ថានភាពដែលបេះដូងមិនអាចរក្សាចលនាកន្ត្រាក់ដែលចាំបាច់ក្នុងការបញ្ជូនចរន្តឈាមទៅផ្នែកទាំងអស់នៃរាងកាយបានគ្រប់គ្រាន់។ មុខងាររបស់បេះដូងគឺជាសរីរាង្គដែលកន្ត្រាក់ដើម្បីច្របាច់ឈាមទៅផ្គត់ផ្គង់ពេញរាងកាយ។ ផ្នែកខាងស្ដាំនៃបេះដូងបញ្ជូនឈាមដែលហូរឆ្លងកាត់សរសៃវ៉ែនចូលមកបេះដូងទៅកាន់សួត ហើយផ្នែកខាងឆ្វេងនៃបេះដូងបញ្ជូនឈាមដែលហូរត្រឡប់ពីសួតវិញទៅកាន់ផ្នែកផ្សេងៗនៃរាងកាយតាមរយៈសរសៃអាកទែ។ ចរន្តឈាមចេញពីបេះដូងនៅពេលសាច់ដុំបេះដូងកន្ត្រាក់ ហើយនៅពេលសាច់ដុំបេះដូងបន្ធូរការកន្ត្រាក់មកវិញ ចរន្តឈាមនឹងរត់ចូលក្នុងបេះដូង។ ជាទូទៅ ជំងឺខ្សោយមុខងារបេះដូងកើតឡើងដោយសារសាច់ដុំបេះដូងចុះខ្សោយឬឡើងរឹងធ្វើអោយបេះដូងមិនអាចច្របាច់ឬបន្ធូរការកន្ត្រាក់បានគ្រប់គ្រាន់។ ជាលទ្ធផល ឈាមមិនអាចបញ្ជូនដល់សរីរាង្គផ្សេងៗបានគ្រប់គ្រាន់។ ម្យ៉ាងទៀត ស្ថានភាពដែលចរន្តស្ថិតនៅផ្ដុំគ្នានៅជាលិកាផ្នែកណាមួយនៃរាងកាយ គេហៅថាការដក់ឈាម ដូច្នេះ ជាទូទៅ ជំងឺខ្សោយមុខងារបេះដូងក៏ត្រូវបានគេហៅថា ជំងឺខ្សោយមុខងារបេះដូងលក្ខណៈដក់ឈាម(Congestive heart failure)។

    នៅពេលឈាមដែលចូលក្នុងផ្នែកខាងឆ្វេងនៃបេះដូងមិនមានចលនារត់ជាចរន្ត វាបង្កអោយកើតមានស្ថានភាពដក់ឈាមនៅក្នុងសួត ធ្វើអោយអ្នកជំងឺមានរោគសញ្ញាពិបាកដកដង្ហើម។ ផ្ទុយទៅវិញ ប្រសិនបើឈាមដែលចូលក្នុងផ្នែកខាងស្ដាំនៃបេះដូងមិនមានចលនារត់ជាចរន្ត វាបង្កអោយកើតមានស្ថានភាពដក់ឈាមនៅផ្នែកមួយចំនួននៃរាងកាយដូចជាជើងឬសរីរាង្គថ្លើមជាដើម។ នៅក្នុងជំងឺខ្សោយមុខងារបេះដូង ជាទូទៅ បង្កផលប៉ះពាល់ដល់ថតបេះដូងទាំងខាងស្ដាំនិងខាងឆ្វេង ប៉ុន្តែ ក៏មានករណីដែលផ្នែកតែម្ខាងទទួលផលប៉ះពាល់ច្រើនជាងផ្នែកម្ខាងទៀត គឺអាចបែងចែកជា ជំងឺខ្សោយមុខងារបេះដូងផ្នែកខាងស្ដាំ និង ជំងឺខ្សោយមុខងារបេះដូងផ្នែកខាងឆ្វេង។

    នៅក្នុងជំងឺខ្សោយមុខងារបេះដូង ការផ្គត់ផ្គង់អុកស៊ីសែននិងសារធាតុចិញ្ចឹមនៅក្នុងឈាមមានលក្ខណៈគ្រប់គ្រាន់ ប៉ុន្តែ ដោយសារបរិមាណឈាមដែលដឹកជញ្ជូនសារធាតុទាំងនេះមានកម្រិតមិនគ្រប់គ្រាន់ ធ្វើអោយអ្នកជំងឺមានអាការៈឆាប់នឿយហត់នៅសាច់ដុំជើងនិងដៃ ហើយតម្រងនោមមិនអាចបំពេញមុខងារដូចប្រក្រតីបាន។ តម្រងនោមមានតួនាទីច្រោះឈាមដើម្បីបញ្ចេញចោលនូវជាតិទឹកដែលលើសនិងសារធាតុមិនមានប្រយោជន៍ចេញពីរាងកាយតាមរយៈទឹកនោម។ នៅពេលមុខងារបេះដូងចុះខ្សោយ មុខងារតម្រងនោមក៏ចុះខ្សោយផងដែរ ធ្វើអោយតម្រងនោមមិនអាចបញ្ចេញជាតិទឹកដែលលើសកម្រិតក្នុងរាងកាយចេញទៅក្រៅ។ ជាលទ្ធផល ជាតិទឹកប្រមូលផ្ដុំច្រើននៅក្នុងរាងកាយ ហើយវាក្លាយជាបន្ទុកមួយកម្រិតទៀតទៅដល់បេះដូង។ វដ្តនេះបន្តកើតឡើងហើយមុខងារបេះដូងកាន់តែរចុះខ្សោយទៅៗ។

    ប្រតិកម្មបំពេញមុខងារដែលបាត់បង់របស់បេះដូង

    នៅក្នុងរាងកាយ មានប្រព័ន្ធមួយចំនួនដែលនឹងដំណើរការដើម្បីបំពេញមុខងារនៃបេះដូងដែលបាត់បង់ដោយសារជំងឺខ្សោយមុខងារបេះដូង។ ប្រតិកម្មដែលនឹងភ្ញោចនៅពេលមុខងារបេះដូងចុះខ្សោយនោះគឺ ការកើនឡើងនៃការបញ្ចេញអរម៉ូនអាដ្រេណាលីននិងអរម៉ូនន័រអាដ្រេណាលីន។ ឧទាហរណ៍ នៅពេលសាច់ដុំបេះដូងទទួលការខូចខាតដោយសារអាការៈគាំងបេះដូង អរម៉ូនទាំងនេះនឹងត្រូវបានបញ្ចេញភ្លាមៗ។ ទាំងអាដ្រេណាលីនទាំងន័រអាដ្រេណាលីននឹងមានសកម្មភាពធ្វើអោយបេះដូងកន្ត្រាក់កាន់តែលឿននិងខ្លាំង។ តាមរយៈសកម្មភាពបែបនេះ អរម៉ូនទាំងនេះបំពេញមុខងារចុះខ្សោយនៃបេះដូង ដោយមានប្រសិទ្ធិភាពបង្កើនបរិមាណឈាមដែលច្របាច់ចេញពីបេះដូងអោយស្មើនឹងបរិមាណឈាមជាធម្មតា។ ប្រសិនបើជាអ្នកដែលគ្មានជំងឺបេះដូង ការកើនឡើងនៃអរម៉ូនទាំងនេះអាចផ្ដល់ផលប្រយោជន៍បង្កើនមុខងារបេះដូងរយៈពេលខ្លីបាន។ ប៉ុន្តែ ករណីអ្នកមានជំងឺខ្សោយមុខងារបេះដូងរ៉ាំរ៉ៃ ប្រសិនបើប្រតិកម្មនេះបន្តកើតឡើងជាបន្តបន្ទាប់ វានឹងក្លាយជាបន្ទុកទៅលើបេះដូងដែលកំពុងខូចខាត ហើយមុខងារបេះដូងនឹងកាន់តែចុះខ្សោយទៅៗ។

    នៅពេលចរន្តឈាមក្នុងរាងកាយថយចុះដោយសារមុខងារបេះដូងចុះខ្សោយ ប្រតិកម្មបំពេញ1ទៀតនោះគឺការបង្កើនកម្រិតសារធាតុអំបិលនិងទឹកនៅក្នុងរាងកាយរបស់តម្រងនោម។ តាមរយៈការក្សាកម្រិតអំបិលនិងទឹកនៅក្នុងប្រព័ន្ធរាងកាយដោយមិនបញ្ចេញចោលតាមទឹកនោម អាចធ្វើអោយបរិមាណឈាមក្នុងរាងកាយកើនឡើង ហើយអាចរក្សាសម្ពាធឈាមអោយស្ថិតក្នុងកម្រិតធម្មតា។ ប៉ុន្តែ ការកើនឡើងបរិមាណឈាម អាចធ្វើអោយសាច់ដុំបេះដូងលូតវែងនិងថតបេះដូងរីកធំទូលាយជាងមុន។ នៅពេលដំបូង ការលូតវែងនៃសាច់ដុំបេះដូងនឹងធ្វើអោយការកន្ត្រាក់របស់បេះដូងមានលក្ខណៈខ្លាំងជាងមុន។ ប៉ុន្តែ យូរៗទៅកម្លាំងកន្ត្រាក់នៃបេះដូងនឹងចុះខ្សោយមកវិញ ធ្វើអោយជំងឺខ្សោយមុខងារបេះដូងកាន់តែរធ្ងន់ធ្ងរ។

    ប្រតិកម្មបំពេញដ៏សំខាន់មួយទៀតគឺ ការរីកធំនៃថតក្រោមរបស់បេះដូងដោយសារការឡើងក្រាស់នៃជញ្ជាំងសាច់ដុំបេះដូង។ ក្រោយពេលដែលបេះដូងខំប្រឹងធ្វើសកម្មភាពរយៈពេលយូរ ជញ្ជាំងបេះដូងនឹងប្រែជាក្រាស់ ហាក់ដូចជាករណីហ្វឹកហាត់ពង្រឹងសាច់ដុំដូច្នោះដែរ។ ជញ្ជាំងបេះដូងដែលឡើងក្រាស់នឹងមានកម្លាំងកន្ត្រាក់ខ្លាំង។ ប៉ុន្តែ នៅចុងក្រោយបេះដូងនឹងប្រែជារឹង បង្កជាបញ្ហាប៉ះពាល់ដល់មុខងារបន្ធូរការកន្ត្រាក់របស់បេះដូង ហើយជំងឺខ្សោយមុខងារបេះដូងកាន់តែធ្ងន់ធ្ងរ។

