Cystitis (ជំងឺរលាកប្លោកនោម)

  • លក្ខណៈទូទៅ
  • មូលហេតុ
  • រោគសញ្ញា
  • រោគវិនិច្ឆ័យ
  • ការព្យាបាល
  • ការបង្ការ
 • លក្ខណៈទូទៅ

  ជំងឺរលាកប្លោកនោម(Cystitis) ជាស្ថានភាពនៃការកើតជំងឺឆ្លងមេរោគនៅក្នុងប្លោកនោម។

  ・ជាទូទៅ ភ្នាក់ងារបង្កជំងឺរលាកប្លោកនោមគឺបាក់តេរី។

  ・រោគសញ្ញាដែលកើតឡើងញឹកញាប់ជាងគេ គឺ នោមញឹក និង អាការៈឈឺចាប់ឬក្រហាយនៅពេលនោម។

  ・រោគវិនិច្ឆ័យផ្អែកលើការពិនិត្យទៅលើរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ ការពិនិត្យទឹកនោមក៏ត្រូវបានអនុវត្តផងដែរ។

  ・ការព្យាបាលត្រូវការឱសថសម្រាប់ការព្យាបាលជំងឺឆ្លងបាក់តេរីដែលជាដើមហេតុនិងអាចត្រូវការឱសថសម្រាប់ការព្យាបាលរោគសញ្ញា។

  អានបន្ថែម
 • មូលហេតុ

  មូលហេតុនៃជំងឺរលាកប្លោកនោមដែលកើតមានចំពោះស្ត្រី

  ជំងឺរលាកប្លោកនោមច្រើនកើតចំពោះស្ត្រី ជាពិសេសស្ត្រីដែលស្ថិតក្នុងវ័យអាចមានផ្ទៃពោះ។ ស្ត្រីមួយចំនួនងាយនឹងកើតជំងឺរលាកប្លោកនោមម្ដងហើយម្ដងទៀត។ ហេតុផលដែលធ្វើអោយជំងឺនេះច្រើនកើតចំពោះស្ត្រីគឺ បង្ហួរនោម(Urethra)របស់ស្ត្រីមានប្រវែងខ្លី ហើយចម្ងាយរវាងបង្ហូរនោមនិងទ្វារធំឬទ្វារមាសដែលសម្បូរដោយបាក់តេរីមានលក្ខណៈខ្លី ។ល។ ម្យ៉ាងទៀត ការរួមភេទក៏អាចជាមូលហេតុមួយនៃការកើតជំងឺរលាកប្លោកនោមផងដែរ ដោយសារបាក់តេរីអាចចូលទៅដល់បង្ហួរនោមរបស់ស្ត្រី និង ងាយឆ្លងចូលទៅក្នុងប្លោកនោម។ នៅពេលមានផ្ទៃពោះ ស្ត្រីមានការលំបាកនៅក្នុងការបញ្ចេញទឹកនោមអស់ពីប្លោកនោម ដូច្នេះ ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីងាយនឹងកើតជំងឺរលាកប្លោកនោមណាស់។

  ស្ត្រីដែលប្រើឧបករណ៍Pessaryសម្រាប់ការពន្យារកំណើតមានហានិភ័យខ្ពស់ក្នុងការកើតជំងឺរលាកប្លោកនោម នេះដោយសារឥទ្ធិពលនៃឱសថសម្លាប់មេជីវិតឈ្មោល(Spermicide)ដែលប្រើជាមួយឧបករណ៍នោះ ធ្វើអោយបាក់តេរីដែលស្ថិតនៅធម្មតាក្នុងទ្វារមាសស្ត្រីថយចុះ ហើយបាក់តេរីដែលជាមូលហេតុបង្កជំងឺរលាកប្លោកនោមកើនឡើង។ ការរួមភេទជាមួយបុរសដែលប្រើស្រោមអនាម័យដែលមានលាបឱសថសម្លាប់មេជីវិតឈ្មោល(Spermicide)ក៏បង្កើនហានិភ័យនៃការកើតជំងឺរលាកប្លោកនោមចំពោះស្ត្រីផងដែរ។

