Chronic hepatitis (ជំងឺរលាកថ្លើមរ៉ាំរ៉ៃ)

  • លក្ខណៈទូទៅ
  • មូលហេតុ
  • រោគសញ្ញា
  • រោគវិនិច្ឆ័យ
  • ការព្យាបាល
 • លក្ខណៈទូទៅ

  ជាទូទៅ ជំងឺរលាកថ្លើមកើតឡើងដោយសារវីរុស ជាពិសេស វីរុស5ប្រភេទដែលបង្កជាជំងឺរលាកថ្លើម រួមមាន ប្រភេទA ប្រភេទB ប្រភេទC ប្រភេទD ប្រភេទE។ ក្រៅពីនេះ ជំងឺរលាកថ្លើមមានមូលហេតុអាចបណ្ដាលមកពីការពិសាគ្រឿងស្រវឹងហួសកម្រិតឬការប្រើប្រាស់ឱសថមួយចំនួនដូចជាឱសថព្យាបាលជំងឺរបេង Isoniazid ជាដើម។ មានករណីមួយចំនួនតួចដែលជំងឺរលាកថ្លើមកើតឡើងដោយសារជំងឺឆ្លងវីរុសផ្សេងទៀត ដូចជា ជំងឺInfectious mononucleosis ជំងឺរើមសាមញ្ញ(Herpes simplex) ជំងឺឆ្លងវីរុសសាយតូមេហ្កាឡូ(Cytomegalovirus infection)។ល។ នៅក្នុងជំងឺឆ្លងឬជំងឺផ្សេងទៀតមួយចំនួន អាចមានការកើតឡើងនូវការរលាកនៅផ្នែកតួចនៃសរីរាង្គថ្លើម ប៉ុន្តែ វាកម្របង្ហាញជារោគសញ្ញាឬបញ្ហាផ្សេងៗណាស់។

  ជំងឺរលាកថ្លើម រួមមាន ជំងឺរលាកថ្លើមស្រួចស្រាវដែលការកើតអាការៈមានរយៈពេលខ្លី និង ជំងឺរលាកថ្លើមរ៉ាំរ៉ៃដែលបន្តកើតមានអាការៈចាប់ពី6ខែឡើងទៅ។

  ជំងឺរលាកថ្លើមរ៉ាំរ៉ៃ មានលក្ខណៈដូចខាងក្រោម៖

  ・មូលហេតុទូទៅដែលអាចបង្កជាជំងឺនេះគឺ វីរុសរលាកថ្លើមប្រភេទB វីរុសរលាកថ្លើមប្រភេទC ការប្រើប្រាស់ឱសថមួយចំនួន ជាដើម។

  ・ករណីភាគច្រើននៃជំងឺនេះគឺមិនមានបង្ហាញជារោគសញ្ញាអ្វីនោះទេ ប៉ុន្តែ ក៏មានករណីដែលអ្នកជំងឺបង្ហាញរោគសញ្ញាដែលមិនគួរជាទីកត់សម្គាល់មួយចំនួន ដូចជា រោយខ្លួន បាត់បង់ចំណង់អាហារ អស់កម្លាំង ។ល។

  ・នៅពេលដែលជំងឺរលាកថ្លើមរ៉ាំរ៉ៃវិវត្តទៅជាជំងឺក្រិនថ្លើម គេអាចនឹងសង្កេតឃើញមានបញ្ហាដូចជា ក្រពេញអណ្ដើក(Spleen)ហើម ការប្រមូលផ្ដុំធាតុរាវនៃរាងកាយច្រើននៅក្នុងផ្នែកពោះ ឬ ភាពខុសប្រក្រតីនៃមុខងារខួរក្បាល។

  ・ជាទូទៅ រោគវិនិច្ឆ័យធ្វើឡើងដោយផ្អែកលើការវិភាគជាលិកា (Biopsy)

  ・នៅក្នុងការព្យាបាល គេអាចប្រើឱសថប្រឆាំងវីរុស ឱសថប្រភេទស្តេរ៉ូអ៊ីត ជាដើម ហើយក៏មានករណីដែលចាំបាច់ត្រូវការការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើមតែម្ដង(Transplantation)

