Gallstone (ជំងឺក្រួសក្នុងប្រមាត់)

    • លក្ខណៈទូទៅ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការព្យាបាល
  • លក្ខណៈទូទៅ

    ជំងឺក្រួសក្នុងប្រមាត់ (Gallstone) ជាជំងឺដែលកើតមានអង្គធាតុរឹង(ភាគច្រើនជាបណ្ដុំនៃកូឡេស្តេរ៉ូល)នៅក្នុងថង់ទឹកប្រមាត់។

    ・នៅពេលដែលថ្លើមធ្វើការបញ្ចេញសារធាតុកូឡេស្តេរ៉ូលច្រើនហួសហេតុពេក សារធាតុទាំងនោះនឹងត្រូវបានបញ្ជូនចូលទៅក្នុងថង់ទឹកប្រមាត់រួមជាមួយទឹកប្រមាត់ ដោយនៅទីនោះ សារធាតុកូឡេស្តេរ៉ូលដ៏ច្រើននោះនឹងផ្ដុំគ្នាបង្កើតជាគ្រាប់ដែលមានសភាពរឹង។

    ・ជំងឺក្រួសក្នុងប្រមាត់អាចបង្កជាអាការៈឈឺចាប់នៅផ្នែកខាងលើនៃពោះដែលបន្តកើតមានរយៈពេល2ទៅ3ម៉ោង។

    ・តាមរយៈការពិនិត្យអេកូ គេអាចរកឃើញក្រួសក្នុងប្រមាត់បានយ៉ាងច្បាស់លាស់។

    ・ករណីអាការៈឈឺចាប់ឬរោគសញ្ញាដោយសារក្រួសក្នុងប្រមាត់ផ្សេងទៀតកើតឡើងម្ដងហើយម្ដងទៀត គេនឹងអនុវត្តការវះកាត់យកថង់ទឹកប្រមាត់ចេញ។

    ជំងឺទាក់ទងនឹងថង់ទឹកប្រមាត់ឬបំពង់ទឹកប្រមាត់ ស្ទើរតែទាំងអស់ កើតឡើងដោយសារក្រួសក្នុងប្រមាត់។ កត្តាហានិភ័យនៃការកើតជំងឺក្រួសក្នុងប្រមាត់ រួមមានដូចខាងក្រោម។

    ・ជាស្ត្រី

    ・ជាមនុស្សវ័យចំណាស់

    ・លើសទម្ងន់

    ・ការថយចុះទម្ងន់ច្រើនភ្លាមៗ (ជាពិសេស ដោយសាររបបអាហារដែលមានកាឡូរីទាបឬដោយសារការវះកាត់បញ្ចុះទម្ងន់)

    ・របបអាហារបែបអឺរ៉ុប

    ・មានសមាជិកគ្រួសារដែលមានជំងឺក្រួសក្នុងប្រមាត់

    ក្រួសដែលកើតមាននៅក្នុងថង់ទឹកប្រមាត់ អាចចូលទៅក្នុងបំពង់ទឹកប្រមាត់ ឬក៏ក្រួសអាចកើតមាននៅក្នុងបំពង់ទឹកប្រមាត់តែម្ដង។ ក្រួសដែលកើតមាននៅក្នុងបំពង់ទឹកប្រមាត់អាចធ្វើអោយស្ទះលំហូរនៅក្នុងបំពង់ទឹកប្រមាត់។

    ស្ទើរគ្រប់ករណីទាំងអស់នៃជំងឺក្រួសក្នុងប្រមាត់គឺមិនបង្ហាញជារោគសញ្ញាអ្វីនោះទេ។ ប៉ុន្តែ ប្រសិនបើកើតមានជារោគសញ្ញាឬបញ្ហាផ្សេងៗ វាជាដំណាក់កាលដែលចាំបាច់ត្រូវការការព្យាបាល។ នៅសហរដ្ឋអាមេរិច មនុស្ស50ម៉ឺននាក់ឡើងទៅទទួលការវះកាត់យកថង់ទឹកប្រមាត់ចេញជារៀងរាល់ឆ្នាំ។

