Fatty Liver (ជំងឺខ្លាញ់រុំថ្លើម)
-
- លក្ខណៈទូទៅ
- រោគសញ្ញា
- រោគវិនិច្ឆ័យ
- ការវិវត្តនៃជំងឺ
- ការព្យាបាល
-
លក្ខណៈទូទៅ
ជំងឺខ្លាញ់រុំថ្លើម (Fatty Liver) គឺជាស្ថានភាពដែលមានការប្រមូលផ្ដុំនៃសារធាតុខ្លាញ់ទ្រីគ្លីសេរីត (Triglyceride) នៅផ្នែកខាងក្នុងនៃកោសិកាថ្លើម។
・អ្នកដែលមានជំងឺខ្លាញ់រុំថ្លើម អាចកើតមានរោគសញ្ញាដូចជានឿយហត់ ឬ អារម្មណ៍មិនស្រួលតិចតួចនៅផ្នែកពោះ ប៉ុន្តែ គេមិនសង្កេតឃើញមានរោគសញ្ញាពិសេសក្រៅពីនេះនោះទេ។
・ដើម្បីធ្វើរោគវិនិច្ឆ័យឬដើម្បីស្វែងរកមូលហេតុជំងឺនិងទំហំនៃស្ថានភាពជំងឺ គេចាំបាច់ត្រូវធ្វើការវិភាគជាលិកាថ្លើម(Liver biopsy)។
・វេជ្ជបណ្ឌិតព្យាបាលជំងឺដោយផ្ដោតលើការគ្រប់គ្រងឬបំបាត់មូលហេតុនៃជំងឺដែលអាចរួមមានជំងឺបណ្ដាលមកពីទម្លាប់រស់នៅ(Metabolic syndrome)ឬការពិសាគ្រឿងស្រវឹងហួសកម្រិត។
មូលហេតុទូទៅច្រើនជាងគេដែលបង្កជាជំងឺខ្លាញ់រុំថ្លើម រួមមាន ការពិសាគ្រឿងស្រវឹងច្រើន ការលើសទម្ងន់ សារធាតុពុល ការប្រើប្រាស់ឱសថមួយចំនួន ជំងឺទាក់ទងនឹងមេតាបូលីសក្នុងរាងកាយលក្ខណៈតំណពូជ ស្ថានភាពខុសប្រក្រតីនៃមេតាបូលីសក្នុងរាងកាយដូចជាការថយចុះនៃប្រសិទ្ធិភាពមុខងារអរម៉ូនអាំងស៊ុយលីន(Insulin resistance) ការកើនឡើងនៃកម្រិតទ្រីគ្លីសេរីតក្នុងឈាម ។ល។
ករណីអ្នកជំងឺមានកត្តាលើសទម្ងន់ ការថយចុះនៃប្រសិទ្ធិភាពមុខងារអរម៉ូនអាំងស៊ុយលីន(Insulin resistance) និង ការកើនឡើងនៃកម្រិតទ្រីគ្លីសេរីតក្នុងឈាម ស្របពេលគ្នា គេសន្មតថាអ្នកជំងឺមានជំងឺបណ្ដាលមកពីទម្លាប់រស់នៅ(Metabolic syndrome)។ កត្តាទាំងនេះសុទ្ធសឹងជាមូលហេតុធ្វើអោយការសំយោគសារធាតុខ្លាញ់នៅក្នុងរាងកាយកើនឡើង និងដំណើការកម្ចាត់ឬបញ្ចេញចោលជាតិខ្លាញ់មានលក្ខណៈយឺតយ៉ាវជាងធម្មតា ជាលទ្ធផល សារធាតុខ្លាញ់ច្រើននឹងប្រមូលផ្ដុំនៅក្នុងកោសិកាថ្លើម។ សារធាតុខ្លាញ់ដែលផ្ដុំគ្នានៅក្នុងកោសិកាថ្លើមនឹងស្ថិតនៅបែបនេះរហូតតទៅ។ ដូច្នេះ មូលហេតុនៃជំងឺខ្លាញ់រុំថ្លើមមិនមែនដោយសារត្រឹមតែការបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើននោះទេ។