  ជំងឺរលាកថ្លើមរ៉ាំរ៉ៃកើតឡើងមិនច្រើនដូចជំងឺរលាកថ្លើមស្រួចស្រាវនោះទេ ប៉ុន្តែ ជំងឺនេះអាចបន្តកើតមានរហូតដល់រយៈពេលច្រើនឆ្នាំឬច្រើនសិបឆ្នាំ។ ភាគច្រើនជំងឺនេះស្ថិតក្នុងកម្រិតស្រាល ដោយមិនបង្កជាការខូចខាតធំដុំដល់សរីរាង្គថ្លើមនោះទេ។ ប៉ុន្តែ អ្នកជំងឺមួយចំនួនអាចទទួលរងការខូចខាតបន្តិចម្ដងៗដោយសារការរលាកជាប់រហូតនៅសរីរាង្គថ្លើម ហើយចុងក្រោយ នឹងវិវត្តទៅជាជំងឺក្រិនថ្លើម(Cirrhosis)ឬជំងឺខ្សោយមុខងារថ្លើម(Liver failure) ឬ ជំងឺមហារីកថ្លើមក៏មាន។

  វីរុសរលាកថ្លើមប្រភេទCត្រូវបានរកឃើញដំបូងនៅឆ្នាំ1989 ប៉ុន្តែ ក៏អាចមានអ្នកដែលកើតជំងឺនេះមុនពេលរកឃើញភ្នាក់ងារបង្កជំងឺនេះ។ ដោយសារជំងឺអាចឆ្លងដោយមិនដឹងខ្លួន គេបានអនុវត្តការស្រាវជ្រាវលើការកើតជំងឺរលាកថ្លើមប្រភេទCដោយបែងចែកទៅតាមស្រទាប់អាយុ។ ជាលទ្ធផល គេបានរកឃើញថាប្រមាណ3ភាគ4នៃអ្នកជំងឺរលាកថ្លើមប្រភេទCជាមនុស្សពេញវ័យដែលកើតក្នុងចន្លោះឆ្នាំ1945ដល់ឆ្នាំ1965។

  អានបន្ថែម
 • មូលហេតុ

  ជាទូទៅ ជំងឺរលាកថ្លើមរ៉ាំរ៉ៃត្រូវបានបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទណាមួយ។ ប្រមាណ60~70%នៃជំងឺរលាកថ្លើមរ៉ាំរ៉ៃកើតឡើងដោយសារវីរុសរលាកថ្លើមប្រភេទC ហើយអ្នកជំងឺរលាកថ្លើមប្រភេទCលក្ខណៈស្រួចស្រាវលើសពី75%នឹងវិវត្តទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃ។

  ជំងឺរលាកថ្លើមប្រភេទB (ពេលខ្លះអ្នកជំងឺអាចកើតមានជំងឺរលាកថ្លើមប្រភេទDស្របពេលជាមួយគ្នា)ប្រមាណ5~10% នឹងប្រែទៅជារ៉ាំរ៉ៃ។ ជំងឺរលាកថ្លើមប្រភេទDមិនដែលកើតមានតែឯងនោះទេ គឺច្រើនកើតស្របពេលជាមួយនឹងជំងឺរលាកថ្លើមប្រភេទB។

  មានករណីកម្រដោយអ្នកដែលកំពុងមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូចជា អ្នកដែលប្រើប្រាស់ឱសថប្រឆាំងប្រព័ន្ធភាពស៊ាំ

  ក្រោយការវះកាត់ផ្លាស់ប្ដូរសរីរាង្គ ឬ អ្នកដែលកំពុងប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក ឬ អ្នកដែលឆ្លងវីរុសហ៊ីវ ជាដើម អាចកើតមានជំងឺរលាកថ្លើមរ៉ាំរ៉ៃដោយសារការវិវត្តពីការឆ្លងវីរុសរលាកថ្លើមប្រភេទE។

  វីរុសរលាកថ្លើមប្រភេទAនឹងមិនបង្កជាជំងឺរលាកថ្លើមរ៉ាំរ៉ៃនោះទេ។

  ឱសថមួយចំនួន ជាពិសេសករណីការប្រើប្រាស់ឱសថទាំងនោះរយៈពេលយូរ គឺអាចបណ្ដាលអោយកើតមានជំងឺរលាកថ្លើមរ៉ាំរ៉ៃ។ ឧទាហរណ៍ ឱសថIsoniazid ឱសថMethyldopa ឱសថNitrofurantoin ។ល។