    នៅសហភាពអឺរ៉ុប ក្រួសក្នុងប្រមាត់ច្រើនជាងពាក់កណ្ដាលជាករណីដែលសារធាតុនៃក្រួសកើតឡើងពីបណ្ដុំកូឡេស្តេរ៉ូល។ សារធាតុទាំងនេះ ជាធម្មតា ស្ថិតក្នុងស្ថានភាពរលាយនៅក្នុងទឹកប្រមាត់ (មិនរលាយនៅក្នុងទឹក)។ ប៉ុន្តែ នៅពេលដែលសរីរាង្គថ្លើមធ្វើការបញ្ចេញសារធាតុកូឡេស្តេរ៉ូលច្រើនខុសប្រក្រតី កំហាប់កូឡេស្តេរ៉ូលនៅក្នុងទឹកប្រមាត់កាន់តែឆ្អែត ហើយនៅសល់ពីការរលាយ កូឡេស្តេរ៉ូលនឹងផ្ដុំគ្នាបង្កជាគ្រាប់តូចៗដែលមានសភាពរឹង។ គ្រាប់តូចៗទាំងនេះនឹងទៅផ្ដុំគ្នានៅក្នុងថង់ទឹកប្រមាត់ បង្កជាក្រួសក្នុងប្រមាត់។

    ក្រួសក្នុងប្រមាត់មានប្រភេទផ្សេងទៀតផងដែរដែលកើតឡើងដោយដំណើរការស្រដៀងគ្នានេះដែរ។ សារធាតុទាំងនោះអាចជាសមាសធាតុកាល់ស្យូមឬសារធាតុប៊ីលីរូប៊ីន(Bilirubin ជាសារធាតុពណ៌សំខាន់នៅក្នុងទឹកប្រមាត់)។ ក្រួសក្នុងប្រមាត់ដែលកើតឡើងពីសារធាតុប៊ីលីរូប៊ីន(Bilirubin) ហៅថា ក្រួសនៃសារធាតុពណ៌(Pigment gallstones) ដោយវាមានពណ៍ខ្មៅ(កកើតនៅក្នុងថង់ទឹកប្រមាត់)ឬពណ៌ត្នោត(កកើតនៅក្នុងបំពង់ទឹកប្រមាត់)។ ក្រួសនៃសារធាតុពណ៌(Pigment gallstones)ដែលមានពណ៌ខ្មៅ ភាគច្រើនឃើញកើតមានចំពោះអ្នកដែលមានជំងឺថ្លើមបណ្ដាលមកពីគ្រឿងស្រវឹង អ្នកដែលមានវ័យចំណាស់ ឬ អ្នកដែលមានជំងឺខ្វះឈាមឬស្លេកស្លាំងប្រភេទHemolytic anemia។ ក្រួសនៃសារធាតុពណ៌(Pigment gallstones)ដែលមានពណ៌ត្នោត ច្រើនកើតមាននៅពេលដែលអ្នកជំងឺមានជំងឺរលាកឬជំងឺឆ្លងនៅថង់ទឹកប្រមាត់ឬបំពង់ទឹកប្រមាត់ ឬ ក្នុងករណីបំពង់ទឹកប្រមាត់មានលក្ខណៈរួមតូចចង្អៀត។

    ក្រួសក្នុងប្រមាត់អាចស្ថិតនៅតែក្នុងថង់ទឹកប្រមាត់ ប៉ុន្តែ ក៏អាចហូរចូលទៅក្នុងបំពង់ទឹកប្រមាត់ផងដែរ។ ក្រួសក្នុងប្រមាត់អាចធ្វើអោយស្ទះនៅបំពង់ទឹកប្រមាត់ ឬ បំពង់រួមនៃប្រមាត់ (Common bile duct) ឬ នៅផ្នែកAmpulla of Vater (ផ្នែកប្រសព្វនៃបំពង់រួមនៃប្រមាត់និងបំពង់នៃក្រពេញលំពែង)។ ក្រួសពីបណ្ដុំកូឡេស្តេរ៉ូលដែលស្ថិតនៅក្នុងបំពង់ទឹកប្រមាត់ ស្ទើរតែទាំងអស់គឺកកើតឡើងនៅក្នុងថង់ទឹកប្រមាត់។

    ប្រសិនបើបំពង់ទឹកប្រមាត់មានលក្ខណៈរួមតូចចង្អៀត វានឹងអាចស្ទះ ហើយធ្វើអោយលំហូរនៃទឹកប្រមាត់មានលក្ខណៈយឺត។ នៅពេលដែលលំហូរនៃទឹកប្រមាត់មានសភាពយឺតឬស្ទះម្ដងៗ វាធ្វើអោយសរីរាង្គនេះងាយកើតមានជំងឺឆ្លងបាក់តេរី។

