Dyslipidemia (ជំងឺលើសជាតិខ្លាញ់ក្នុងឈាម)

  • លក្ខណៈទូទៅ
  • មូលហេតុ
  • រោគសញ្ញា
  • រោគវិនិច្ឆ័យ
  • ការព្យាបាល
 • លក្ខណៈទូទៅ

  ជំងឺលើសជាតិខ្លាញ់ក្នុងឈាម (Dyslipidemia) ជាស្ថានភាពដែលកំហាប់ក្នុងឈាមនៃសារធាតុខ្លាញ់ (កូឡេស្តេរ៉ូល ទ្រីគ្លីសេរីត ឬ ទាំងពីរប្រភេទ)មានកម្រិតខុសប្រក្រតី។ សារធាតុខ្លាញ់ទាំងនេះស្ថិតនៅក្នុងឈាមដែលភ្ជាប់ទៅនឹងសារធាតុលីប៉ូប្រូតេអ៊ីន (Lipoprotein)។ ជំងឺលើសជាតិខ្លាញ់ក្នុងឈាមអាចបង្ហាញកម្រិតខុសប្រក្រតីមួយចំនួន ដូចជា កម្រិតកូឡេស្តេរ៉ូលសរុបកើនឡើងខ្ពស់ កម្រិតLDLកើនឡើងខ្ពស់ កម្រិតទ្រីគ្លីសេរីតកើនឡើងខ្ពស់ ឬ កម្រិតHDLធ្លាក់ចុះទាបខុសប្រក្រតី។

  ・ជំងឺនេះទទួលឥទ្ធិពលពីទម្លាប់រស់នៅ សែន(gene) ជំងឺ ឱសថ ឬ បន្សំនៃកត្តាទាំងនេះរួមគ្នា

  ・ជំងឺនេះនឹងបង្កជាស្ថានភាពឡើងរឹងនៃសរសៃឈាមអាកទែ (Arteriosclerosis) ដែលអាចជាមូលហេតុបង្កអោយមានជំងឺត្បៀតសរសៃឈាមបេះដូង(Angina pectoris) អាការៈគាំងបេះដូង(Heart attack) ជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល(Stroke) ជំងឺទាក់ទងនឹងសរសៃអាកទែតូចៗ ។ល។

  ・ដើម្បីតាមដានជំងឺនេះ គេធ្វើការវាស់កំហាប់ក្នុងឈាមនៃជាតិខ្លាញ់ទ្រីគ្លីសេរីត(Triglyceride)និងជាតិខ្លាញ់កូឡេស្តេរ៉ូលគ្រប់ទម្រង់

  ・ការហាត់ប្រាណ ការផ្លាស់ប្ដូររបបអាហារ និង ការប្រើប្រាស់ឱសថ មានប្រសិទ្ធិភាពសម្រាប់ការព្យាបាលជំងឺលើសជាតិខ្លាញ់ក្នុងឈាមនេះ។

  កម្រិតនៃសារធាតុលីប៉ូប្រូតេអ៊ីន(Lipoprotein)និងខ្លាញ់ ជាពិសេសកូឡេស្តេរ៉ូលទម្រង់LDL នឹងកើនឡើងបន្តិចម្ដងៗស្របទៅតាមអាយុ។ ជាធម្មតា កម្រិតនៃសារធាតុទាំងនេះមានលក្ខណៈខ្ពស់ក្នុងរាងកាយបុរសជាជាងស្ត្រី ប៉ុន្តែ សារធាតុទាំងនេះនឹងកើនឡើងក្រោយស្ត្រីអស់រដូវ។ នៅពេលដែលកម្រិតលីប៉ូប្រូតេអ៊ីន(បន្សំនៃប្រូតេអ៊ីននិងខ្លាញ់)កើនឡើងទៅតាមវ័យ មនុស្សអាចនឹងកើតមានជំងឺលើសជាតិខ្លាញ់ក្នុងឈាម។

  នៅពេលដែលកម្រិតកូឡេស្តេរ៉ូលសរុបកើនឡើង ទោះជាវាមិនដល់កម្រិតដែលគេសន្មតថាជាជំងឺលើសជាតិខ្លាញ់ក្នុងឈាមក៏ដោយ ក៏វាជាកត្តាដែលបង្កើនហានិភ័យនៃការកើតមានជំងឺរឹងសរសៃឈាមអាកទែ(Arteriosclerosis)។ ជំងឺរឹងសរសៃឈាមអាកទែ(Arteriosclerosis) គឺជាស្ថានភាពដែលប៉ះពាល់ដល់ សរសៃអាកទែដែលផ្គត់ផ្គង់ឈាមទៅបេះដូង សរសៃអាកទែដែលផ្គត់ផ្គង់ឈាមទៅខួរក្បាល និង សរសៃអាកទែដែលផ្គត់ផ្គង់ឈាមទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ ដែលនីមួយៗជាមូលហេតុនៃការកើតមានជំងឺទាក់ទងនឹងសរសៃអាកទែបេះដូង ជំងឺទាក់ទងនឹងសរសៃឈាមខួរក្បាល និង ជំងឺទាក់ទងនឹងសរសៃអាកទែតូចៗ។ ដូច្នេះ កាលបើកម្រិតកូឡេស្តេរ៉ូលសរុបកើនឡើងខ្ពស់ នោះហានិភ័យនៃការកើតមានអាការៈគាំងបេះដូងនិងអាការៈស្ទះឬដាច់សរសៃឈាមបេះដូងក៏កើនឡើងផងដែរ។ ជាទូទៅ ការដែលមានកម្រិតកូឡេស្តេរ៉ូលសរុបទាប វាល្អជាងការដែលមានកម្រិតខ្ពស់។ ប៉ុន្តែ កម្រិតទាបពេកក៏មិនល្អចំពោះសុខភាពផងដែរ។

  មិនមានការកំណត់ដាច់ខាតរវាងកម្រិតប្រក្រតីនិងកម្រិតខុសប្រក្រតីនៃកូឡេស្តេរ៉ូលក្នុងឈាមនោះទេ ប៉ុន្តែ ចំពោះមនុស្សពេញវ័យ កម្រិតកូឡេស្តេរ៉ូលសរុបគួរស្ថិតនៅក្រោម 200mg/dL។ ម្យ៉ាងទៀត ការរក្សាអោយកម្រិតជាតិខ្លាញ់ក្នុងឈាមស្ថិតក្នុងកម្រិតទាបផ្ដល់អត្ថប្រយោជន៍សម្រាប់មនុស្សជាច្រើន។ នៅប្រទេសចិនឬជប៉ុនជាដើម កម្រិតកូឡេស្តេរ៉ូលជាមធ្យមគឺប្រមាណ150mg/dL ដោយប្រទេសទាំងនេះមានអត្រានៃការកើតជំងឺទាក់ទងនឹងសរសៃអាកទែបេះដូងទាបជាងប្រជាជននៃសហរដ្ឋអាមេរិច។ ប្រសិនបើកម្រិតកូឡេស្តេរ៉ូលសរុបកើនឡើងដល់ជិត300mg/dL ហានិភ័យនៃការកើតមានអាការៈគាំងបេះដូងកើនឡើងលើសពី2ដងទៅទៀត។