  នៅក្រោយពេលអស់រដូវ ការបញ្ចេញអរម៉ូនអេស្ត្រូជេននឹងថយចុះ ធ្វើអោយជាលិកានៃទ្វារមាសដែលនៅជុំវិញបង្ហួរនោមនឹងប្រែជាស្ដើង ហើយស្ត្រីអាចនឹងងាយកើតជំងឺរលាកប្លោកនោមម្ដងហើយម្ដងទៀត។ ម្យ៉ាងទៀត ស្ថានភាពស្បូនធ្លាក់ឬប្លោកនោមយារធ្លាក់ ធ្វើអោយស្ត្រីពិបាកបញ្ចេញទឹកនោមអស់ពីប្លោកនោម ហើយជំងឺរលាកប្លោកនោមក៏កើតមានឡើង។ ស្ថានភាពស្បូនធ្លាក់ឬប្លោកនោមយារធ្លាក់បែបនេះច្រើនកើតចំពោះស្ត្រីដែលសម្រាលកូនច្រើនដង។

  ករណីកម្រនៃការកើតជំងឺរលាកប្លោកនោមម្ដងហើយម្ដងទៀតគឺនៅពេលដែលកើតមានផ្លូវឆ្លងកាត់ខុសប្រក្រតីរវាងប្លោកនោមនិងទ្វារមាសរបស់ស្ត្រី (Vesicovaginal fistula)។

  មូលហេតុនៃជំងឺរលាកប្លោកនោមដែលកើតមានចំពោះបុរស

  ជំងឺរលាកប្លោកនោមមិនសូវកើតឡើងចំពោះបុរសដូចស្ត្រីនោះទេ។ មូលហេតុធ្វើអោយបុរសកើតជំងឺរលាកប្លោកនោមភាគច្រើនគឺបណ្ដាលមកពីជំងឺឆ្លងបាក់តេរីនៅក្រពេញប្រូស្តាតដែលបង្កទៅជាជំងឺរលាកប្លោកនោមនិងបង្ហួរនោមម្ដងហើយម្ដងទៀត។ ការប្រើឱសថប្រឆាំងបាក់តេរីអាចកម្ចាត់បាក់តេរីបង្ករោគដែលស្ថិតនៅក្នុងទឹកនោម ប៉ុន្តែ ឱសថភាគច្រើនមិនអាចចូលដល់ផ្នែកខាងក្នុងនៃក្រពេញប្រូស្តាតនោះទេ ដូច្នេះ ការឆ្លងបាក់តេរីនៅក្នុងក្រពេញប្រូស្តាតពិបាកនឹងជាសះស្បើយទាំងស្រុងណាស់។ ជាទូទៅ អ្នកជំងឺចាំបាច់ត្រូវប្រើប្រាស់ឱសថប្រឆាំងបាក់តេរីរយៈពេលប៉ុន្មានសប្ដាហ៍ជាប់ៗគ្នា។ ប្រសិនបើគេឆាប់បញ្ឈប់ការប្រើប្រាស់ឱសថប្រឆាំងបាក់តេរីពេក បាក់តេរីដែលមិនទាន់កម្ចាត់អស់នៅក្នុងក្រពេញប្រូស្តាតនឹងបង្កជំងឺការរលាកដល់ប្លោកនោមជាថ្មីម្ដងទៀត។