ករណីកម្រនោះគឺសារធាតុខ្លាញ់អាចប្រមូលផ្ដុំច្រើននៅក្នុងថ្លើមក្នុងអំឡុងពេលដំណាក់កាលពាក់កណ្ដាលចុងក្រោយនៃការមានផ្ទៃពោះរបស់ស្ត្រី។ ស្ថានភាពបែបនេះត្រូវបានគេហៅថា ជំងឺខ្លាញ់រុំថ្លើមដោយសារការមានផ្ទៃពោះ (Fatty liver of pregnancy ឬ Microvesicular steatosis) ដោយគេចាត់ទុកថាជាជំងឺដែលខុសប្លែកពីជំងឺខ្លាញ់រុំថ្លើមទូទៅ។
ជំងឺខ្លាញ់រុំថ្លើមអាចបង្កជាអាការៈរលាកថ្លើមឬក៏មិនបង្កជាអាការៈរលាកថ្លើមនោះទេ។ ករណីកើតមានការរលាកនៅក្នុងថ្លើម ជាលិកានៅទីនោះអាចប្រែជាក្រិន ដែលអាចវិវត្តទៅជាជំងឺក្រិនថ្លើម។
ជំងឺខ្លាញ់រុំថ្លើមដែលកើតឡើងដោយសារស្ថានភាពក្រៅពីការពិសាគ្រឿងស្រវឹងច្រើន ហៅថា ជំងឺខ្លាញ់រុំថ្លើមមិនបង្កដោយគ្រឿងស្រវឹង (Non-alcoholic fatty liver disease, NAFLD)។ ជំងឺNAFLD ច្រើនត្រូវបានរកឃើញចំពោះអ្នកជំងឺដែលមានកត្តានៃជំងឺបណ្ដាលមកពីទម្លាប់រស់នៅ(Metabolic syndrome)យ៉ាងហោចណាស់ចំនួន1ក្នុងចំណោមកត្តាដូចខាងក្រោម៖
・លើសទម្ងន់
・ការថយចុះនៃប្រសិទ្ធិភាពមុខងារអរម៉ូនអាំងស៊ុយលីន(Insulin resistance)
・ការកើនឡើងនៃកម្រិតទ្រីគ្លីសេរីតក្នុងឈាម។
ស្ថានភាពរលាកថ្លើមដែលបណ្ដាលមកពីជំងឺNAFLD ហៅថា Non-alcoholic steatohepatitis (NASH)។ ការរលាកបែបនោះអាចវិវត្តទៅជាស្ថានភាពក្រិនថ្លើម។
សង្ខេបនៃមូលហេតុទូទៅដែលបង្កជាជំងឺខ្លាញ់រុំថ្លើម
・ការពិសាគ្រឿងស្រវឹងច្រើនហួសកម្រិត
・ភាពខុសប្រក្រតីនៃមេតាបូលីសក្នុងរាងកាយ (ការលើសទម្ងន់ ការថយចុះនៃប្រសិទ្ធិភាពមុខងារអរម៉ូនអាំងស៊ុយលីន(Insulin resistance) ការកើនឡើងនៃកម្រិតទ្រីគ្លីសេរីតក្នុងឈាម)
・ការប្រើប្រាស់ឱសថមួយចំនួន (ឱសថប្រភេទស្តេរ៉ូអ៊ីត(Corticosteroid) ឱសថTamoxifen)
・ការមានផ្ទៃពោះ
・ការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីកប្រភេទមួយចំនួន។
អានបន្ថែម -