  កម្រិតកូឡេស្តេរ៉ូលសរុបគ្រាន់តែជាតួលេខសម្រាប់វាយតម្លៃត្រួសៗអំពីហានិភ័យនៃការកើតមានជំងឺរឹងសរសៃឈាមអាកទែ(Arteriosclerosis) ប៉ុន្តែ គេត្រូវពិនិត្យទៅលើតួលេខដែលលម្អិតជាងនេះ ជាពិសេសកម្រិតកូឡេស្តេរ៉ូលទម្រង់LDL និង ទម្រង់HDL គឺមានសារៈសំខាន់ជាង។ ប្រសិនបើកូឡេស្តេរ៉ូលទម្រង់LDL ឬ ហៅថាកូឡេស្តេរ៉ូលអាក្រក់ មានកម្រិតកើនឡើងខ្ពស់ នោះហានិភ័យនៃការកើតមានជំងឺរឹងសរសៃឈាមអាកទែ(Arteriosclerosis)ក៏ខ្ពស់ផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើកូឡេស្តេរ៉ូលទម្រង់HDL ឬហៅថាកូឡេស្តេរ៉ូលល្អ មានកម្រិតខ្ពស់ នោះហានិភ័យនឹងថយចុះវិញ។ ការកើនឡើងនៃកូឡេស្តេរ៉ូលទម្រង់HDLមិនមែនជាជំងឺនោះទេ។ ប្រសិនបើកូឡេស្តេរ៉ូលទម្រង់HDLមានកម្រិតទាប (ក្រោម40mg/dL) នោះហានិភ័យនៃការកើតមានជំងឺរឹងសរសៃឈាមអាកទែ(Arteriosclerosis)នឹងកើនឡើង។ កម្រិតកូឡេស្តេរ៉ូលទម្រង់LDL ដែលសមស្របនោះគឺក្រោម100mg/dL។

  គេមិនច្បាស់ថាការកើនឡើងនៃកម្រិតទ្រីគ្លីសេរីត(Triglyceride)ក្នុងឈាមអាចបង្កើនហានិភ័យនៃការកើតមានអាការៈគាំងបេះដូងនិងជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាលនោះទេ។ ប្រសិនបើកម្រិតទ្រីគ្លីសេរីត(Triglyceride)កើនឡើងដល់កម្រិតចាប់ពី150mg/dLឡើងទៅ គេចាត់ទុកថាខុសប្រក្រតី ប៉ុន្តែ មិនមែនមានន័យថាកម្រិតខ្ពស់បែបនេះជាកត្តាធ្វើអោយហានិភ័យនៃការកើតមានជំងឺបេះដូងឬខួរក្បាលកើនឡើងចំពោះមនុស្សគ្រប់គ្នានោះទេ។ អ្នកដែលមានកម្រិតទ្រីគ្លីសេរីតខ្ពស់ បូករួមទាំងល័ក្ខខ័ណ្ឌផ្សេងៗទៀតដូចជាកម្រិតកូឡេស្តេរ៉ូលទម្រង់HDLទាប មានជំងឺទឹកនោមផ្អែមឬជំងឺតម្រងនោម ឬ មានសមាជិកគ្រួសារច្រើនដែលមានជំងឺរឹងសរសៃឈាមអាកទែ(Arteriosclerosis) ជាដើម ទើបធ្វើអោយហានិភ័យនៃការកើតមានអាការៈគាំងបេះដូងនិងជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាលកើនឡើង។

  កម្រិតជាតិខ្លាញ់ក្នុងឈាមដែលសមស្របសម្រាប់មនុស្សពេញវ័យ

  ・កូឡេស្តេរ៉ូលសរុប (Total cholesterol) : ក្រោម 200mg/dL

  ・កូឡេស្តេរ៉ូលទម្រង់LDL (Low-density lipoprotein cholesterol) : ក្រោម 100mg/dL

  ・កូឡេស្តេរ៉ូលទម្រង់HDL (High-density lipoprotein cholesterol) : លើសពី 40mg/dL

  ・ ទ្រីគ្លីសេរីត(Triglyceride) : ក្រោម150mg/dL

  អានបន្ថែម
 • មូលហេតុ

  មូលហេតុនៃជំងឺលើសជាតិខ្លាញ់ក្នុងឈាមបែងចែកជា2ប្រភេទ ដូចខាងក្រោម៖

  ・កើតឡើងដោយសារតំណពូជ (Primary)

  ・កើតឡើងដោយសារទម្លាប់នៃការរស់នៅឬមូលហេតុផ្សេងទៀត (Secondary)

  ជំងឺលើសជាតិខ្លាញ់ក្នុងឈាមដែលកើតឡើងដោយសារតំណពូជ

  មូលហេតុនៃការកើតឡើងនូវជំងឺនេះគឺពាក់ព័ន្ធនឹងបម្រែបម្រួលខុសប្រក្រតីនៃសែនដែលមានតួនាទីនៅក្នុងដំណើរការកម្ចាត់សារធាតុខ្លាញ់ដូចជាកូឡេស្តេរ៉ូលទម្រង់LDLនិងទ្រីគ្លីសេរីត(Triglyceride)ជាដើម ឬក្នុងដំណើរការផលិតសារធាតុទាំងនេះ។ ក្នុងចំណោមនោះ បម្រែបម្រួលខុសប្រក្រតីនៃសែនក៏អាចធ្វើអោយការផលិតកូឡេស្តេរ៉ូលទម្រង់HDLមិនគ្រប់គ្រាន់ឬការកម្ចាត់សារធាតុនេះមានសកម្មភាពហួសហេតុពេកផងដែរ។

  នៅក្នុងរាងកាយរបស់អ្នកដែលមានជំងឺនេះ កម្រិតកូឡេស្តេរ៉ូលនិងកម្រិតទ្រីគ្លីសេរីតមានលក្ខណៈខ្ពស់ជាងគេ ដោយសារតែមុខងារដំណើរការប្រតិកម្មបំបែកនិងដំណើរការបញ្ចេញចោលនូវសារធាតុខ្លាញ់ទាំងនេះកើតមានឧបសគ្គ។ ក៏មានករណីដែលទំនោរនៃការមានកម្រិតកូឡេស្តេរ៉ូលទម្រង់HDLទាបខុសប្រក្រតីអាចកើតមានជាលក្ខណៈតំណពូជផងដែរ។ ជាលទ្ធផលនៃជំងឺនេះ អ្នកជំងឺនឹងកើតមានជំងឺរឹងសរសៃឈាមអាកទែ(Arteriosclerosis)យ៉ាងឆាប់រហ័ស ដែលអាចបង្កជាជំងឺត្បៀតសរសៃឈាមបេះដូង(Angina pectoris)ឬអាការៈគាំងបេះដូងជាដើម។ ម្យ៉ាងទៀត ការរឹងសរសៃឈាមអាកទែក៏អាចកើតឡើងនៅតាមសរសៃឈាមតូចៗផងដែរ ដោយធ្វើអោយលំហូរឈាមទៅកាន់ជើងថយចុះ ហើយអ្នកជំងឺទទួលអារម្មណ៍ឈឺចាប់នៅពេលដើរ។ ជំងឺនេះក៍អាចធ្វើអោយងាយកើតមានជំងឺស្ទះឬដាច់សរសៃឈាមក្នុងបេះដូង(Stroke)ផងដែរ។ នៅពេលដែលទ្រីគ្លីសេរីតកើនឡើងខ្ពស់ខ្លាំងក្នុងឈាម អ្នកជំងឺអាចកើតមានជំងឺរលាកក្រពេញលំពែង។