    ករណីមួយចំនួន ទោះជាមានដុំគ្រាប់តូចៗដែលកើតពីកូឡេស្តេរ៉ូលឬសមាសធាតុកាល់ស្យូមឬសារធាតុប៊ីលីរូប៊ីនផ្ដុំគ្នាក៏ដោយ ក៏មិនមានការកកើតជាក្រួសដែរ។ បណ្ដុំនៃសារធាតុទាំងនេះបែបនេះ ហៅថា កម្ទេចសារធាតុក្នុងប្រមាត់(Biliary debris)។ កម្ទេចសារធាតុក្នុងប្រមាត់(Biliary debris ឬ Biliary sludge) ច្រើនកើតឡើងនៅក្នុងពេលមានផ្ទៃពោះ ដែលទឹកប្រមាត់ត្រូវស្ថិតនៅក្នុងថង់ទឹកប្រមាត់រយៈពេលយូរ។ ជាទូទៅ នៅក្រោយពេលមានផ្ទៃពោះ បណ្ដុំសារធាតុដូចនេះនឹងរលាយបាត់ទៅវិញ។ ប៉ុន្តែ អាចមានករណីដែលកម្ទេចសារធាតុក្នុងប្រមាត់ប្រែប្រួលទៅជាក្រួសក្នុងប្រមាត់ ឬ ហូរចូលតាមផ្លូវទឹកប្រមាត់រួចធ្វើអោយស្ទះនៅក្នុងបំពង់ទឹកប្រមាត់។

    ដូចម្ដេចដែលហៅថាក្រួសក្នុងប្រមាត់ (Gallstone)?

    ក្រួសក្នុងប្រមាត់ភាគច្រើនជាលទ្ធផលនៃការប្រែទៅជារឹងនៃបណ្ដុំកូឡេស្តេរ៉ូលដែលមាននៅក្នុងទឹកប្រមាត់ ហើយវាកកើតឡើងនៅក្នុងថង់ទឹកប្រមាត់។ ប្រសិនបើក្រួសទាំងនេះហូរចេញពីថង់ទឹកប្រមាត់ វាអាចធ្វើអោយស្ទះនៅបំពង់ទឹកប្រមាត់ ឬ បំពង់រួមនៃប្រមាត់ (Common bile duct) ឬ នៅផ្នែកAmpulla of Vater។

    អានបន្ថែម
  • រោគសញ្ញា

    ប្រមាណ80%នៃអ្នកដែលកើតជំងឺក្រួសក្នុងប្រមាត់ អាចនឹងមិនមានរោគសញ្ញាអ្វីទាំងអស់ជាច្រើនឆ្នាំ ជាពិសេស នៅពេលដែលក្រួសកើតមាននិងស្ថិតនៅតែក្នុងថង់ទឹកប្រមាត់។

    ជំងឺក្រួសក្នុងប្រមាត់អាចមានរោគសញ្ញាជាអាការៈឈឺចាប់។ អាការៈឈឺចាប់កើតឡើងនៅពេលដែលក្រួសចាកចេញពីថង់ទឹកប្រមាត់ រួចចូលទៅក្នុងបំពង់ទឹកប្រមាត់ ឬ បំពង់រួមនៃប្រមាត់ ឬ ផ្នែកAmpulla of Vater ធ្វើអោយស្ទះនៅតាមបំពង់ទាំងនោះ។ បន្ទាប់ពីនោះ ថង់ទឹកប្រមាត់នឹងហើម ធ្វើអោយមានអាការៈឈឺចាប់បន្ថែមទៀតកើតឡើងនៅផ្នែកខាងលើនៃពោះ ប្រហែលនៅផ្នែកខាងក្រោមនៃឆ្អឹងជំនីរខាងស្ដាំ។ ករណីខ្លះ គេមិនអាចកំណត់ផ្នែកនៃរាងកាយដែលអ្នកជំងឺទទួលអារម្មណ៍ឈឺចាប់បានច្បាស់លាស់នោះទេ ជាពិសេសពិបាកកំណត់ណាស់ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមឬអ្នកជំងឺជាមនុស្សចាស់។ ជាទូទៅ អាការៈឈឺចាប់នឹងកាន់តែខ្លាំងទៅៗក្នុងរយៈពេល15នាទីទៅ1ម៉ោង បន្ទាប់ពីនោះ ការឈឺចាប់នឹងស្ថិតក្នុងកម្រិតថេរមួយដោយអាចបន្តរហូតដល់12ម៉ោង។ ក្រោយរយៈពេល30ទៅ90នាទីបន្ទាប់ពីនោះ អាការៈឈឺចាប់នឹងធូរស្បើយមកវិញ ដោយបន្សល់នូវអារម្មណ៍ឈឺអួល។ អ្នកជំងឺអាចកើតមានរោគសញ្ញាដូចជាចង់ក្អួតឬក្អួតក៏មាន។