  មូលហេតុផ្សេងទៀតដែលបង្កអោយមានជំងឺរលាកថ្លើមរ៉ាំរ៉ៃ រួមមាន ជំងឺរលាកថ្លើមដោយសារគ្រឿងស្រវឹង ជំងឺខ្លាញ់រុំថ្លើមដែលមិនពាក់ព័ន្ធនឹងការពិសាគ្រឿងស្រវឹង ជាដើម។ ករណីតិចតួច ជំងឺនេះអាចកើតឡើងដោយសារជំងឺផ្សេងទៀត ដូចជា ជំងឺតំណពូជα1-Antitrypsin deficiency (AATD) ជំងឺសេលីអាក់(Celiac disease) ជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត ជំងឺវីលសុន(Wilson disease)ជាដើម។

  ក្នុងចំណោមអ្នកជំងឺថ្លើមរ៉ាំរ៉ៃ ក៏មានអ្នកជំងឺច្រើននាក់ផងដែរដែលមិនមានមូលហេតុបង្កជំងឺច្បាស់លាស់នោះទេ។ ចំពោះអ្នកជំងឺមួយចំនួន ស្ថានភាពរលាករ៉ាំរ៉ៃមានលក្ខណៈស្រដៀងទៅនឹងការរលាកដែលកើតឡើងដោយសារប្រតិកម្មប្រឆាំងនឹងខ្លួនឯងនៃប្រព័ន្ធភាពស៊ាំ(Autoimmune response)។ ករណីបែបនេះហៅថាជំងឺរលាកថ្លើមដោយសារប្រតិកម្មប្រឆាំងនឹងខ្លួនឯងនៃប្រព័ន្ធភាពស៊ាំ(Autoimmune hepatitis) ហើយច្រើនកើតមានចំពោះស្ត្រីជាជាងបុរស។

  ទោះជាឆ្លងវីរុសឬប្រើប្រាស់ឱសថប្រភេទដូចគ្នាក៏ដោយ ក៏ការកើតឡើងជាជំងឺរលាកថ្លើមរ៉ាំរ៉ៃឬកម្រិតនៃស្ថានភាពជំងឺមានលក្ខណៈខុសគ្នាទៅតាមមនុស្សម្នាក់ៗ ហើយគេមិនដឹងពីមូលហេតុនៃភាពខុសគ្នាច្បាស់លាស់នោះទេ។

  មានករណីមួយចំនួនដែលជំងឺរលាកថ្លើមរ៉ាំរ៉ៃមិនត្រូវបានសង្ស័យទេរហូតដល់ពេលជំងឺនេះបានវិវត្តទៅជាជំងឺក្រិនថ្លើម។

  អានបន្ថែម
 • រោគសញ្ញា

  ចំពោះអ្នកជំងឺប្រមាណ2ភាគ3 ជំងឺរលាកថ្លើមរ៉ាំរ៉ៃវិវត្តទៅមុខបន្តិចម្ដងៗ ដោយករណីភាគច្រើន ជំងឺនេះមិនបង្ហាញជារោគសញ្ញាគួរកត់សម្គាល់ទេរហូតដល់ពេលវិវត្តទៅជាជំងឺក្រិនថ្លើម។ ប្រមាណ1ភាគ3ទៀតគឺជាករណីដែលជំងឺនេះកើតមានបន្តពីជំងឺរលាកថ្លើមដោយសារវីរុសលក្ខណៈស្រួចស្រាវ(ភាគច្រើនគឺក្រោយរយៈពេលប៉ុន្មានសប្ដាហ៍) ឬ អ្នកជំងឺកើតមានជំងឺរលាកថ្លើមដោយសារវីរុសលក្ខណៈស្រួចស្រាវម្ដងទៀតរួចវិវត្តទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃ។

  រោគសញ្ញាដែលច្រើនបង្ហាញឡើងនោះគឺ អារម្មណ៍អស់កម្លាំង បាត់បង់ចំណង់អាហារ អារម្មណ៍នឿយហត់ ជាដើម ពេលខ្លះអាចមានអាការៈក្ដៅខ្លួនបន្តិចបន្តួច អារម្មណ៍ខុសប្រក្រតីនៅផ្នែកខាងលើនៃពោះ ហើយរោគសញ្ញាខាន់លឿងជារោគសញ្ញាកម្រ។