  មូលហេតុរួមនៃជំងឺរលាកប្លោកនោមដែលអាចកើតមានចំពោះបុរសផងនិងស្ត្រីផង

  នៅពេលដែលមានការស្ទះនៃលំហូររបស់ទឹកនោមដោយសារមូលហេតុផ្សេងៗដូចជា ក្រួសនៅប្លោកនោមឬនៅបង្ហួរនោម ក្រពេញប្រូស្តាតរីកធំ(ចំពោះបុរស) បង្ហួរនោមរួមតូចជាដើម បាក់តេរីដែលជ្រៀតចូលផ្លូវនោមនឹងមិនត្រូវបានបញ្ចេញតាមទឹកនោម ហើយបាក់តេរីដែលនៅសល់ក្នុងប្លោកនោមក្រោយបញ្ចេញទឹកនោមនឹងកើនឡើងចំនួនយ៉ាងឆាប់រហ័ស។ ចំពោះអ្នកដែលមានបញ្ហាស្ទះលំហូរទឹកនោមរយៈពេលវែងឬក៏កើតឡើងម្ដងហើយម្ដងទៀត នៅក្នុងប្លោកនោមនឹងមានការកើតឡើងនូវថង់ទឹកម្យ៉ាងហៅថាDiverticulum ដោយទឹកនោមងាយដក់នៅទីនោះទោះក្រោយបញ្ចេញទឹកនោមរួចក៏ដោយ ដូចនេះធ្វើអោយហានិភ័យនៃការកើតជំងឺឆ្លងបាក់តេរីកើនឡើងខ្ពស់។

  ឧបករណ៍ដូចជាសរសៃលួស(Catheter)និងឧបករណ៍ផ្សេងៗទៀតដែលត្រូវបានស៊កចូលតាមផ្លូវនោមក៏អាចបង្កជំងឺរលាកប្លោកនោមផងដែរ។

  ជំងឺរលាកប្លោកនោមដែលមិនមែនបង្កឡើងដោយការឆ្លងបាក់តេរី ហៅថា Interstitial cystitis។

  អានបន្ថែម
 • រោគសញ្ញា

  ជាទូទៅ រោគសញ្ញានៃជំងឺរលាកប្លោកនោម រួមមាន នោមញឹក ឆាប់មានអារម្មណ៍ចង់នោម អាការៈឈឺចាប់ឬក្រហាយនៅពេលនោម ជាដើម ដោយរោគសញ្ញាទាំងនេះអាចបន្តកើតមានរយៈពេលប៉ុន្មានម៉ោងក្នុង1ថ្ងៃឬពេញ1ថ្ងៃតែម្ដង។ អ្នកជំងឺអាចនឹងកើតអាការៈលេចនោមដោយសារមិនអាចទ្រាំនឹងអារម្មណ៍ចង់នោមខ្លាំងដែលកើតឡើងភ្លាមៗ(Urinary urge incontinence)ជាពិសេសមនុស្សចាស់។ ករណីកម្រ ជំងឺនេះអាចបង្ហាញរោគសញ្ញាក្ដៅខ្លួន។ ជាទូទៅ អ្នកជំងឺនឹងទទួលអារម្មណ៍ឈឺនៅផ្នែកខាងលើនៃឆ្អឹងPubisក្នុងត្រគាក ហើយអាចឈឺរហូតដល់ផ្នែកជុំវិញចង្កេះ។ អាការៈនោមញឹកនៅពេលយប់ក៏អាចជារោគសញ្ញានៃជំងឺរលាកប្លោកនោមផងដែរ។ ម្យ៉ាងទៀត ទឹកនោមប្រែជាល្អក់ក៏ជារោគសញ្ញាកើតឡើងញឹកញាប់ផងដែរ ហើយក៏មានករណីដែលគេឃើញមានឈាមលាយឡំនៅក្នុងទឹកនោមដោយភ្នែកទទេ។ ករណីកម្រដែលកើតមានផ្លូវឆ្លងកាត់ខុសប្រក្រតីរវាងប្លោកនោមនិងពោះវៀនឬទ្វារមាសអាចបង្ហាញរោគសញ្ញាជាទឹកនោមដែលស្ថិតនៅលាយឡំនឹងខ្យល់ (Pneumaturia)។