    អាការៈឈឺចាប់អាចកើតមាននៅក្រោយពេលអ្នកជំងឺបរិភោគអាហារបរិមាណច្រើន ទោះជាអាហារមានផ្ទុកខ្លាញ់តិចឬច្រើនក៏ដោយ។ មានន័យថា មិនមែនទាល់តែបរិភោគអាហារដែលផ្ទុកខ្លាញ់ច្រើន ទើបងាយបង្កអាការៈឈឺចាប់នោះទេ។ ក្រួសក្នុងប្រមាត់មិនបង្កជាអាការៈភើឬហើមពោះនោះទេ។ រោគសញ្ញាចង់ក្អួតកើតឡើងតែនៅពេលមានអាការៈឈឺចាប់តែប៉ុណ្ណោះ។

    អាការៈឈឺចាប់ស្ទើរតែគ្រប់ករណីគឺនឹងបាត់ទៅវិញដោយឯកឯង ប៉ុន្តែ មនុស្ស20~40%ជារៀងរាល់ឆ្នាំមានការកើតឡើងវិញម្ដងហើយម្ដងទៀត និង ជំងឺនេះបង្កជាបញ្ហាផ្សេងៗទៀត។ ក្រោយអាការៈឈឺចាប់ធូរស្បើយ អ្នកជំងឺមានសុខភាពរាងកាយល្អធម្មតារហូតដល់ពេលដែលអាការៈឈឺចាប់រើឡើងវិញម្ដងទៀត។

    ប្រសិនបើការស្ទះចេះតែបន្ត នោះនឹងកើតមានការរលាកនៅថង់ទឹកប្រមាត់ ហៅថា ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ (Acute cholecystitis)។ នៅពេលដែលថង់ទឹកប្រមាត់រលាក វាងាយនឹងឆ្លងបាក់តេរី បង្កជាជំងឺឆ្លងផ្សេងៗ ដោយអ្នកជំងឺបង្ហាញជារោគសញ្ញាក្ដៅខ្លួន។

    ការស្ទះនៅបំពង់រួមនៃប្រមាត់ (Common bile duct) ឬ នៅផ្នែកAmpulla of Vater មានលក្ខណៈធ្ងន់ធ្ងរជាងការស្ទះនៅបំពង់ទឹកប្រមាត់។ ករណីស្ទះនៅបំពង់ទឹកប្រមាត់ បំពង់នេះអាចនឹងរីកធំ ហើយអាចបង្កជារោគសញ្ញា ក្ដៅខ្លួន រងាញាក់ ខាន់លឿង(រោគសញ្ញាដែលស្បែកនិងផ្នែកសនៃភ្នែកប្រែជាពណ៌លឿង)ជាដើម។ រោគសញ្ញាទាំងនេះរួមគ្នា បង្ហាញថាអ្នកជំងឺកំពុងកើតមានជំងឺរលាកបំពង់ទឹកប្រមាត់ស្រួចស្រាវដែលជាជំងឺឆ្លងលក្ខណៈធ្ងន់ធ្ងរ។ បាក់តេរីទាំងនោះនឹងរាលដាលចូលក្នុងចរន្តឈាម ដោយអាចបង្កជាជំងឺឆ្លងធ្ងន់ធ្ងរនៅផ្នែកផ្សេងទៀតនៃរាងកាយ។ ម្យ៉ាងទៀត វាអាចបង្កអោយមានការកើតខ្ទុះច្រើននៅក្នុងសរីរាង្គថ្លើម។

    ក្រួសក្នុងប្រមាត់ដែលធ្វើអោយស្ទះនៅផ្នែកAmpulla of Vater អាចនឹងទៅធ្វើអោយស្ទះនៅបំពង់នៃក្រពេញលំពែង ហើយបង្កជាការរលាកលំពែងនិងអាការៈឈឺចាប់។