    អានបន្ថែម
  • មូលហេតុ

    ជំងឺដែលផ្ដល់ផលប៉ះពាល់ដល់បេះដូងដោយផ្ទាល់ឬដោយប្រយោល សុទ្ធតែអាចជាមូលហេតុនៃការកើតជំងឺខ្សោយមុខងារបេះដូង។ ក្នុងចំណោមនោះ មានជំងឺដែលបង្កការចុះខ្សោយនៃមុខងារបេះដូងយ៉ាងឆាប់រហ័ស ហើយក៏មានជំងឺដែលធ្វើអោយមុខងារបេះដូងចុះខ្សោយបន្តិចម្ដងៗជាច្រើនឆ្នាំ។ មានជំងឺដែលប៉ះពាល់ដល់មុខងារកន្ត្រាក់នៃបេះដូង និងមានជំងឺដែលប៉ះពាល់ដល់មុខងារបន្ធូរការកន្ត្រាក់នៃបេះដូង ហើយក៏មានជំងឺដែលប៉ះពាល់មុខងារទាំងពីរតែម្ដងដូចជាជំងឺលើសសម្ពាធឈាម ជំងឺទាក់ទងនឹងប្រើសបេះដូងមួយចំនួនជាដើម។

    មូលហេតុនៃការចុះខ្សោយមុខងារកន្ត្រាក់នៃសាច់ដុំបេះដូង៖

    ជំងឺដែលប៉ះពាល់ដល់មុខងារកន្ត្រាក់នៃបេះដូង រួមមានជំងឺដែលបង្កការខូចខាតដល់សរីរាង្គបេះដូងទាំងមូលឬមួយផ្នែក។ ជាលទ្ធផល បេះដូងមិនអាចកន្ត្រាក់ដូចប្រក្រតី។ ករណីភាគច្រើន ជំងឺខ្សោយមុខងារបេះដូងបង្កឡើងដោយកត្តាមូលហេតុជាច្រើនរួមគ្នា។

    ជំងឺដែលជាមូលហេតុទូទៅបង្កអោយមុខងារកន្ត្រាក់នៃបេះដូងចុះខ្សោយ គឺ ជំងឺទាក់ទងនឹងសរសៃអាកទែបេះដូង។ ជាធម្មតា សាច់ដុំបេះដូងត្រូវការអុកស៊ីសែនដើម្បីធ្វើសកម្មភាពកន្ត្រាក់ ដូច្នេះ នៅពេលបរិមាណឈាមដែលផ្គត់ផ្គង់អុកស៊ីសែនមានការថយចុះ សាច់ដុំបេះដូងនឹងរងការខូចខាតជាច្រើនកន្លែង។ នៅពេលដែលមានការស្ទះសរសៃអាកទែបេះដូង សាច់ដុំបេះដូងមួយផ្នែកនឹងទទួលរងការខូចខាតជាដំណំរហូតធ្វើអោយកើតមានអាការៈគាំងបេះដូង។ ជាលទ្ធផល សាច់ដុំបេះដូងដែលខូចខាតនឹងមិនអាចធ្វើសកម្មភាពកន្ត្រាក់ជាធម្មតាបាននោះទេ។

    ការឆ្លងបាក់តេរីឬវីរុសជាដើមអាចបង្កការរលាកដល់សាច់ដុំបេះដូង ហៅថាជំងឺរលាកសាច់ដុំបេះដូង(Myocarditis)។ ជំងឺនេះនឹងបង្កការខូចខាតដល់សាច់ដុំបេះដូងទាំងមូលឬមួយផ្នែក ធ្វើអោយមុខងារបេះដូងក៏ធ្លាក់ចុះទៅតាមនោះដែរ។

    ការប្រើប្រាស់ឱសថព្យាបាលជំងឺមហារីក ឬ ការបរិភោគអាហារផ្ដល់ផលប៉ះពាល់មួយចំនួន(គ្រឿងស្រវឹងជាដើម) ក៏អាចជាមូលហេតុបង្កការខូចខាតដល់សាច់ដុំបេះដូងផងដែរ។ ម្យ៉ាងទៀត ឱសថមួយចំនួនដូចជា ឱសថបំបាត់អាការៈរលាកប្រភេទមិនមែនស្តេរ៉ូអ៊ីត(NSAIDs)ជាដើម អាចបង្កអោយមានការប្រមូលផ្ដុំជាតិទឹកច្រើន(ដក់)ក្នុងរាងកាយ ដែលនេះនឹងបង្កើនបន្ទុកទៅលើបេះដូង និងនាំទៅដល់ការចុះខ្សោយមុខងារបេះដូង។

    ជំងឺទាក់ទងនឹងប្រើសបេះដូង ជាជំងឺដែលការបើកនៃមាត់ប្រើសរបស់បេះដូងមានលក្ខណៈតូចចង្អៀតធ្វើអោយរាំងស្ទះដល់ចរន្តឈាមឬធ្វើអោយឈាមរត់ច្រាលតាមទិសផ្ទុយ។ ជំងឺបែបនេះក៏អាចជាមូលហេតុធ្វើអោយមុខងារបេះដូងចុះខ្សោយផងដែរ។ ការស្ទះនៅប្រើសបេះដូងនិងការច្រាលនៃចរន្តឈាម សុទ្ធតែជាកត្តាដែលបង្កើនបន្ទុកដ៏ធ្ងន់ដល់បេះដូង ធ្វើអោយបេះដូងរីកធំជាលំដាប់លំដោយ ហើយការកន្ត្រាក់នៃបេះដូងក៏មិនអាចប្រព្រឹត្តទៅបានគ្រប់គ្រាន់។ នៅពេលដែលជញ្ជាំងខណ្ឌរវាងថតខាងឆ្វេងនិងខាងស្ដាំនៃបេះដូងមានលក្ខណៈខុសប្រក្រតី ចរន្តឈាមរត់នៅក្នុងបេះដូងមិនអាចប្រព្រឹត្តទៅដោយរលូន ដែលក្លាយជាបន្ទុកទៅលើបេះដូង ជាលទ្ធផល នាំទៅដល់ជំងឺខ្សោយមុខងារបេះដូង។

    ជំងឺដែលទាក់ទងនឹងការបញ្ជូនសញ្ញាភ្ញោចក្នុងបេះដូង អាចបង្កជាជំងឺខ្សោយមុខងារបេះដូងបន្ទាប់ពីមានបញ្ហាប្រែប្រួលនៃចង្វាក់បេះដូងរយៈពេលវែង។ នៅពេលចង្វាក់បេះដូងមានលក្ខណៈខុសប្រក្រតី បេះដូងមិនអាចបញ្ជូនឈាមចេញពីបេះដូងបានគ្រប់គ្រាន់នោះទេ។

    នៅក្នុងជំងឺសួតមួយចំនួនដូចជាជំងឺលើសសម្ពាធឈាមក្នុងសួតជាដើម គេសង្កេតឃើញមានការប្រែប្រួលឬការខូចខាតនៅសរសៃឈាមនៅក្នុងសួត។ ជាលទ្ធផល ឈាមដែលបញ្ជូនចេញពីផ្នែកខាងស្ដាំនៃបេះដូងទៅកាន់សួតនឹងក្លាយជាបន្ទុកដ៏ធំ។ ជាចុងក្រោយ ថតក្រោមខាងស្ដាំនៃបេះដូងនឹងរីក ធ្វើអោយកើតមានជំងឺខ្សោយមុខងារបេះដូងផ្នែកខាងស្ដាំ។

    កំណកឈាមតូចៗច្រើនឬកំណកឈាមធំអាចធ្វើអោយស្ទះនៅក្នុងសរសៃអាកទែសួតទាំងស្រុង ដែលនាំអោយមានការលំបាកក្នុងការបញ្ជូនឈាមឆ្លងកាត់សរសៃអាកទែសួត។ ករណីជាកំណកឈាមធំ អ្នកជំងឺអាចប្រឈមមុខនឹងការបាត់បង់ជីវិតភ្លាមៗ។ ស្ថានភាពបែបនេះនឹងបង្កជាបន្ទុកដ៏ធំចំពោះបេះដូងដែលត្រូវបញ្ជូនឈាមឆ្លងកាត់សរសៃអាកទែសួតដែលកំពុងស្ទះ ធ្វើអោយផ្នែកខាងស្ដាំនៃបេះដូងរីកធំ ហើយជញ្ជាំងនៃថតក្រោមខាងស្ដាំរបស់បេះដូងក៏ប្រែជារឹង ជាលទ្ធផល វានឹងបង្កជាជំងឺខ្សោយមុខងារបេះដូងផ្នែកខាងស្ដាំ។