  ពេលខ្លះ ជំងឺរលាកប្លោកនោមមិនបង្ហាញរោគសញ្ញាអ្វីទេ ជាពិសេសករណីបែបនេះច្រើនកើតឡើងចំពោះមនុស្សចាស់ ដោយគេរកឃើញជំងឺនេះតាមរយៈការពិនិត្យទឹកនោមដោយសារហេតុផលផ្សេង។ ចំពោះមនុស្សចាស់ អាចនឹងមិនកើតមានរោគសញ្ញាទូទៅនៃជំងឺរលាកប្លោកនោមនោះទេ ប៉ុន្តែ បែរជាមានរោគសញ្ញាដូចជាក្ដៅខ្លួនឬស្មារតីវង្វេងវង្វាន់ជាដើម។ ម្យ៉ាងទៀត ករណីមុខងារប្លោកនោមចុះខ្សោយដោយសារបញ្ហាខូចខាតសរសៃប្រសាទ(Neurogenic bladder dysfunction)ឬករណីស៊កសរសៃលួស(Catheter)ទៅក្នុងប្លោកនោម ទោះជាកើតមានការរលាកនៅក្នុងប្លោកនោមក៏ដោយ ក៏វាមិនងាយបង្ហាញរោគសញ្ញាណាស់រហូតដល់ការឆ្លងបាក់តេរីជ្រៀតចូលដល់តម្រងនោមឬរោគសញ្ញាក្ដៅខ្លួនកើតឡើងទើបគេអាចសម្គាល់ដឹងថាជាជំងឺរលាកប្លោកនោម។

  អានបន្ថែម
 • រោគវិនិច្ឆ័យ

  ・ការពិនិត្យទឹកនោម

  ・ការពិនិត្យតាមការបណ្ដុះទឹកនោម(Urine culture)

  ជាទូទៅ គេធ្វើរោគវិនិច្ឆ័យលើជំងឺរលាកប្លោកនោមដោយផ្អែកទៅលើរោគសញ្ញាទូទៅនៃជំងឺនេះ។ នៅក្នុងការពិនិត្យទឹកនោម គេមិនយកទឹកនោមដែលបញ្ចេញមកដំបូងនោះទេ គឺយកតែទឹកនោមដែលបញ្ចេញនៅពាក់កណ្ដាល ដើម្បីចៀសវាងទឹកនោមដែលលាយឡំដោយបាក់តេរីស្ថិតនៅទ្វារមាសឬប្រដាប់ភេទ។ ពេលខ្លះ គេអនុវត្តវិធីជ្រលក់ក្រដាសតេស្តទៅក្នុងទឹកនោមដែលអាចផ្ដល់លទ្ធផលភ្លាមៗ ប៉ុន្តែ ជាទូទៅ គេធ្វើការពិនិត្យថាមានសារធាតុលាយឡំនៅក្នុងទឹកនោមដែរឬទេ។ សារធាតុទាំងនោះរួមមាន សារធាតុNitriteដែលបញ្ចេញពីបាក់តេរី និង សារធាតុLeukocyte esteraseដែលជាអង់ស៊ីមស្ថិតនៅក្នុងគ្រាប់ឈាមសមួយចំនួន។ ប្រសិនបើគេរកឃើញវត្តមាននៃសារធាតុLeukocyte esterase មានន័យថាប្រព័ន្ធភាពស៊ាំរបស់រាងកាយកំពុងដំណើរការកម្ចាត់បាក់តេរីនៅក្នុងទឹកនោមហើយ។