    ការរលាកនៃថង់ទឹកប្រមាត់ដែលបង្កឡើងដោយក្រួសក្នុងប្រមាត់ធ្វើអោយភ្នាសជញ្ជាំងនៃថង់ទឹកប្រមាត់ដាច់រលាត់រហូតដល់កកើតជាប្រហោង។ ពេលនោះ សារធាតុនៅក្នុងថង់ទឹកប្រមាត់នឹងជ្រាបចេញតាមប្រហោងទាំងនោះចូលទៅក្នុងប្រហោងពោះ ហើយបង្កជាអាការៈធ្ងន់ធ្ងរ(ជំងឺរលាកស្រោមពោះ)។ ប្រសិនបើក្រួសក្នុងប្រមាត់ដែលមានទំហំធំចូលទៅដល់ពោះវៀនតូច វាអាចបង្កជាជំងឺស្ទះពោះវៀនដោយសារក្រួសក្នុងប្រមាត់ ហៅថា Gallstone ileus។ បញ្ហានេះជាករណីកម្រ ដោយវាងាយកើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    ករណីអ្នកជំងឺមានអាការៈឈឺចាប់លក្ខណៈពិសេសនៅផ្នែកខាងលើនៃពោះ (ដោយសារការហើមនៃថង់ទឹកប្រមាត់) គេនឹងសង្ស័យថាជាជំងឺក្រួសក្នុងប្រមាត់។ ករណីខ្លះ គេរកឃើញក្រួសក្នុងប្រមាត់នៅពេលពិនិត្យអេកូសម្រាប់ហេតុផលផ្សេង។

    ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺក្រួសក្នុងប្រមាត់ចាំបាច់ត្រូវការការពិនិត្យអេកូ ដោយការពិនិត្យនេះអាចរកឃើញជំងឺក្រួសក្នុងប្រមាត់បានយ៉ាងច្បាស់លាស់រហូតដល់95%។ គេមិនងាយនឹងរកឃើញក្រួសដែលស្ថិតនៅក្នុងបំពង់ទឹកប្រមាត់បានច្បាស់លាស់នោះទេ ប៉ុន្តែ គេអាចសង្កេតឃើញការរីកធំនៃបំពង់ទឹកប្រមាត់ដែលកើតឡើងដោយសារការស្ទះ។ មានករណីខ្លះដែលត្រូវការការពិនិត្យផ្សេងទៀតដើម្បីធ្វើរោគវិនិច្ឆ័យ រួមមានដូចខាងក្រោម៖

    ・ការពិនិត្យMRI ឬ ការពិនិត្យCT ដើម្បីបញ្ជាក់ថាតើមានក្រួសនៅក្នុងថង់ទឹកប្រមាត់ដែរឬទេ

    ・ការពិនិត្យMRCP (Magnetic resonance cholangiopancreatography) ឬ ការពិនិត្យERCP (Endoscopic retrograde cholangiopancreatography)ក្នុងករណីការពិនិត្យMRCPមានលក្ខណៈមិនច្បាស់លាស់ ដើម្បីបញ្ជាក់ថាតើមានក្រួសនៅក្នុងបំពង់ទឹកប្រមាត់ដែរឬទេ។

    បច្ចេកទេសERCP ជាការស៊កបញ្ចូលឧបករណ៍ពិនិត្យរាងជាបំពង់ទន់(ឧបករណ៍អង់ដូស្កុប)ដោយមានភ្ជាប់សម្ភារៈវះកាត់តាមមាត់ ឆ្លងកាត់បំពង់អាហារនិងក្រពះ ចូលដល់ពោះវៀនតូច។ តាមរយៈឧបករណ៍អង់ដូស្កុបនេះ គេស៊កបញ្ចូលសរសៃលួសតូច(Catheter)ចូលទៅដល់បំពង់រួមនៃប្រមាត់ឆ្លងកាត់ផ្នែកប្រសព្វនៃពោះវៀនតូចនិងបំពង់រួមនៃប្រមាត់ឬបំពង់នៃក្រពេញលំពែង។ បន្ទាប់ពីនោះ គេនឹងបញ្ចូលសារធាតុជំនួយការថត(Contrast medium)តាមសរសៃលួសនោះចូលទៅក្នុងបំពង់ទឹកប្រមាត់ ដើម្បីថតយករូបភាពដោយប្រើកាំរស្មីអ៊ិចរកមើលសភាពអប្រក្រតីនៅទីនោះ។

    ករណីគេមិនអាចធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ដោយផ្អែកទៅលើលទ្ធផលរូបភាពនោះទេ គេអាចនឹងអនុវត្តការពិនិត្យអេកូដោយឧបករណ៍អង់ដូស្កុប(Endoscopic ultrasonography)។ នៅក្នុងបច្ចេកទេសនេះ គេប្រើប្រាស់ឧបករណ៍អង់ដូស្កុបដែលមានភ្ជាប់ឧបករណ៍អ៊ុលត្រាសោនឬអេកូដ៏តូចមួយនៅផ្នែកខាងចុង ដោយបញ្ចូលតាមមាត់ឆ្លងចូលក្រពះនិងពោះវៀនតូច។ នៅពេលឧបករណ៍នេះចូលជិតទៅដល់ថង់ទឹកប្រមាត់ឬបំពង់ទឹកប្រមាត់ វានឹងអាចចាប់យករូបភាពនៃជាលិកានៅទីនោះដោយបង្ហាញរូបភាពច្បាស់ជាងការពិនិត្យអេកូធម្មតា។

    តាមរយៈការពិនិត្យឈាម គេអាចវាយតម្លៃថាតើមុខងាររបស់ថ្លើមជាដើមមានដំណើរការក្នុងកម្រិតប៉ុណ្ណា ហើយថាតើមានការខូចខាតដល់សរីរាង្គថ្លើមដែរឬទេ (ការពិនិត្យមុខងារថ្លើម)។ ប្រសិនបើមិនមានការស្ទះក្រួសនៅក្នុងបំពង់ទឹកប្រមាត់ទេនោះ លទ្ធផលពិនិត្យនេះនឹងបង្ហាញភាពប្រក្រតី។ ប៉ុន្តែ ករណីមានការស្ទះក្រួសនៅក្នុងបំពង់ទឹកប្រមាត់ នោះភាគច្រើនគេនឹងសង្កេតឃើញភាពខុសប្រក្រតីនៅក្នុងលទ្ធផលពិនិត្យ ដោយនេះបង្ហាញថាមានការដក់ទឹកប្រមាត់នៅក្នុងថ្លើមហើយ(Cholestasis)។ ពេលខ្លះ គេសង្កេតឃើញមានការកើនឡើងនៃសារធាតុប៊ីលីរូប៊ីន(Bilirubin)ឬអង់ស៊ីមនៅក្នុងថ្លើមមួយចំនួន។

    អានបន្ថែម
  • ការព្យាបាល

    ជំងឺក្រួសក្នុងប្រមាត់ដែលមិនបង្កជារោគសញ្ញាអ្វីមិនត្រូវការការព្យាបាលនោះទេ។ ករណីអ្នកជំងឺមានអាការៈឈឺចាប់បង្កឡើងដោយសារក្រួសក្នុងប្រមាត់ ភាគច្រើនទោះជាផ្លាស់ប្ដូររបបអាហារ (ទៅជាអាហារដែលមានជាតិខ្លាញ់តិចជាដើម) ក៏មិនមានប្រសិទ្ធិភាពព្យាបាលជំងឺនេះទេ។

    ជំងឺក្រួសក្នុងប្រមាត់ដែលកើតឡើងនៅក្នុងថង់ទឹកប្រមាត់

    ករណីដែលអ្នកជំងឺមានអាការៈឈឺចាប់ខ្លាំងកើតឡើងម្ដងហើយម្ដងទៀត អ្នកជំងឺគួរទទួលការវះកាត់យកថង់ទឹកប្រមាត់ចេញ (Cholecystectomy)។ ការវះកាត់យកថង់ទឹកប្រមាត់ចេញអាចបង្ការការកើតឡើងនៃអាការៈឈឺចាប់ ដោយមិនមានឥទ្ធិពលដល់ការរំលាយអាហារនោះទេ។ ក្រោយការវះកាត់ អ្នកជំងឺមិនចាំបាច់អនុវត្តការតមអាហារអ្វីនោះទេ។ នៅក្នុងពេលវះកាត់ គេត្រូវធ្វើការពិនិត្យថាតើមានក្រួសស្ថិតនៅក្នុងបំពង់ទឹកប្រមាត់ដែរឬទេ។