    ជំងឺផ្សេងទៀតដែលផ្ដល់ផលប៉ះពាល់ជាប្រយោគទៅលើមុខងារបេះដូង រួមមាន ជំងឺខ្វះឈាមឬជំងឺស្លេកស្លាំង ជំងឺកើនឡើងនៃមុខងារក្រពេញទីរ៉ូអ៊ីត ជំងឺខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត ជំងឺខ្សោយតម្រងនោម។ល។ គ្រាប់ឈាមក្រហមមានផ្ទុកសារធាតុអេម៉ូក្លូប៊ីនដែលមានតួនាទីចាំបាច់ក្នុងការដឹកជញ្ជូនអុកស៊ីសែនពីសរីរាង្គសួតទៅកាន់ជាលិកាទាំងអស់នៅក្នុងរាងកាយ។ នៅក្នុងជំងឺខ្វះឈាមឬជំងឺស្លេកស្លាំង ដោយសារបរិមាណឈាមដែលអាចដឹកជញ្ជូនអុកស៊ីសែនមានការថយចុះ ធ្វើអោយបេះដូងត្រូវបន្ថែមការកន្ត្រាក់សាច់ដុំដើម្បីផ្គត់ផ្គង់ឈាមដែលមានផ្ទុកអុកស៊ីសែនបរិមាណស្មើនឹងពេលធម្មតាទៅកាន់ជាលិកា។ ជំងឺខ្វះឈាមអាចបណ្ដាលមកពីមូលហេតុផ្សេងៗរួមមានជំងឺដែលបង្កអាការៈហូរឈាមរ៉ាំរ៉ៃដូចជាជំងឺដំបៅក្រពះជាដើម។ នៅក្នុងជំងឺកើនឡើងនៃមុខងារក្រពេញទីរ៉ូអ៊ីត បេះដូងធ្វើសកម្មភាពកន្ត្រាក់ខ្លាំងនិងញាប់ជាងធម្មតា ធ្វើអោយចរន្តឈាមចេញពីថតលើឬថតក្រោមនៃបេះដូងមានលក្ខណៈមិនពេញលេញ។ នៅក្នុងជំងឺខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត កម្រិតអរម៉ូនទីរ៉ូអ៊ីតក្នុងរាងកាយថយចុះ។ សាច់ដុំទាំងអស់នៃរាងកាយត្រូវការអរម៉ូនទីរ៉ូអ៊ីតដើម្បីរក្សាដំណើរការជាប្រក្រតី ដូច្នេះ នៅក្នុងជំងឺបែបនេះ សាច់ដុំទាំងអស់រួមទាំងសាច់ដុំបេះដូងនឹងមានការចុះខ្សោយ។ នៅក្នុងជំងឺខ្សោយតម្រងនោម តម្រងនោមមិនអាចបញ្ចេញចោលនូវជាតិទឹកដែលលើសកម្រិតក្នុងរាងកាយបាន ធ្វើអោយជាតិទឹកក៏ដូចជាបរិមាណឈាមក្នុងរាងកាយកើនឡើង ដែលនេះនឹងក្លាយជាបន្ទុកទៅលើបេះដូង ដែលនាំអោយមុខងារបេះដូងចុះខ្សោយជាលំដាប់។

    មូលហេតុនៃការចុះខ្សោយមុខងារបន្ធូរការកន្ត្រាក់នៃសាច់ដុំបេះដូង

    មូលហេតុដែលច្រើនកើតមានញឹកញាប់ជាងគេគឺ ជំងឺលើសសម្ពាធឈាមដែលមិនបានទទួលការព្យាបាលគ្រប់គ្រាន់។ ការបំពេញមុខងារបញ្ជូនឈាមទៅក្នុងសរសៃអាកទែរបស់បេះដូងដោយប្រឈមមុខនឹងសម្ពាធឈាមដែលខ្ពស់ជាងធម្មតា នឹងក្លាយជាបន្ទុកសម្រាប់បេះដូង។ ជាលទ្ធផល ជញ្ជាំងបេះដូងនឹងប្រែជាក្រាស់(រីកធំ) បន្ទាប់មកនឹងប្រែជារឹង។ បេះដូងដែលប្រែជារឹងនឹងមិនអាចច្របាច់ដើម្បីបញ្ជូនឈាមចេញបានពេញលេញនោះទេ ដោយបរិមាណឈាមចេញពីការកន្ត្រាក់ម្ដងៗមានលក្ខណៈថយចុះតិចជាងធម្មតា។ ម្យ៉ាងទៀត ចំពោះអ្នកជំងឺទឹកនោមផ្អែម បម្រែបម្រួលផ្នែកផ្សេងទៀតនៃរាងកាយក៏អាចធ្វើអោយជញ្ជាំងនៃថតក្រោមរបស់បេះដូងប្រែជារឹងបានដែរ។

    នៅពេលមនុស្សមានវ័យកាន់តែចាស់ ជញ្ជាំងនៃបេះដូងនឹងប្រែជារឹង។ ដោយសារមនុស្សចាស់ងាយនឹងកើតជំងឺលើសសម្ពាធឈាមនិងទឹកនោមផ្អែមបញ្ជូលគ្នា ហើយវ័យចាស់កាន់តែធ្វើអោយជញ្ជាំងបេះដូងប្រែជារឹង គេសង្កេតឃើញថាជំងឺខ្សោយមុខងារបេះដូងច្រើនកើតមានទៅមនុស្សវ័យចាស់។

    ជំងឺខ្សោយមុខងារបេះដូងអាចកើតឡើងដោយសារកត្តាដែលធ្វើអោយជញ្ជាំងបេះដូងប្រែជារឹងផ្សេងទៀតដូចជាជំងឺឆ្លង ជំងឺAmyloidosis ជាដើម។ ម្យ៉ាងទៀត ជំងឺទាក់ទងនឹងប្រើសបេះដូងមួយចំនួនដូចជាជំងឺស្ទុះប្រើសអាកទែធំជាដើម អាចជាមូលហេតុធ្វើអោយបរិមាណឈាមបញ្ជូនចេញពីបេះដូងថយចុះ។ ជាលទ្ធផល សាច់ដុំបេះដូងនឹងខំប្រឹងកន្ត្រាក់ ធ្វើអោយបេះដូងរីកធំ ហើយមុខងារបន្ធូរការកន្ត្រាក់នៃបេះដូងក៏ចុះខ្សោយ។ ចុងក្រោយ មុខងារកន្ត្រាក់នៃសាច់ដុំបេះដូងក៏ចុះខ្សោយផងដែរ។

    ជំងឺទាក់ទងនឹងចង្វាក់បេះដូងនឹងមានឥទ្ធិពលទៅលើសមត្ថភាពបញ្ជូនឈាមចេញពីបេះដូង។

    នៅក្នុងជំងឺរលាកភ្នាសបេះដូងលក្ខណៈកន្ត្រាក់ ជាលិកាដែលរុំព័ទ្ធបេះដូងប្រែជារឹង ដូច្នេះ ទោះជាសុខភាពបេះដូងមានលក្ខណៈប្រក្រតី ក៏កត្តានេះអាចធ្វើអោយរាំងស្ទះដល់ដំណើរការចេញចូលនៃចរន្តឈាមក្នុងបេះដូងផងដែរ។

    អានបន្ថែម
  • បំណែងចែកប្រភេទ

    ជំងឺខ្សោយមុខងារបេះដូង បែងចែកជា2ប្រភេទសំខាន់ៗ គឺ ប្រភេទខ្សោយមុខងារកន្ត្រាក់នៃសាច់ដុំបេះដូង (Systolic heart failure) និង ប្រភេទខ្សោយការបន្ធូរការកន្ត្រាក់នៃសាច់ដុំបេះដូង (Diastolic heart failure)។ ប៉ុន្តែ ក៏មានអ្នកជំងឺដែលមានលក្ខណៈខ្សោយមុខងារទាំងពីរតែម្ដង។

    នៅក្នុងជំងឺខ្សោយមុខងារបេះដូងប្រភេទខ្សោយមុខងារកន្ត្រាក់ ការច្របាច់ឈាមរបស់បេះដូងមានលក្ខណៈមិនគ្រប់គ្រាន់ ធ្វើអោយការបញ្ជូនឈាមចេញពីបេះដូងមានលក្ខណៈថយចុះ ដូច្នេះ ធ្វើអោយឈាមស្ថិតនៅប្រមូលផ្ដុំច្រើននៅក្នុងថតក្រោមនៃបេះដូង ក៏ដូចជាប្រមូលផ្ដុំនៅក្នុងសួតឬសរសៃវ៉ែន។

    នៅក្នុងជំងឺខ្សោយមុខងារបេះដូងប្រភេទខ្សោយមុខងារបន្ធូរការកន្ត្រាក់ សាច់ដុំបេះដូងមានសភាពរឹង (ជាពិសេសថតក្រោមខាងឆ្វេងនៃបេះដូង) ធ្វើអោយបេះដូងមិនអាចពង្រីកដើម្បីទទួលឈាមចូលក្នុងបេះដូងបានច្រើនគ្រប់គ្រាន់។ ជាលទ្ធផល ឈាមប្រមូលផ្ដុំច្រើននៅថតលើខាងឆ្វេងនៃបេះដូងនិងនៅក្នុងសរសៃឈាមនៃសួត បង្កជារោគសញ្ញាដក់ឈាម។ ប៉ុន្តែ ក្នុងស្ថានភាពបែបនេះ អាចមានករណីដែលអត្រានៃបរិមាណឈាមចូលនិងឈាមចេញពីបេះដូងមានកម្រិតប្រក្រតី ប៉ុន្តែ បរិមាណឈាមសរុបដែលច្របាច់ចេញពីបេះដូងមានកម្រិតតិចជាងធម្មតា។

    អានបន្ថែម
  • រោគសញ្ញា

    រោគសញ្ញានៃជំងឺខ្សោយមុខងារបេះដូងអាចកើតឡើងភ្លាមៗ ជាពិសេសនៅក្រោយពេលអ្នកជំងឺកើតមានអាការៈគាំងបេះដូង។ ប៉ុន្តែ សម្រាប់អ្នកជំងឺស្ទើរតែទាំងអស់ គឺមិនបង្ហាញជារោគសញ្ញាអ្វីទេនៅពេលកើតមានបញ្ហានៅបេះដូង។ បន្ទាប់ពីនោះ ពួកគេនឹងសង្កេតឃើញមានរោគសញ្ញាបន្តិចម្ដងៗក្នុងរយៈពេលជាច្រើនឆ្នាំ។ រោគសញ្ញាដែលកើតឡើងញឹកញាប់ជាងគេគឺដកដង្ហើមដោយដង្ហក់ឬការនឿយហត់ ប៉ុន្តែ ចំពោះមនុស្សដែលមានវ័យចាស់ អាចកើតមានរោគសញ្ញាដូចជា ងងុយគេង វង្វេងវង្វាន់ ស្មារតីមិនច្បាស់លាស់ជាដើម។ ជំងឺខ្សោយមុខងារបេះដូងអាចស្ថិតក្នុងស្ថានភាពមានលំនឹងរយៈពេលយូរ ប៉ុន្តែ ក៏មានករណីច្រើនដែលជំងឺនឹងចេះតែវិវត្តបន្តិចម្ដងៗដោយមិនដឹងខ្លួន។ ជាធម្មតា គេបែងចែកកម្រិតធ្ងន់ធ្ងរនៃជំងឺខ្សោយមុខងារបេះដូងដោយផ្អែកលើការរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកជំងឺ។ ការបែងចែកដោយសមាគមបេះដូងញ៉ូវយ៉ក(NYHA) រួមមានដូចខាងក្រោម។

    +កម្រិត I (គ្មានការលំបាក)៖ មិនសូវមានអារម្មណ៍នឿយហត់ ដកដង្ហើមដង្ហក់ បេះដូងលោតញាប់ ជាដើម នៅពេលធ្វើចលនារាងកាយធម្មតា។