  ជាជំងឺដ៏កម្រដែលកើតឡើងដោយសារការខ្វះប្រូតេអ៊ីនដែលមានតួនាទីចាំបាច់នៅក្នុងការផ្លាស់ប្ដូរទីតាំងនៃសារធាតុមានទម្រង់មូលមួយចំនួនក្នុងរាងកាយរួមទាំងទ្រីគ្លីសេរីត។ នៅក្នុងជំងឺនេះ រាងកាយមិនអាចធ្វើការកម្ចាត់សមាសធាតុខាយឡូមីក្រុង(Chylomicron)ពីក្នុងចរន្តឈាម ធ្វើអោយកម្រិតទ្រីគ្លីសេរីតកើនឡើងខ្ពស់ខ្លាំងនៅក្នុងឈាម។ ប្រសិនបើគេមិនព្យាបាលជំងឺនេះទេ ការកើនឡើងនៃទ្រីគ្លីសេរីតនេះអាចឡើងខ្ពស់ខ្លាំងលើសពី1000mg/dL។ រោគសញ្ញានៃជំងឺនេះកើតឡើងចំពោះអ្នកជំងឺចាប់ពីវ័យកុមាររហូតដល់វ័យជំទង់ ដោយរួមមានរោគសញ្ញាដូចជា អាការៈឈឺពោះដែលកើតឡើងម្ដងហើយម្ដងទៀត ការហើមនៃសរីរាង្គថ្លើមនិងក្រពេញអណ្ដើក ដុំពកពណ៌លឿងលាយផ្កាឈូកដុះនៅតាមស្បែកនៃកែងដៃ ជង្គង់ គូទ ខ្នង ផ្នែកខាងមុខនៃជើង និងផ្នែកខាងក្រោយនៃដៃ។ ដុំនេះហៅថាEruptive xanthoma ដោយវាជាបណ្ដុំនៃសារធាតុខ្លាញ់។ នៅពេលអ្នកជំងឺនេះបរិភោគអាហារដែលមានជាតិខ្លាញ់ រោគសញ្ញានឹងរើឡើង។ ជំងឺនេះមិនបង្កជាជំងឺរឹងសរសៃឈាមអាកទែ(Arteriosclerosis)នោះទេ ប៉ុន្តែ វាអាចបង្កជាជំងឺរលាកក្រពេញលំពែង ហើយអាចធ្វើអោយអ្នកជំងឺបាត់បង់ជីវិត។ អ្នកដែលមានជំងឺនេះចាំបាច់ត្រូវចៀសវាងការបរិភោគសារធាតុខ្លាញ់គ្រប់ប្រភេទ ដែលរួមមាន អាស៊ីតខ្លាញ់ឆ្អែត(Saturated fatty acid) អាស៊ីតខ្លាញ់មិនឆ្អែត(Unsaturated fatty acid) និង អាស៊ីតខ្លាញ់ដែលមានសម្ព័ន្ធមិនឆ្អែតច្រើន(Polyunsaturated fatty acid) ។

  នៅក្នុងជំងឺនេះ គេសង្កេតឃើញថាកម្រិតកូឡេស្តេរ៉ូលសរុបកើនឡើងខ្ពស់។ នេះជាជំងឺធ្ងន់ធ្ងរ ដោយវាកើតឡើងក្នុងអត្រាមនុស្ស1នាក់ក្នុងចំណោមមនុស្ស250នាក់។ វាអាចមានករណីដែលអ្នកជំងឺទទួលសែនខុសប្រក្រតីចំនួន1 ឬ ទទួលសែនខុសប្រក្រតីពីឪពុកម្តាយម្នាក់មួយ សរុបទៅជា2។ អ្នកដែលបានទទួលសែនខុសប្រក្រតីចំនួន2(Homozygote)បង្ហាញរោគសញ្ញាធ្ងន់ធ្ងរជាងអ្នកដែលបានទទួលសែនខុសប្រក្រតីចំនួន1(Heterozygote)។ អ្នកជំងឺនេះនឹងកើតមានដុំខ្លាញ់(Xanthoma)នៅតាមកែងជើង ជង្គង់ កែងដៃ និង សាច់ដុំម្រាមដៃ។ ជាកម្រ អ្នកជំងឺអាចកើតមានរោគសញ្ញាទាំងនេះនៅមុនពេលមានអាយុ10ឆ្នាំ។ ជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជនឹងបង្កអោយមានជំងឺរឹងសរសៃឈាមអាកទែ(Arteriosclerosis)យ៉ាងឆាប់រហ័ស ដោយអាចធ្វើអោយអ្នកជំងឺបាត់បង់ជីវិតឆាប់រហ័សដោយសារជំងឺទាក់ទងនឹងសរសៃអាកទែបេះដូង។ កុមារដែលមានសែនខុសប្រក្រតីចំនួន2អាចនឹងកើតមានអាការៈគាំងបេះដូងឬអាការៈត្បៀតសរសៃឈាមបេះដូងនៅមុនអាយុ20ឆ្នាំ ហើយអ្នកជំងឺជាបុរសដែលមានសែនខុសប្រក្រតីចំនួន1អាចកើតមានជំងឺទាក់ទងនឹងសរសៃអាកទែបេះដូងក្នុងអាយុ30~50ឆ្នាំ។ ចំណែកឯស្ត្រីដែលមានសែនខុសប្រក្រតីចំនួន1ក៏មានហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះដែរ ប៉ុន្តែ អាការៈកើតមាននៅក្នុងអាយុយឺតជាងបុរសប្រហែល10ឆ្នាំ។ អ្នកជំងឺនេះដែលជាអ្នកជក់បារី ឬ មានជំងឺលើសសម្ពាធឈាមឬទឹកនោមផ្អែមបន្ថែមទៀត ឬ ជាមនុស្សធាត់លើសទម្ងន់ អាចនឹងងាយកើតជំងឺរឹងសរសៃឈាមអាកទែ(Arteriosclerosis)កាន់តែឆាប់រហ័ស។

  ការព្យាបាលចាប់ផ្ដើមពីការបន្តអនុវត្តរបបអាហារដែលកាត់បន្ថយបរិមាណអាស៊ីតខ្លាញ់ឆ្អែត (Saturated fatty acid) និងកូឡេស្តេរ៉ូល។ អ្នកជំងឺគួរសម្រកទម្ងន់ ផ្ដាច់ការជក់បារី បង្កើនការធ្វើលំហាត់ប្រាណ។ ជាទូទៅ អ្នកជំងឺចាំបាច់ត្រូវប្រើឱសថបញ្ចុះជាតិខ្លាញ់យ៉ាងហោចណាស់1ប្រភេទ។ មនុស្សមួយចំនួនត្រូវការការព្យាបាលដោយវិធីចម្រោះសារធាតុពីក្នុងឈាម(Apheresis)ដើម្បីកាត់បន្ថយកម្រិតLDL។ ប្រសិនបើគេអាចរកឃើញជំងឺនេះនិងចាប់ផ្ដើមការព្យាបាលឆាប់រហ័ស គេអាចកាត់បន្ថយហានិភ័យនៃការកើតមានអាការៈគាំងបេះដូងនិងជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាលបាន។

  នៅក្នុងជំងឺនេះ កម្រិតកូឡេស្តេរ៉ូលឬកម្រិតទ្រីគ្លីសេរីតឬទាំងពីរតែម្ដងនឹងកើនឡើងខ្ពស់នៅក្នុងឈាម។ ភាគរយនៃការកើតជំងឺនេះគឺប្រមាណ1~2%។ ជាទូទៅ នៅពេលមនុស្សមានអាយុលើសពី30ឆ្នាំ កម្រិតជាតិខ្លាញ់ក្នុងឈាមចាប់ផ្ដើមបង្ហាញលក្ខណៈខុសប្រក្រតី ប៉ុន្តែ នៅក្នុងជំងឺនេះ ភាពខុសប្រក្រតីនៃកម្រិតជាតិខ្លាញ់ក្នុងឈាមកើតឡើងយ៉ាងឆាប់រហ័ស ជាពិសេសវាងាយកើតចំពោះមនុស្សដែលធាត់លើសទម្ងន់ ឬ អ្នកដែលបរិភោគអាហារដែលសម្បូរជាតិខ្លាញ់ច្រើន ឬ អ្នកដែលមានជំងឺទាក់ទងនឹងទម្លាប់រស់នៅ(Metabolic syndrome)។