    ប្រមាណ90%នៃការវះកាត់យកថង់ទឹកប្រមាត់ចេញ គេប្រើប្រាស់ឧបករណ៍Laparoscope។ នៅក្នុងបច្ចេកទេសនេះ គេធ្វើការវះកាត់បើកផ្នែកពោះបន្តិចដើម្បីស៊កបញ្ចូលឧបករណ៍Laparoscope។ បន្ទាប់មក គេនឹងស៊កបញ្ចូលបន្ថែមទៀតនូវសម្ភារៈវះកាត់ផ្សេងៗតាមប្រហោងនោះ ដើម្បីអនុវត្តការវះកាត់យកថង់ទឹកប្រមាត់ចេញ។ ការវះកាត់តាមបច្ចេកទេសLaparoscopyនេះ អាចកាត់បន្ថយអាការៈឈឺចាប់ក្រោយការវះកាត់បានមួយកម្រិតបើប្រៀបធៀបទៅនឹងការវះកាត់ធម្មតា ហើយអាចកាត់បន្ថយរយៈពេលសម្រាកពេទ្យ ដោយស្នាមមុខរបួសក្រោយវះកាត់ក៏មានលក្ខណៈតូច និងរយៈពេលជាសះស្បើយក៏ឆាប់រហ័ស។

    ការវះកាត់យកថង់ទឹកប្រមាត់ចេញក្រៅពីបច្ចេកទេសខាងលើ រួមមាន ការវះកាត់ដោយបើកពោះ ដោយត្រូវការវះបើកពោះក្នុងទំហំធំ។ វិធីនេះអាចបង្កបន្ទុកដល់អ្នកជំងឺ ប៉ុន្តែ វាជាការព្យាបាលដែលមានសុវត្ថិភាពនិងមានប្រសិទ្ធិភាព។

    ក្រៅពីការវះកាត់ មានករណីខ្លះដែលអ្នកជំងឺអាចប្រើប្រាស់ឱសថលេបដើម្បីរំលាយក្រួសក្នុងប្រមាត់ មានដូចជាឱសថUrsodeoxycholic acid ជាដើម។ ឱសថបែបនេះ ជាទូទៅ ត្រូវលេប1ថ្ងៃ2~3ដង ដោយករណីក្រួសមានទំហំតូច វាអាចរលាយក្នុងរយៈពេល6ខែនៃការប្រើប្រាស់ឱសថ។ ករណីក្រួសមានទំហំធំ គេអាចត្រូវការរយៈពេល1~2ឆ្នាំដើម្បីរំលាយ។ មានករណីច្រើនដែលគេមិនអាចរំលាយក្រួសទាំងនោះដោយប្រើឱសថ។ ការរំលាយក្រួសក្នុងប្រមាត់ដោយប្រើឱសថមានប្រសិទ្ធិភាពក្នុងករណីក្រួសនោះជាសារធាតុកូឡេស្តេរ៉ូល ហើយមិនមានការស្ទះនៅមាត់ថង់ទឹកប្រមាត់។ ទោះជាគេអាចរំលាយក្រួសដោយជោគជ័យក៏ដោយ អ្នកជំងឺជាងពាក់កណ្ដាលនឹងអាចកើតក្រួសក្នុងប្រមាត់នេះឡើងវិញក្នុងអំឡុងពេល5ឆ្នាំ។ ដូច្នេះ ការប្រើឱសថរំលាយក្រួសក្នុងប្រមាត់ត្រូវបានអនុវត្តនៅក្នុងករណីដែលហានិភ័យនៃការវះកាត់មានលក្ខណៈខ្ពស់ដោយសារអ្នកជំងឺមានជំងឺធ្ងន់ធ្ងរផ្សេងទៀតតែប៉ុណ្ណោះ។

    ឱសថUrsodeoxycholic acid ផ្ដល់អត្ថប្រយោជន៍នៅក្នុងការបង្ការការកកើតនៃក្រួសចំពោះអ្នកជំងឺលើសទម្ងន់ដែលថយចុះទម្ងន់ភ្លាមៗដោយសារបានទទួលការវះកាត់បញ្ចុះទម្ងន់ ឬ ចំពោះអ្នកជំងឺលើសទម្ងន់ដែលកំពុងបរិភោគអាហារមានកាឡូរីទាបខ្លាំង។