    +កម្រិត II (កម្រិតស្រាល)៖ មានអារម្មណ៍នឿយហត់ ដកដង្ហើមដង្ហក់ បេះដូងលោតញាប់ មិនស្រួលក្នុងទ្រូង ជាដើម នៅពេលធ្វើចលនារាងកាយធម្មតា។

    +កម្រិត III (កម្រិតមធ្យម)៖ នៅពេលរាងកាយសម្រាក មិនមានរោគសញ្ញាទេ ប៉ុន្តែ មានអារម្មណ៍នឿយហត់ ដកដង្ហើមដង្ហក់ បេះដូងលោតញាប់ មិនស្រួលក្នុងទ្រូង ជាដើម នៅពេលធ្វើចលនារាងកាយធម្មតា។

    +កម្រិត IV (កម្រិតធ្ងន់ធ្ងរ)៖ នៅពេលរាងកាយសម្រាក ក៏កើតមានអាការៈ ហើយរោគសញ្ញាកាន់តែធ្ងន់ធ្ងរនៅពេលធ្វើចលនារាងកាយតិចតួច។

    រោគសញ្ញាមានលក្ខណៈខុសគ្នារវាងជំងឺខ្សោយមុខងារបេះដូងផ្នែកខាងស្ដាំនិងផ្នែកខាងឆ្វេង។ ទោះជាអ្នកជំងឺមានជំងឺខ្សោយមុខងារបេះដូងទាំងផ្នែកខាងស្ដាំនិងផ្នែកខាងឆ្វេង ក៏ជាទូទៅរោគសញ្ញានៃផ្នែកមួយមានលក្ខណៈខ្លាំងជាងផ្នែកមួយទៀត។ ជាចុងក្រោយ ជំងឺខ្សោយមុខងារបេះដូងផ្នែកខាងឆ្វេងនឹងបង្កអោយកើតមានជំងឺខ្សោយមុខងារបេះដូងផ្នែកខាងស្ដាំ។

    រោគសញ្ញានៃជំងឺខ្សោយមុខងារបេះដូងផ្នែកខាងស្ដាំ រួមមាន អាការៈហើមនៅ ជើង កជើង ប្រអប់ជើង ចង្កេះ ថ្លើម ផ្នែកពោះ ដោយសារការដក់ទឹក។ ផ្នែកដែលមានការដក់ទឹក ប្រែប្រួលទៅតាមបរិមាណនិងទំនាញផែនដី។ ករណីឈរ នឹងមានការហើមនៅជើងឬប្រអប់ជើង។ ករណីគេងផ្ងារ នឹងមានការហើមនៅជុំវិញចង្កេះ។ បរិមាណទឹកក្នុងរាងកាយកាន់តែច្រើន ការហើមនឹងកើតមាននៅផ្នែកពោះផងដែរ។ ករណីមានទឹកដក់នៅក្នុងថ្លើមឬក្រពះ អ្នកជំងឺនឹងមានរោគសញ្ញាដូចជាចង់ក្អួត ហើមពោះ បាត់បង់ចំណង់អាហារជាដើម។ ហើយជាចុងក្រោយ រាងកាយអ្នកជំងឺនឹងមិនអាចស្រូបសារធាតុចិញ្ចឹមពីអាហារបានគ្រប់គ្រាន់ ធ្វើអោយទម្ងន់ថយចុះ សាច់ដុំក៏ចុះខ្សោយ។

    នៅក្នុងជំងឺខ្សោយមុខងារបេះដូងផ្នែកខាងឆ្វេង ការដក់ទឹកកើតមាននៅក្នុងសួត ធ្វើអោយអ្នកជំងឺកើតមានរោគសញ្ញាដង្ហក់។ នៅដំណាក់កាលដំបូង អាការៈដង្ហក់កើតឡើងនៅពេលធ្វើចលនារាងកាយតែប៉ុណ្ណោះ ប៉ុន្តែ នៅពេលដែលជំងឺកាន់តែវិវត្ត អាការៈដង្ហក់នឹងកើតឡើងទោះជាអ្នកជំងឺធ្វើចលនាស្រាលៗក៏ដោយ ហើយបន្ទាប់ពីនោះ អាការៈក៏ចាប់ផ្ដើមកើតឡើងទោះពេលអ្នកជំងឺសម្រាកនៅស្ងៀមក៏ដោយ។ ចំពោះអ្នកដែលមានជំងឺខ្សោយមុខងារបេះដូងផ្នែកខាងឆ្វេងកម្រិតធ្ងន់ធ្ងរ រោគសញ្ញាដង្ហក់នឹងកើតឡើងនៅពេលអ្នកជំងឺទម្រេតខ្លួន នេះក៏ព្រោះតែការទម្រេតខ្លួនធ្វើអោយទឹកប្រមូលផ្ដុំនៅត្រង់សួតដោយសារទំនាញផែនដី។ អាការៈបែបនេះធ្វើអោយអ្នកជំងឺងាយភ្ញាក់ដឹងខ្លួន និង ដកដង្ហើមលឺសម្លេងខុសប្រក្រតី។ នៅពេលក្រោកឡើង ទឹកដែលផ្ដុំនៅសួតនឹងផ្លាស់ប្ដូរទីតាំងមកនៅផ្នែកខាងក្រោមនៃសួត ធ្វើអោយអ្នកជំងឺអាចដកដង្ហើមបានស្រួលជាងមុន។ នៅក្នុងជំងឺខ្សោយមុខងារបេះដូងផ្នែកខាងឆ្វេង ចរន្តឈាមមិនអាចទៅដល់សាច់ដុំបានគ្រប់គ្រាន់ ដូច្នេះ អ្នកជំងឺមានអារម្មណ៍នឿយហត់ឬគ្មានកម្លាំងនៅពេលធ្វើចលនារាងកាយ។

    ករណីមានទឹកដក់ច្រើននៅក្នុងសួតភ្លាមៗ ធ្វើអោយកើតមានជំងឺទឹកដក់ក្នុងសួតស្រួចស្រាវ ដែលបង្កជារោគសញ្ញាពិបាកដកដង្ហើមខ្លាំង ដកដង្ហើមលឿន ស្បែកប្រែពណ៌ខៀវ អារម្មណ៍មិនស្ងប់ នៅមិនស្ងៀម មានអារម្មណ៍ថប់ដង្ហើម។ល។ អ្នកជំងឺមួយចំនួនអាចមានរោគសញ្ញាដូចជាការញ័រទងសួត ការដកដង្ហើមលឺសម្លេងខុសប្រក្រតី។ ជំងឺនេះជាជំងឺធ្ងន់ធ្ងរអាចគម្រាមកំហែងដល់ជីវិតរបស់អ្នកជំងឺ។

    នៅពេលជំងឺខ្សោយមុខងារបេះដូងកាន់តែវិវត្តទៅ អាចធ្វើអោយកើតមានអាការៈដកដង្ហើមទម្រង់ចម្លែកមួយហៅថា Cheyne-Stokes respiration។ វាជាទម្រង់នៃការដកដង្ហើមលក្ខណៈលឿននៅពេលដំបូង រួចយឺតមកវិញបន្តិចម្ដងៗ រហូតដល់ឈប់ដកដង្ហើមរយៈពេលប៉ុន្មានវិនាទី។ រោគសញ្ញានេះកើតឡើងម្ដងហើយម្ដងទៀត(1ទៅ2ដងក្នុង1នាទី)។ ថា Cheyne-Stokes respiration កើតឡើងដោយសារចរន្តឈាមទៅកាន់ខួរក្បាលថយចុះ ហើយផ្នែកនៃខួរក្បាលដែលគ្រប់គ្រងដំណកដង្ហើមមិនអាចទទួលការផ្គត់ផ្គង់អុកស៊ីសែនបានគ្រប់គ្រាន់។ ម្យ៉ាងទៀត អ្នកជំងឺខ្សោយមុខងារបេះដូង ជាទូទៅ អាចកើតមានអាការៈឈប់ដកដង្ហើមបណ្ដោះអាសន្នក្នុងពេលគេង (Sleep apnea syndrome) ដោយសារនៅពេលទម្រេតខ្លួន ទឹកអាចដក់នៅផ្នែកជុំវិញបំពង់ក។ អាការៈបែបនេះ ធ្វើអោយអ្នកជំងឺមិនអាចគេងលក់ស្កប់ស្កល់ ហើយធ្វើអោយមានអារម្មណ៍ងងុយគេងខ្លាំងនៅពេលថ្ងៃ។

    ក្រោយពេលដែលបេះដូងទទួលការខូចខាតធ្ងន់ធ្ងរ ឈាមនឹងងាយដក់នៅក្នុងថតលើឬថតក្រោមនៃបេះដូង ហើយអាចធ្វើអោយកកើតជាកំណកឈាម។ នៅពេលកំណកឈាមចូលក្នុងប្រព័ន្ធឈាម វាអាចបង្កការស្ទះនៅសរសៃអាកទែផ្នែកណាមួយនៃរាងកាយ។ ប្រសិនបើការស្ទះនេះកើតនៅក្នុងសរសៃអាកទែទៅកាន់ខួរក្បាល វាអាចបណ្ដាលអោយកើតមានជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល(Stroke)។

    អ្នកជំងឺខ្សោយមុខងារបេះដូងកម្រិតធ្ងន់ធ្ងរ ច្រើនកើតមានអាការៈធ្លាក់ទឹកចិត្តឬចុះខ្សោយស្មារតី ជាពិសេស អ្នកជំងឺដែលមានវ័យចាស់។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    ជាទូទៅ វេជ្ជបណ្ឌិតសង្ស័យថាជាជំងឺខ្សោយមុខងារបេះដូងតាមរយៈរោគសញ្ញានិងលទ្ធផលពីការពិនិត្យ។ នៅពេលត្រួតពិនិត្យរាងកាយ គេសង្កេតទៅលើរោគសញ្ញាដូចជា ជីពចរខ្សោយប៉ុន្តែលឿន សម្ពាធឈាមធ្លាក់ចុះ ភាពខុសប្រក្រតីនៃសម្លេងបេះដូងឬអាការៈដក់ទឹកក្នុងសួត បេះដូងរីក ការហើមសរសៃវ៉ែននៅក ថ្លើមរីកធំ អាការៈហើមនៅផ្នែកពោះឬជើង ។ល។ តាមរយៈការថតកាំរស្មីអ៊ិច គេអាចរកឃើញការរីកនៃបេះដូងនិងការដក់ទឹកនៅសួត។