រោគសញ្ញា
ជាទូទៅ ជំងឺខ្លាញ់រុំថ្លើមមិនបង្កជារោគសញ្ញាគួរអោយកត់សម្គាល់អ្វីនោះទេ។ អ្នកជំងឺមួយចំនួន អាចមានរោគសញ្ញាដូចជា នឿយហត់ ឬ អារម្មណ៍មិនស្រួលនៅផ្នែកពោះ។ នៅក្នុងជំងឺនេះ សរីរាង្គថ្លើមច្រើនរីកធំជាងមុន ដែលវេជ្ជបណ្ឌិតអាចស្ទាបដឹងនៅពេលធ្វើការពិនិត្យរាងកាយរបស់អ្នកជំងឺ។
អានបន្ថែម -
រោគវិនិច្ឆ័យ
・ការពិនិត្យឈាម
・ការពិនិត្យរូបភាពវេជ្ជសាស្ត្រ ដូចជា ការពិនិត្យអេកូ ជាដើម
・ការវិភាគជាលិកាថ្លើម (Liver biopsy) (ពេលខ្លះ)
នៅពេលសង្ស័យថាជាជំងឺខ្លាញ់រុំថ្លើម វេជ្ជបណ្ឌិតនឹងសាកសួរអ្នកជំងឺទាក់ទងនឹងទម្លាប់នៃការពិសាគ្រឿងស្រវឹង។ ព័ត៌មាននេះមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើអ្នកជំងឺនៅតែបន្តការពិសាគ្រឿងស្រវឹងក្នុងកម្រិតច្រើនហួសហេតុ សរីរាង្គថ្លើមនឹងទទួលផលប៉ះពាល់ធ្ងន់ធ្ងរ។
អាការៈរលាកអាចវិវត្តទៅជាជំងឺក្រិនថ្លើម ដូច្នេះ ការពិនិត្យឈាមមានសារៈសំខាន់ណាស់ដើម្បីដឹងអំពីស្ថានភាពរបស់ថ្លើមទាក់ទងនឹងការរលាកជាដើម។ ការពិនិត្យបន្ថែមផ្សេងទៀតអាចរួមមាន ការពិនិត្យរកជំងឺរលាកថ្លើមដោយសារវីរុសជាដើម ដើម្បីជម្រុះនូវមូលហេតុផ្សេងទៀតដែលបង្កភាពខុសប្រក្រតីនៅសរីរាង្គថ្លើម។ ការពិនិត្យអេកូ ឬ ការពិនិត្យCT ឬ ការពិនិត្យMRI ជាដើម ទៅលើផ្នែកពោះអាចអោយគេពិនិត្យឃើញការផ្ទុកសារធាតុខ្លាញ់ច្រើនហួសហេតុនៅក្នុងសរីរាង្គថ្លើម ប៉ុន្តែ ការពិនិត្យទាំងនេះមិនអាចអោយគេវាយតម្លៃទៅលើវត្តមាននៃស្ថានភាពរលាកឬក្រិននៅសរីរាង្គថ្លើមបាននោះទេ។
រោគវិនិច្ឆ័យមានលក្ខណៈច្បាស់លាស់នៅពេលគេអនុវត្តការវិភាគជាលិកាថ្លើម (Liver biopsy)។ នៅក្នុងការពិនិត្យនេះ ដំបូងវេជ្ជបណ្ឌិតនឹងទប់ស្កាត់អាការៈឈឺចាប់ដោយប្រើថ្នាំស្ពឹក មុននឹងស៊កម្ជុលវែងដែលមានប្រហោងខាងក្នុងចូលតាមស្បែករហូតដល់សរីរាង្គថ្លើម ដើម្បីទាញយកបំណែកជាលិកាថ្លើមបន្តិចមកពិនិត្យក្រោមមីក្រូទស្សន៍។ ការវិភាគជាលិកាថ្លើមបែបនេះមានប្រយោជន៍អាចអោយគេវាយតម្លៃថាជាជំងឺខ្លាញ់រុំថ្លើមឬមិនមែន ហើយអាចដឹងថាជាមូលហេតុបណ្ដាលមកពីគ្រឿងស្រវឹងឬមូលហេតុផ្សេងទៀត និង អាចវាយតម្លៃលើកម្រិតធ្ងន់ធ្ងរនៃការខូចខាតនៅក្នុងថ្លើម។