  ករណីភាគច្រើន រោគសញ្ញាដំបូងគឺច្រើនកើតឡើងដោយសារជំងឺទាក់ទងនឹងថ្លើមលក្ខណៈរ៉ាំរ៉ៃឬជំងឺក្រិនថ្លើម មានដូចជា ការហើមនៃក្រពេញអណ្ដើក ស្នាមសរសៃឈាមរាងដូចពីងពាងតួចៗនៅលើស្បែក បាតដៃឡើងក្រហម ការប្រមូលផ្ដុំធាតុរាវនៃរាងកាយច្រើននៅក្នុងផ្នែកពោះ(ទាចទឹក)។ល។ នៅពេលដែលមុខងារថ្លើមចុះខ្សោយ វាអាចធ្វើអោយប៉ះពាល់ដល់មុខងារខួរក្បាលដែលនឹងបង្កជារោគសញ្ញាផ្នែកស្មារតីខុសប្រក្រតីផ្សេងៗ និង ធ្វើអោយមានអាការៈងាយហូរឈាម។ ភាពខុសប្រក្រតីនៃមុខងារខួរក្បាលនេះកើតឡើងដោយសារមានការប្រមូលផ្ដុំច្រើននៃសារធាតុពុលដែលមិនបានកម្ចាត់ចោលដោយសរីរាង្គចូលទៅក្នុងឈាម។ ជាទូទៅ សរីរាង្គថ្លើមមានតួនាទីទាញយកសារធាតុពុលពីចរន្តឈាមនិងធ្វើប្រតិកម្មបំបែកសារធាតុពុល រួចបញ្ចេញកាកសំណល់ទាំងនោះទៅក្នុងទឹកប្រមាត់ឬចរន្តឈាម ប៉ុន្តែ សរីរាង្គថ្លើមដែលរងការខូចខាតមិនអាចដំណើរការតួនាទីនេះបានគ្រប់គ្រាន់នោះទេ។

  អ្នកជំងឺភាគតិចបង្ហាញរោគសញ្ញាខាន់លឿងនិងរមាស់ ហើយលាមកមានពណ៌ស្លេក ដោយមានផ្ទុកសារធាតុខ្លាញ់ច្រើននិងមានក្លិនស្អុយ។ រោគសញ្ញាទាំងនេះកើតឡើងដោយសារលំហូរនៃទឹកប្រមាត់ពីថ្លើមត្រូវបានស្ទះ។

  នៅក្នុងជំងឺរលាកថ្លើមដោយសារប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង ក្រៅពីរោគសញ្ញាពីថ្លើម គេឃើញមានរោគសញ្ញានៅស្ទើរគ្រប់សរីរាង្គទាំងអស់នៃរាងកាយ ជាពិសេសស្ត្រី ដោយរួមមាន មុនលើស្បែក រាំងរដូវ ឈឺសន្លាក់ ក្រិនសួត រលាកក្រពេញទីរ៉ូអ៊ីត រលាកតម្រងនោម រោគសញ្ញាស្លេកស្លាំង ។ល។

  មនុស្សជាច្រើនមិនមានបង្ហាញការវិវត្តនៃជំងឺរលាកថ្លើមរ៉ាំរ៉ៃរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ ជំងឺនេះនឹងវិវត្តបន្តិចម្ដងៗចំពោះអ្នកជំងឺមួយចំនួន។ លទ្ធផលនៃការវិវត្តមានលក្ខណៈខុសគ្នាទៅតាមប្រភេទវីរុសដែលជាមូលហេតុ។

  ・ចំពោះជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ប្រសិនបើមិនព្យាបាល ប្រមាណ20~30%នៃអ្នកជំងឺនឹងបង្កទៅជាជំងឺក្រិនថ្លើម។ ប៉ុន្តែ មុននឹងឈានដល់ការកើតជំងឺក្រិនថ្លើមត្រូវការរយៈពេលរាប់សិបឆ្នាំផងដែរ។ ហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកថ្លើមកើនឡើងចំពោះករណីអ្នកជំងឺកើតមានជំងឺក្រិនថ្លើមប៉ុណ្ណោះ។

  ・ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBងាយនឹងវិវត្តទៅមុខ ដោយការឈានទៅដល់ជំងឺក្រិនថ្លើម កើតឡើងយ៉ាងឆាប់រហ័សក្នុងករណីខ្លះ ហើយក៏មានករណីខ្លះដែលត្រូវការរយៈពេលរាប់សិបឆ្នាំ។ ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBក៏ជាកត្តាដែលបង្កើនហានិភ័យនៃការកើតជំងឺមហារីកថ្លើមផងដែរ។