  ការពិនិត្យម្យ៉ាងទៀតគឺការពិនិត្យទឹកនោមដែលទទួលបានពីអ្នកជំងឺក្រោមឧបករណ៍មីក្រូទស្សន៍ ដើម្បីដឹងអំពីចំនួននៃគ្រាប់ឈាមក្រហមនិងគ្រាប់ឈាមស ក៏ដូចជាវត្តមាននៃបាក់តេរីនៅក្នុងទឹកនោមផងដែរ។ ពេលខ្លះ គេអនុវត្តការពិនិត្យតាមការបណ្ដុះទឹកនោម(Urine culture) ដោយគេធ្វើការបណ្ដុះបាក់តេរីដែលទាញយកបានពីទឹកនោមរបស់អ្នកជំងឺ ដើម្បីកំណត់ចំនួននិងប្រភេទនៃបាក់តេរីនៅក្នុងទឹកនោមនោះ។ ប្រសិនបើជាជំងឺឆ្លង នោះគេនឹងឃើញមានការកើនឡើងច្រើននៃបាក់តេរីមួយប្រភេទ។

  ចំពោះបុរស ការទទួលបានទឹកនោមនៅពេលបញ្ចេញបានពាក់កណ្តាលសម្រាប់ការបណ្ដុះទឹកនោមមានលក្ខណៈងាយស្រួលជាងស្ត្រី ព្រោះចំពោះស្ត្រី ទោះជាគេយកទឹកនោមដែលបញ្ចេញបានពាក់កណ្ដាលក៏ដោយ ក៏បាក់តេរីដែលស្ថិតនៅទ្វារមាសឬប្រដាប់ភេទនៅតែអាចលាយឡំចូលទៅក្នុងទឹកនោមផងដែរ។ ករណីគេពិនិត្យឃើញមានបាក់តេរីតិច ឬ មានបាក់តេរីច្រើនប្រភេទស្ថិតនៅលាយឡំគ្នា គេអាចសង្ស័យថាមានការជ្រៀតចូលនៃបាក់តេរីផ្សេងទៀតក្រៅពីបាក់តេរីនៅក្នុងទឹកនោមសុទ្ធ។ ដើម្បីបង្ការការកើតឡើងបែបនេះ អាចមានករណីដែលគេចាំបាច់ត្រូវអនុវត្តវិធីបូមយកទឹកនោមពីប្លោកនោមដោយផ្ទាល់តាមរយៈសរសៃលួស(Catheter)។

  ការស្វែងរកមូលហេតុនៃជំងឺរលាកប្លោកនោម

  នៅក្នុងការធ្វើរោគវិនិច្ឆ័យលើជំងឺរលាកប្លោកនោម ការបែងចែកអ្នកជំងឺជាក្រុមដើម្បីស្វែងរកមូលហេតុបង្កជំងឺនេះមានសារៈសំខាន់ណាស់ ដោយគេធ្វើការបែងចែកអ្នកជំងឺដូចខាងក្រោម៖

   ・កុមារ

   ・បុរស មិនគិតពីអាយុ

   ・អ្នកដែលមានអាការៈក្ដៅខ្លួនចាប់ពី3ថ្ងៃឡើង ឬ អ្នកដែលមានរោគសញ្ញាមុខងារតម្រងនោមចុះខ្សោយ

   ・ស្ត្រីដែលកើតជំងឺរលាកប្លោកនោមញឹកញាប់(ចាប់ពី3ដងឡើងទៅក្នុង1ឆ្នាំ) ជាពិសេសករណីអ្នកជំងឺមានរោគសញ្ញានៃការស្ទះក្នុងផ្លូវនោម(រួមទាំងរោគសញ្ញានៃជំងឺក្រួសក្នុងតម្រងនោម)ថែមទៀត។

  អ្នកដែលស្ថិតក្រោមល័ក្ខខ័ណ្ឌខាងលើ ក្រៅពីការប្រើឱសថនៅក្នុងការព្យាបាល គេគួរស្វែងរកមូលហេតុដើមដែលបង្កជាជំងឺរលាកប្លោកនោម ដោយជាទូទៅ គេត្រូវអនុវត្តការព្យាបាលជាពិសេសចំពោះមូលហេតុទាំងនោះផងដែរ។ ជាធម្មតា គេស្វែងរកមូលហេតុទាំងនោះដោយអនុវត្តការពិនិត្យរូបភាពវេជ្ជសាស្ត្រ ដូចជា ការពិនិត្យអេកូ ឬ ការពិនិត្យCT។