  ការព្យាបាលជំងឺនេះ រួមមាន ការធ្វើលំហាត់ប្រាណ សម្រកទម្ងន់(ករណីធាត់លើសទម្ងន់) កាត់បន្ថយការបរិភោគជាតិខ្លាញ់ ជាតិកូឡេស្តេរ៉ូលនិងជាតិស្ករ។ អ្នកដែលមានជំងឺនេះភាគច្រើនចាំបាច់ត្រូវប្រើប្រាស់ឱសថបញ្ចុះជាតិខ្លាញ់។

  នៅក្នុងជំងឺនេះ កម្រិតកូឡេស្តេរ៉ូលទម្រង់VLDL កម្រិតកូឡេស្តេរ៉ូលសរុប និង កម្រិតទ្រីគ្លីសេរីត នឹងកើនឡើងខ្ពស់។ ស្ថានភាពនេះកើតឡើងដោយសារសារធាតុVLDLដែលមានទម្រង់ខុសប្រក្រតីប្រមូលផ្ដុំច្រើននៅក្នុងឈាម។ គេសង្កេតឃើញមានវត្តមាននៃដុំខ្លាញ់ពណ៌លឿង(Xanthoma)នៅតាមស្បែកនៃកែងដៃ ជង្គង់ និង បាតដៃជាដើម។ នេះជាជំងឺដ៏កម្រមួយ ដោយវានឹងបង្កជាជំងឺរឹងសរសៃឈាមអាកទែ(Arteriosclerosis)យ៉ាងឆាប់រហ័សនិងធ្ងន់ធ្ងរ។ អ្នកជំងឺអាចនឹងកើតមានការស្ទះសរសៃឈាមអាកទែនៅបេះដូងឬសរសៃអាកទែតូចៗដោយសារបញ្ហារឹងសរសៃអាកទែនេះ មុនពេលអ្នកជំងឺឈានចូលដល់វ័យកណ្ដាល។

  ការព្យាបាលរួមមាន ការរក្សាទម្ងន់អោយបានសមស្រប និង កាត់បន្ថយការបរិភោគកូឡេស្តេរ៉ូល អាស៊ីតខ្លាញ់ឆ្អែតនិងកាបូអ៊ីដ្រាតនៅក្នុងអាហារ។ ជាទូទៅ អ្នកជំងឺនេះចាំបាច់ត្រូវប្រើប្រាស់ឱសថបញ្ចុះជាតិខ្លាញ់។ តាមរយៈការព្យាបាល កំហាប់ជាតិខ្លាញ់ក្នុងឈាមនឹងល្អប្រសើរឡើង ព្រមទាំងអាចពន្យារការវិវត្តនៃជំងឺរឹងសរសៃអាកទែ (Arteriosclerosis) ហើយដុំខ្លាញ់ដែលកើតនៅលើស្បែកក៏ប្រែជាតូចជាងមុនឬបាត់ទៅវិញអស់ក៏មាន។

  នៅក្នុងជំងឺនេះ កម្រិតទ្រីគ្លីសេរីតក្នុងឈាមនឹងកើនឡើងខ្ពស់។ ភាគរយនៃការកើតជំងឺនេះគឺប្រមាណ1%។ គ្រួសារដែលកើតមានជំងឺនេះ អាចជាគ្រួសារដែលងាយកើតជំងឺរឹងសរសៃអាកទែ (Arteriosclerosis)នៅវ័យក្មេងឬអាចជាគ្រួសារដែលមិនងាយកើតបញ្ហានេះឆាប់រហ័ស។ ប្រសិនបើអ្នកជំងឺព្យាយាមសម្រកទម្ងន់និងកាត់បន្ថយការពិសាគ្រឿងស្រវឹង ភាគច្រើនពួកគេអាចកាត់បន្ថយកម្រិតទ្រីគ្លីសេរីតក្នុងឈាមមកត្រឹមកម្រិតប្រក្រតីបាន។ ប្រសិនបើការអនុវត្តបែបនេះមិនមានប្រសិទ្ធិភាពទេនោះ អ្នកជំងឺត្រូវប្រើប្រាស់ឱសថបញ្ចុះជាតិខ្លាញ់។ ករណីអ្នកជំងឺមានជំងឺទឹកនោមផ្អែមទៀត ការគ្រប់គ្រងជាតិស្ករក្នុងឈាមគឺមានសារៈសំខាន់ខ្លាំងណាស់។

  អ្នកដែលមានកម្រិតទ្រីគ្លីសេរីតកើនឡើងខ្ពស់ក្នុងឈាមលក្ខណៈតំណពូជ (អាចជាជំងឺលើសជាតិខ្លាញ់ក្នុងឈាមច្រើនប្រភេទលក្ខណៈតំណពូជ (Familial combined hyperlipidemia) ឬ ជំងឺលើសទ្រីគ្លីសេរីតក្នុងឈាមលក្ខណៈតំណពូជ (Familial hypertriglyceridemia)ជាដើម) អាចកើតមានស្ថានភាពនេះដោយទទួលឥទ្ធិពលពីជំងឺឬសារធាតុមួយចំនួន។ បញ្ហានេះអាចកើតឡើងចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមិនទាន់គ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អឬអ្នកដែលមានបញ្ហាតម្រងនោម។ សារធាតុដែលអាចបង្កអោយកម្រិតទ្រីគ្លីសេរីតកើនឡើងខ្ពស់ក្នុងឈាមមានដូចជា គ្រឿងស្រវឹងក្នុងបរិមាណច្រើនឬឱសថដែលមានផលរំខានធ្វើអោយទ្រីគ្លីសេរីតកើនឡើងជាដើម។ រោគសញ្ញារួមមាន ដុំខ្លាញ់ដែលកើតឡើងនៅស្បែកនៃផ្នែកខាងមុខនៃជើងឬផ្នែកខាងក្រោយនៃដៃ(Eruptive xanthoma) អាការៈហើមក្រពេញអណ្ដើក(Spleen)និងថ្លើម ឈឺពោះ ញាណធ្លាក់ចុះដោយសារផលប៉ះពាល់ទៅលើសរសៃប្រសាទ។ល។ ជំងឺនេះអាចបង្កជាការរលាកលំពែងនិងពេលខ្លះអាចបណ្ដាលអោយអ្នកជំងឺបាត់បង់ជីវិត។ គេអាចបង្ការផលប៉ះពាល់ទៅលើសរសៃប្រសាទឬជំងឺរលាកលំពែងតាមរយៈការកំណត់បរិមាណបរិភោគជាតិខ្លាញ់ក្នុង1ថ្ងៃអោយស្ថិតនៅក្រោម50g។ ការសម្រកទម្ងន់និងការផ្ដាច់គ្រឿងស្រវឹងក៏មានប្រសិទ្ធិភាពផងដែរ។ ម្យ៉ាងទៀត ឱសថបញ្ចុះជាតិខ្លាញ់មានប្រសិទ្ធិភាពគ្រប់គ្រងស្ថានភាពជំងឺនេះ។