អានបន្ថែម -
ការវិវត្តនៃជំងឺ
សារធាតុខ្លាញ់ដែលលើសច្រើននៅក្នុងថ្លើមមិនមែនសុទ្ធតែជាបញ្ហាធ្ងន់ធ្ងរនោះទេ។ ឧទាហរណ៍ ប្រសិនបើការពិសាគ្រឿងស្រវឹងជាមូលហេតុនៃជំងឺនេះ សារធាតុខ្លាញ់ទាំងនោះនឹងបាត់ទៅវិញ ក្រោយពេលដែលអ្នកជំងឺឈប់ប្រើប្រាស់គ្រឿងស្រវឹងរយៈពេល6សប្ដាហ៍។ ប៉ុន្តែ គេមិនស្វែងរកមូលហេតុច្បាស់លាស់ ហើយមិនគ្រប់គ្រងកម្រិតនៃសារធាតុខ្លាញ់ដែលចេះតែកើនច្រើនឡើងៗនៅក្នុងថ្លើម នោះជំងឺនេះនឹងវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរ។ ឧទាហរណ៍ ករណីអ្នកដែលមានជំងឺខ្លាញ់រុំថ្លើមនៅតែបន្តការពិសាគ្រឿងស្រវឹងក្នុងកម្រិតច្រើនឬប្រើប្រាស់ឱសថដែលមានផលរំខានជាខ្លាញ់រុំថ្លើម នោះការខូចខាតទៅលើថ្លើមនឹងកើតឡើងម្ដងហើយម្ដងទៀត រហូតដល់វិវត្តទៅជាជំងឺក្រិនថ្លើម។
ជំងឺខ្លាញ់រុំថ្លើមដោយសារការមានផ្ទៃពោះអាចវិវត្តទៅមុខ ដោយផ្ដល់ជាលទ្ធផលមិនល្អប្រសើរនោះទេ។
អានបន្ថែម -
ការព្យាបាល
・ការគ្រប់គ្រងឬបំបាត់មូលហេតុដែលបង្កជាជំងឺខ្លាញ់រុំថ្លើម
ការព្យាបាលជំងឺខ្លាញ់រុំថ្លើមផ្ដោតលើការគ្រប់គ្រងលើមូលហេតុដែលបង្កអោយមានជំងឺនេះ ឬ ត្រូវព្យាយាមបំបាត់មូលហេតុទាំងនោះតែម្ដង។ ឧទាហរណ៍ អ្នកជំងឺគួរអនុវត្តនូវចំណុចដូចខាងក្រោម៖
+ ឈប់ប្រើប្រាស់ឱសថដែលអាចផ្ដល់ផលរំខានជាខ្លាញ់រុំថ្លើម
+ បញ្ចុះទម្ងន់
+ គ្រប់គ្រងជំងឺទឹកនោមផ្អែម និង អនុវត្តវិធីធ្វើអោយកម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីតក្នុងឈាមថយចុះ
+ ឈប់ពិសាគ្រឿងស្រវឹង
ការប្រើប្រាស់ឱសថវិតាមីនEឬឱសថព្យាបាលជំងឺទឹកនោមផ្អែមប្រភេទThiazolidinediones (ឱសថRosiglitazoneឬឱសថPioglitazone ជាដើម) អាចមានប្រសិទ្ធិភាពមួយកម្រិតនៅក្នុងការព្យាបាលជំងឺខ្លាញ់រុំថ្លើមដែលមិនមែនបណ្ដាលមកពីការពិសាគ្រឿងស្រវឹង។
អានបន្ថែម