    ជាទូទៅ គេអនុវត្តការពិនិត្យដែលវាយតម្លៃលើមុខងាររបស់បេះដូង រួមមាន ការពិនិត្យចង្វាក់បេះដូង (ECG) ដើម្បីដឹងថាតើចង្វាក់បេះដូងមានលក្ខណៈធម្មតាឬមិនធម្មតា ថាតើជញ្ជាំងបេះដូងឡើងក្រាស់ដែរឬទេ និង ថាតើអ្នកជំងឺមានអាការៈគាំងបេះដូងដែរឬទេ។

    ការពិនិត្យដោយអេកូមានប្រយោជន៍ខ្លាំងនៅក្នុងការវាយតម្លៃមុខងារបេះដូង ដើម្បីដឹងអំពីកម្លាំងច្របាច់ឈាមរបស់បេះដូងនិងមុខងាររបស់ប្រើសបេះដូង។ល។ តាមរយៈការពិនិត្យអេកូបេះដូង គេអាចដឹងច្បាស់អំពីស្ថានភាពខាងក្រោម៖

    ・ជញ្ជាំងបេះដូងមានលក្ខណៈក្រាស់ដែរឬទេ ហើយសកម្មភាពបន្ធូរការកន្ត្រាក់របស់បេះដូងមានលក្ខណៈប្រក្រតីដែរឬទេ

    ・មុខងាររបស់ប្រើសបេះដូងមានលក្ខណៈប្រក្រតីដែរឬទេ

    ・ការកន្ត្រាក់នៃសាច់ដុំបេះដូងមានលក្ខណៈប្រក្រតីដែរឬទេ

    ・តើមានផ្នែកដែលការកន្ត្រាក់មានលក្ខណៈខុសប្រក្រតីដែរឬទេ

    តាមរយៈការពិនិត្យអេកូបេះដូង គេវាយតម្លៃទៅលើកម្រាស់និងភាពរឹងនៃជញ្ជាំងបេះដូង ព្រមទាំងកម្លាំងច្របាច់ឈាមរបស់បេះដូង ដែលមានប្រយោជន៍នៅក្នុងការធ្វើរោគវិនិច្ឆ័យថាតើជាប្រភេទខ្សោយការកន្ត្រាក់ ឬ ជាប្រភេទខ្សោយការបន្ធូរការកន្ត្រាក់។ កម្លាំងច្របាច់ឈាមរបស់បេះដូងតំណាងដោយសន្ទស្សន៍Ejection Fraction (EF) ដែលមានន័យថាជាភាគរយនៃបរិមាណឈាមដែលច្របាច់ចេញពីបេះដូងក្នុងឈាមដែលច្របាច់ចេញពីបេះដូងក្នុងការកន្ត្រាក់1ដងនៃបេះដូង។ EFប្រក្រតីនៃថតក្រោមខាងឆ្វេងរបស់បេះដូងគឺប្រមាណ60%។ ករណីEFមានកម្រិតទាប នោះគេអាចប៉ាន់ស្មានថាជាប្រភេទខ្សោយការកន្ត្រាក់នៃសាច់ដុំបេះដូង។ អ្នកដែលមានរោគសញ្ញាជំងឺខ្សោយមុខងារបេះដូង ហើយមានEFកម្រិតធម្មតាឬខ្ពស់ជាងធម្មតា គេអាចប៉ាន់ស្មានថាជាប្រភេទខ្សោយការបន្ធូរការកន្ត្រាក់នៃសាច់ដុំបេះដូង។

    ដើម្បីស្វែងរកមូលហេតុនៃជំងឺខ្សោយមុខងារបេះដូង គេអាចអនុវត្តការពិនិត្យផ្សេងៗទៀត រួមមាន ការពិនិត្យដោយRadio isotope inspection(RI) ការពិនិត្យដោយMRI ការពិនិត្យដោយCT ការពិនិត្យដោយថតសរសៃឈាម។ល។ ករណីសង្ស័យថាជាជំងឺAmyloidosisឬជំងឺរលាកសាច់ដុំបេះដូងបណ្ដាលមកពីបាក់តេរីឬវីរុស គេអាចពិនិត្យដោយការច្រឹបយកសាច់ដុំបេះដូងទៅពិនិត្យ។

    ករណីខ្លះ ចាំបាច់ត្រូវធ្វើការពិនិត្យឈាម ដោយពិនិត្យទៅលើសារធាតុ Atrial natriuretic peptide (ANP)។ ANPនឹងកើនឡើងនៅក្នុងឈាម ប្រសិនបើជាជំងឺខ្សោយមុខងារបេះដូង ប៉ុន្តែ វានឹងមិនកើនឡើងទេ ប្រសិនបើជាជំងឺផ្សេងដែលបង្កជារោគសញ្ញាដង្ហក់ដូចគ្នា។ គេអាចប្រើប្រាស់ការពិនិត្យឈាម ដើម្បីស្វែងរកជំងឺដែលជាមូលហេតុដើមបង្កអោយមានជំងឺខ្សោយមុខងារបេះដូងបានផងដែរ។

    អានបន្ថែម
  • ការវិវត្តនៃជំងឺ

    អ្នកជំងឺខ្សោយមុខងារបេះដូងភាគច្រើនអាចបន្តរស់នៅច្រើនឆ្នាំ ប៉ុន្តែ 70%នៃអ្នកជំងឺអាចមានលទ្ធភាពរស់នៅក្រោម10ឆ្នាំប៉ុណ្ណោះ។ អាយុរស់របស់អ្នកជំងឺអាស្រ័យទៅលើកម្រិតនៃជំងឺ ការព្យាបាលជំងឺដែលជាមូលហេតុដើម និង ប្រសិទ្ធិភាពនៃការព្យាបាលជំងឺខ្សោយមុខងារបេះដូង។ ប្រហែល50%នៃអ្នកជំងឺខ្សោយមុខងារបេះដូងកម្រិតស្រាលអាចរស់នៅលើសពីរយៈពេល10ឆ្នាំង រីឯអ្នកជំងឺកម្រិតធ្ងន់ប្រហែល50%អាចរស់នៅលើសពី2ឆ្នាំ។ អាយុរស់អាចពន្យារអាស្រ័យទៅលើប្រសិទ្ធភាពនៃការព្យាបាល។ អ្នកជំងឺខ្សោយមុខងារបេះដូងលក្ខណៈរ៉ាំរ៉ៃនឹងប្រឈមមុខនឹងការធ្លាក់ចុះនៃគុណភាពរស់នៅប្រចាំថ្ងៃ ហើយជម្រើសនៃវិធីព្យាបាលក៏កាន់តែតិច ជាពិសេស អ្នកជំងឺដែលជាមនុស្សចាស់ដោយពួកគាត់មិនអាចទទួលការវះកាត់ផ្លាស់ប្ដូរបេះដូងបាន។ ដូច្នេះ អាចមានករណីដែលវេជ្ជបណ្ឌិតជ្រើសរើសការព្យាបាលដោយរក្សាស្ថានភាពរបស់អ្នកជំងឺអោយអាចរស់នៅបានល្អប្រសើរ ជាជាងប្រើប្រាស់វិធីព្យាបាលដែលមានហានិភ័យខ្ពស់ដើម្បីបន្តអាយុរស់របស់អ្នកជំងឺ ដោយការសម្រេចចិត្តត្រូវឆ្លងកាត់ការពិភាក្សារវាងវេជ្ជបណ្ឌិតនិងអ្នកជំងឺក៏ដូចជាក្រុមគ្រួសារអ្នកជំងឺ។

    អានបន្ថែម
  • ការព្យាបាល

    ការព្យាបាលជំងឺខ្សោយមុខងារបេះដូង រួមមានវិធានការទូទៅ បូករួមនឹង ការព្យាបាលជំងឺដែលជាមូលហេតុនៃជំងឺខ្សោយមុខងារបេះដូង ការកែលម្អទម្លាប់នៃការរស់នៅរបស់អ្នកជំងឺ ការប្រើប្រាស់ឱសថព្យាបាល។

    វិធានការទូទៅ៖

    ជំងឺខ្សោយមុខងារបេះដូងជាជំងឺរ៉ាំរ៉ៃចំពោះអ្នកជំងឺស្ទើរតែទាំងអស់ ប៉ុន្តែ មានវិធានការជាច្រើនដែលអ្នកជំងឺអាចប្រើប្រាស់ដើម្បីកាត់បន្ថយអាការៈពិបាកនៅពេលធ្វើចលនារាងកាយ ដើម្បីបង្កើនគុណភាពនៃការរស់នៅប្រចាំថ្ងៃ និង ដើម្បីពន្យារអាយុរស់រាន។ អ្នកជំងឺខ្សោយមុខងារបេះដូងត្រូវការថែទាំនិងប្រុងប្រយ័ត្នអោយបានដិតដល់ពេលស្ថិតនៅក្នុងគេហដ្ឋាន ដែលរួមមាន កាត់បន្ថយបរិភោគអាហារដែលមានផ្ទុកជាតិអំបិល ការតាមដានទម្ងន់និងរោគសញ្ញាផ្សេងៗ ប្រុងប្រយ័ត្ននៅពេលត្រូវបង្កើនកម្រិតឱសថបញ្ចុះទឹកនោម ។ល។

    ជំងឺខ្សោយមុខងារបេះដូងអាចកើតមានអាការៈភ្លាមៗ ដូច្នេះ អ្នកជំងឺនិងក្រុមគ្រួសារត្រូវមានមធ្យោបាយងាយស្រួលទំនាក់ទំនងទៅកាន់វេជ្ជបណ្ឌិតបានភ្លាមៗ។

    ការព្យាបាលជំងឺខ្សោយមុខងារបេះដូង រួមមានវិធានការទូទៅ បូករួមនឹង ការព្យាបាលជំងឺដែលជាមូលហេតុនៃជំងឺខ្សោយមុខងារបេះដូង ការកែលម្អទម្លាប់នៃការរស់នៅរបស់អ្នកជំងឺ ការប្រើប្រាស់ឱសថព្យាបាល។