  នៅក្នុងជំងឺនេះ កម្រិតកូឡេស្តេរ៉ូលទម្រង់HDLនឹងធ្លាក់ចុះទាប។ ការដែលកម្រិតកូឡេស្តេរ៉ូលទម្រង់HDLចុះទាបបែបនេះអាចបណ្ដាលមកពីតំណពូជ ដោយគេសន្មតថា បម្រែបម្រួលនៃសែនប្រភេទផ្សេងៗទៅជាខុសប្រក្រតីអាចបង្កជាស្ថានភាពចុះទាបនៃកម្រិតកូឡេស្តេរ៉ូលទម្រង់HDLក្នុងឈាម។

  ជំងឺលើសជាតិខ្លាញ់ក្នុងឈាមដែលកើតឡើងដោយសារទម្លាប់នៃការរស់នៅឬមូលហេតុផ្សេងទៀត (Secondary)

  អ្នកដែលមានបញ្ហាលើសជាតិខ្លាញ់ក្នុងឈាមភាគច្រើនមានមូលហេតុនៃការកើតជំងឺនេះដូចខាងក្រោម៖

   ・រស់នៅជាមួយនឹងរបបអាហារដែលសម្បូរទៅដោយ អាស៊ីតខ្លាញ់ឆ្អែត(Saturated fatty acid) អាស៊ីតខ្លាញ់ទម្រង់Trans (Trans-fatty acid) និង កូឡេស្តេរ៉ូល

   ・មានជំងឺទឹកនោមផ្អែមឬជំងឺមួយចំនួនផ្សេងទៀត

  កើតឡើងចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមិនទាន់គ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អឬអ្នកដែលមានបញ្ហាតម្រងនោម។ សារធាតុដែលអាចបង្កអោយកម្រិតទ្រីគ្លីសេរីតកើនឡើងខ្ពស់ក្នុងឈាមមានដូចជា គ្រឿងស្រវឹងក្នុងបរិមាណច្រើនឬឱសថដែលមានផលរំខានធ្វើអោយទ្រីគ្លីសេរីតកើនឡើងជាដើម។ រោគសញ្ញារួមមាន ដុំខ្លាញ់ដែលកើតឡើងនៅស្បែកនៃផ្នែកខាងមុខនៃជើងឬផ្នែកខាងក្រោយនៃដៃ(Eruptive xanthoma) អាការៈហើមក្រពេញអណ្ដើក(Spleen)និងថ្លើម ឈឺពោះ ញាណធ្លាក់ចុះដោយសារផលប៉ះពាល់ទៅលើសរសៃប្រសាទ។ល។ ជំងឺនេះអាចបង្កជាការរលាកលំពែងនិងពេលខ្លះអាចបណ្ដាលអោយអ្នកជំងឺបាត់បង់ជីវិត។ គេអាចបង្ការផលប៉ះពាល់ទៅលើសរសៃប្រសាទឬជំងឺរលាកលំពែងតាមរយៈការកំណត់បរិមាណបរិភោគជាតិខ្លាញ់ក្នុង1ថ្ងៃអោយស្ថិតនៅក្រោម50g។ ការសម្រកទម្ងន់និងការផ្ដាច់គ្រឿងស្រវឹងក៏មានប្រសិទ្ធិភាពផងដែរ។ ម្យ៉ាងទៀត ឱសថបញ្ចុះជាតិខ្លាញ់មានប្រសិទ្ធិភាពគ្រប់គ្រងស្ថានភាពជំងឺនេះ។

  នៅក្នុងជំងឺនេះ កម្រិតកូឡេស្តេរ៉ូលទម្រង់HDLនឹងធ្លាក់ចុះទាប។ ការដែលកម្រិតកូឡេស្តេរ៉ូលទម្រង់HDLចុះទាបបែបនេះអាចបណ្ដាលមកពីតំណពូជ ដោយគេសន្មតថា បម្រែបម្រួលនៃសែនប្រភេទផ្សេងៗទៅជាខុសប្រក្រតីអាចបង្កជាស្ថានភាពចុះទាបនៃកម្រិតកូឡេស្តេរ៉ូលទម្រង់HDLក្នុងឈាម។

  ជំងឺលើសជាតិខ្លាញ់ក្នុងឈាមដែលកើតឡើងដោយសារទម្លាប់នៃការរស់នៅឬមូលហេតុផ្សេងទៀត (Secondary)

  អ្នកដែលមានបញ្ហាលើសជាតិខ្លាញ់ក្នុងឈាមភាគច្រើនមានមូលហេតុនៃការកើតជំងឺនេះដូចខាងក្រោម៖

   ・រស់នៅជាមួយនឹងរបបអាហារដែលសម្បូរទៅដោយ អាស៊ីតខ្លាញ់ឆ្អែត(Saturated fatty acid) អាស៊ីតខ្លាញ់ទម្រង់Trans (Trans-fatty acid) និង កូឡេស្តេរ៉ូល

   ・មានជំងឺទឹកនោមផ្អែមឬជំងឺមួយចំនួនផ្សេងទៀត

   ・ខ្វះការធ្វើលំហាត់ប្រាណ

   ・ពិសាគ្រឿងស្រវឹងហួសកម្រិត

   ・ប្រើប្រាស់ឱសថប្រភេទមួយចំនួន

  មនុស្សភាគច្រើនតែងតែទទួលឥទ្ធិពលពីរបបអាហារប្រចាំថ្ងៃ ប៉ុន្តែ ទំហំនៃឥទ្ធិពលនោះអាចមានលក្ខណៈខុសប្លែកគ្នា។ មានអ្នកដែលកម្រិតកូឡេស្តេរ៉ូលសរុបក្នុងឈាមស្ថិតនៅក្នុងកម្រិតប្រក្រតីទោះជាគេបរិភោគជាតិខ្លាញ់ពីសាច់សត្វច្រើនក៏ដោយ ហើយក៏មានអ្នកដែលកម្រិតកូឡេស្តេរ៉ូលសរុបក្នុងឈាមមិនថយចុះសោះទោះជាគេខំប្រឹងបន្តរបបអាហារដែលមានជាតិខ្លាញ់ទាបក៏ដោយ។ ភាពខុសគ្នានេះអាចបណ្ដាលមកពីតំណពូជ។ លក្ខណៈតំណពូជ អាចបង្កភាពខុសគ្នានៃដំណើរការសំយោគជាតិខ្លាញ់ ការប្រើប្រាស់និងល្បឿននៃការបញ្ចេញចោលជាតិខ្លាញ់ទាំងនោះ នៅក្នុងរាងកាយរបស់មនុស្សម្នាក់ៗ។ ម្យ៉ាងទៀត ទំហំរាងកាយរបស់មនុស្សម្នាក់មិនអាចបង្ហាញអំពីកម្រិតកូឡេស្តេរ៉ូលក្នុងឈាមរបស់មនុស្សម្នាក់នោះបានទេ ព្រោះអាចមានអ្នកដែលធាត់លើសទម្ងន់ប៉ុន្តែកម្រិតកូឡេស្តេរ៉ូលទាប ហើយក៏មានអ្នកដែលស្គមប៉ុន្តែកម្រិតកូឡេស្តេរ៉ូលខ្ពស់។ ការបរិភោគបរិមាណកាឡូរីច្រើននិងការពិសាគ្រឿងស្រវឹងហួសកម្រិតនឹងធ្វើអោយកម្រិតទ្រីគ្លីសេរីតក្នុងឈាមកើនឡើង។