  ពេលខ្លះ ជំនួសអោយការពិនិត្យអេកូនិងCT គេអាចអនុវត្តការពិនិត្យ Intravenous urography ដែលជាការចាក់បញ្ចូលឱសថជំនួយការថត(Contrast)ទៅក្នុងសរសៃឈាមវ៉ែន ដើម្បីប្រើកាំរស្មីអ៊ិចថតយករូបភាពនៃស្ថានភាពបញ្ចេញឱសថនោះចូលទៅក្នុងទឹកនោមដោយឆ្លងកាត់តម្រងនោម។ ការពិនិត្យដោយកាំរស្មីអ៊ិចបែបនេះ អាចអោយគេថតយករូបភាពនៃតម្រងនោម បំពង់នោម និង ប្លោកនោម។

  ការពិនិត្យVoiding Cystourethrography (VCUG)គឺជាការចាក់បញ្ចូលឱសថជំនួយការថត(Contrast)ទៅក្នុងប្លោកនោម ដើម្បីថតយករូបភាពនៃស្ថានភាពបញ្ចេញឱសថជំនួយការថតពីប្លោកនោម។ វាជាវិធីប្រើនៅក្នុងការពិនិត្យមើលលំហូរបញ្ច្រាសនៃទឹកនោមដែលហូរច្រាលពីប្លោកនោមទៅបំពង់នោម(Ureter)វិញ ដោយការពិនិត្យនេះមានប្រយោជន៍ជាពិសេសចំពោះអ្នកជំងឺជាកុមារ ហើយវាអាចអោយគេដឹងអំពីកម្រិតតូចចង្អៀតនៃបង្ហួរនោម(Urethra)ផងដែរ។

  ការពិនិត្យRetrograde Urethrography (RUG) គឺជាការចាក់បញ្ចូលឱសថជំនួយការថត(Contrast)ទៅក្នុងបង្ហួរនោមដោយផ្ទាល់ ដើម្បីពិនិត្យទៅលើភាពតូចចង្អៀតនៃបង្ហួរនោម វត្តមាននៃការកើតមានថង់តូចនៅតាមបង្ហួរនោម(Urethral diverticulum)ឬផ្លូវឆ្លងកាត់ខុសប្រក្រតីរវាងបង្ហួរនោមនិងសរីរាង្គក្នុងពោះផ្សេងទៀត(Urethral fistula)។

  ករណីរោគសញ្ញានៃជំងឺរលាកប្លោកនោមមិនជាសះស្បើយវិញក្រោយការព្យាបាល គេនឹងធ្វើរោគវិនិច្ឆ័យបន្តទៀតដោយប្រើឧបករណ៍រាងជាបំពង់លក្ខណៈទន់ដើម្បីធ្វើការពិនិត្យផ្នែកខាងក្នុងនៃប្លោកនោមដោយផ្ទាល់(Cystoscopy)។ ចំពោះបុរស ដោយសារជំងឺរលាកក្រពេញប្រូស្តាតជាមូលហេតុបង្កការរលាកប្លោកនោមញឹកញាប់ជាងគេ គេអាចនឹងអនុវត្តការពិនិត្យក្រពេញប្រូស្តាតនិងទឹកនោម។

  អានបន្ថែម
 • ការព្យាបាល

  ・ឱសថប្រឆាំងបាក់តេរី

  ・ឱសថបំបាត់ការឈឺចាប់ ប្រសិនបើចាំបាច់

  ・ការវះកាត់ (ករណីខ្លះ)