  ・ករណីដែលអ្នកជំងឺកើតមានជំងឺរលាកថ្លើមប្រភេទBនិងDស្របពេលគ្នា ប្រសិនបើមិនព្យាបាលទេ អ្នកជំងឺប្រមាណ70%នឹងវិវត្តទៅជាជំងឺក្រិនថ្លើម។

  ・ជំងឺរលាកថ្លើមដោយសារប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងអាចព្យាបាលដោយមានប្រសិទ្ធិភាពចំពោះអ្នកជំងឺស្ទើរតែទាំងអស់ ប៉ុន្តែ អ្នកជំងឺមួយចំនួនអាចនឹងវិវត្តទៅជាជំងឺក្រិនថ្លើម។

  ・ជំងឺរលាកថ្លើមរ៉ាំរ៉ៃដែលបង្កឡើងដោយឱសថនឹងជាសះស្បើយឡើងវិញទាំងស្រុងបន្ទាប់ពីអ្នកជំងឺឈប់ប្រើប្រាស់ឱសថដែលជាមូលហេតុនោះ។

  អានបន្ថែម
 • រោគវិនិច្ឆ័យ

  ជំងឺរលាកថ្លើមរ៉ាំរ៉ៃត្រូវបានសង្ស័យចំពោះ អ្នកជំងឺដែលបង្ហាញរោគសញ្ញាទូទៅនៃជំងឺនេះ អ្នកជំងឺដែលបង្ហាញកម្រិតអង់ស៊ីមថ្លើមខុសប្រក្រតីនៅក្នុងការពិនិត្យឈាមដោយសារហេតុផលផ្សេងទៀត និង ចំពោះអ្នកជំងឺដែលធ្លាប់កើតមានជំងឺរលាកថ្លើមស្រួចស្រាវ។

  តាមរយៈការពិនិត្យឈាម គេអាចវាយតម្លៃទៅលើកម្រិតមុខងារនៃសរីរាង្គថ្លើមនិងការខូចខាតដែលកំពុងកើតមាន។ ការពិនិត្យនេះមានអត្ថប្រយោជន៍សម្រាប់ ការកំណត់រោគវិនិច្ឆ័យ ការស្វែងរកមូលហេតុ និង ការវិនិច្ឆ័យទៅលើកម្រិតធ្ងន់ធ្ងរនៃការខូចខាតនៅក្នុងសរីរាង្គថ្លើម។ ម្យ៉ាងទៀត ការពិនិត្យឈាមក៏រូមមានការពិនិត្យទៅលើសារធាតុមួយចំនួនដែលអាចប្រើប្រាស់នៅក្នុងការស្វែងរកប្រភេទវីរុសរលាកថ្លើមដែលបង្កផលប៉ះពាល់លើរាងកាយផងដែរ។ ករណីគេមិនអាចកំណត់ប្រភេទវីរុសបាន គេអាចចាំបាច់ត្រូវធ្វើការពិនិត្យឈាមផ្សេងទៀតដើម្បីស្វែងរកមូលហេតុផ្សេងដូចជាករណីជំងឺរលាកថ្លើមដោយសារប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង។ ប៉ុន្តែ ជាទូទៅ ការវិភាគជាលិកា(Biopsy)ចាំបាច់ត្រូវអនុវត្តដើម្បីកំណត់រោគវិនិច្ឆ័យជាចុងក្រោយ។ នៅក្នុងការវិភាគជាលិកា គេនឹងវាយតម្លៃទៅលើភាពធ្ងន់ធ្ងរនៃការរលាក និង សង្កេតមើលថាតើមានការកកើតជាលិកាក្រិនឬការវិវត្តទៅជាជំងឺក្រិនថ្លើមដែរឬទេ។ ព័ត៌មានដែលអាចប្រើប្រាស់នៅក្នុងការស្វែងរកមូលហេតុនៃជំងឺរលាកថ្លើមក៏អាចទទួលបានពីការវិភាគជាលិកាផងដែរ។