  មានជំងឺមួយចំនួនដែលធ្វើអោយកម្រិតជាតិខ្លាញ់ក្នុងឈាមកើនឡើងខ្ពស់។ ឧទាហរណ៍ ជំងឺទឹកនោមផ្អែមដែលមិនទាន់គ្រប់គ្រងបានល្អនិងជំងឺតម្រងនោមរ៉ាំរ៉ៃ នឹងធ្វើអោយកម្រិតកូឡេស្តេរ៉ូលក្នុងឈាមសរុបនិងកម្រិតទ្រីគ្លីសេរីតកើនឡើងខ្ពស់។ ហើយជំងឺថ្លើមប្រភេទមួយចំនួន(ជាពិសេសជំងឺក្រិនថ្លើមទាក់ទងនឹងបញ្ហាទឹកប្រមាត់មិនមានមូលហេតុច្បាស់លាស់(Primary biliary cirrhosis))ឬជំងឺមុខងារក្រពេញទីរ៉ូអ៊ីតថយចុះជាដើមក៏បណ្ដាលអោយកម្រិតកូឡេស្តេរ៉ូលក្នុងឈាមសរុបកើនឡើងផងដែរ។

  ការប្រើប្រាស់ឱសថមួយចំនួន ដូចជា ឱសថប្រភេទអរម៉ូនស្ត្រីអេស្ត្រូជេន ឱសថពន្យារកំណើត ឱសថប្រភេទស្តេរ៉ូអ៊ីត ឱសថរេទីណ័យ(Retinoid) ឱសថបញ្ចុះទឹកនោមប្រភេទThiazide ឱសថCiclospolin ឱសថTacrolimus ឱសថប្រឆាំងវីរុសហ៊ីវ អាចផ្ដល់ផលរំខានធ្វើអោយកម្រិតកូឡេស្តេរ៉ូលនិងកម្រិតទ្រីគ្លីសេរីតក្នុងឈាមកើនឡើង។

  ការជក់បារី ការឆ្លងវីរុសហ៊ីវ ការមានជំងឺទឹកនោមផ្អែមដែលមិនទាន់គ្រប់គ្រងបានល្អ ការមានជំងឺតម្រងនោមដូចជាNephrotic syndromeជាដើម អាចជាកត្តាមូលហេតុធ្វើអោយកម្រិតកូឡេស្តេរ៉ូលទម្រង់HDLធ្លាក់ចុះ។ ក្រៅពីនេះ ការប្រើប្រាស់ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលបេតា(Beta blockers)និងឱសថប្រភេទAnabolic steroid ជាដើមក៏អាចបន្ថយកម្រិតកូឡេស្តេរ៉ូលទម្រង់HDLផងដែរ។

  អានបន្ថែម
 • រោគសញ្ញា

  ទោះជាកម្រិតជាតិខ្លាញ់ក្នុងឈាមកើនឡើងខ្ពស់ក៏ដោយ ជាធម្មតាគឺមិនបង្ហាញជារោគសញ្ញាអ្វីនោះទេ។ មានករណីកម្រខ្លះដែលកម្រិតជាតិខ្លាញ់ក្នុងឈាមកើនឡើងខ្ពស់ខ្លាំង ធ្វើអោយកើតមានដុំខ្លាញ់ពណ៌លឿង(Xanthoma)នៅលើស្បែក។ ករណីខ្លះមានការកើតឡើងនូវស្នាមរង្វង់ពណ៌សឬពណ៌ប្រផេះនៅផ្នែកខាងចុងនៃកញ្ចក់ភ្នែក។ នៅពេលដែលកម្រិតទ្រីគ្លីសេរីតកើនឡើងខ្ពស់ខ្លាំង សរីរាង្គថ្លើមឬក្រពេញអណ្ដើក(Spleen)នឹងរីក ហើយអ្នកជំងឺមានអារម្មណ៍ក្ដៅឬរំខាននៅដៃជើង ពិបាកដកដង្ហើម វង្វេងស្មារតី ម្យ៉ាងទៀត វាអាចបង្កជាជំងឺរលាកក្រពេញលំពែង។ ជំងឺរលាកក្រពេញលំពែងនឹងធ្វើអោយអ្នកជំងឺមានអាការៈឈឺពោះខ្លាំងក្លា ហើយអាចឈានដល់មរណភាព។

  អានបន្ថែម
 • រោគវិនិច្ឆ័យ

  ・ការពិនិត្យឈាមដើម្បីវាស់កម្រិតជាតិខ្លាញ់ក្នុងឈាម

  ពីឈាមដែលប្រើសម្រាប់ការពិនិត្យ គេនឹងវាស់កម្រិតកូឡេស្តេរ៉ូលសរុប កម្រិតកូឡេស្តេរ៉ូលទម្រង់LDL កម្រិតកូឡេស្តេរ៉ូលទម្រង់HDL កម្រិតទ្រីគ្លីសេរីត(Triglyceride)។ តួលេខទាំងនេះហៅសរុបថា Lipid profile។ ការបរិភោគអាហារឬភេសជ្ជៈអាចធ្វើអោយកម្រិតទ្រីគ្លីសេរីតកើនឡើងជាបណ្ដោះអាសន្ន ដូច្នេះ មុននឹងបូមឈាមយកទៅពិនិត្យ អ្នកជំងឺចាំបាច់ត្រូវផ្អាកការបរិភោគរយៈពេលយ៉ាងហោចណាស់12ម៉ោង។

  ករណីដែលគេរកឃើញថាកម្រិតជាតិខ្លាញ់ក្នុងឈាមកើនឡើងខ្ពស់ខ្លាំង គេនឹងអនុវត្តការពិនិត្យឈាមលក្ខណៈពិសេស ដើម្បីស្វែងរកជំងឺដែលជាប្រភពមូលហេតុ។ ជំងឺដែលអាចជាមូលហេតុនោះអាចជាជំងឺដែលបង្កភាពខុសប្រក្រតីនៃជាតិខ្លាញ់ក្នុងរាងកាយលក្ខណៈតំណពូជ ដោយជំងឺបែបនេះមានច្រើនប្រភេទ។

  មនុស្សពេញវ័យចាប់ពីអាយុ20ឆ្នាំទាំងអស់ត្រូវទទួលការពិនិត្យកម្រិតជាតិខ្លាញ់ក្នុងឈាមរៀងរាល់4~6ឆ្នាំម្ដង រហូតដល់អាយុវ័យ80ឆ្នាំ។ នៅក្នុងការពិនិត្យនោះ វេជ្ជបណ្ឌិតក៏សាកសួរផងដែរអំពីកត្តាហានិភ័យ ដូចជា សមាជិកគ្រួសារដែលមានជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែមឬជំងឺលើសជាតិខ្លាញ់ក្នុងឈាម និង វត្តមាននៃជំងឺទាក់ទងនឹងសរសៃឈាមបេះដូង។ល។

  វេជ្ជបណ្ឌិតផ្នែកកុមារណែនាំអោយកុមារដែលមានអាយុ9~11ឆ្នាំទាំងអស់គួរទទួលការពិនិត្យកម្រិតជាតិខ្លាញ់ក្នុងឈាម។ ប្រសិនបើនៅក្នុងគ្រួសារកុមារមានអ្នកដែលមាបញ្ហាលើសជាតិខ្លាញ់ឬអ្នកដែលកើតមានជំងឺទាក់ទងនឹងសរសៃអាកទែបេះដូងនៅវ័យក្មេង កុមារនោះគួរទទួលការពិនិត្យនៅអាយុ2ឆ្នាំផងដែរ។