  ជាទូទៅ ជំងឺរលាកប្លោកនោមត្រូវបានព្យាបាលដោយឱសថប្រឆាំងបាក់តេរី។ មុននឹងផ្ដល់ឱសថប្រឆាំងបាក់តេរី វេជ្ជបណ្ឌិតនឹងពិនិត្យថាតើអ្នកជំងឺមានកត្តាដែលអាចធ្វើអោយជំងឺរលាកប្លោកនោមវិវត្តទៅជាធ្ងន់ធ្ងរដែរឬទេ ដូចជាជំងឺទឹកនោមផ្អែមឬប្រព័ន្ធភាពស៊ាំចុះទាប ជាដើម។ ករណីអ្នកជំងឺមានកត្តាទាំងនេះ ពួកគេអាចនឹងងាយកើតជំងឺរលាកប្លោកនោមជាថ្មីម្ដងទៀតក្រោយបញ្ឈប់ការប្រើឱសថប្រឆាំងបាក់តេរី ដូច្នេះ គេចាំបាច់ត្រូវប្រើឱសថប្រឆាំងបាក់តេរីប្រភេទខ្លាំងជាងធម្មតានិងប្រើរយៈពេលវែង។ ម្យ៉ាងទៀត ពួកគេអាចកើតមានការឆ្លងមេរោគផ្សិតឬពពួកបាក់តេរីកម្រ ដូច្នេះ អ្នកជំងឺអាចនឹងត្រូវការការព្យាបាលផ្សេងទៀតក្រៅអំពីការប្រើឱសថប្រឆាំងបាក់តេរីដែលគេប្រើញឹកញាប់។

  ករណីអ្នកជំងឺជាស្ត្រី ជាទូទៅ ប្រសិនបើមិនមានបញ្ហាផ្សេងទៀតដែលបង្កដោយសារការឆ្លងបាក់តេរីទេនោះ ជំងឺរលាកប្លោកនោមនឹងជាសះស្បើយក្រោយប្រើឱសថប្រឆាំងបាក់តេរីរយៈពេល3ថ្ងៃ ប៉ុន្តែ ក៏មានវេជ្ជបណ្ឌិតដែលវាយតម្លៃថាការប្រើឱសថប្រឆាំងបាក់តេរីតែ1ដងគឺគ្រប់គ្រាន់ហើយ។ ករណីជំងឺនេះបន្តកើតឡើងរយៈពេលវែង ជាទូទៅ គេប្រើឱសថប្រឆាំងបាក់តេរីរយៈពេល7~10ថ្ងៃ។ ករណីអ្នកជំងឺជាបុរស ជំងឺរលាកប្លោកនោមច្រើនកើតឡើងដោយសារជំងឺរលាកក្រពេញប្រូស្តាត ដូច្នេះ ជាទូទៅ អ្នកជំងឺត្រូវការការព្យាបាលដោយប្រើឱសថប្រឆាំងបាក់តេរីរយៈពេលប៉ុន្មានសប្ដាហ៍។

  ឱសថផ្សេងៗជាច្រើនអាចកាត់បន្ថយរោគសញ្ញានៃជំងឺរលាកប្លោកនោមបាន ជាពិសេស រោគសញ្ញានោមញឹក ឆាប់មានអារម្មណ៍ចង់នោមខ្លាំង អាការៈឈឺចាប់នៅពេលនោម ជាដើម។ ឱសថPhenazopyridine អាចកាត់បន្ថយអាការៈឈឺចាប់ដោយជួយកាត់បន្ថយការរលាកនៅជាលិកា ហើយគេប្រើឱសថនេះរយៈពេលប្រហែល2ថ្ងៃរហូតដល់ឱសថប្រឆាំងបាក់តេរីបង្ហាញប្រសិទ្ធិភាពគ្រប់គ្រងជំងឺរលាកប្លោកនោមបាន។