    នៅពេលអ្នកជំងឺជ្រើសរើសប្រើឱសថថ្មីណាមួយ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុនសិន ព្រោះមានឱសថ(ឱសថព្យាបាលការរលាកសន្លាក់មួយចំនួនជាដើម)ដែលនឹងបង្កអោយសារធាតុអំបិលឬជាតិទឹកប្រមូលផ្ដុំច្រើននៅក្នុងរាងកាយឬផ្ដល់ផលរំខានប៉ះពាល់ដល់មុខងាររបស់បេះដូង។ ម្យ៉ាងទៀត ការភ្លេចពិសាឱសថអាចធ្វើអោយរោគសញ្ញាកើតឡើងធ្ងន់ធ្ងរជាងមុន ដូច្នេះ ត្រូវរកវិធានការទប់ស្កាត់ការភ្លេចពិសាឱសថជាមុន។

    ជំងឺផ្ដាសាយធំ (Influenza) អាចបង្កអោយរោគសញ្ញានៃជំងឺខ្សោយមុខងារបេះដូងកាន់តែមិនល្អ ដូច្នេះ អ្នកជំងឺគួរទទួលវ៉ាក់សាំងការពារជំងឺផ្ដាសាយធំអោយបានម្ដងក្នុង1ឆ្នាំ។

    ការព្យាបាលមូលហេតុ៖

    ករណីដែលមូលហេតុនៃជំងឺខ្សោយមុខងារបេះដូងជាការស្ទះចរន្តឈាមឬការច្រាលឈាមនៅប្រើសបេះដូង ឬ បញ្ហាជញ្ជាំងខណ្ឌនៃថតលើឬថតក្រោមនៃបេះដូង អ្នកជំងឺត្រូវទទួលការព្យាបាលលើបញ្ហាទាំងនេះដោយការវះកាត់។ ចំពោះជំងឺទាក់ទងនឹងការស្ទះសរសៃអាកទែរបេះដូង គេអាចអនុវត្តការព្យាបាលដោយប្រើឱសថឬការវះកាត់។ សម្រាប់ការលើសសម្ពាធឈាម អ្នកជំងឺអាចប្រើឱសថបញ្ចុះសម្ពាធឈាម ហើយចំពោះជំងឺឆ្លង អ្នកជំងឺអាចទទួលការព្យាបាលដោយប្រើឱសថប្រឆាំងបាក់តេរីឬវីរុស។ ចំពោះជំងឺខ្វះឈាមឬជំងឺស្លេកស្លាំងមួយចំនួនអាចព្យាបាលដោយការព្យាបាលជំងឺដំបៅក្រពះឬប្រើប្រាស់ឱសថជាតិដែក។ ជំងឺកើនឡើងនៃមុខងារក្រពេញទីរ៉ូអ៊ីតអាចព្យាបាលដោយប្រើឱសថ ការវះកាត់ ឬ វិទ្យុសកម្ម។ ចំពោះជំងឺខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត អ្នកជំងឺគួរប្រើប្រាស់ឱសថបំពេញអរម៉ូនក្រពេញទីរ៉ូអ៊ីត។

    ការកែលម្អទម្លាប់រស់នៅ ៖

    អ្នកជំងឺខ្សោយមុខងារបេះដូង អាចធ្វើអោយអារម្មណ៍និងមុខងាររាងកាយបានល្អប្រសើរជាងមុន តាមរយៈការកែលម្អទម្លាប់រស់នៅ។

    អ្នកជំងឺខ្សោយមុខងារបេះដូង ទោះជាមិនអាចធ្វើលំហាត់ប្រាណធ្ងន់ៗបាន ប៉ុន្តែ អ្នកជំងឺគួរអនុវត្តលំហាត់ប្រាណស្រាលៗ ដើម្បីរក្សាកម្លាំងរាងកាយ។ ករណីជាជំងឺខ្សោយមុខងារបេះដូងកម្រិតស្រាល អ្នកជំងឺគួរអនុវត្តលំហាត់ប្រាណទៅតាមការណែនាំរបស់វេជ្ជបណ្ឌិត។ ករណីជាជំងឺខ្សោយបេះដូងកម្រិតធ្ងន់ធ្ងរ អ្នកជំងឺគួរអនុវត្តលំហាត់ប្រាណនៅមជ្ឈមណ្ឌលស្ដានិតិកាយសម្បទា(Rehabilitation center)ក្រោមការណែនាំរបស់អ្នកជំនាញ។

    អ្នកជំងឺខ្សោយមុខងារបេះដូងដែលលើសទម្ងន់ អាចបន្ថែមបន្ទុកខ្លាំងដល់បេះដូងនៅពេលធ្វើលំហាត់ប្រាណ ធ្វើអោយជំងឺកាន់តែធ្ងន់ធ្ងរ។ ដូច្នេះ អ្នកជំងឺគួរតែព្យាយាមបញ្ចុះទម្ងន់តាមរយៈរបបអាហារដែលសមស្រប។

    ការជក់បារីធ្វើអោយប៉ះពាល់ដល់សរសៃឈាម។ ម្យ៉ាងទៀត ការពិសាគ្រឿងស្រវឹងច្រើនក៏អាចប៉ះពាល់ដោយផ្ទាល់ដល់បេះដូងផងដែរ។ ដូច្នេះ អ្នកជំងឺខ្សោយមុខងារបេះដូងត្រូវឈប់ជក់បារីនិងឈប់ពិសាគ្រឿងស្រវឹង។

    អាហារដែលមានជាតិអំបិលច្រើនជាមូលហេតុធ្វើអោយទឹកប្រមូលផ្ដុំច្រើនជាងធម្មតានៅក្នុងរាងកាយ ដូច្នេះ វាធ្វើអោយឱសថបញ្ចុះទឹកនោមមិនសូវបង្ហាញប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិទឹកក្នុងរាងកាយ។ ជាទូទៅ អ្នកជំងឺខ្សោយមុខងារបេះដូងចាំបាច់ត្រូវកាត់បន្ថយការបរិភោគអំបិលឬអាហាររសជាតិប្រៃ រួមទាំង អាហារកែច្នៃផងដែរ។ ចំពោះអ្នកជំងឺខ្សោយមុខងារបេះដូងកម្រិតធ្ងន់ធ្ងរ ជាទូទៅ ត្រូវទទួលការណែនាំពីវេជ្ជបណ្ឌិតទាក់ទងនឹងការកំណត់កម្រិតជាតិអំបិលដែលអ្នកជំងឺអាចបរិភោគបានក្នុង1ថ្ងៃ។ ចំពោះអ្នកជំងឺដែលកាត់បន្ថយជាតិអំបិល ប្រសិនបើមិនមានអាការៈហើមធ្ងន់ធ្ងរទេ អ្នកជំងឺអាចពិសាទឹកក្នុងបរិមាណដូចធម្មតា ប៉ុន្តែ ក៏មិនត្រូវបរិភោគច្រើនពេកនោះទេ។

    វិធីតាមដានបម្រែបម្រួលនៃបរិមាណទឹកក្នុងរាងកាយដែលងាយស្រួលបំផុតគឺការថ្លឹងទម្ងន់ជារៀងរាល់ថ្ងៃ។ របៀបនៃការថ្លឹងទម្ងន់គឺគួរថ្លឹងនៅពេលព្រឹក បន្ទាប់ពីបត់ជើងតូចរួច និង មុនបរិភោគអាហារពេលព្រឹក។ គួរថ្លឹងនៅម៉ោងដូចគ្នា ប្រើម៉ាស៊ីនថ្លឹងទម្ងន់ដូចគ្នា និង ប្រើសម្លៀកបំពាក់ដូចគ្នានៅពេលថ្លឹងជារៀងរាល់ថ្ងៃ។ ប្រសិនបើទម្ងន់កើនឡើងលើសពី1Kgក្នុង1ថ្ងៃ មានន័យថាជាតិទឹកកំពុងប្រមូលផ្ដុំក្នុងរាងកាយអ្នកជំងឺហួសកម្រិតហើយ។ ហើយប្រសិនបើការកើនទម្ងន់ភ្លាមៗបែបនេះបន្តកើតឡើងជាប់ៗគ្នា នោះគួរសង្ស័យថាជំងឺខ្សោយមុខងារបេះដូងរបស់អ្នកជំងឺកំពុងវិវត្តទៅស្ថានភាពមិនល្អហើយ។

    អ្នកជំងឺជាច្រើននៅតែកើតមានអាការៈហើម ទោះជាពួកគេខិតខំកាត់បន្ថយអំបិលក្នុងអាហារក៏ដោយ។ ចំពោះអ្នកជំងឺបែបនេះ ពួកគេគួរអនុវត្តការលើកជើងដែលហើមដាក់នៅលើធ្នើរជាដើមអោយខ្ពស់បន្តិចនៅពេលពួកគេកំពុងអង្គុយ។ ឥរិយាបថបែបនេះអាចជួយអោយជាតិទឹកដែលលើសត្រូវបានស្រូបចូលប្រព័ន្ធឈាមវិញនិងបញ្ចេញតាមទឹកនោម។ អ្នកជំងឺក៏អាចប្រើស្រោមជើងរឹតរៀងរាល់ថ្ងៃដើម្បីបង្ការការហើមដូចនោះ។ ប្រសិនបើមានទឹកដក់នៅក្នុងសួត អ្នកជំងឺគួរគេងដោយប្រើខ្នើយធ្វើអោយដងខ្លួនខាងលើខ្ពស់ឡើងបន្តិច ឬ ក៏គេងដោយកើយក្បាលខ្ពស់បន្តិច។

    ការប្រើឱសថព្យាបាល ៖

    គេអាចប្រើឱសថជាច្រើនប្រភេទនៅក្នុងការព្យាបាលជំងឺខ្សោយមុខងារបេះដូង រួមមាន ឱសថបញ្ចុះទឹកនោម ឱសថទប់ស្កាត់អង់ស៊ីមបំលែងអាន់ជីអូថិនស៊ីន(ACE inhibitors) ឱសថទប់ស្កាត់គ្រឿងទទួលអាន់ជីអូថិនស៊ីន II (Angiotensin II receptor blockers, ARB) ឱសថប្រឆាំងអាល់ដូស្តេរ៉ូន (Aldosterone antagonists) ឱសថទប់ស្កាត់គ្រឿងទទួលបេតា (β blockers) ឱសថប្រភេទឌីជីតាលីស(Digitalis) ។ល។