  អានបន្ថែម
 • ការព្យាបាល

  ・សម្រកទម្ងន់

  ・ហាត់ប្រាណ

  ・របបអាហារដែលផ្ទុកអាស៊ីតខ្លាញ់ឆ្អែត (Saturated fatty acid) តិច

  ・ករណីភាគច្រើនត្រូវប្រើឱសថបញ្ចុះជាតិខ្លាញ់។

  វិធីព្យាបាលដែលល្អបំផុតគឺ សម្រកទម្ងន់ប្រសិនបើធាត់លើសទម្ងន់ ហើយអ្នកជក់បារីត្រូវផ្ដាច់បារី ហើយត្រូវកាត់បន្ថយការបរិភោគអាហារសម្បូរទៅដោយអាស៊ីតខ្លាញ់ឆ្អែតឬកូឡេស្តេរ៉ូល និង បង្កើនការធ្វើលំហាត់ប្រាណ។ ប្រសិនបើចាំបាច់ អ្នកជំងឺត្រូវប្រើឱសថបញ្ចុះជាតិខ្លាញ់។

  ការហាត់ប្រាណជាប្រចាំនឹងអាចបញ្ចុះកម្រិតទ្រីគ្លីសេរីតក្នុងឈាមនិងមានប្រសិទ្ធិភាពបង្កើនកម្រិតកូឡេស្តេរ៉ូលទម្រង់HDLក្នុងឈាម។ ឧទាហរណ៍ លំហាត់ប្រាណដោយដើរលឿនរយៈពេលចាប់ពី30នាទីឡើងទៅ 5ដងក្នុង1សប្ដាហ៍ អាចមានប្រសិទ្ធិភាពកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាមបានមួយកម្រិត។

  របបអាហារដែលផ្ទុកជាតិខ្លាញ់តិច

  អ្នកជំងឺអាចបញ្ចុះកម្រិតកូឡេស្តេរ៉ូលទម្រង់LDLបានដោយការបរិភោគអាហារដែលផ្ទុកអាស៊ីតខ្លាញ់ឆ្អែតនិងកូឡេស្តេរ៉ូលទាប។ អ្នកជំងឺគួរកំណត់បរិមាណកាឡូរីពីខ្លាញ់ត្រឹម25~35%ធៀបទៅនឹងកាឡូរីសរុបពីអាហារ។ ប៉ុន្តែ ចំពោះអ្នកដែលមានកម្រិតទ្រីគ្លីសេរីតខ្ពស់ ចាំបាច់ត្រូវចៀសវាងការបរិភោគជាតិស្ករច្រើន(ក្នុងអាហារឬភេសជ្ជៈ) អាហារធ្វើពីម្សៅមី ជាដើមផងដែរ។

  ការជ្រើសរើសប្រភេទនៃជាតិខ្លាញ់សម្រាប់បរិភោគមានសារៈសំខាន់ណាស់។ ជាតិខ្លាញ់ រួមមាន អាស៊ីតខ្លាញ់ឆ្អែត (Saturated fatty acid) អាស៊ីតខ្លាញ់ដែលមានសម្ព័ន្ធមិនឆ្អែតច្រើន(Polyunsaturated fatty acid) អាស៊ីតខ្លាញ់ដែលមានសម្ព័ន្ធមិនឆ្អែតតែមួយ(Monounsaturated fatty acid)។ អាស៊ីតខ្លាញ់ឆ្អែតមានសកម្មភាពបង្កើនកម្រិតកូឡេស្តេរ៉ូលក្នុងឈាមច្រើនជាងសារធាតុខ្លាញ់ផ្សេងទៀត ដូច្នេះ ចាំបាច់ត្រូវកំណត់ការបរិភោគអាស៊ីតខ្លាញ់ឆ្អែតត្រឹម7~10%ធៀបទៅនឹងកាឡូរីសរុបជារៀងរាល់ថ្ងៃ។ អាស៊ីតខ្លាញ់ដែលមានសម្ព័ន្ធមិនឆ្អែតច្រើន(Polyunsaturated fatty acid) ដែលរួមមានសារធាតុអូមេហ្កា3និងអូមេហ្កា6 មានប្រសិទ្ធិភាពកាត់បន្ថយកម្រិតទ្រីគ្លីសេរីតនិងកូឡេស្តេរ៉ូលទម្រង់LDLក្នុងឈាម។ នៅលើផ្លាកអាហារតែងតែមានបង្ហាញអំពីបរិមាណជាតិខ្លាញ់ដែលផ្ទុកនៅក្នុងអាហារនោះ។

  អាស៊ីតខ្លាញ់ឆ្អែតមានផ្ទុកច្រើននៅក្នុងសាច់សត្វ ផ្នែកលឿងនៃស៊ុត អាហារធ្វើពីទឹកដោះគោដែលមិនត្រូវបានចម្រាញ់ខ្លាញ់ គ្រាប់ធញ្ញជាតិមួយចំនួន(Macadamia nut ជាដើម) និង ដូង ។ល។ ប្រេងរុក្ខជាតិមានផ្ទុកអាស៊ីតខ្លាញ់ឆ្អែតតិចជាង ប៉ុន្តែ មានតែប្រេងរុក្ខជាតិប្រភេទមួយចំនួនប៉ុណ្ណោះដែលផ្ទុកអាស៊ីតខ្លាញ់ឆ្អែតតិចតួចបំផុត។

  ម៉ាហ្ការីន(Margarine)ដែលផលិតពីប្រេងរុក្ខជាតិដែលផ្ទុកអាស៊ីតខ្លាញ់ដែលមានសម្ព័ន្ធមិនឆ្អែតច្រើន(Polyunsaturated fatty acid) មានលក្ខណៈល្អសម្រាប់សុខភាពជាងប័រដែលមានផ្ទុកអាស៊ីតខ្លាញ់ឆ្អែតដល់ទៅប្រមាណ60%។ ប៉ុន្តែ ម៉ាហ្ការីនមួយចំនួននិងអាហារកែច្នៃមានផ្ទុកអាស៊ីតខ្លាញ់ទម្រង់Trans ដែលមានសកម្មភាពបង្កើនកម្រិតកូឡេស្តេរ៉ូលទម្រង់LDL និង កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលទម្រង់HDL។ ម៉ាហ្ការីនដែលផលិតពីប្រេងរាវ(ប្រភេទច្រកក្នុងទីបឬកំប៉ុង)មានផ្ទុកអាស៊ីតខ្លាញ់ឆ្អែតតិចជាប័រ មិនមានផ្ទុកកូឡេស្តេរ៉ូល ហើយបរិមាណអាស៊ីតខ្លាញ់ទម្រង់Transក៏មានតិចជាងម៉ាហ្ការីនដែលខ្ចប់ជារាងទ្រវែង(Stick type)។ ម្យ៉ាងទៀត ម៉ាហ្ការីនឬអាហារផ្សេងទៀតដែលផ្ទុកសារធាតុស្តាណូលឬស្តេរ៉ូលពីរុក្ខជាតិ(Plant stanol/Plant sterol) មានប្រសិទ្ធិភាពកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលសរុបនិងកម្រិតកូឡេស្តេរ៉ូលទម្រង់LDLក្នុងឈាម។