  អ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBត្រូវទទួលការពិនិត្យអេកូរៀងរាល់6ខែម្ដងដើម្បីតាមដានអំពីវត្តមាននៃការវិវត្តទៅជាជំងឺមហារីកថ្លើម ដោយគេតាមដានកម្រិតនៃសារធាតុα-fetoprotein (AFP) ដែលអាចនឹងកើនឡើងនៅពេលកើតមានជំងឺមហារីកថ្លើម។ អ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទCក៏ទទួលការពិនិត្យដូចគ្នានេះដែរ ប៉ុន្តែ ចំពោះតែករណីអ្នកជំងឺកើតមានជំងឺក្រិនថ្លើមប៉ុណ្ណោះ។

  អានបន្ថែម
 • ការព្យាបាល

  ប្រសិនបើឱសថជាមូលហេតុនៃជំងឺនេះ គេត្រូវព្យាបាលដោយបញ្ឈប់ការប្រើប្រាស់ឱសថនោះ។ ករណីជំងឺរលាកថ្លើមរ៉ាំរ៉ៃកើតឡើងដោយសារជំងឺផ្សេងទៀត គេត្រូវធ្វើការព្យាបាលជំងឺដែលជាមូលហេតុទាំងនោះ។

  ជំងឺរលាកថ្លើមប្រភេទB និង ជំងឺរលាកថ្លើមប្រភេទC

  ជាទូទៅ គេប្រើប្រាស់ឱសថប្រឆាំងវីរុសនៅពេលដែលជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBឬប្រភេទCវិវត្តទៅជាស្ថានភាពមិនល្អ ឬ នៅពេលដែលការពិនិត្យអង់ស៊ីមថ្លើមបង្ហាញកម្រិតខ្ពស់។

  ចំពោះជំងឺរលាកថ្លើមប្រភេទB ជាទូទៅ គេប្រើប្រាស់ឱសថEntecavirឬឱសថTenofovir។ ឱសថទាំងនេះមានទម្រង់ជាថ្នាំលេប មានប្រសិទ្ធិភាពខ្ពស់ខ្លាំង និង មានហានិភ័យនៃការកើតមានវីរុសស៊ាំនឹងឱសថតិចតួចប៉ុណ្ណោះ។ ក្រៅពីនេះ ឱសថដែលអាចប្រើប្រាស់បាន រួមមានដូចជា ឱសថTelbivudineនិងឱសថLamivudineជាទម្រង់ថ្នាំលេប ហើយមានឱសថInterferon-alphaនិងឱសថPeginterferon alfaជាទម្រង់ថ្នាំចាក់ ជាដើម។ អ្នកជំងឺមួយចំនួនងាយនឹងកើតជំងឺរលាកថ្លើមប្រភេទBម្ដងទៀត ក្រោយបញ្ឈប់ការប្រើប្រាស់ឱសថព្យាបាល ហើយអាចនឹងវិវត្តទៅជាធ្ងន់ធ្ងរថែមទៀត។ ដូច្នេះ សម្រាប់អ្នកជំងឺបែបនេះ ពួកគេចាំបាច់ត្រូវបន្តប្រើប្រាស់ឱសថប្រឆាំងវីរុសរហូតតទៅ។

  ចំពោះជំងឺរលាកថ្លើមប្រភេទC ការព្យាបាលមានលក្ខណៈប្រែប្រួលទៅតាមប្រភេទនៃវីរុសរលាកថ្លើមប្រភេទCដែលជាមូលហេតុបង្កជំងឺ។ វីរុសរលាកថ្លើមប្រភេទCបែងចែកជាប៉ុន្មានទម្រង់(ឬហៅថាទម្រង់សែន)ផ្សេងៗពីគ្នា។ ប្រភេទនីមួយៗនៃវីរុសរលាកថ្លើមប្រភេទCមានសែនដែលមានលក្ខណៈខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។ បន្សំនៃឱសថដូចខាងក្រោមជាវិធីព្យាបាលដ៏មានប្រសិទ្ធិភាពជាងគេចំពោះប្រភេទវីរុសមួយចំនួន។

  ・បន្ថែមឱសថSofosbuvir(ថ្នាំលេប)ឬឱសថប្រភេទទប់ស្កាត់អង់ស៊ីមប្រូតេអាស(Protease inhibitor)ដូចជាឱសថTelaprevirឬឱសថ[BoceprevirឬឱសថSimeprevirជាដើម(ថ្នាំលេប) ពីលើការប្រើប្រាស់ឱសថPeginterferon alfa (ថ្នាំចាក់)និងឱសថRibavirin(ថ្នាំលេប)។