  មានករណីខ្លះដែលអ្នកជំងឺចាំបាច់ត្រូវទទួលការវះកាត់ដើម្បីដោះស្រាយការស្ទះលំហូរនៃទឹកនោមឬដើម្បីកែសម្រួលភាពខុសប្រក្រតីដូចជាស្បូនធ្លាក់ឬប្លោកនោមយារធ្លាក់ជាដើម។ ក្នុងរយៈពេលមុនដល់ពេលទទួលការវះកាត់ គេអាចប្រើសរសៃលួស(Catheter)ដើម្បីបញ្ចេញទឹកនោមពីកន្លែងស្ទះជាវិធីបង្ការកុំអោយជំងឺឆ្លងបាក់តេរីកើតឡើងនៅទីនោះ។ ជាទូទៅ មុនពេលវះកាត់ អ្នកជំងឺនឹងទទួលឱសថប្រឆាំងបាក់តេរីដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងបាក់តេរីរាលដាលពេញក្នុងរាងកាយ។

  អានបន្ថែម
 • ការបង្ការ

  ករណីស្ត្រីសង្កេតឃើញថាខ្លួនងាយកើតជំងឺរលាកប្លោកនោមនៅក្រោយពេលរួមភេទ ពួកគេអាចពិសាឱសថប្រឆាំងបាក់តេរីនៅក្រោយពេលរួមភេទ។ ស្ត្រីគួរចៀសវាងការប្រើឱសថសម្លាប់មេជីវិតឈ្មោល(Spermicide)និងឧបករណ៍Pessaryសម្រាប់ការពន្យារកំណើត ហើយគួរបញ្ចេញទឹកនោមក្រោយរួមភេទអោយបានឆាប់តាមដែលអាចធ្វើទៅបាន។

  អ្នកដែលកើតជំងឺរលាកប្លោកនោមម្ដងហើយម្ដងទៀតអាចនឹងត្រូវបន្តប្រើឱសថប្រឆាំងបាក់តេរីក្នុងកម្រិតទាប។ ស្ត្រីដែលត្រូវប្រើឱសថប្រឆាំងបាក់តេរីជាប្រចាំដើម្បីបង្ការជំងឺរលាកប្លោកនោម ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតទាក់ទងនឹងជម្រើសសម្រាប់ការពន្យារកំណើត។ ករណីស្ត្រីអស់រដូវដែលមានជំងឺរលាកទ្វារមាសលក្ខណៈរួញស្វិត(Atrophic vaginitis)ឬជំងឺរលាកបង្ហួរនោមលក្ខណៈរួញស្វិត(Atrophic urethritis)កើតជំងឺរលាកប្លោកនោមញឹកញាប់ គេអាចទទួលបានប្រសិទ្ធិភាពបង្កាជំងឺនេះតាមរយៈការប្រើឱសថលាបប្រភេទអេស្ត្រូជេនទៅលើប្រដាប់ភេទឬការប្រើឱសថស៊ុលប្រភេទអេស្ត្រូជេនស៊ុលចូលទ្វារមាស។

  ការបង្កើនការបរិភោគជាតិទឹកអាចមានប្រយោជន៍សម្រាប់ការបង្ការជំងឺរលាកប្លោកនោមផងដែរ នេះដោយសារតែការបញ្ចេញទឹកនោមអាចជួយបញ្ចេញចោលនូវបាក់តេរីជាច្រើនពីក្នុងប្លោកនោម ហើយបាក់តេរីដែលនៅសល់នឹងត្រូវបានកម្ចាត់ចោលដោយប្រព័ន្ធភាពស៊ាំនៃរាងកាយ។ នៅពេលបន្ទោរបង់ គួរប្រើក្រដាសជូតតាមទិសដៅពីមុខទៅក្រោយ ហើយត្រូវចៀសវាងស្លៀកខោក្នុងដែលរឹតតឹងមិនមានខ្យល់ចេញចូលស្រួល។ ប៉ុន្តែ គេនៅតែមិនអាចច្បាស់ថាវិធីទាំងនេះពិតជាអាចជួយបង្ការជំងឺរលាកប្លោកនោមបាននោះទេ។

  អានបន្ថែម