    ប្រសិនបើអាការៈហើម(ទឹកប្រមូលផ្ដុំច្រើនក្នុងរាងកាយ)នៅតែមិនល្អប្រសើរជាងមុន ទោះជាអ្នកជំងឺព្យាយាមកាត់បន្ថយការបរិភោគជាតិប្រៃ វេជ្ជបណ្ឌិតនឹងសុំអោយអ្នកជំងឺប្រើប្រាស់ឱសថបញ្ចុះទឹកនោម។ ឱសថបញ្ចុះទឹកនោមនឹងបង្កើនបរិមាណទឹកនោមដើម្បីបញ្ចេញសារធាតុអំបិលនិងទឹកដែលលើសកម្រិតក្នុងរាងកាយតាមរយៈទឹកនោម ហើយឱសថបញ្ចុះទឹកនោមដែលត្រូវបានប្រើញឹកញាប់ជាងគេនៅក្នុងការព្យាបាលជំងឺខ្សោយមុខងារបេះដូងគឺឱសថបញ្ចុះទឹកនោមប្រភេទលូប(Loop diuretics)។ ជាទូទៅ អ្នកជំងឺត្រូវប្រើប្រាស់ឱសថប្រភេទនេះ ជាទម្រង់លេបរយៈពេលវែង ប៉ុន្តែ នៅពេលបន្ទាន់គេអាចបន្ថែមការប្រើឱសថនេះជាទម្រង់ចាក់តាមសរសៃវ៉ែន។ ឱសថបញ្ចុះទឹកនោមប្រភេទលូប(Loop diuretics) ភាគច្រើនប្រើចំពោះអ្នកជំងឺខ្សោយមុខងារបេះដូងកម្រិតមធ្យមទៅកម្រិតធ្ងន់។ ឱសថបញ្ចុះទឹកនោមប្រភេទផ្សេងទៀតដែលមានប្រសិទ្ធិភាពស្រាលជាងនេះ ហើយមានសកម្មភាពបញ្ចុះសម្ពាធឈាមផងដែរនោះគឺ ឱសថបញ្ចុះទឹកនោមប្រភេទសាយអឺហ្ស៉ាយ(Thiazide diuretics) ដោយឱសថប្រភេទនេះច្រើនប្រើចំពោះអ្នកជំងឺខ្សោយមុខងារបេះដូងដែលរួមមានរោគសញ្ញាលើសសម្ពាធឈាមជាដើម។ ទាំងប្រភេទលូប(Loop diuretics)ទាំងប្រភេទសាយអឺហ្ស៉ាយ(Thiazide diuretics) គឺមានសកម្មភាពបញ្ចេញចោលនូវសារធាតុប៉ូតាស្យូមពីរាងកាយតាមទឹកនោម ដូច្នេះ ករណីមួយចំនួន អ្នកជំងឺត្រូវប្រើប្រាស់ឱសថប៉ូតាស្យូម ឬ ឱសថដែលមិនមានសកម្មភាពបញ្ចេញសារធាតុប៉ូតាស្យូម ឬ ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម (Potassium-sparing diuretics) ស្របពេលគ្នា។

    ចំពោះអ្នកជំងឺខ្សោយមុខងារបេះដូងកម្រិតធ្ងន់ដែលមានបញ្ហាខ្សោយការកន្ត្រាក់នៃសាច់ដុំបេះដូង គេច្រើនប្រើឱសថ Spironolactoneដែលជាឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម (Potassium-sparing diuretics)សម្រាប់អ្នកជំងឺដែលមានមុខងារតម្រងនោមប្រក្រតី។ ឱសថនេះមានប្រយោជន៍នៅក្នុងការពន្យារអាយុរបស់អ្នកជំងឺខ្សោយមុខងារបេះដូងកម្រិតធ្ងន់។ ការប្រើប្រាស់ឱសថបញ្ចុះទឹកនោមអាច

    ធ្វើអោយកើតមានអាការៈលេចនោមដោយមិនអាចគ្រប់គ្រងបាន ដូច្នេះ នៅពេលអ្នកជំងឺត្រូវស្ថិតក្នុងស្ថានភាពដែលមិនអាចទៅបន្ទប់ទឹកឬបន្ទប់ទឹកស្ថិតនៅឆ្ងាយ អ្នកជំងឺអាចប្ដូរម៉ោងប្រើប្រាស់ឱសថបញ្ចុះទឹកនោមបាន។

    ឱសថទប់ស្កាត់អង់ស៊ីមបំលែងអាន់ជីអូថិនស៊ីន(ACE inhibitors) ក៏ជាឱសថសំខាន់មួយក្នុងការព្យាបាលជំងឺខ្សោយមុខងារបេះដូងផងដែរ។ ឱសថនេះមិនត្រឹមតែអាចជួយកាត់បន្ថយរោគសញ្ញាផ្សេងៗនិងធ្វើអោយរយៈពេលសម្រាកពេទ្យខ្លីជាងមុននោះទេ វាអាចពន្យារអាយុរស់រានរបស់អ្នកជំងឺបានផងដែរ។ ឱសថទប់ស្កាត់អង់ស៊ីមបំលែងអាន់ជីអូថិនស៊ីន(ACE inhibitors) នឹងកាត់បន្ថយកម្រិតសារធាតុអាន់ជីអូថិនស៊ីនIIនិងអាល់ដូស្តេរ៉ូនក្នុងឈាមដែលជាសារធាតុបង្កើនសម្ពាធឈាម នៅពេលសារធាតុទាំងនេះកើនឡើងខ្ពស់ក្នុងឈាម។ សកម្មភាពដដែលនេះអាចធ្វើអោយសរសៃវ៉ែននិងអាកទែរីកធំជាងមុន ដើម្បីជម្រុញការបញ្ចេញចោលនូវជាតិទឹកដែលលើសក្នុងរាងកាយ ធ្វើអោយបន្ទុកទៅលើបេះដូងក៏ថយចុះទៅតាមនោះដែរ។ ម្យ៉ាងទៀត ឱសថនេះក៏អាចមានសកម្មភាពជួយដល់សុខភាពនៃបេះដូងនិងសរសៃឈាមដោយផ្ទាល់ផងដែរ។

    ឱសថទប់ស្កាត់គ្រឿងទទួលអាន់ជីអូថិនស៊ីន II (Angiotensin II receptor blockers, ARB) មានសកម្មភាពស្រដៀងនឹងឱសថទប់ស្កាត់អង់ស៊ីមបំលែងអាន់ជីអូថិនស៊ីន(ACE inhibitors)ដែរ។ គេអាចប្រើឱសថនេះរួមជាមួយនឹងឱសថទប់ស្កាត់អង់ស៊ីមបំលែងអាន់ជីអូថិនស៊ីន(ACE inhibitors)ចំពោះអ្នកជំងឺខ្សោយមុខងារបេះដូងដែលបន្តកើតមានរោគសញ្ញាញឹកញាប់ ប៉ុន្តែ ករណីអ្នកជំងឺកើតមានផលរំខានជាអាការៈក្អកដោយសារការប្រើឱសថទប់ស្កាត់អង់ស៊ីមបំលែងអាន់ជីអូថិនស៊ីន(ACE inhibitors) អ្នកជំងឺអាចប្រើឱសថARBតែឯង។

    ឱសថប្រឆាំងអាល់ដូស្តេរ៉ូន (Aldosterone antagonists) ខុសពីឱសថទប់ស្កាត់អង់ស៊ីមបំលែងអាន់ជីអូថិនស៊ីន(ACE inhibitors)ដែលទប់ស្កាត់សកម្មភាពរបស់សារធាតុអាល់ដូស្តេរ៉ូនដោយប្រយោល ឱសថនេះមានប្រសិទ្ធភាពប្រឆាំងនឹងសកម្មភាពរបស់អាល់ដូស្តេរ៉ូនដោយផ្ទាល់តែម្ដង ដើម្បីកាត់បន្ថយការប្រមូលផ្ដុំជាតិទឹកច្រើនហួសហេតុក្នុងរាងកាយ។

    ឱសថទប់ស្កាត់គ្រឿងទទួលបេតា (β blockers) អាចត្រូវបានប្រើប្រាស់រួមជាមួយឱសថទប់ស្កាត់អង់ស៊ីមបំលែងអាន់ជីអូថិនស៊ីន(ACE inhibitors) នៅក្នុងការព្យាបាលជំងឺខ្សោយមុខងារបេះដូង ព្រោះវាក៏ជាឱសថដ៏សំខាន់មួយដែរ។ ឱសថនេះមានប្រសិទ្ធភាពកែលម្អមុខងារបេះដូងក្នុងរយៈពេលវែង ដោយវាមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពរបស់អរម៉ូនអាដ្រេណលីនដែលជាសារធាតុបង្កើនការកន្ត្រាក់ឬល្បឿនកន្ត្រាក់របស់បេះដូង។ នៅពេលដំបូង ឱសថទប់ស្កាត់គ្រឿងទទួលបេតា (β blockers)នឹងកាត់បន្ថយកម្លាំងកន្ត្រាក់របស់បេះដូង ដូច្នេះ គេប្រើឱសថនេះចំពោះស្ថានភាពជំងឺខ្សោយមុខងារបេះដូងដែលមានលក្ខណៈនឹងនរដោយសារការប្រើឱសថផ្សេងទៀតហើយ។ ឱសថនេះប្រើចំពោះជំងឺខ្សោយមុខងារបេះដូងដែលមានបញ្ហាខ្សោយមុខងារបន្ធូរការកន្ត្រាក់ ដោយជួយកាត់បន្ថយល្បឿនកន្ត្រាក់បេះដូងនិងជួយសកម្មភាពបន្ធូរការកន្ត្រាក់របស់សាច់ដុំដែលប្រែជារឹងនិងក្រាស់។ ដូច្នេះ ការប្រើឱសថនេះអាចធ្វើអោយបេះដូងទទួលឈាមចូលក្នុងបេះដូងបានកាន់តែច្រើន។