  ចំពោះវីរុសរលាកថ្លើមប្រភេទCទម្រង់ផ្សេងទៀត អាចប្រើប្រាស់ឱសថដូចខាងក្រោមនៅក្នុងការព្យាបាល។

  ・ឱសថSofosbuvirនិងឱសថRibavirin តែប៉ុណ្ណោះ។

  ការព្យាបាលត្រូវបន្តរយៈពេល12សប្ដាហ៍ទៅ48សប្ដាហ៍។ នៅក្នុងការព្យាបាលជំងឺរលាកថ្លើមប្រភេទC គេធ្វើការកម្ចាត់វីរុសចេញពីរាងកាយ និង បញ្ឈប់ការកើតមានការរលាក ក៏ដូចជា បង្ការការវិវត្តទៅជាជំងឺក្រិនថ្លើម។

  ឱសថប្រឆាំងវីរុសទម្រង់ជាថ្នាំលេប ដូចជា ឱសថEntecavir ឱសថTenofovir ឱសថTelbivudine ឱសថLamivudineជាដើម ភាគច្រើនបង្កជាផលរំខានមួយចំនួន។ ឱសថLamivudineជាឱសថដែលបង្កផលរំខានតិចជាងឱសថផ្សេងទៀត។ ឱសថRibavirin ឱសថTelaprevir ឱសថBoceprevir និង ឱសថSimeprevir ជាឱសថដែលអាចបង្កភាពខុសប្រក្រតីពីកំណើតចំពោះទារក ដូច្នេះ អ្នកជំងឺដែលត្រូវប្រើប្រាស់ឱសថទាំងនេះ មិនថាជាស្ត្រីឬបុរសនោះទេ ចាំបាច់ត្រូវអនុវត្តការពន្យាកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថទាំងនេះឬក្រោយបញ្ចប់ការព្យាបាលរយៈពេល6ខែ។

  ឱសថPeginterferon alfa អាចបង្កជាអាការៈស្រដៀងនឹងជំងឺផ្ដាសាយធំនៅពេលប្រើឱសនេះដំបូង។ បន្ទាប់ពីនោះ អ្នកជំងឺ

  អាចកើតមានអាការៈដូចជា នឿយហាត់ រោយខ្លួនអស់កម្លាំងពេញរាងកាយ អារម្មណ៍ធ្លាក់ទឹកចិត្ត ជាដើម។ ឱសថនេះក៏អាចផ្ដល់ផលរំខានដោយទប់ស្កាត់សកម្មភាពនៃខួរឆ្អឹងនៅក្នុងការផលិតគ្រាប់ឈាមជាដើមផងដែរ។ ដោយសារឱសថនេះមិនត្រូវបានធានាសុវត្ថិភាពសម្រាប់ការប្រើប្រាស់នៅក្នុងអំឡុងពេលមានផ្ទៃពោះនោះទេ ដូច្នេះ ជាទូទៅ គេមិនប្រើប្រាស់ឱសថនេះចំពោះស្ត្រីមានផ្ទៃពោះឡើយ។

  ម្យ៉ាងទៀត គេមិនត្រូវឱសថPeginterferon alfaចំពោះអ្នកជំងឺដែលស្ថិតក្រោមល័ក្ខខ័ណ្ឌមួយចំនួនដូចខាងក្រោមនេះទេ។

  ・ជំងឺក្រិនថ្លើមដែលវិវត្តពីជំងឺរលាកថ្លើមប្រភេទB

  ・ការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើម

  ・ជំងឺខ្សោយមុខងារតម្រងនោម

  ・មុខងារប្រព័ន្ធភាពស៊ាំនៃរាងកាយចុះខ្សោយ

  ・គ្រាប់ឈាមក្នុងរាងកាយ រួមទាំង គ្រាប់ឈាមក្រហម ថយចុះ

  ・ប្រើប្រាស់ឱសថញៀន

  សមាជិកគ្រួសាររបស់អ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBនិងអ្នកដែលមានការប៉ះពាល់ជិតដិតជាមួយអ្នកជំងឺគួរទទួលវ៉ាក់សាំងការពារជំងឺនេះ ប្រសិនបើពួកគេមិនធ្លាប់បានទទួលវ៉ាក់សាំងនេះទេ។