  ផ្លែឈើ បន្លែ និង ធញ្ញជាតិមិនទាន់ជម្រុះសំបក ផ្ទុកជាតិខ្លាញ់តិចនិងមិនមានផ្ទុកជាតិកូឡេស្តេរ៉ូលនោះទេ ដូច្នេះ អ្នកជំងឺគួរបរិភោគប្រភេទអាហារទាំងនេះអោយបានច្រើន។ ម្យ៉ាងទៀត អ្នកជំងឺក៏គួរបរិភោគអាហារដែលសម្បូរទៅដោយជាតិសរសៃប្រភេទរលាយក្នុងទឹកច្រើនដែលមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងជាតិខ្លាញ់ក្នុងពោះវៀនដើម្បីជួបញ្ចុះកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ។ អាហារទាំងនោះមានដូចជា អូតប្រាន(Oat bran) អូតមីល(Oatmeal) ប្រភេទសណ្ដែក ម្សៅRice bran ស្រូវបាលី(Barley) ផ្លែឈើប្រភេទក្រូច ផ្លែស្ត្របេរី ផ្លែប៉ោម ។ល។

  ឱសថបញ្ចុះជាតិខ្លាញ់

  ការសម្រេចថាអ្នកជំងឺត្រូវប្រើឱសថបញ្ចុះជាតិខ្លាញ់គឺមិនអាស្រ័យតែទៅលើកម្រិតជាតិខ្លាញ់ក្នុងឈាមប៉ុណ្ណោះទេ ប៉ុន្តែ វាអាស្រ័យទៅលើថាតើអ្នកជំងឺកំពុងមានជំងឺទាក់ទងនឹងសរសៃអាកទែបេះដូងឬជំងឺទឹកនោមផ្អែមដែរឬទេ ហើយថាតើអ្នកជំងឺមានកត្តាហានិភ័យនៃការកើតជំងឺទាក់ទងនឹងសរសៃអាកទែបេះដូងផ្សេងទៀតដែរឬទេ។ ចំពោះអ្នកដែលមានជំងឺទាក់ទងនឹងសរសៃអាកទែបេះដូងឬជំងឺទឹកនោមផ្អែម ការប្រើប្រាស់ឱសថបញ្ចុះជាតិខ្លាញ់ប្រភេទស្តាទីន(Statin)អាចកាត់បន្ថយហានិភ័យនៃការកើតមានអាការៈគាំងបេះដូងនិងជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល។ ចំពោះអ្នកដែលមានកម្រិតកូឡេស្តេរ៉ូលក្នុងឈាមខ្ពស់ខ្លាំង និង អ្នកដែលមានហានិភ័យខ្ពស់នៃការកើតមានអាការៈគាំងបេះដូងនិងជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាលដោយសារហេតុផលផ្សេងទៀត ក៏ទទួលបានប្រសិទ្ធិភាពពីការប្រើប្រាស់ឱសថបញ្ចុះជាតិខ្លាញ់ផងដែរ។

  ឱសថបញ្ចុះជាតិខ្លាញ់រួមមានច្រើនប្រភេទដូចខាងក្រោម៖

   ・ ឱសថប្រភេទភ្ជាប់ទៅនឹងអាស៊ីតនៃទឹកប្រមាត់(Bile acid)

   ・ ឱសថប្រភេទហ្វីប្រាត (Fibrate)

   ・ ឱសថNiacin (វីតាមីនB3)

   ・ ឱសថប្រភេទទប់ស្កាត់ការស្រូបកូឡេស្តេរ៉ូល

   ・ ឱសថប្រភេទអាស៊ីតខ្លាញ់អូមេហ្កា3 (Omega3)

   ・ ឱសថប្រភេទស្តាទីន (Statin)

  ឱសថប្រភេទនីមួយៗមានសកម្មភាពបញ្ចុះកម្រិតជាតិខ្លាញ់ក្នុងឈាមប្លែកៗពីគ្នា។ ដូច្នេះ ឱសថទាំងនេះក៏ផ្ដល់ផលរំខានខុសគ្នា ហើយទំហំឥទ្ធិពលទៅលើកម្រិតជាតិខ្លាញ់ក្នុងឈាមក៏មានលក្ខណៈមិនដូចគ្នាដែរ។ ទោះជាអ្នកជំងឺត្រូវពឹងផ្អែកទៅលើឱសថក្នុងការព្យាបាលក៏ដោយ ក៏ពួកគេគួរបន្តអនុវត្តរបបអាហារដែលផ្ទុកអាស៊ីតខ្លាញ់ឆ្អែតតិចជាប្រចាំថ្ងៃផងដែរ។

  ឱសថបញ្ចុះជាតិខ្លាញ់មិនត្រឹមតែអាចបន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាមប៉ុណ្ណោះទេ វាថែមទាំងមានប្រសិទ្ធិភាពបង្ការការកើតឡើងនៃជំងឺទាក់ទងនឹងសរសៃអាកទែបេះដូងទៀតផង។ គេបានរកឃើញថាឱសថប្រភេទស្តាទីន (Statin) មានប្រសិទ្ធិភាពអាចកាត់បន្ថយហានិភ័យនៃការឆាប់ទទួលមរណភាពរបស់អ្នកជំងឺបាន។

  ការព្យាបាលអ្នកជំងឺជាកុមារអាចជួបផលលំបាកខ្លះ។ ការស្រាវជ្រាវបានបង្ហាញថាទោះជាអ្នកជំងឺអាចព្យាបាលជំងឺលើសជាតិខ្លាញ់ក្នុងឈាមជាសះស្បើយក្នុងវ័យកុមារក៏ដោយ ក៏មិនមែនមានន័យថាអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូងនៅពេលពេញវ័យនោះដែរ។ ចំពោះកុមារដែលមានកម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់ ហើយការកែប្រែរបបអាហារមិនមានប្រសិទ្ធិភាព ជាពិសេសកុមារដែលមានជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ ពួកគេអាចចាប់ផ្ដើមប្រើប្រាស់ឱសថបញ្ចុះជាតិខ្លាញ់។

  ការតាមដានប្រសិទ្ធិភាពនៃការព្យាបាល

  ជាទូទៅ វេជ្ជបណ្ឌិតនឹងអនុវត្តការពិនិត្យឈាមនៅ2~3ខែក្រោយពេលចាប់ផ្ដើមការព្យាបាលជំងឺនេះ ដើម្បីវាយតម្លៃថាតើកម្រិតជាតិខ្លាញ់ក្នុងឈាមបានថយចុះដែរឬទេ។ ប្រសិនបើកម្រិតជាតិខ្លាញ់មិនថយចុះគ្រប់គ្រាន់ទេនោះ វេជ្ជបណ្ឌិតនឹងបន្តអនុវត្តការពិនិត្យឈាមបែបនេះ1~2ដងក្នុង1ឆ្នាំ។ មិនមានកម្រិតជាគោលដៅច្បាស់លាស់សម្រាប់ការបញ្ចុះកម្រិតជាតិខ្លាញ់ក្នុងឈាមនោះទេ ប៉ុន្តែ ជាទូទៅ វេជ្ជបណ្ឌិតនឹងព្យាយាមកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាមប្រមាណ30~50%។

  ឱសថបញ្ចុះជាតិខ្លាញ់មួយចំនួនអាចនឹងបង្កផលប៉ះពាល់ដល់សាច់ដុំនិងសរីរាង្គថ្លើម ដូច្នេះ ជាទូទៅ មុននឹងចាប់ផ្ដើមព្យាបាលដោយប្រើឱសថ អ្នកជំងឺគួរទទួលការពិនិត្យឈាម ដើម្បីដឹងអំពីការកើតឡើងនៃផលរំខាន ដោយប្រៀបធៀបលទ្ធផលពិនិត្យក្នុងពេលព្យាបាលជាមួយនឹងលទ្ធផលពិនិត្យដំបូងនោះ។

  អានបន្ថែម