    ឱសថប្រភេទឌីជីតាលីស(Digitalis) ដូចជាឱសថDigoxin គឺជាឱសថព្យាបាលជំងឺខ្សោយមុខងារបេះដូងដែលត្រូវបានប្រើប្រាស់តាំងពីយូរមកហើយ។ ឱសថនេះមានសកម្មភាពបង្កើនកម្លាំងកន្ត្រាក់របស់បេះដូងប៉ុន្តែកាត់បន្ថយល្បឿនកន្ត្រាក់របស់បេះដូង។ ឱសថDigoxin កាត់បន្ថយរោគសញ្ញារបស់អ្នកជំងឺដែលមានបញ្ហាខ្សោយមុខងារកន្ត្រាក់របស់សាច់ដុំបេះដូង ជាពិសេស គេប្រើឱសថនេះចំពោះអ្នកជំងឺដែលមានអាការៈញ័រថតលើនៃបេះដូង ប៉ុន្តែ ឱសថនេះមិនមានប្រសិទ្ធិភាពពន្យារអាយុរស់របស់អ្នកជំងឺខ្សោយមុខងារបេះដូងឡើយ។

    ឱសថពង្រីកសរសៃឈាម មានប្រសិទ្ធភាពទាបជាងឱសថទប់ស្កាត់អង់ស៊ីមបំលែងអាន់ជីអូថិនស៊ីន(ACE inhibitors)និងឱសថARB ដូច្នេះគេមិនសូវប្រើប្រាស់ឱសថប្រភេទនេះនៅក្នុងការព្យាបាលជំងឺខ្សោយមុខងារបេះដូងនោះទេ។ ប៉ុន្តែ គេប្រើឱសថនេះចំពោះអ្នកជំងឺដែលមិនទទួលបានប្រសិទ្ធភាពឬមិនអាចប្រើជាងឱសថACE inhibitorsនិងឱសថARBបាន ដែលរួមមានឱសថHydralazine, Isosorbide mononitrate, Nitroglycerin (ថ្នាំបិទលើស្បែកឬថ្នាំបាញ់) ។ល។ ចំពោះអ្នកជំងឺមួយចំនួនដែលស្ថានភាពជំងឺកំពុងវិវត្តទៅមិនល្អ ការប្រើប្រាស់ឱសថនេះរួមជាមួយឱសថACE inhibitorsឬឱសថARB អាចជួយធ្វើអោយគុណភាពរស់នៅរបស់អ្នកជំងឺល្អប្រសើរឡើងនិងបន្តអាយុរស់របស់អ្នកជំងឺ។

    មានឱសថផ្សេងៗទៀតដែលមានប្រសិទ្ធភាពនៅក្នុងការព្យាបាលជំងឺខ្សោយមុខងារបេះដូង។ ឱសថប្រឆាំងកំណកឈាមដូចជាWarfarinជាដើម មានប្រសិទ្ធភាពបង្ការការកើតមានកំណកឈាមនៅក្នុងបេះដូង។ ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងត្រូវបានប្រើចំពោះអ្នកជំងឺដែលមានរោគសញ្ញាខុសប្រក្រតីនៃចង្វាក់បេះដូង។

    ការព្យាបាលផ្សេងទៀត ៖

    ចំពោះអ្នកជំងឺដែលមានអាការៈដក់ទឹកក្នុងសួត គេចាំបាច់ត្រូវអនុវត្តការបញ្ចូលអុកស៊ីសែន ដែលករណីខ្លះត្រូវប្រើប្រាស់ម៉ាសបំពាក់នៅច្រមុះលក្ខណៈពិសេស។ មានករណីខ្លះដែលត្រូវស៊កបំពង់តាមបំពង់ខ្យល់ ដើម្បីជួយដល់ការដកដង្ហើមរបស់អ្នកជំងឺ។

    លើកលែងករណីជំងឺកម្រិតធ្ងន់ធ្ងរនិងកំពុងវិវត្តទៅស្ថានភាពអាក្រក់ ចំពោះអ្នកជំងឺដែលមិនមានបញ្ហាផ្នែកសុខភាពទូទៅប៉ុន្តែមិនទទួលបានប្រសិទ្ធភាពពីការប្រើប្រាស់ឱសថព្យាបាលជំងឺខ្សោយមុខងារបេះដូង ការវះកាត់ផ្លាស់ប្ដូរបេះដូងក៏ជាជម្រើសមួយក្នុងការព្យាបាលផងដែរ។ ចំពោះអ្នកជំងឺកម្រិតធ្ងន់ដែលការព្យាបាលដោយឱសថមិនមានប្រសិទ្ធិភាព អ្នកជំនាញនឹងប្រើប្រាស់ម៉ាស៊ីនជំនួយមុខងារច្របាច់ឈាមរបស់បេះដូងដោយអនុវត្តនៅក្នុងមន្ទីរពេទ្យ។ ការព្យាបាលដោយការប្រើប្រាស់ម៉ាស៊ីនឬវិធីព្យាបាលថ្មីៗកំពុងស្ថិតក្នុងការស្រាវជ្រាវ។ ប៉ុន្តែ ការវះកាត់យកសាច់ដុំដែលរីកធំមួយផ្នែកចេញដើម្បីអោយបេះដូងត្រឡប់មកទំហំធម្មតាវិញ ត្រូវបានចាត់ទុកថាជាវិធីព្យាបាលដែលមិនមានប្រសិទ្ធិភាពនោះទេ។

    ភាពខុសប្រក្រតីនៃការកន្ត្រាក់បេះដូងអាចកែលលម្អបានដោយប្រើឱសថ ប៉ុន្តែ ក៏មានករណិដែលចាំបាច់ត្រូវប្រើឧបករណ៍គ្រប់គ្រងចង្វាក់បេះដូង(Pacemaker)។ អ្នកជំងឺខ្សោយមុខងារបេះដូងមួយចំនួនអាចនឹងត្រូវប្រើប្រាស់ឧបករណ៍Pacemakerពិសេសដែលមានសរសៃដែក3ដើមដើម្បីធ្វើអោយលំដាប់លំដោយនៃការកន្ត្រាក់បេះដូងមានសភាពប្រក្រតីឡើងវិញ(Cardiac resynchronization therapy, CRT)។ ចំពោះអ្នកជំងឺដែលមុខងារបេះដូងចុះខ្សោយខ្លាំង ពួកគេអាចប្រឈមមុខនឹងការស្លាប់ភ្លាមៗ ដូច្នេះ វេជ្ជបណ្ឌិតនឹងពិចារណាការប្រើប្រាស់ឧបករណ៍បំបាត់ការញ័របេះដូងដោយបង្កប់ក្នុងរាងកាយ (Implantable cardioverter defibrillator, ICD)។

    ការព្យាបាលជំងឺខ្សោយមុខងារបេះដូងលក្ខណៈស្រួចស្រាវ ៖

    អ្នកដែលមានអាការៈខ្សោយមុខងារបេះដូងដែលកើតឡើងភ្លាមៗឬជំងឺខ្សោយមុខងារបេះដូងដែលប្រែជាអាក្រក់ភ្លាមៗត្រូវទទួលការព្យាបាលជាបន្ទាន់នៅក្នុងមន្ទីរពេទ្យ។

    ករណីអ្នកជំងឺមានអាការៈទឹកដក់ក្នុងសួតស្រួចស្រាវ គេអនុវត្តការបញ្ចូលអុកស៊ីសែនតាមឧបករណ៍ម៉ាស។ ម្យ៉ាងទៀត គេអាចកាត់បន្ថយអាការៈយ៉ាងឆាប់រហ័សភ្លាមៗដោយប្រើឱសថបញ្ចុះទឹកនោមចាក់តាមសរសៃវ៉ែន ឬ ប្រើឱសថNitroglycerinជាដើមចាក់តាមសរសៃវ៉ែនឬដាក់ក្រោមអណ្ដាត។ ប្រសិនបើអ្នកជំងឺមានអាការៈស្មារតីមិននឹងនរដោយសារបញ្ហាទឹកដក់ក្នុងសួត គេអាចប្រើឱសថMorphine ហើយឱសថនេះក៏អាចកាត់បន្ថយល្បឿនដកដង្ហើមឬល្បឿនកន្ត្រាក់បេះដូង និង កាត់បន្ថយបន្ទុកទៅលើបេះដូងដោយពង្រីកសរសៃឈាមនៅក្នុងរាងកាយរបស់អ្នកជំងឺផងដែរ។ ក្រោយអនុវត្តវិធីទាំងនេះ ប្រសិនបើការដកដង្ហើមរបស់អ្នកជំងឺមិនល្អប្រសើរគ្រប់គ្រាន់នោះទេ គេអាចប្រើម៉ាសពិសេសដែលផ្គត់ផ្គង់អុកស៊ីសែនដោយប្រើកម្លាំងសម្ពាធ ឬ អនុវត្តការស៊កបំពង់ទៅក្នុងបំពង់ខ្យល់របស់អ្នកជំងឺដើម្បីជួយដល់ការដកដង្ហើម។

    ករណីដែលរោគសញ្ញាមានសភាពធ្ងន់ធ្ងរ ហើយវិធីព្យាបាលទូទៅមិនអាចជួយបាន គេអាចប្រើឱសថស្រដៀងអាដ្រេណាលីន ដូចជាឱសថDopamineឬឱសថDobutamine ឬក៏ ឱសថMilrinone ដែលមានសកម្មភាពបង្កើនកម្លាំងកន្ត្រាក់របស់សាច់ដុំបេះដូងរយៈពេលខ្លី គឺឱសថទាំងនេះមិនមានប្រសិទ្ធភាពសម្រាប់ការព្យាបាលរយៈពេលវែងនោះទេ។

    អានបន្ថែម
  • ការបង្ការ

    វិធីបង្ការជំងឺខ្សោយមុខងារបេះដូង គឺការព្យាបាលជំងឺដែលជាមូលហេតុដើម មុនការបង្កអោយមានជំងឺខ្សោយមុខងារបេះដូង។ ជំងឺដែលអាចព្យាបាលបានរួមមាន ជំងឺទាក់ទងនឹងចង្វាក់បេះដូងមួយចំនួន ជំងឺទាក់ទងនឹងប្រើសបេះដូង ជំងឺខូចខាតផ្នែកខណ្ឌរវាងថតលើឬថតក្រោមនៃបេះដូង ជំងឺស្ទះសរសៃអាកទែបេះដូង ជំងឺលើសសម្ពាធឈាម ជំងឺឆ្លង ជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត ជំងឺខ្វះឈាមឬជំងឺស្លេកស្លាំង ជំងឺញៀនស្រា ។ល។

    អានបន្ថែម