  ករណីដែលច្រឡំប៉ះពាល់ឈាមរបស់អ្នកជំងឺរលាកថ្លើមប្រភេទB គេត្រូវបង្ការការកើតមានជំងឺនេះដោយការចាក់ឱសថHepatitis B immunoglobulinនិងវ៉ាក់សាំងប្រឆាំងវីរុសរលាកថ្លើមប្រភេទB។ ប៉ុន្តែ ការអនុវត្តវិធីបែបនេះមិនមានប្រសិទ្ធិភាពចំពោះករណីរលាកថ្លើមរ៉ាំរ៉ៃប្រភេទCនោះទេ។

  ជំងឺរលាកថ្លើមប្រភេទE

  ការប្រើប្រាស់ឱសថRibavirinត្រូវបានចាត់ទុកថាជាវិធីព្យាបាលដែលមានប្រសិទ្ធិភាពនៅក្នុងការព្យាបាលជំងឺរលាកថ្លើមប្រភេទE។

  ជំងឺរលាកថ្លើមដោយសារប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង

  ជាទូទៅ គេប្រើប្រាស់ឱសថប្រភេទស្តេរ៉ូអ៊ីត (ឱសថPrednisoneឬហៅថាPrednisolone) និងអាចប្រើរួមជាមួយឱសថទប់ស្កាត់ប្រព័ន្ធភាពស៊ាំAzathioprine។ ឱសថទាំងនេះមានប្រសិទ្ធិភាពទប់ស្កាត់ការរលាក ដើម្បីកាត់បន្ថយរោគសញ្ញានិងបង្កើនអត្រារស់រានរបស់អ្នកជំងឺរយៈពេលវែង។ ទោះជាអនុវត្តវិធីព្យាបាលទាំងនេះក៏ដោយ ក៏ស្ថានភាពក្រិនថ្លើមអាចនឹងវិវត្តទៅជាធ្ងន់ធ្ងរផងដែរ។ ប្រសិនបើបញ្ឈប់ការព្យាបាល ការរលាកនឹងកើតឡើងវិញ ដូច្នេះ អ្នកជំងឺស្ទើរគ្រប់គ្នាត្រូវបន្តការប្រើប្រាស់ឱសថព្យាបាលពេញមួយជីវិត។

  ការព្យាបាលបញ្ហាផ្សេងៗដែលបង្កដោយជំងឺរលាកថ្លើមរ៉ាំរ៉ៃ

  គេចាំបាច់ត្រូវធ្វើការព្យាបាលបញ្ហាផ្សេងៗដែលកើតដោយសារជំងឺរលាកថ្លើមរ៉ាំរ៉ៃ ដោយមិនអាស្រ័យទៅលើមូលហេតុឬប្រភេទនៃជំងឺនេះទេ។

  ឧទាហរណ៍ នៅក្នុងការព្យាបាលអាការៈទាចទឹក(Ascites) អ្នកជំងឺត្រូវកាត់បន្ថយការបរិភោគជាតិអំបិល និង ប្រើប្រាស់ឱសថបញ្ចុះទឹកនោមដើម្បីជម្រុញការបញ្ចេញចោលនូវសារធាតុសូដ្យូមនិងទឹកពីតម្រងនោមតាមរយៈទឹកនោម។

  ករណីមុខងារខួរក្បាលចុះខ្សោយ គេអាចប្រើប្រាស់ឱសថដែលជួយកម្ចាត់សារធាតុពុលដែលបង្កផលប៉ះពាល់ទាំងនោះ។

  ការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើម (Liver transplantation)

  ករណីមុខងារថ្លើមចុះខ្សោយធ្ងន់ធ្ងរ វេជ្ជបណ្ឌិតនឹងពិចារណាដល់ការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើម។ ប៉ុន្តែ ចំពោះអ្នកជំងឺរលាកថ្លើមប្រភេទC ទោះក្រោយទទួលការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើមហើយក៏ដោយ ក៏វីរុសអាចនឹងបង្ករោគសញ្ញាឡើងវិញស្ទើរគ្រប់ករណីទាំងអស់ ដូច្នេះ ចំពោះជំងឺរលាកថ្លើមប្រភេទC ការព្យាបាលដោយការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើមមានប្រសិទ្ធិភាពជោគជ័យតិចជាងការវះកាត់ផ្លាស់ប្ដូរសរីរាង្គដោយសារហេតុផលផ្សេងទៀត។

  អានបន្ថែម