    ជំងឺក្រួសក្នុងប្រមាត់ដែលកើតឡើងនៅក្នុងបំពង់ទឹកប្រមាត់

    ក្រួសដែលកើតឡើងនៅក្នុងបំពង់ទឹកប្រមាត់ អាចយកចេញបាននៅក្នុងពេលកំពុងអនុវត្តការពិនិត្យដោយERCP។ នៅក្នុងបច្ចេកទេសEndoscopic sphincterotomy គេធ្វើការស៊កសម្ភារៈតាមឧបករណ៍អង់ដូស្កុប ដើម្បីរះបើកសាច់ដុំSphincter of Oddi(សាច់ដុំដែលស្ថិតនៅផ្លូវចូលពោះវៀនតូច)។ ករណីខ្លះ គេធ្វើការវះដើម្បីពង្រីកនៅផ្នែកខាងចុងនៃបំពង់ទឹកប្រមាត់ផងដែរ។ ក្រោយការវះ ប្រសិនបើក្រួសមិនធ្លាក់ចូលពោះវៀនតូចដោយឯកឯងទេនោះ គេនឹងស៊កបញ្ចូលសរសៃលួស(Catheter)ដែលមានឧបករណ៍តូចមួយនៅខាងចុងតាមរយៈឧបករណ៍អង់ដូស្កុប ដើម្បីចាប់យកក្រួសរួចទាញចេញពីបំពង់ទឹកប្រមាត់។ ប្រសិនបើក្រួសក្នុងប្រមាត់កើតឡើងម្ដងទៀតនៅពេលអនាគត ដើម្បីបង្កធ្វើអោយវាងាយស្រួលធ្លាក់ចូលក្នុងពោះវៀនតូច គេនឹងវះកាត់បើកដើម្បីពង្រីកផ្នែកខាងចុងនៃបំពង់ទឹកប្រមាត់អោយធំទូលាយបន្តិច។ វិធីនេះមិនអាចប្រើនៅក្នុងការកម្ចាត់ក្រួសដែលស្ថិតនៅក្នុងថង់ទឹកប្រមាត់បាននោះទេ។

    ការប្រើបច្ចេកទេសERCPនិងបច្ចេកទេសEndoscopic sphincterotomy រួមគ្នាផ្ដល់ជោគជ័យនៅក្នុងការព្យាបាលជំងឺនេះចំពោះអ្នកជំងឺប្រមាណ90%។ វិធីនេះមានសុវត្ថិភាពខ្ពស់ជាងការវះកាត់ដោយបើកពោះច្រើន។ ហានិភ័យនៃមរណភាពក្នុងពេលអនុវត្តបច្ចេកទេសនេះគឺតិចជាង1% ហើយលទ្ធភាពនៃការកើតមានបញ្ហាផ្សេងៗក្រោយការវះកាត់ភ្លាមៗមានយ៉ាងច្រើន7%ប៉ុណ្ណោះ។ បញ្ហាទាំងនោះរួមមាន អាការៈហូរឈាម ការរលាកលំពែង ការកើតមានប្រហោងនៅបំពង់ទឹកប្រមាត់ ការកើតជំងឺឆ្លងជាដើម។ ចំពោះអ្នកជំងឺមួយចំនួន បំពង់ទឹកប្រមាត់ដែលកើតមានការរលាកនឹងរួមតូចចង្អៀតជាងមុន ធ្វើអោយងាយកើតមានក្រួសបន្ថែមទៀត ហើយអាចធ្វើអោយងាយកើតមានការស្ទះនៅក្នុងបំពង់ទឹកប្រមាត់។

    អ្នកជំងឺជាងពាក់កណ្ដាលដែលបានទទួលបច្ចេកទេសERCPនិងបច្ចេកទេសEndoscopic sphincterotomy នឹងទទួលការវះកាត់យកថង់ទឹកប្រមាត់ចេញបន្ទាប់ពីនោះ (ជាទូទៅ តាមរយៈការវះកាត់ដោយបើកពោះ)។ នេះដោយសារតែប្រសិនបើនៅមានថង់ទឹកប្រមាត់ នោះក្រួសដែលកើតក្នុងថង់ទឹកប្រមាត់នឹងចូលទៅក្នុងបំពង់ទឹកប្រមាត់ ធ្វើអោយកើតមានការស្ទះជាញឹកញាប់។

    អានបន្ថែម